លុះត្រាជួបទៀត
ភាពពិតប្រាកដអំពីការមានព្រះជន្មរស់ឡើងវិញ
ដកស្រង់ចេញពីសុន្ទរកថាដែលបានថ្លែងនៅសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៤ ។
តាមពិតទៅ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះនាមតែមួយគត់ ឬជារបៀបតែមួយគត់ដែលសេចក្ដីសង្គ្រោះអាចមានមកដល់មនុស្សលោក ។
រចនារូបភាពដោយ រ៉ាចាយរ៉ា រ៉ាមូស
សូមគិតបន្តិចពីអត្ថន័យពិតនៃដំណើររស់ឡើងវិញ ក្នុងការដោះស្រាយនៅទីបញ្ចប់ពីអត្តសញ្ញាណពិតរបស់ព្រះយេស៊ូវនៃណាសារ៉ែត និង ការប្រឆាំងខាងចិត្តវិទ្យា និង សំណួរនៃជីវិត ។ បើព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញមែន វាចាំបាច់ត្រូវជឿថា ទ្រង់ជាសភាវៈអាទិទេព ។ គ្មានមនុស្សលោកណាម្នាក់មានអំណាចដោយខ្លួនគេដើម្បីមានជីវិតម្ដងទៀត ក្រោយពីការស្លាប់នោះឡើយ ។ ដោយសារទ្រង់បានរស់ឡើងវិញ នោះព្រះយេស៊ូវមិនមែនត្រឹមតែជាជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬព្យាការីម្នាក់នោះទេ ។ ដោយសារទ្រង់បានរស់ឡើងវិញ នោះព្រះយេស៊ូវត្រូវតែជាព្រះមួយអង្គ គឺព្រះរាជបុត្រាតែមួយគត់របស់ព្រះវរបិតា ។
ហេតុដូច្នេះហើយ អ្វីដែលទ្រង់បង្រៀនគឺពិត ព្រះពុំកុហកឡើយ ។
ហេតុដូច្នេះហើយ ទ្រង់ជាព្រះបង្កបង្កើតផែនដី ដូចទ្រង់មានបន្ទូលហើយ ។
ហេតុដូច្នេះហើយ ស្ថានសួគ៌ និង ស្ថាននរកមានពិតមែន ដូចទ្រង់ត្រាស់បង្រៀនហើយ ។
ហេតុដូច្នេះហើយ មានពិភពវិញ្ញាណដែលទ្រង់បានយាងទៅបន្ទាប់ពីការសុគត ។
ហេតុដូច្នេះហើយ ទ្រង់នឹងយាងមកម្ដងទៀតដូចដែលទេវតាបានមានបន្ទូល ហើយ « សោយរាជ្យនៅលើផែនដីផ្ទាល់ » [ មាត្រានៃសេចក្ដីជំនឿ ១:១០ ] ។
ហេតុដូច្នេះហើយ មានដំណើររស់ឡើងវិញ និង ការជំនុំជម្រះចុងក្រោយដល់មនុស្សទាំងពួង ។
ព្រោះតែភាពពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះការសង្ស័យពីមហិទ្ធិឫទ្ធិ ការត្រាស់ដឹង និង ព្រះទ័យមេត្តារបស់ព្រះ ជាព្រះវរបិតា — ដែលបានប្រទានបុត្រាបង្កើតតែមួយឲ្យមកប្រោសលោះពិភពលោកនោះ — គឺមិនអាចកើតមានឡើយ ។ មន្ទិលសង្ស័យអំពីអត្ថន័យ និងគោលបំណងនៃជីវិតមិនត្រូវបានគេរកឃើញឡើយ ។ តាមពិតទៅ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះនាមតែមួយគត់ ឬជារបៀបតែមួយគត់ដែលសេចក្ដីសង្គ្រោះអាចមានមកដល់មនុស្សលោក ។ ព្រះគុណនៃព្រះគ្រីស្ទគឺពិត ដែលលៃលកគ្រប់គ្រាន់ដល់ទាំងការអភ័យទោស និងការសម្អាតដល់អ្នកមានបាបដែលបានប្រែចិត្ត ។ សេចក្ដីជំនឿគឺពិតជាខ្លាំងជាងការស្រមៃ ឬការច្នៃខាងចិត្តវិទ្យាទៅទៀត ។ មានសេចក្ដីពិតនៅទីបំផុត និងជាសកលមួយ ហើយមានកម្មវត្ថុ និងបទដ្ឋានដ៏មិនចេះប្រែប្រួលខាងសីលធម៌ដូចដែលទ្រង់បានបង្រៀន ។
ដោយសារតែមានដំណើររស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះការប្រែចិត្តពីការល្មើសច្បាប់ និង បញ្ញត្តិទ្រង់ គឺជារឿងដែលត្រូវតែមាន ហើយត្រូវធ្វើជាបន្ទាន់ ។ អព្ភូតហេតុព្រះអង្គសង្គ្រោះ មានពិតមែន គឺដូចទ្រង់បានសន្យាដល់ពួកសិស្សថា គេអាចនឹងធ្វើការដែលទ្រង់ធ្វើ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ។ បព្វជិតភាពរបស់ទ្រង់ ចាំបាច់ជាអំណាចពិតដែល « ចាត់ចែងដំណឹងល្អ ហើយកាន់កូនសោនៃសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ គឺជាកូនសោនៃវិជ្ជាពីព្រះ ។ ហេតុដូច្នោះហើយ នៅក្នុងពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » [ គ. និង ស. ៨៤:១៩–២០ ] ។ ព្រោះតែភាពពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ សេចក្ដីស្លាប់ពុំមែនជាទីបញ្ចប់យើងឡើយ ហើយទោះ « សំបកកាយនេះរលាយទៅគឺក្រៅពី [ រាងកាយ ] [ របស់យើង ] នោះ [ យើង ] នឹងបានឃើញព្រះ » [ យ៉ូប ១៩:២៦ ] ។