មេរៀនមួយដ៏អស្ចារ្យ
« យើងនឹង … បើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង » ( ម៉ាឡាគី ៣:១០ ) ។
ពេលខ្ញុំកំពុងធំពេញវ័យឡើងនៅប្រទេសហ្គូតេម៉ាឡា គ្រួសារខ្ញុំមានរោងចក្រមួយផលិតឯកសណ្ឋានសម្រាប់ក្រុមកីឡា ។
ឪពុកខ្ញុំចង់ឲ្យក្មេងៗក្នុងគ្រួសារយើងរៀនខិតខំធ្វើការ ។ យើងបានជួយគាត់ធ្វើការនៅក្នុងរោងចក្រនោះ ។ ខ្ញុំមានបញ្ហាច្រើនណាស់កាលខ្ញុំនៅតូច ។ ខ្ញុំហាក់ដូចជាធ្វើឲ្យរបស់របរបែកបាក់ជានិច្ច ! ប៉ុន្តែពេលខ្ញុំកាន់តែធំឡើង ឪពុកខ្ញុំបានឲ្យខ្ញុំថែទាំម៉ាស៊ីនដេរ ។
ឪពុកខ្ញុំបង់ប្រាក់ឲ្យពួកយើងចំពោះការងារដែលយើងបានធ្វើ ។ បន្ទាប់មកគាត់បានសួរថា « តើកូននឹងធ្វើអ្វីជាមួយប្រាក់របស់កូន ? » ខ្ញុំបានដឹងអ្វីដែលជាចម្លើយត្រឹមត្រូវ ៖ « ថ្វាយដង្វាយមួយភាគដប់របស់ខ្ញុំ ហើយសន្សំទុកសម្រាប់បេសកកម្មរបស់ខ្ញុំ » ។
ពេលខ្ញុំអាយុប្រហែលជា ១៣ ឆ្នាំ ជំនួញរបស់យើងបានខាតអស់ប្រាក់ជាច្រើន ។ យើងត្រូវលក់ម៉ាស៊ីនដេររបស់យើងជាច្រើន ។ ជាជាងការមានកម្មករពីររយនាក់ យើងមានកម្មករមិនដល់ប្រាំនាក់ផង ។ ពួកគេធ្វើការនៅក្នុងយាន្តដ្ឋានរបស់យើងនៅឯផ្ទះ ។
ខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់របស់ខ្ញុំជានិច្ច ប៉ុន្តែខ្ញុំពុំយល់ថា វាសំខាន់ប៉ុណ្ណាឡើយ ។ ក្រោយមកខ្ញុំបានរៀនមេរៀនមួយដ៏អស្ចារ្យ ។ នាព្រឹកថ្ងៃសៅរ៍មួយ ខ្ញុំបានឮឪពុកម្តាយខ្ញុំនិយាយគ្នាស្ងាត់ៗ ។ ឪពុកខ្ញុំបានប្រាប់ម្តាយខ្ញុំថា យើងមានប្រាក់គ្រប់គ្រាន់សម្រាប់តែថ្វាយដង្វាយមួយភាគក្នុងដប់ ឬទិញអាហារតែប៉ុណ្ណោះ ។ គ្មានប្រាក់គ្រប់គ្រាន់សម្រាប់រឿងទាំងពីរនេះឡើយ ។ ខ្ញុំព្រួយចិត្តណាស់ ។ តើឪពុករបស់ខ្ញុំនឹងធ្វើដូចម្តេច ?
នៅថ្ងៃអាទិត្យខ្ញុំបានឃើញឪពុកខ្ញុំហុចស្រោមសំបុត្រទៅឲ្យប្រធានសាខា ។ គាត់បានជ្រើសយកការថ្វាយដង្វាយមួយភាគក្នុងដប់ !ខ្ញុំសប្បាយចិត្តដែលគាត់បានធ្វើបែបនោះ ប៉ុន្តែខ្ញុំក៏បារម្ភផងដែរ ។ តើយើងនឹងបានអ្វីបរិភោគ ?
នៅព្រឹកបន្ទាប់មក មានមនុស្សមួយចំនួនបានគោះទ្វាររបស់យើង ។ ពួកគេបានប្រាប់ឪពុកខ្ញុំថា ពួកគេត្រូវការឯកសណ្ឋានឥឡូវនេះ ។ ជាធម្មតាគេបង់ប្រាក់ឲ្យយើងបន្ទាប់ពីការបញ្ជាទិញនោះត្រូវបានធ្វើរួច ។ ប៉ុន្តែមនុស្សទាំងនោះបានបង់ប្រាក់ឲ្យឪពុកខ្ញុំនាថ្ងៃនោះ គឺពីមុនយើងដេរឯកសណ្ឋាននោះឲ្យពួកគេទៅទៀត !
នៅចុងសប្តាហ៍នោះ ខ្ញុំបានរៀនមេរៀនដ៏អស្ចារ្យដែលខ្ញុំនៅចងចាំពេញមួយជីវិត ។ ច្បាប់នៃដង្វាយមួយភាគក្នុងដប់ជួយយើងឲ្យស្ថាបនាសេចក្តីជំនឿយើង និងបង្ហាញអំណរគុណយើងចំពោះព្រះវរបិតាសួគ៌ ។ ការថ្វាយដង្វាយមួយភាគក្នុងដប់គឺជាពរជ័យ !