មាគ៌ាឆ្ពោះទៅកាន់សុភមង្គលពិតប្រាកដ
ដកស្រង់ចេញពីផ្នែកចាប់ផ្តើមនៃសុន្ទរកថាមួយមានចំណងជើងថា « មាគ៌ាសម្រាប់សុភមង្គល » ដែលថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ — រដ្ឋហាវ៉ៃ កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ ។
សូមឲ្យយើងម្នាក់ៗជ្រើសរើសស្រឡាញ់ព្រះអម្ចាស់ និងធ្វើតាមមាគ៌ាឆ្ពោះទៅកាន់សុភមង្គលរបស់ទ្រង់ ។
លើសពីអ្វីៗទាំងអស់ ព្រះវរបិតាសួគ៌មានព្រះទ័យឲ្យយើងមានសុភមង្គលពិតប្រាកដ និងយូរអង្វែង ។
« សុភមង្គលរបស់យើងគឺជាប្លង់រចនាពរជ័យទាំងអស់ដែលទ្រង់ប្រទានដល់យើង — ការបង្រៀនដំណឹងល្អ បទបញ្ញត្តិ ពិធីបរិសុទ្ធនៃបព្វជិតភាព ទំនាក់ទំនងគ្រួសារ ព្យាការី ព្រះវិហារបរិសុទ្ធ សម្រស់នៃការបង្កបង្កើត និងសូម្បីតែឱកាសជួបនូវទុក្ខលំបាកក្តី ។ … ទ្រង់បានបញ្ជូនបុត្រាសំណព្វតែមួយរបស់ទ្រង់ឲ្យធ្វើនូវដង្វាយធួន ដើម្បីយើងអាចរីករាយក្នុងជីវិតនេះ និងទទួលអំណរដ៏ពោរពេញនៅក្នុងភាពអស់កល្បជានិច្ច » ។១
មនុស្សនៅគ្រប់ទីកន្លែងកំពុងស្វែងរកអ្វីមួយ ។ តាមរបៀបរបស់ពួកគេផ្ទាល់ អ្វីមួយដែលពួកគេពិតជាកំពុងស្វែងរកនោះគឺសុភមង្គល ។ ប៉ុន្តែ ជាមួយនឹងសេចក្តីពិត នោះមនុស្សជាច្រើនត្រូវបានរារាំងពីសុភមង្គល « ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ » ( គ. និង ស. ១២៣:១២ ) ។
ដោយសារពួកគេពុំដឹងពីកន្លែងដើម្បីស្វែងរកសេចក្តីពិត និងសុភមង្គលយូរអង្វែង នោះពួកគេស្វែងរកវានៅក្នុងកិច្ចការដែលនាំមកនូវក្តីរីករាយបណ្តោះអាសន្នតែប៉ុណ្ណោះ — ដូចជាការទិញឥវ៉ាន់ ស្វែងរកកិត្តិយស និងការកោតសរសើរពីលោកិយតាមរយៈឥរិយាបថមិនសមរម្យ ឬផ្តោតទៅលើសម្រស់នៃរូបកាយ និងការទាក់ទាញអារម្មណ៍ ។
ជារឿយៗភាពរីករាយត្រូវបានច្រឡំជាមួយនឹងសុភមង្គល ។ វាទំនងថា កាលណាមនុស្សកាន់តែស្វែងរកភាពរីករាយបណ្តោះអាសន្ន នោះពួកគេមានភាពសប្បាយកាន់តែតិច ។ ជាទូទៅភាពរីករាយបែបនោះមានរយៈពេលខ្លីប៉ុណ្ណោះ ។
ដូចប្រធាន ដេវីឌ អូ. មិកឃេ ( ១៨៧៣–១៩៧០ ) បានមានប្រសាសន៍ថា ៖ « អ្នកប្រហែលជាអាចទទួលបានភាពរីករាយមិនថិតថេរនោះ មែនហើយ ប៉ុន្តែអ្នកពុំអាចរកឃើញអំណរឡើយ អ្នកពុំអាចរកឃើញសុភមង្គលឡើយ ។ សុភមង្គលត្រូវបានរកឃើញតែនៅលើផ្លូវចង្អៀត ត្រង់ ដែលនាំទៅរកជីវិតអស់កល្បជានិច្ចប៉ុណ្ណោះ » ។២
ជាអកុសលសម្រាប់មនុស្សជាច្រើន សុភមង្គលគឺជារឿងពិបាកទទួលបាន ។ អ្នកវិទ្យាសាស្ត្រដឹងថា « សុភមង្គលគឺជាស្ថានភាពនៃសុខុមាលភាពដែលក្តោបយកការរស់នៅក្នុងជីវិតដ៏ល្អ លើសពីអារម្មណ៍វិជ្ជមានធម្មតាទៅទៀត — គឺថា វារួមជាមួយនឹងស្មារតីមួយនៃការពេញចិត្តពេញថ្លើមយ៉ាងជ្រាលជ្រៅ និងប្រកបដោយអត្ថន័យ » ។៣
ការស្រាវជ្រាវបង្ហាញថា សុភមង្គលគឺពុំមែនជាលទ្ធផលនៃការផ្លាស់ប្តូរយ៉ាងលឿនពីបទពិសោធន៍មួយទៅបទពិសោធន៍មួយទៀតឡើយ ។ ផ្ទុយទៅវិញ ជាទូទៅការសម្រេចបានសុភមង្គលគឺទាក់ទងនឹងការខិតខំយ៉ាងយូរអង្វែងសម្រាប់អ្វីមួយដែលកាន់តែសំខាន់ក្នុងជីវិត ។ សុភមង្គលត្រូវបានកំណត់ដោយទម្លាប់ ឥរិយាបថ និងលំនាំនៃគំនិតដែលយើងអាចដោះស្រាយដោយផ្ទាល់តាមរយៈសកម្មភាពដោយចេតនា ។ សុភមង្គលដ៏ច្រើនរបស់យើងគឺពិតជា « ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងផ្ទាល់ » ។៤
ចូរយើងពិចារណាអំពីសារៈសំខាន់នៃមាគ៌ាមួយចំនួននៃសុភមង្គលដែលមាននៅក្នុងខគម្ពីរ និងបានបង្រៀនដោយពួកព្យាការី និងពួកសាវកសម័យទំនើបនេះ ។ ការបោះជំហានរបស់យើងដោយស្មោះត្រង់ និងរឹងប៉ឹងនៅលើមាគ៌ាទាំងនោះ នឹងធ្វើឲ្យយើងរីករាយនឹងសុភមង្គលនៅក្នុងការធ្វើដំណើរនៅខាងមុខ ។
គុណធម៌
មាគ៌ាដំបូងបំផុតនោះគឺជាគុណធម៌ ដែលជាលំនាំនៃគំនិត និងឥរិយាបថដែលផ្អែកលើបទដ្ឋានសីលធម៌ខ្ពស់ ។ វារួមមានទាំងបរិសុទ្ធភាព និងសច្ចៈភាពប្រកបដោយសីលធម៌ ដែលធ្វើឲ្យយើងសក្តិសមនឹងចូលទៅព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ។ មនុស្សមានគុណធម៌មាននូវភាពថ្លៃថ្នូរដោយស្ងប់ស្ងាត់ និងភាពរឹងមាំពីក្នុងចិត្ត ។ ពួកគេមានទំនុកចិត្ត ដោយសារពួកគេមានភាពសក្តិសមទទួល និងត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។ គុណធម៌ចាប់ផ្តើមនៅក្នុងចិត្ត និងគំនិត ហើយវាប្រមូលផ្តុំនូវការសម្រេចចិត្ត និងសកម្មភាពតូចៗរាប់ពាន់រៀងរាល់ថ្ងៃ ។
« សូមឲ្យគុណធម៌តុបតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ ខណៈនោះអ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ ហើយគោលលទ្ធិអំពីបព្វជិតភាពនឹងចុះមកលើព្រលឹងរបស់អ្នកដូចជាទឹកសន្សើមចុះពីលើមេឃ ។
ព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកនអ្នកជានិច្ច ហើយដំបងពេជ្ររបស់អ្នក ជាដំបងពេជ្រនៃសេចក្ដីសុចរិត និងសេចក្ដីពិតដែលមិនចេះប្រែប្រួល ហើយអំណាចគ្រប់គ្រងរបស់អ្នក នឹងទៅជាអំណាចគ្រប់គ្រងដ៏នៅអស់កល្បអស់កាលជានិច្ច ហើយដោយឥតការបង្ខិតបង្ខំ នោះវានឹងហូរមកលើអ្នកជារៀងដរាបតទៅ » ( គ. និង ស. ១២១:៤៥–៤៦ ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧-២០១៨ ) បានបង្រៀនថា « គ្មានមិត្តភាពណាមានតម្លៃជាងសតិសម្បជញ្ញៈដ៏ច្បាស់របស់ខ្លួនអ្នក ភាពស្អាតស្អំខាងសីលធម៌ផ្ទាល់ខ្លួនអ្នកឡើយ — ឱ វាជាអារម្មណ៍ដ៏រុងរឿងមួយដែលដឹងថា អ្នកឈរនៅក្នុងកន្លែងស្អាតស្អំដែលអ្នកបានតែងតាំង ហើយដោយមានទំនុកចិត្តថា អ្នកមានភាពសក្តិសមក្នុងការធ្វើដូច្នោះ » ។៥
ភាពទៀងត្រង់
មាគ៌ាទីពីរនៃសុភមង្គលគឺភាពទៀងត្រង់ ។ អែលឌើរ រីឆាត ជី ស្កត ( ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« សូមទទួលស្គាល់ថា សុភមង្គលយូរអង្វែងកើតឡើងមកពីខ្លួនអ្នក ពុំមែនមកពីអ្វីដែលអ្នកមានឡើយ ។
« អំណរពិតកើតឡើងពីអត្តចរិតសុចរិត ហើយថាវាកើតឡើងពីលំនាំជាប់ជានិច្ចនៃការសម្រេចចិត្តសុចរិត ។ … ការសម្រេចចិត្តសុចរិតរបស់អ្នកកំណត់ថា ខ្លួនអ្នកជានរណា និងអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ។ វាធ្វើឲ្យការធ្វើកិច្ចការត្រឹមត្រូវកាន់តែងាយស្រួល ។ ដើម្បីមានសុភមង្គលក្នុងពេលបច្ចុប្បន្ននេះ និងពេញមួយជីវិតរបស់អ្នក សូមគោរពតាមព្រះអម្ចាស់យ៉ាងខ្ជាប់ខ្ជួន » ។៦
នៅពេលយើងសិក្សាព្រះគម្ពីរ យើងដឹងថា សេចក្ដីសន្យាដែលព្រះអម្ចាស់បានធ្វើចំពោះយើងជំរុញយើងឲ្យរស់នៅដោយសុចរិត ។ ការសន្យាទាំងនោះបំប៉នព្រលឹងយើង នាំឲ្យយើងមានក្តីសង្ឃឹមដោយជំរុញយើងកុំឲ្យចុះញ៉ម ទោះបីជាប្រឈមមុខនឹងឧបសគ្គក្នុងជីវិតប្រចាំថ្ងៃ នៅក្នុងពិភពលោកដែលខ្វះតម្លៃនៃសីលធម៌ និងសុជីវធម៌ក្តី ។ ហេតុដូច្នេះហើយ យើងត្រូវប្រាកដថា គំនិត ពាក្យសម្តី និងទង្វើរបស់យើងកំពុងនាំយើងឲ្យដើរលើផ្លូវឆ្ពោះទៅកាន់ព្រះវរបិតាសួគ៌របស់យើងវិញ ។
ភាពស្មោះត្រង់
មាគ៌ាទីបីទៅកាន់សុភមង្គលគឺភាពស្មោះត្រង់ ។ វាជារឿងចាំបាច់ដើម្បីយល់ថា ព្រះប្រទានពរដល់ពួកយើងស្របតាមសេចក្តីជំនឿរបស់យើង ដែលជាប្រភពនៃការរស់នៅជាមួយគោលបំណងរបស់ព្រះ និងទស្សនវិស័យដ៏អស់កល្បជានិច្ច ។ សេចក្តីជំនឿគឺជាគោលការណ៍អនុវត្តមួយដែលបំផុសឲ្យមានភាពឧស្សាហ៍ព្យាយាម ។ វាបង្ហាញឡើងនៅក្នុងឥរិយាបថ និងបំណងប្រាថ្នាវិជ្ជមានរបស់យើង ដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបង្គាប់ឲ្យយើងធ្វើដោយស្ម័គ្រចិត្ត ។ វាជាអ្វីដែលនាំឲ្យយើងលុតជង្គង់ចុះដើម្បីទទូចអង្វរសូមការដឹកនាំ ហើយជំរុញចិត្តយើងឲ្យក្រោកឡើងធ្វើសកម្មភាពដោយទំនុកចិត្ត ដើម្បីសម្រេចកិច្ចការនានាស្របតាមព្រះទ័យទ្រង់ ។
នៅពេលអ្នកបន្តដំណើរនៅក្នុងជីវិតអ្នក អ្នកនឹងត្រូវបានសាកល្បង ដើម្បីឃើញថា តើអ្នកនឹងធ្វើគ្រប់រឿងដែលព្រះអម្ចាស់ជាព្រះនៃអ្នកនឹងបង្គាប់ឲ្យអ្នកធ្វើដែរឬទេ » ( សូមមើល អ័ប្រាហាំ ៣:២៥ ) ។ នេះគឺជាផ្នែកមួយក្នុងបទពិសោធន៍នៃជីវិតរមែងស្លាប់ ។ វានឹងតម្រូវឲ្យអ្នកដើរឆ្ពោះទៅមុខដោយមានសេចក្តីជំនឿខ្ជាប់ខ្ជួនលើព្រះគ្រីស្ទ ដឹកនាំដោយព្រះវិញ្ញាណ និងដោយការទុកចិត្តថា ព្រះនឹងប្រទានដល់សេចក្ដីត្រូវការអ្នក ។
ចូរចងចាំថា អ្នកពុំត្រូវស្ទាក់ស្ទើរក្នុងសេចក្តីជំនឿរបស់អ្នកឡើយ — ទោះស្ថិតក្នុងគ្រាដ៏លំបាកប៉ុណ្ណាក្ដី ។ ពេលអ្នកខ្ជាប់ខ្ជួន នោះព្រះអម្ចាស់នឹងបង្កើនសមត្ថភាពរបស់យើងឲ្យយកឈ្នះលើឧបសគ្គនានាក្នុងជីវិត ។ អ្នកនឹងមានលទ្ធភាពបង្រ្កាបអារម្មណ៍អវិជ្ជមាន ហើយអ្នកនឹងអភិវឌ្ឍលទ្ធភាពដើម្បីយកឈ្នះ ទោះវាហាក់ដូចជាឧបសគ្គដ៏ធំក្ដី ។
បរិសុទ្ធភាព
បរិសុទ្ធភាព គឺជាមាគ៌ាមួយឆ្ពោះទៅរកសុភមង្គលដែលទាក់ទងនឹងភាពល្អឥតខ្ចោះខាងវិញ្ញាណ និងខាងសីលធម៌ ។ បរិសុទ្ធភាពបង្ហាញអំពីភាពបរិសុទ្ធនៃដួងចិត្ត និងបំណង ។ តើយើងអាចធ្វើការរៀងរាល់ថ្ងៃនេះ ដើម្បីចិញ្ចឹមជីវិតយើងខាងវិញ្ញាណ ដើម្បីយើងអាចអភិវឌ្ឍលក្ខណៈនៃភាពជាព្រះបែបនោះដោយរបៀបណា ?
ប្រធាន ហារ៉ូល ប៊ី លី ( ១៨៩៩–១៩៧៣ ) បានឆ្លើយថា ៖ « យើងអភិវឌ្ឍខាងវិញ្ញាណរបស់យើងតាមរយៈការអនុវត្ត ។ … យើងត្រូវមានការអនុវត្តប្រចាំថ្ងៃ តាមរយៈវិញ្ញាណយើង តាមរយៈការអធិស្ឋាន តាមរយៈការធ្វើទង្វើល្អប្រចាំថ្ងៃ តាមរយៈការចែករំលែកជាមួយអ្នកដទៃ ។ យើងត្រូវចិញ្ចឹមបីបាច់វិញ្ញាណរបស់យើងប្រចាំថ្ងៃ តាមរយៈការសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ តាមរយៈ [ រាត្រីជួបជុំក្រុមគ្រួសារ ] តាមរយៈការចូលរួមការប្រជុំនានា តាមរយៈការទទួលទានសាក្រាម៉ង់ ។ …
« មនុស្សសុចរិតព្យាយាមអភិវឌ្ឍខ្លួនដោយដឹងថា គាត់ចាំបាច់ត្រូវប្រែចិត្តរាល់ថ្ងៃ » ។៧
ធាតុសំខាន់មួយទៀតនៃបរិសុទ្ធភាពនោះគឺទាក់ទងនឹងការចុះ និងរក្សាសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើយើងស្មោះត្រង់ សេចក្តីសញ្ញាទាំងនោះអាចលើកស្ទួយយើងឲ្យហួសពីដែនកំណត់នៃអំណាច និងទស្សនវិស័យរបស់យើងបាន ។ ពរជ័យដែលបានសន្យាទាំងអស់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទអាចក្លាយជារបស់យើង តាមរយៈភាពស្មោះត្រង់របស់យើងចំពោះពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដែលយើងបានចុះចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធ ។ ផ្នែកនៃលំនាំក្នុងការរស់នៅ « តាមរបៀបនៃសុភមង្គល » រួមមានការសាងសង់ព្រះវិហារបរិសុទ្ធ ដើម្បីថ្វាយបង្គំ និងចុះសេចក្តីសញ្ញាជាមួយព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ២ ៥:១៦, ២៧ ) ។
ចំណុចសំខាន់នៃមាគ៌ានេះគឺថា យើងគួរតែប្រុងប្រយ័ត្នចំពោះការអភិវឌ្ឍខាងវិញ្ញាណ ហើយមានភាពបរិសុទ្ធខាងសីលធម៌ ។
ការគោរពប្រតិបត្តិ
ការគោរពរាល់បទបញ្ញត្តិទាំងអស់របស់ព្រះ គឺមានទំនាក់ទំនងទៅនឹងមាគ៌ាផ្សេងទៀតឆ្ពោះទៅកាន់សុភមង្គល ។ បន្ទាប់ពីពួកសាសន៍នីហ្វៃបានបែកចេញពីពួកសាសន៍លេមិន ពួកគេរីកចម្រើនយ៉ាងលើសលុប ដោយសារពួកគេរក្សាសេចក្ដីយុត្តិធម៌ ក្រឹត្យក្រម និងបទបញ្ញត្តិ « នៃព្រះអម្ចាស់ចំពោះការណ៍ទាំងអស់ ស្របតាមក្រឹត្យវិន័យលោកម៉ូសេ » ( នីហ្វៃទី ២ ៥:១០ ) ។ លំនាំនេះគឺជាធាតុសំខាន់មួយទៀតនៃការរស់នៅ « តាមរបៀបនៃសុភមង្គល » ។
ប្រធាន ម៉នសុន បានបង្រៀនថា ៖ « នៅពេលយើងរក្សាបទបញ្ញត្តិ នោះជីវិតយើងនឹងកាន់តែរីករាយ កាន់តែពេញលេញ ហើយមិនសូវស្មុគស្មាញ ។ បញ្ហា និងឧបសគ្គរបស់យើងនឹងកាន់តែងាយស្រួលគ្រប់គ្រង ហើយយើងនឹងទទួលបានពរជ័យដែលបានសន្យា [ របស់ព្រះ ] » ។៨ លោកក៏មានប្រសាសន៍ផងដែរថា « ចំណេះដែលយើងស្វែងរក ចម្លើយដែលយើងចង់បាន និងកម្លាំងដែលយើងប៉ងប្រាថ្នានាថ្ងៃនេះ ដើម្បីដោះស្រាយឧបសគ្គនៃពិភពលោកដ៏ស៊ាំញ៉ាំ និងផ្លាស់ប្តូរនេះ អាចក្លាយជារបស់យើងពេលយើងមានចិត្តគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ » ។៩
ព្រះអង្គសង្គ្រោះបង្រៀនយើងថា ៖
« បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិខ្ញុំចុះ ។ …
អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផង » ( យ៉ូហាន ១៤:១៥, ២១ ) ។
ភាពមិនអាត្មានិយម និងសេចក្ដីស្រឡាញ់
មាគ៌ាមាសឆ្ពោះទៅកាន់សុភមង្គលគឺ ភាពមិនអាត្មានិយម ឬសេចក្ដីស្រឡាញ់ — សេចក្តីស្រឡាញ់ដែលមាននូវការខ្វាយខ្វល់ ចំណាប់អារម្មណ៍ និងរង្វាស់មួយចំនួននៃសេចក្តីសប្បុរសសម្រាប់ព្រលឹងមនុស្សគ្រប់រូប ។ សេចក្តីស្រឡាញ់គឺជាផ្លូវផ្ទាល់ទៅកាន់សុភមង្គលដែលនឹងពង្រីក ហើយផ្តល់ពរដល់ជីវិតអ្នក និងជីវិតអ្នកដទៃទៀត ។ ដូចព្រះអង្គសង្គ្រោះមានបន្ទូល វាមានន័យថា អ្នកបង្ហាញសេចក្តីស្រឡាញ់សូម្បីតែចំពោះមារសត្រូវរបស់អ្នកក្តី ( សូមមើល ម៉ាថាយ ៥:៤៤ ) ។
ការធ្វើដូច្នោះ អ្នកនឹងបំពេញនូវបញ្ញត្តិដ៏ធំដើម្បីស្រឡាញ់ព្រះ ។ អ្នកនឹងគេចផុតពីរឿងអាក្រក់ដែលនឹងកើតឡើង — គេចផុតពីភាពស្មោកគ្រោក ពីការបំផ្លាញខ្លួនឯង និងភាពល្វីងជូរចត់ ។ សុភមង្គលពិតប្រាកដ និងយូរអង្វែងកើតឡើងបានតែនៅពេលយើងជ្រើសរើស « ស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត » ( ម៉ាថាយ ២២:៣៧, សូមមើលផងដែរ ចោទិយកថា ៦:៥; ម៉ាកុស ១២:៣០; លូកា ១០:២៧ ) ។
សូមឲ្យយើងម្នាក់ៗជ្រើសរើសស្រឡាញ់ព្រះអម្ចាស់ និងធ្វើតាមមាគ៌ាឆ្ពោះទៅកាន់សុភមង្គលរបស់ទ្រង់ ដែលជា « វត្ថុបំណង និងការរៀបចំនៃការរស់នៅរបស់យើង » ។១០