បណ្ណាល័យ
ការស្ដារ​បព្វជិតភាព​ឡើងវិញ


« ទុកចិត្ត​លើ​ព្រះអម្ចាស់ »​ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ការប្រសិទ្ធពរ​សាក្រាម៉ង់

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការស្ដារ​បព្វជិតភាព​ឡើងវិញ

ព្រះ​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ធ្វើ​សកម្មភាព​នៅក្នុង​ព្រះនាម​របស់​ទ្រង់

សូម​ស្រមៃ​ថា​ជីវិត​របស់​បងប្អូន​នឹង​មាន​ភាព​ខុស​គ្នា​បែបណា ប្រសិន​បើ​ព្រះ​មិន​បាន​ស្ដារ​សិទ្ធិ​អំណាច​បព្វជិតភាព​ឡើងវិញ​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា ពិធីបរិសុទ្ធ និង​អំណោយ​ទាន​ដ៏​ទេវភាព​ជា​ច្រើន​ទៀត​ដែល​មាន​សម្រាប់​អ្នក និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក ។ ផ្នែក​ដ៏​សំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​សារលិខិត​ដែល​ថា ដោយសារ​ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​បព្វជិតភាព និង​សិទ្ធិអំណាច​ទៅដល់​អ្នកបម្រើ​របស់​ទ្រង់​នៅក្នុង​សាសនាចក្រ ។ បព្វជិតភាព​រួម​បញ្ចូល​ទាំង​សិទ្ធិ​អំណាច​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ និង​ភាព​តម្កើងឡើង ។ សព្វថ្ងៃនេះ​មនុស្ស​រាប់លាន​នាក់​ត្រូវ​បាន​ប្រទានពរ​ដោយ​សេចក្តីសញ្ញា​ដ៏ពិសិដ្ឋ ពិធីបរិសុទ្ធ និង​ពរជ័យ​ផ្សេងៗ​ទៀត​ដែល​បាន​ផ្ដល់​ឲ្យ​តាមរយៈ​អំណាច និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​របស់​ព្រះ ។

បព្វជិតភាព​នៃ​ព្រះ​បាន​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​នៅ​ទូទាំង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។ បន្ទាប់​ពី​ការស្លាប់​របស់​ពួក​សាវក​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី សិទ្ធិ​អំណាច​ក្នុង​ការធ្វើកិច្ចការ​ក្នុង​ព្រះនាម​របស់​ព្រះ​ត្រូវ​បាន​បាត់បង់ ។ ក្រោយ​មក​នៅ​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៨០០ សារទូត​ពី​ស្ថានសួគ៌​បាន​យាង​មក ហើយ​ប្រគល់​សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​បព្វជិតភាព​ឲ្យទៅ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ ការស្ដារ​ឡើង​វិញ​នៃ​អំណាច​របស់​ព្រះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ស្ដារ​ឡើង​វិញ​ទាំង​មូល​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ សិទ្ធិ​អំណាច និង​កូនសោរ​នៃ​បព្វជិតភាព​នៅ​តែ​មាន​នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ។

តើ​អ្វី​ជា​ការស្តារ​ឡើងវិញ​នៃ​បព្វជិតភាព ?

បព្វជិតភាព​គឺ​ជា​អំណាច និង​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើកិច្ចការ​ក្នុង​ព្រះ​នាម​របស់​ព្រះ ។ សិទ្ធិ​អំណាច​ដ៏ទេវភាព​នេះ​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ទទួល​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដែល​ចាំបាច់​សម្រាប់​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង ។ បព្វជិតភាព​នោះ​បាន​បាត់​បង់​ក្រោយ​ពី​ការ​ស្លាប់​របស់​ពួក​សាវក​របស់​ព្រះអម្ចាស់​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ នៅ​ដើម​ទសវត្សរ៍ ឆ្នាំ ១៨០០ សារទូត​ពី​ស្ថានសួគ៌​បាន​យាង​មក ហើយ​ប្រគល់​សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​បព្វជិតភាព​ឲ្យទៅ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។

ទិដ្ខភាព​ទូទៅ​នៃ​ប្រធាន​បទ ៖ ការស្តារ​បព្វជិតភាព​ឡើងវិញ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ការស្ដារ​ដំណឹងល្អ​ឡើងវិញ, យ៉ូសែប ស្ម៊ីធ, បព្វជិតភាព​អើរ៉ុន, បព្វជិតភាព​ម៉ិលគីស្សាដែក, កូនសោរ​បព្វជិតភាព, ពរជ័យ​បព្វជិតភាព, សេចក្ដី​សញ្ញា និង​ពិធិបរិសុទ្ធ

ផ្នែក​ទី ១

ព្រះ​ទ្រង់​ចែក​ចាយ​អំណាច​បព្វជិតភាព​របស់​ទ្រង់​ដើម្បី​ប្រទាន​ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់

មនុស្ស​កំពុង​ដើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ

ព្រះ​បាន​ប្រទាន​អំណាច​បព្វជិតភាព​ដល់​ពួកអ្នក​បម្រើ​របស់​ទ្រង់​តាំង​ពី​ដើមដំបូង​មក ( សូម​មើល ម៉ូសេ ៦:៧ ) ។ លោកអយ្យកោ​ពី​បុរាណ​មានលោក​អ័ដាម ណូអេ អ័ប្រាហាំ ម៉ូសេ និង​អ្នក​ផ្សេងទៀត​រាប់​មិន​អស់ បាន​កាន់​បព្វជិតភាព​ក្នុង​គោលបំណង​ប្រទាន​ព្រះពរ​ដល់​បុត្រាបុត្រី​របស់ព្រះ ។ តាម​រយៈ​បព្វជិតភាព ព្រះ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​របស់​ទ្រង់​ចែកចាយ​សារ​លិខិត​ដំណឹង​ល្អ និង​អនុវត្ត​ពិធិបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​ពួក​គេ ។ នៅ​ពេល​ណា​ដែល​ព្រះ​បាន​ហៅ​ពួក​ព្យាការី ទ្រង់​បាន​ដឹក​នាំ​ពួក​គេ​តាម​រយៈ​វិវរណៈ​ដ៏​ទេវភាព ហើយ​បាន​ប្រទាន​អំណាច និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដល់​ពួកលោក ។

សព្វ​ថ្ងៃ​នេះ សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ឯកសិទ្ធិ​ទទួល​ពរ​ដែល​ទាក់​ទង​នឹង​បព្វជិតភាព​នៃ​ព្រះ ។ តាម​រយៈ​បព្វជិតភាព យើង​អាច​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ការ​បញ្ជាក់ និង​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ច្រើន​ជាង​នេះ​ទៀត ។ តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព « អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០ ) រៀបចំ​យើង​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌ និង​ព្រះរាជ្យបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវ​គ្រីស្ទ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ការ​ចុះ និង​ការរក្សា​សេចក្តី​សញ្ញា​ដែល​ជាប់​ទាក់​ទង​ទៅនឹង​ពិធិបរិសុទ្ធ​នៃ​បព្វជិតភាព បង្កើត​នូវ​ទំនាក់ទំនង​ខាង​វិញ្ញាណ​ដ៏​សំខាន់​មួយ​រវាង​អ្នក​និង​ព្រះ ។ អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « ការរក្សា​សេចក្តីសញ្ញា​ដែល​បាន​ចុះ​នៅ​ឯ​អាង​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ … ផ្ដល់​កម្លាំង​ដល់​យើង​ដើម្បី​ទប់ទល់​នឹង​ការ​សាកល្បង និង​ការឈឺចាប់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ គោលលទ្ធិ​ដែល​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​ទាំង​នេះ​ជួយ​សម្រួល​ដល់​ដំណើរ​របស់​យើង ហើយ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម ការ​លួង​លោម និង​ភាព​សុខសាន្ត » ។ តើ​អ្នកនឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដែល​មាន​សម្រាប់​អ្នក​តាម​រយៈ​បព្វជិតភាព ? តើ​អ្នក​អាច​គាំទ្រ​អ្នក​ដទៃ និង​ជួយ​ពួកគេ​ចុះ​សេចក្ដី​សញ្ញា​ជាមួយនឹង​ព្រះ​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អញ្ជើញ​សមាជិក​ក្នុង​ក្រុម​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

    « ដោយសារ​តែ​បព្វជិតភាព​ម៉ិលគីស្សាដែក​ត្រូវ​បាន​ស្ដារ​ឡើងវិញ ទាំង​ស្ត្រី និង​បុរស​ដែល​រក្សា​សេចក្ដីសញ្ញា​អាច​ទទួល​បាន ‹ ព្រះពរ​ខាងវិញ្ញាណ​នៅក្នុង​សាសនាចក្រ​ទាំងអស់ ›គោលលិទ្ធ និង​សេចក្ដីសញ្ញា ១០៧:១៨ ] ឬ​យើង​អាច​និយាយ​ថា ទ្រព្យ​សម្បត្តិខាង​វិញ្ញាណ​ទាំងអស់​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។

    « បុរស និង​ស្ត្រី​គ្រប់រូប​ដែល​ចុះ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ និង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​ស័ក្ដិសម ដែលមាន​ឥទ្ធិពល​ផ្ទាល់​ចំពោះ​ព្រះចេស្ដា​នៃ​ព្រះ ។ អ្នក​ទាំងឡាយ​ណា​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋនៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ទទួល​អំណោយទាន​មួយ​នៃ​អំណាច​បព្វជិតភាព​តាមរយៈ​គុណធម៌​នៃ​សេចក្ដី​សញ្ញា​របស់​ពួកគេ​ព្រមទាំង​អំណោយទាន​នៃ​ចំណេះដឹង​ដើម្បី​ដឹង​ពី​របៀប​ទាញ​យក​ព្រះចេស្ដា​នោះ » ។

    តើ « ទ្រព្យសម្បត្តិ​ខាង​វិញ្ញាណ » ឬ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល​ដោយ​ការ​ទទួល​ពិធិបរិសុទ្ធ និង​ការ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​នោះ ?

ស្វែង​យល់​បន្ថែម​ទៀត

  • សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តី​សញ្ញា » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  • ជែហ្វ្រី អ័រ ហូឡិន « Our Most Distinguishing Feature » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៤៣-៤៥

  • « Chapter 5: The Holy Priesthood—for the Blessing of God’s Children » ការបង្រៀន​របស់​ប្រធាននៃ​សាសនាចក្រ ៖ ចច អ័លប៊ើត ស្ម៊ីធ ( ឆ្នាំ ២០១១ ) ទំព័រ ៤៥-៥៦ ។

ផ្នែក​ទី ២

យ៉ូហាន បាទីស្ទ ដែល​បាន​រស់ឡើងវិញ​បានស្តារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន​ទៅ​ឲ្យ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

ព្រះអម្ចាស់​បាន​រៀប​ចំ​ផ្លូវ​មួយ​ដែល​មាន​របៀប​រៀបរយ​ក្នុង​ការ​ចែក​ចាយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​របស់​ទ្រង់ ។ គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​សិទ្ធ​អំណាច​នោះ​ឡើយ ( សូមមើល ហេព្រើរ ៥:៤ ) ។ មាន​តែ​អស់អ្នក​ដែល​កាន់​បព្វជិតភាព​ប៉ុណ្ណោះ​ដែល​អាច​តែងតាំង​អ្នក​ដទៃ​បាន ហើយ​ពួកគេ​អាច​ធ្វើ​ដូច្នេះ​បាន​តែ​នៅ​ពេល​ដែល​មាន​ការ​អនុញ្ញាត​ពី​អ្នក​ដែល​កាន់​កូនសោ​សម្រាប់​ការ​តែងតាំង​ប៉ុណ្ណោះ ( សូម​មើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។

ខណៈ​កំពុង​បក​ប្រែ​ព្រះ​គម្ពីរ​មរមន យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បាន​ប្រទះ​នឹង​វគ្គ​មួយ​ចំនួន​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ យ៉ូសែប និង អូលីវើរ មាន​សំណួរ​អំពី​រឿង​នេះ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ) ហើយ​បាន​សម្រេច​ចិត្ត​ទូល​សួរ​ព្រះអម្ចាស់ ។ ពួក​លោក​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​អធិស្ឋាន ហើយ​នៅក្នុង​ចម្លើយ​ទៅ​នឹង​ការ​អធិស្ឋាន​របស់​ពួក​លោក យ៉ូហាន បាទីស្ទ បាន​លេច​មក​ឯ​ពួកលោក ហើយ​បាន​ផ្តល់​សិទ្ធ​អំណាច​នៃ​បព្វជិតភាព​ដល់​ពួកលោក​ដោយ​ដាក់​ដៃលើ ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣ ) ។ យ៉ូហាន បាទីស្ទ​បាន​ណែនាំ​ពួក​លោកឲ្យ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​តែងតាំង​បព្វជិតភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផងដែរ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧២ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • យ៉ូសែប ស្ម៊ីធ កាល​ពី​វ័យ​ក្មេង​មាន​សំណួរ​អំពី​ការ​បង្រៀន​ខាង​សាសនា​នៅ​សម័យ​របស់​លោក ។ ដើម្បី​ស្វែង​រក​ការ​ណែនាំ លោក​បែរ​ទៅ​រក​ព្រះ​ដោយ​ការអធិស្ឋាន ហើយ​ត្រូវ​បាន​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​យាងមក​ជួប ។ សូម​អាន យ៉ូសែប​ស្ម៊ីធ—ប្រវត្តិ ១:១៧–២០ ។ តើ​វគ្គ​បទគម្ពីរ​នេះ​ជួយអ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​មូលហេតុ​ដែល​ចាំបាច់​ត្រូវមាន​ការ​ស្ដារ​បព្វជិតភាព​ឡើងវិញ​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ជាមួយ​សមាជិក​ក្រុម​របស់អ្នក សូម​មើល​វីដេអូ « Restoration of the Priesthood » ( នាទីទី ២:០០ ) ស្ដាប់​រកពរជ័យ​ដែល​បាន​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ដោយ​សារ​តែ​ការ​ស្តារ​ឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន ។ តើ​យើង​អាច​ទាមទារ​ពរជ័យ​នៃ​បព្វជិតភាព​អើរ៉ុន​ឲ្យ​បាន​ពេញលេញ​ក្នុង​ជីវិត​របស់​យើង​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

បព្វជិតភាព​ម៉ិលគីស្សាដែក​បាន​ស្ដារ​ឡើង​វិញ​ទៅដល់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខូវឌើរី ដោយ​សារទូត​ពី​ស្ថានសួគ៌​ ពេត្រុស យ៉ាកុប និង យ៉ូហាន

ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ប្រគល់​បព្វជិតភាព​ម៉ិលគីស្សាដែក​ទៅដល់ យ៉ូសែប ស្ម៊ីធ

ក្នុង​រយៈ​ពេល​មួយ​ខែ​នៃ​ដំណើរ​ទស្សន​កិច្ច​ពី យ៉ូហាន បាទីស្ទ មាន​សារទូត​ពី​ស្ថានសួគ៌​ជា​ច្រើន​ទៀត​បាន​មក​ជួប យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខូវឌើរី ។ ពេល​នេះ​សាវក​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ប្រគល់​ឲ្យ យ៉ូសែប និង អូលីវើរ នូវ​បព្វជិតភាព​ម៉ិលគីស្សាដែក និង​កូនសោ​នៃ​នគរ​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១២-១៣; ១២៨:២០ ) ។ នៅ​ពេល​ដែល​បព្វជិតភាព​អើរ៉ុន​បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់ យ៉ូសែប និង អូលីវើរ ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក នោះ​បព្វជិតភាព​ម៉ិលគីស្សាដែក​ក៏បាន​ប្រគល់​ដល់​ពួក​លោក​ក្នុង​ការ​ធ្វើ​ជា​អធិបតី​ក្នុង​សាសនាចក្រ និង​ការ​ធ្វើ​ពិធីបរិសុទ្ធ​ទាំង​អស់​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង ។

ក្រោយមក យ៉ូសែប ស្ម៊ីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ត្រូវ​បាន​ប្រទាន​នូវ​កូនសោរ​បព្វជិតភាព​បន្ថែម​ទៀត ឬ​សិទ្ធិ​អំណាច​ដើម្បី​មើល​ការខុសត្រូវ និង​ដឹកនាំ​ផ្នែក​ខ្លះៗ​របស់​សាសនាចក្រ និង​បេសកកម្ម​របស់​សាសនាចក្រ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ សារទូត​ពី​ស្ថានសួគ៌​ផ្សេង​ទៀតមាន—លោក​ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា—បាន​ប្រគល់​កូន​សោ​ទាំង​ឡាយ​នៃ​ការ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល គ្រា​កាន់កាប់​ត្រួតត្រា​នៃដំណឹង​ល្អ​របស់​លោក អ័ប្រាហាំ ( ដែល​រួម​បញ្ចូល​ទាំង​ការ​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដី​សញ្ញា​អ័ប្រាហាំ ) និង​កូនសោរ​នៃ​អំណាច​នៃ​ការផ្សាភ្ជាប់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១១-១៦ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប​អាច​តាម​ដាន​ខ្សែស្រឡាយ​នៃ​សិទ្ធិ​អំណាច​របស់​លោក​ត្រឡប់​ទៅ​កាន់​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នៃ​ការ​ស្តារ​បព្វជិតភាព​ឡើង​វិញ​បាន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ពន្យល់​ថា « យើង​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែលអាច​តាម​ដាន​ខ្សែស្រឡាយ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​អនុវត្ត​ដោយ​ឌីកុន​ថ្មី​បំផុត​នៅ​ក្នុង​វួដ ប៊ីស្សព​ដែល​ជា​អធិបតី​លើ​គាត់ និង​ព្យាការី​ដែល​ជា​អធិបតី​លើ​យើង​ទាំង​អស់​គ្នា ។ ខ្សែស្រឡាយ​នោះ​ជាប់​តៗគ្នា​ចាប់តាំង​ពី​ពួកទេវតា​ដែល​ផ្ដល់​ការងារ​បម្រើ ដែល​មកពី​ព្រះរាជបុត្រា​នៃ​ព្រះ​ផ្ទាល់ ដោយ​ទទួល​បាន​អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ស្ថានសួគ៌ » ។ ខ្សែ​ស្រឡាយនៃ​សិទ្ធិអំណាច របស់​បុរស​ម្នាក់​អាច​ស្នើ​សុំ​ពី​ទី​ស្នាក់ការ​កណ្តាល​សាសនាចក្រ​បាន ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • តើ​អ្នកមាន​អារម្មណ៍​ថា​ជីវិត​របស់​អ្នក​មាន​ការផ្លាស់ប្តូរ​យ៉ាងណា​បន្ទាប់​ពី​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ? ពេល​អ្នក និង​ក្រុម​ដែល​នៅ​សល់​ពិចារណា​អំពី​សំណួរ​នេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​មកពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៤ ៖ « ឥឡូវ​នេះ មក​ពី​គំនិត​យើង​បាន​ទទួល​ការ​បំភ្លឺ នោះ​យើង​ចាប់​ផ្ដើម​យល់​នូវ​បទគម្ពីរ​ទាំង​ឡាយ ដែល​បាន​លាតត្រដាង​នៅ​ចំពោះ​យើង ហើយ​អត្ថន័យ និង​គោលបំណង​នៃ​វគ្គ​ដ៏​អាថ៌កំបាំង​ទាំង​ឡាយ​នោះ ក៏​បាន​បើក​សម្ដែង​ដល់​យើង តាម​របៀប​ដែល​យើង​ពុំ​ដែល​បាន​ទទួល​ពី​មុន ឬ​គិត​ពី​មុន​មក​សោះ » ។

ស្វែង​យល់​បន្ថែម​ទៀត

ធនធាន​ផ្សេងៗ​ទៀត​អំពី​ការស្តារ​បព្វជិតភាព​ឡើងវិញ