បណ្ណាល័យ
ការមាន​ព្រះជន្ម​រស់​ឡើងវិញ


« ការមាន​ព្រះជន្ម​រស់​ឡើងវិញ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ព្រះគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​បង្ហាញ​ព្រះកាយ​ដល់ ម៉ារា អ្នកស្រុក​ម៉ាក់ដាឡា

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការមាន​ព្រះជន្ម​រស់​ឡើងវិញ

ជ័យ​ជម្នះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅលើ​សេចក្ដី​ស្លាប់

នៅក្នុង​ពេល​ណា​មួយ​នៃ​ជីវិត​របស់​យើង យើង​ម្នាក់ៗ​នឹង​មាន​ពេល​ឆ្ងល់ថា « តើ​មាន​អ្វី​កើតឡើង​នៅពេល​ដែល​យើង​ស្លាប់ ? » « តើ​ខ្ញុំ​នឹង​ឃើញ​មនុស្ស​ជាទី​ស្រឡាញ់ ​ដែល​បានទទួលមរណភាព​ម្ដងទៀត​ដែរឬទេ ? » « តើ​ខ្ញុំ​អាច​ស្វែងរក​ការលួងលោម​នៅពេល​នរណាម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​បានស្លាប់ទៅ​ដោយ​របៀបណា ? »

ខណៈពេល​ដែល​យើង​មិន​មាន​ចម្លើយ​ចំពោះ​អ្វីៗ​ទាំង​អស់​នោះ សេចក្ដី​ពិត​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​មក​នូវ​ការ​លួង​លោម​ដល់​អស់អ្នក​​ដែល​មាន​ទុក្ខលំបាក​បាន ។ ការពិត​ដែល​ថា​មនុស្ស​ទាំងអស់​ដែល​ស្លាប់​នឹង​រស់ឡើងវិញ​ម្ដង​ទៀត​នាំ​មកនូវ​សេចក្ដី​សុខ​ដល់​ព្រលឹង​យើង ហើយ​ការពិត​នោះ​សន្យា​ថា​ថ្ងៃ​ដ៏​ល្អ​ប្រសើរ​គឺ​នៅ​ពេល​ខាង​មុខ ។

ក្នុង​ការ​​មាន​ព្រះជន្ម​រស់​ឡើងវិញ ក្លាយ​ទៅ​ជា​អមតៈភាព ព្រះយេស៊ូវ​គ្រីស្ទ​បាន​ក្លាយ​ជា « ផលដំបូង » នៃ​ការ​រស់​ឡើង​វិញ ( សូមមើល កូរិនថូស ទី១ ១៥:២០–២៣ ) ហើយ​បាន​ផ្ដល់ជា​ផ្លូវ​ឲ្យ​យើង​ទាំងអស់​គ្នា​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ដូចជា​ទ្រង់​ដែរ ។

តើ​អ្វី​ទៅជា​ការរស់​ឡើងវិញ ?

ការរស់​ឡើងវិញ​គឺជា​ការរួបរួមគ្នា​នៃ​រាងកាយ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ក្រោយ​ពី​សេចក្តី​ស្លាប់ ហើយ​ពុំ​អាច​បែក​គ្នា​បាន​ទៀត​ឡើយ ( សូមមើល អាលម៉ា ១១:៤៥ ) ។ នៅពេល​យើង​រស់​ឡើងវិញ នោះ​រូបកាយ​របស់​យើង​នឹង​បាន​ល្អ​ឥត​ខ្ចោះ​ហើយ​អមតៈ លែង​ស្ថិត​នៅ​ក្រោម​ជំងឺ និង​សេចក្ដី​ស្លាប់​ទៀត​ហើយ ។ ពីព្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យកឈ្នះ​សេចក្តី​ស្លាប់​តាមរយៈ​ការរស់​ឡើងវិញ​របស់​ទ្រង់ មនុស្ស​ទាំងអស់​នឹង​រស់​ឡើងវិញ​ដូច​ទ្រង់​ដែរ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការរស់​ឡើងវិញ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ផែនការ​នៃ​សេចក្ដី​សង្គ្រោះ

ផ្នែកទី ១

ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ

ព្រះគ្រីស្ទ​កំពុង​បង្រៀន​បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដំបូងគេ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ជ័យ​ជំនះ​របស់​ទ្រង់​លើ​សេចក្តី​ស្លាប់​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « គោលការណ៍​ដ៏​សំខាន់​នៃ​សាសនាចក្រ​របស់​យើង គឺជា​ទីបន្ទាល់​នៃ​ពួក​សាវក និង ពួក​ព្យាការី អំពី​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ​គេ​បាន​បញ្ចុះ​ព្រះសព ហើយ​បានរស់​ឡើងវិញ​នៅ​ថ្ងៃ​ទី​បី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ » ។

ព្រះ​អម្ចាស់​បាន​ផ្ដល់​ទីបន្ទាល់​ជា​ច្រើន​អំពី​គោលលទ្ធិ​ដ៏​ចាំបាច់​នេះ ។ ដំណឹងល្អ​ទាំងបួន​នីមួយៗ​នេះ​រួមបញ្ចូល​ទាំង​កំណត់ត្រា​របស់​អ្នក​ទាំងឡាយ​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ ព្រះគម្ពីរ​មរមន​ក៏​បាន​ធ្វើ​ទីបន្ទាល់​ថា​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទ្វីប​អាមេរិក​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​ផងដែរ ។ នៅ​សម័យ​ទំនើប​នេះ សាក្សី​ជាច្រើន​រួម​មាន យ៉ូសែប ស្ម៊ីធ និង​ពួក​ព្យាការី និង​ពួក​សាវក​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ជា​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់​ឡើង​វិញ ហើយ​មាន​ព្រះជន្ម​នៅរស់​សព្វ​ថ្ងៃ​នេះ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​ស្រមៃ​ថា​បងប្អូន​គឺ​ជា​មេធាវី​ដែល​កំពុង​កសាង​សំណុំរឿង​មួយ ដើម្បី​បង្ហាញភស្តុតាង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់​ឡើង​វិញ ។ តើ​បងប្អូន​នឹង​កោះហៅ​នរណា​ឲ្យ​ធ្វើជា​សាក្សី ? តើ​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នឹង​ពង្រឹង​ករណី​សំណុំរឿង​របស់​បងប្អូន​ដោយ​របៀបណា ? តើ​ទីបន្ទាល់​របស់​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​អំពីការរស់​ឡើងវិញ​របស់​ព្រះអម្ចាស់​ មានឥទ្ធិពលលើ​ទីបន្ទាល់​របស់​បងប្អូន​ដោយ​របៀបណា ? សម្រាប់​គំនិត​ទាំងឡាយ សូមមើល យ៉ូហាន ២០:១–២០; នីហ្វៃទី៣ ១១:៣–១៧ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:១៩–២៤ ។

  • សូម​អាន យ៉ូហាន ២០:២៦–២៩ ។ តើ​ព្រះអង្គ​សង្គ្រោះ​ប្រទាន​សារលិខិត​អ្វី​ខ្លះ​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ទៅដល់​មនុស្ស​ដែល​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​អំពី​ការមានព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ? ( សូមមើល​ផងដែរ អេធើរ ១២:៥–៦ ) ។ ទោះបី​ជា​យើង​មិន​ទាន់​ឃើញ​ព្រះអម្ចាស់​ដែល​បាន​រស់​ឡើង​វិញ​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​មួយ​ថា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ។ តើ​មានភស្ដុតាង​អ្វី​ខ្លះ​អំពី​ដំណើរ​រស់​ឡើង​វិញ​ដែល​បងប្អូន​បាន​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​បងប្អូន ? តើ​ភស្ដុតាង​នេះ​មានឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បងប្អូន ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ ១៩១០-២០០៨ ) បាន​ប្រកាស​ថា ៖ « គ្រប់​ភាពជោគជ័យ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក គ្មានភាព​ជោគជ័យណា​ដែល​អស្ចារ្យបំផុត ដែល​មាន​ឥទ្ធិពលជា​សាកល ដែល​មានលទ្ធផល​យូរអង្វែង​ដូចជា​ភាពជោគជ័យ​នៃ​ព្រះអម្ចាស់​ដែល​ត្រូវបាន​គេឆ្កាង ដែល​បាន​យាងចេញពីផ្នូរ​នៅព្រឹក​ដំបូង​នៃ​បុណ្យអ៊ីស្ទើរ​នោះទេ » ។ ចូរ​ពិភាក្សា​អំពី​មូលហេតុ​សំខាន់​ដើម្បី​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់នៅ​នាសព្វ​ថ្ងៃនេះ ។ ប្រធាន ហ៊ីងគ្លី ក៏​បាន​សរសេរ​ពាក្យ​នៅក្នុង​ទំនុក​តម្កើង​នេះ​ថា « ព្រះ​ប្រោសលោះ​ខ្ញុំ​នៅរស់ » ។ សូម​អាន ឬ​ស្តាប់​ទំនុក​តម្កើង​នេះ​ជាមួយ​គ្នា ហើយ​បន្ទាប់​មក​ចែក​ចាយ​គំនិត និង​អារម្មណ៍​ដែល​វា​បំផុស​គំនិត​ដល់​បងប្អូន ។

  • ​សិល្បករ​​ដ៏បំផុសគំនិត​ជាច្រើនរូប ​បាន​ពណ៌នា​ពី​គ្រា​ដែល​បុគ្គល​ម្នាក់ៗ​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ សូម​មើល​រូបភាព​ខាងក្រោម ឬ​រូបផ្សេង​ទៀត​ដែល​បងប្អូន​ចូលចិត្ត ។ សូម​ចែកចាយ​នូវ​អ្វី​ដែល​រូបភាព​ទាំង​នេះ​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​វា​ធ្វើឲ្យ​បងប្អូន​មាន​អារម្មណ៍យ៉ាងណា​អំពី​ទ្រង់​ ? តើ​បងប្អូន​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ប្រសិន​បើ​បងប្អូន​នៅ​ទី​នោះ ?

ម៉ារា និង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ។
ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយដល់ ថូម៉ាស បន្ទាប់​ពី​ការមានព្រះជន្មរស់​ឡើងវិញ
ក្លីអូប៉ាស និង​សិស្ស​ម្នាក់​អង្គុយ​បរិភោគ​ពេល​ពួកគេ​ស្គាល់​ព្រះអង្គ​សង្គ្រោះ

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ២

នៅទីបំផុត​យើង​ទាំងអស់គ្នា​នឹងបាន​រស់ឡើងវិញ

គ្រួសារ​នៅ​ឯពិធីបុណ្យសព

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ​នៅថ្ងៃណា​មួយ​ដែរ ។ មិនយូរ​ប៉ុន្មាន​ក្រោយ​ពីការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ស្មោះត្រង់​ជាច្រើន​ក៏បាន​រស់ឡើងវិញ​ផងដែរ ( សូមមើល ម៉ាថាយ ២៧:៥២–៥៣ ) ។ ទោះជា​មនុស្ស​គ្រប់គ្នា​នឹង​មិន​រស់ឡើងវិញ​ក្នុង​ពេលតែមួយ​ក៏ដោយ ក៏នៅ​ទីបំផុត​មនុស្ស​ទាំងអស់​នឹង​ទទួល​បាន​រូបកាយ​ដ៏​ល្អឥតខ្ចោះ អមត​មួយ តាមរយៈ​អំណោយ​ដ៏​រុងរឿង​នៃ​ការរស់ឡើង​វិញ​ជាសកល ។

រូបកាយ​ដែល​រស់​ឡើងវិញ​របស់​យើង​នឹង​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​រូបកាយ​ដែល​យើង​មាន​ឥឡូវនេះ ដោយ​គ្រាន់តែ​អមត​ដ៏​ល្អឥតខ្ចោះ—គឺគ្មាន​ជំងឺ និង​ការឈឺចាប់​ទៀតឡើយ ។ យើង​នឹង « បាន​ទទួល​នូវ​ភាព​ពោរពេញ​នៃ​សេចក្ដី​អំណរ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៣៣–៣៤; សូមមើល ផងដែរ អាលម៉ា ១១:៤៣ ) ។ រូបកាយ​ដែល​បាន​រស់ឡើងវិញ​របស់​យើង​នឹង​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​ការជំនុំជម្រះ ។ អស់អ្នក​ទាំងឡាយ​ដែល​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន​នឹង​រីករាយ​នឹង​ជីវិត​ដ៏អស់កល្ប​ជានិច្ច ហើយ​រស់នៅ​ជារៀងរហូត​នៅក្នុង​វត្តមាន​របស់​ព្រះ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • កូន​ប្រុស​របស់​អាលម៉ា​ជាកូន កូរីអានតុន បាន « កំពុង​ខ្វល់​នៅក្នុង​គំនិត​អំពី​ដំណើរ​រស់ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ » ( អាលម៉ា ៤០:១ ) ។ ដូច្នេះ​អាលម៉ា​បាន​បង្រៀន កូរីអានតុន—និង​អ្នក​អាន​ព្រះគម្ពីរ​មរមន—សេចក្តីពិត​សំខាន់ៗ​ជាច្រើន​ទាក់ទង​នឹង​ការរស់​ឡើងវិញ ។ សូម​អាន​អំពីអ្វី​ដែល​គាត់​បាន​បង្រៀន​នៅក្នុង អាលម៉ា ៤០–៤១ ។ នៅពេល​បងប្អូន​អាន សូម​កត់សម្គាល់​អំពី​សេចក្ដី​ពិត​ពី​ការរស់​ឡើងវិញ​ដែល​សំខាន់​ចំពោះ​បងប្អូន ។ តើ​សេចក្ដីពិត​ទាំង​នេះ​អាច​ជួយ​កូរីអានតុន​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត​ដោយ​របៀបណា ? តើ​សេចក្ដី​ពិត​ទាំង​នេះ​អាចជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ដែល​បងប្អូន​កំពុង​ធ្វើ​ឥឡូវ​នេះ​ដោយ​របៀបណា ?

  • សាវក​ប៉ុល​បាន​ដឹងថា​ពួក​បរិសុទ្ធ​មួយ​ចំនួន​នៅ​កូរិនថូស មិន​ជឿលើ​ការរស់​ឡើងវិញ​នោះទេ ។ សូមអាន កូរិនថូស ទី១ ១៥ ដោយ​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ទៅ​លើ​ការ​បង្រៀន​របស់​ប៉ុល​អំពី​ការរស់​ឡើងវិញ ។ ទាំងនេះ​គឺជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ជញ្ជឹងគិត​ពេល​បងប្អូន​សិក្សា ៖

    • ខទី ១២-១៥ ៖ ហេតុ​អ្វី​បាន​ជា​ការ​ផ្សព្វផ្សាយ និង​សេចក្ដី​ជំនឿ​នឹង​ក្លាយជា​អសារឥតការ ប្រសិនបើ​គ្មាន​ការ​រស់​ឡើង​វិញទេ​នោះ ?

    • ខទី ១៦–១៩ ៖ ហេតុ​អ្វី​បាន​ជា​យើង « នៅ​ក្នុង​អំពើ​បាប [ របស់​យើង ] ប្រសិនបើ​គ្មាន​ការរស់​ឡើងវិញ ? ហេតុអ្វី​បាន​ជា​យើង « វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត » ?

    • ខទី ៥៥-៥៨ ៖ តើ​ចំណេះ​ដឹង​របស់​បងប្អូន​អំពី​ការរស់​ឡើងវិញ​ជួយ​ធ្វើ​ឲ្យ​បងប្អូន « កាន់​យ៉ាង​ខ្ជាប់ខ្ជួន » និង « ឥត​រង្គើ » ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ថា អំណោយទាន​នៃ​ការរស់​ឡើងវិញ​ត្រូវ​បាន​ប្រទាន​ដោយ​គ្មាន​លក្ខខណ្ឌ​ទៅដល់​មនុស្ស​ទាំង​អស់ ប៉ុន្តែ​បុត្រាបុត្រី​របស់​ព្រះ​ជា​ច្រើន​មិន​បាន​ដឹង​អំពី​ពរជ័យ​នេះ​ទេ ។ ពិភាក្សា​អំពី​របៀប​ដែល​ការរស់​ឡើងវិញ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​នៅក្នុង​ជីវិត​របស់​បងប្អូន ។ បងប្អូន​ក៏​អាច​ឃើញ​ថា​វា​មាន​ប្រយោជន៍​ក្នុង​ការ​ពិភាក្សា​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ នៅក្នុង​សុន្ទរកថា​របស់​គាត់ « ផ្នូរគ្មាន​ជ័យជម្នះ​លើឡើយ » និង អែលឌើរ អេស ម៉ាក ផលម័រ នៅក្នុង Our Sorrow Shall Be Turned into Joy » ។ តើ​ស៊ីស្ទើរ អាប៊ើតូ និង អែលឌើរ ផលម័រ​ បាន​ទទួល​ពរជ័យ​ដោយសារ​ចំណេះដឹង​អំពី​ការរស់​ឡើងវិញ​ដោយ​របៀបណា ? តើ​ចំណេះដឹង​នេះ​ផ្ដល់​ពរជ័យ​ដល់​យើង​ដោយ​របៀបណា ?

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ការរស់​ឡើងវិញ