បណ្ណាល័យ
ការប្រែចិត្ត


« ការប្រែចិត្ត » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ក្មេងស្រី​កំពុង​សម្លឹង​ទៅ​ក្រៅ​បង្អួច

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការប្រែចិត្ត

ការរីក​ចម្រើន និង​កែលម្អ​តាម​រយៈ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះវរបិតា​សួគ៌​ស្រឡាញ់​យើង ។ ទ្រង់សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ លើស​ពី​អ្វី​ទាំងអស់ ។ ប៉ុន្តែ​អំពើ​បាប និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​បាន​បំបែក​យើង​ចេញ​ពី​ព្រះ ។ អំពើ​បាប និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ទាំងនោះ​រា​រាំង​យើង​ពី​ការ​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​វិញ និង​ពី​ការ​ក្លាយ​ដូចជា​ទ្រង់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្ដី​សង្ឃឹម​នៅ​តែមាន ។ ព្រោះ​ព្រះវរបិតា​ដែលគង់​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​មក​សង្គ្រោះ​យើង ។ ព្រះគ្រីស្ទ​បាន​ស្ម័គ្រចិត្ត​លើក​ដាក់​លើ​អង្គទ្រង់​នូវ​អំពើ​បាប និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ដើម្បី​យើង​អាច​ត្រូវ​បាន​អភ័យទោស បន្ត​រីក​ចម្រើន ហើយ​នៅ​ទីបំផុត​អាច​ត្រឡប់​ទៅ​រស់​នៅ​ជាមួយនឹង​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​របស់​យើង​វិញ ។ ការណ៍​នេះ​ត្រូវ​បាន​ហៅថា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ចាប់​ផ្ដើម​ទទួល​បាន​ពរ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​នៅ​ពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ។

តើ​ការប្រែចិត្ត​គឺជា​អ្វី ?

ការប្រែចិត្ដ​គឺជា​ការផ្លាស់ប្តូរ​គំនិត និង​ចិត្ត—ដែល​បង្វែរ​ចេញពី​អំពើ​បាប ហើយ​វិល​ត្រឡប់​ទៅរក​ព្រះ​វិញ ។ វា​ត្រូវ​បាន​បំផុស​គំនិត​នៅ​ពេល​យើង​មាន​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ចំពោះ​ការ​មាន​បាប ( សូមមើល កូរិនថូស ទី២ ៧:៩–១១ ) ។ នៅ​ពេល​យើង​ប្រែចិត្ត នោះ​យើង​សារភាព​ដោយ​ស្មោះ​ត្រង់​ពី​កំហុស និង​អំពើ​បាប​របស់​យើង យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​កែ​តម្រូវ​កំហុស​ទាំងនោះ យើង​ព្យាយាម​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំបាច់​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន ហើយ​យើង​ពឹង​ផ្អែក​ដោយ​រាបសា​ទៅ​លើ​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ផ្លាស់​ប្ដូរ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន ។ ការប្រែចិត្ត​ដោយ​ស្មោះ​អាច​កើត​ឡើង​នៅ​ពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​យើង​ស្អាត ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការប្រែចិត្ត

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ, ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ, សាក្រាម៉ង់, ការគោរព​ប្រតិបត្តិ

ផ្នែក​ទី ១

ត្រូវបាន​ជ្រះស្អាត​តាម​រយៈ​ការប្រែចិត្ត ៖ « តើ​វា​ធ្វើ​ដោយ​របៀបណា ? »

រូបភាព
បុរស​កំពុង​អធិស្ឋាន

នៅ​ក្នុងព្រះគម្ពីរ​មរមន ព្យាការី អេណុស បាន​រៀបរាប់​អំពី « ការ​ពុះពារ​ដែល [ គាត់ ] បាន​ធ្វើ​ទៅ​ចំពោះ​ព្រះ » នៅ​ពេល​ដែល​គាត់​ស្វែង​រក​ការ​អភ័យ​ទោស​ចំពោះ​អំពើ​បាប​របស់​គាត់ ។ នៅ​ពេល​ចុង​ក្រោយ « ទោស​របស់​ខ្ញុំ​បាន​បំបាត់​ចោល​ទៅ » គាត់​បាន​សួរ​អ្វី​មួយ​ដែល​ប្រហែល​ជា​បងប្អូន​បាន​ឆ្ងល់​ថា ៖ « ឱ​ព្រះ​អម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ? » សូម​អាន​អំពី​បទពិសោធន៍​របស់​គាត់​នៅក្នុង អេណុស ១:១–៨ ។ តើ អេណុស បាន​ផ្លាស់ប្ដូរ​ដោយ​របៀប​ណា ? តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​គាត់​បាន​រៀបរាប់​ពី​ការប្រែចិត្ត​របស់​គាត់ ?

ពិតណាស់ វិធី​តែ​មួយ​គត់​ដើម្បី​យល់​យ៉ាង​ពេញលេញ​អំពី​ការប្រែចិត្ដ​គឺ​ដកពិសោធន៍​វា ។ ពេល​បងប្អូន​ប្រែ​ចិត្ត ហើយ​មាន​អារម្មណ៍​សុខសាន្ត និង​អំណរ​នៃ​ការ​អភ័យទោស សូម​ពិចារណា​សរសេរ​អំពី​បទពិសោធន៍​របស់​បងប្អូន ។ បងប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​បំផុស​គំនិត ដើម្បី​ចែកចាយ​វា​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • តើ​យើង​អាច​ទទួល​ព្រះ​ចេស្ដា​នៃ​ការលាង​សម្អាត​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀបណា ? បងប្អូន​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ក្នុង​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « Cleansed by Repentance » ។ សូម​គិត​អំពី​ការ​បង្រៀន​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ផ្នែក​ទី​មួយ ដែល​មាន​ចំណង​ជើង​ថា « ការប្រែចិត្ត » ជា​ពិសេស ។ សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ធ្វើ ដើម្បី​ទទួល​បាន​ការ​អភ័យទោស​ពី​អំពើ​បាប​របស់​បងប្អូន ។

    • ស្វែងយល់​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អំពី​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​សម្រាប់​យើង​នៅក្នុង នីហ្វៃទី៣ ៩:១៣–១៤ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៦–១៩ ។ តើ​សារលិខិត​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​អាច​មាន​សម្រាប់​បងប្អូន​ជាពិសេស​នៅក្នុង​ព្រះបន្ទូល​របស់​ទ្រង់ ?

    • សូម​កត់​សម្គាល់​នូវ​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​អំពី​ការ​អភ័យ​ទោស​នៅក្នុង យេរេមា ៣៣:៦–៩; អាលម៉ា ៥:២១ ។ តើ​ពាក្យ និង​ឃ្លា​ទាំង​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​ដល់​បងប្អូន​អំពី​ការប្រែចិត្ត និង​ការ​អភ័យ​ទោស​ចំពោះ​អំពើ​បាប ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ព្យាការី អេសាយ បាន​មាន​ប្រសាសន៍​អំពី​ការ​លាង​សម្អាត និង​ការ​ជម្រះ​នៅ​ពេល​ដែល​គាត់​បាន​បង្រៀន​អំពី​ការ​ប្រែ​ចិត្ត ។ សូម​ពិចារណា​អាន អេសាយ ១:១៦–១៨ ជា​ក្រុម​គ្រួសារ​ខណៈ​ដែល​កំពុង​លាង​សម្អាត​អ្វី​មួយ​ជាមួយ​គ្នា ដូច​ជា​បោកសម្លៀក​បំពាក់ ឬលាង​ចាន​ជាដើម ។ តើ​របស់អ្វីដែល​ធ្វើ​ឲ្យ​របស់​ទាំង​នេះ​អាច​ក្លាយ​ជា​ស្អាត​បាន ? តើ​ការណ៍អ្វី​ដែល​ធ្វើ​ឲ្យ​យើង​អាច​ក្លាយ​ជា​មនុស្ស​ស្អាត​ខាង​វិញ្ញាណ—ឬ​ជ្រះស្អាត​ពី​អំពើ​បាប​របស់​យើង ? ( សូមមើល នីហ្វៃទី៣ ២៧:១៩–២០ ) ។

    បងប្អូន​ក៏​អាច​ប្រៀបធៀប​ពី​អារម្មណ៍​ដែល​ត្រូវបាន​សម្អាត​ខាង​រូបកាយ​ ជាមួយនឹង​របៀប​ដែល​វា​មាន​អារម្មណ៍​ថា​ត្រូវ​បាន​អភ័យ​ទោស​ចំពោះ​អំពើ​បាប​របស់​យើង ។

ស្វែងយល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ការប្រែចិត្ត​មាន​ន័យ​ថា​ការផ្លាស់ប្តូរ—ហើយ​វា​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា

រូបភាព
ស្ត្រី​កំពុង​សម្លឹងទៅ​ក្រៅ​បង្អួច

ព្រះគម្ពីរ​ផ្ដល់​គំរូ​ជាច្រើន​ពី​មនុស្ស​ដែល​មើលទៅ​ដូចជា​មិន​ទំនង​ជាបេក្ខជន​សម្រាប់​ការផ្លាស់​ប្ដូរ ប៉ុន្តែ​ជាអ្នក​ដែល​ប្រែចិត្ត​តាមរយៈ​អំណាច​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ហើយ​ក្លាយ​ទៅជា​មនុស្ស​សុចរិត ។ សាវក​ប៉ុល ពួកសាសន៍​លេមិន​ជា​ច្រើន​នាក់ និង​អាលម៉ា​ជាកូន ទាំង​អស់​គ្នា​បាន​មាន​បទពិសោធន៍​នូវ​ការ​ផ្លាស់​ប្ដូរ​ដួងចិត្ត​ដ៏​គួរ​ឲ្យ​រំភើប និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។ ពួក​គេ​បែរ​ចេញ​ពី​អំពើ​បាប និង​ឆ្ពោះ​ទៅ​រក​ព្រះអង្គ​សង្រ្គោះ ដែល​អនុញ្ញាត​ឲ្យ​ទ្រង់​ផ្លាស់​ប្ដូរ​ជីវិត​របស់​ពួក​គេ ។ ពេល​ខ្លះ​ការ​ផ្លាស់​ប្ដូរ​នេះ​ហាក់​ដូច​ជា​កើត​ឡើង​ភ្លាមៗ ជាញឹកញាប់​វា​គឺជា​ការ​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​ជា​អព្ភូតហេតុ​មួយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត ។ ហើយ​វា​ជា​អព្ភូតហេតុ​ដែល​យើង​គ្រប់គ្នា​ត្រូវការ « ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សិក្សា​អំពី​គំរូ​នៃ​ការប្រែចិត្ដ​នៅក្នុង កិច្ចការ ២២:៣–២១ ( អំពី ប៉ុល ); អាលម៉ា ២៤:៦–១៩ ( អំពី​ក្រុម​នៃ​ពួកសាសន៍​លេមិន ); និង អាលម៉ា ៣៦ ( អំពី​អាលម៉ា​ជាកូន ) ។ តើ​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ប្រែចិត្ត ? ហេតុអ្វី​វា​មាន​តម្លៃ​ដើម្បី​អាន​អំពី​បទពិសោធន៍​របស់​ពួកគេ ? សូម​ជញ្ជឹងគិត ហើយ​កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​រៀន ។

  • តើ​ការផ្លាស់ប្តូរ​អ្វីខ្លះ​ដែល​បងប្អូន​ចង់​ធ្វើ​នៅក្នុង​ជីវិត​របស់​បងប្អូន ? ពេល​បងប្អូន​ពិចារណា​រឿង​នេះ សូម​សិក្សា យ៉ាកុប ៤:១៧; ម៉ូសាយ ៤:២៩–៣០; អាលម៉ា ៥:២៦; និង​សារ​របស់​ប្រធាន រ័សុល អិម ណិលសុន « We Can Do Better and Be Better » ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូនកែលម្អ និង​រីកចម្រើន​អ្វីខ្លះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ពិភពលោក​ពោរពេញ​ទៅ​ដោយ​គំរូ​នៃ​ការ​ផ្លាស់​ប្ដូរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍—ជា​គ្រាប់ពូជ​តូច​មួយ​ដែល​ក្លាយ​ជា​ដើម​ឈើ​ដ៏​ធំ ដង្កូវ​មួយ​ដែល​ក្លាយ​ជា​មេអំបៅ ពងសត្វ​មួយ​ដែល​ក្លាយ​ជា​សត្វឥន្រ្ទី ។ បងប្អូន ឬ​គ្រួសារ​របស់​បងប្អូន​អាច​ពិនិត្យ​មើល​គំរូ​មួយ​ចំនួន​នេះ ហើយ​អាន កូរិនថូស ទី២ ៥:១៧ ។ ការអាន​នេះ​អាច​នាំ​ឲ្យ​មាន​ការ​សន្ទនា​អំពី​ការ​ផ្លាស់​ប្ដូរ​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • កុមារ​តូចៗ​ប្រហែលជា​រីករាយ​ក្នុង​ការរៀនសូត្រ​អំពី​ការប្រែចិត្ត​ចេញពី​ដំណើររឿង​ព្រះគម្ពីរ​មរមន ដូចជា​ចេញ​មកពី​ឧទាហរណ៍​នៅក្នុង « ជំពូកទី ១៨ ៖ អាលម៉ា​ជាកូន​ប្រែចិត្ត » និង « ជំពូកទី ២៦ ៖ ប្រជាជន​អាំម៉ូន » ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​មនុស្ស​ទាំង​នេះ​ឲ្យ​ផ្លាស់​ប្ដូរ​យ៉ាង​ដូចម្ដេច ?

  • បងប្អូន​ក៏​អាច​ធ្វើ​បញ្ជី​នៃ​គុណលក្ខណៈ​មួយ​ចំនួន​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផងដែរ ( ទំនុក​តម្កើង « ឲ្យខ្ញុំកាន់តែវិសុទ្ធ » លើកឡើង​ជាច្រើន​ដង ) ។ តើ​យើង​អាច​ផ្លាស់ប្ដូរ​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ​តាម​វិធីណា ? តើ​ទ្រង់​ទាំងទ្វេ​ជួយ​យើង​ធ្វើ​បែប​នេះ​ដោយ​របៀប​ណា ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ៣

ការប្រែចិត្ដ​គឺជាក្តី​រីករាយ

រូបភាព
យុវជន​កំពុង​ញញឹម

ពីព្រោះ​ការ​ផ្លាស់​ប្ដូរ​អាច​ជាការពិបាក ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការប្រែចិត្ត ។ ប្រហែល​យើង​គិត​ថា​វា​ជា​អ្វី​ដែល​គួរ​ឲ្យ​សោកសៅ ឬ​បាក់​ទឹក​ចិត្ត ឬ​ពិបាក​ដែល​មិន​អាច​ធ្វើ​ទៅ​រួច ។ សូម​ចងចាំ​ថា​ផែនការ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង​គឺ​ជា​ផែនការ​នៃ​សុភមង្គល ។ តាមរយៈ​ការប្រែចិត្ត នោះ​យើង​អាច​ក្លាយ​ជា​មនុស្ស​កាន់តែ​សប្បុរស ជាទី​ស្រឡាញ់ អត់ធ្មត់ រាបសា និង​ដ៏រីករាយ ។

អំពើ​បាប​នាំ​មក​នូវ​ទុក្ខវេទនា—ការប្រែចិត្ដ​គឺជា​វិធី​ដែល​យើង​គេចផុត​ពី​ទុក្ខវេទនា​នោះ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​គិត​អំពី​បទគម្ពីរ​ខាង​ក្រោម​ដែល​បង្រៀន​អំពី​របៀបនៃ​ការ​ប្រែ​ចិត្ត​អាចនាំមកនូវ​ភាព​រីករាយ​បាន ៖ ម៉ូសាយ ៤:១–៣; អាលម៉ា ៣៦:១៧–២១; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១០–១៦ ។ បន្ទាប់​មក​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន ។ នៅពេល​បងប្អូន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្តដើម្បី​ប្រែ​ចិត្ត បងប្អូន​អាច​ពិនិត្យ​ឡើង​វិញ​នូវ​បទគម្ពីរ​ទាំង​នេះ និង​អារម្មណ៍​ដែល​បងប្អូន​បាន​កត់​ត្រា ។

  • បងប្អូន​ក៏​អាច​សិក្សា​សារលិខិត​របស់​អែលឌើរ ឌែល ជី រិនឡាន់ « Repentance: A Joyful Choice »មើល​វីដេអូ​ដែល​ទាក់​ទង​គ្នា ។ តើ​បងប្អូន​គិត​ថា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ការប្រែចិត្ត និង​ការ​អភ័យ​ទោស​មាន​ភាពរីករាយ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • បងប្អូន​អាច​មើល​វីដេអូ​មួយ ឬ​ទាំង​ពីរ​នេះ​ជាមួយ​អ្នក​ដទៃ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​អំណរ​នៃ​ការ​ប្រែ​ចិត្ត ៖ « The Shiny Bicycle » ( នាទីទី ៣:០៤ ) និង «The Goal: A Story of Faith, Friendship, and Forgiveness » ( នាទីទី ៧:២៧ ) ។ នៅ​ពេល​ដែល​បងប្អូន​មើល​វីដេអូ សូម​រកមើល ( ១ ) រឿង​ដែល​ធ្វើ​ឲ្យ​បុគ្គល​ក្នុង​វីដេអូ​នេះ​សោកសៅ និង ( ២ ) រឿង​ដែល​ធ្វើ​ឲ្យ​បុគ្គល​នោះ​សប្បាយ​ចិត្ត ។ បងប្អូន​ក៏​អាច​ស្វែងរក​រឿង​ទាំង​នេះ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នៅក្នុង លូកា ១៥​ បាន​ផង​ដែរ ។

  • ឬ​បងប្អូន​អាច​និយាយ​អំពី​ពេលវេលា​ដែល​នរណា​ម្នាក់​បានជា​សះស្បើយ​ពីជំងឺ ឬ​របួស ហើយ​ប្រៀបធៀប​បទពិសោធន៍​នោះ​ទៅនឹង​ការប្រែចិត្ដ ។ សូម​អាន នីហ្វៃទី៣ ៩:១៣-១៤ ហើយ​និយាយ​អំពី​អារម្មណ៍​នៃក្តីអំណរ ​នៅពេល​ព្រះអង្គ​សង្រ្គោះ​ព្យាបាល​យើង​ខាង​វិញ្ញាណ​​កាលដែល​យើង​ប្រែ​ចិត្ត ។ តើ​យើង​អាច​និយាយ​អ្វីខ្លះ​ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុង​ការ​ប្រែចិត្ត ?

ស្វែងយល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១–៩៤ ។

  2. រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩ ។

  3. ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ១៩៩៧ ) ទំព័រ ៤៩-៥២ ។

  4. ដំណើរ​រឿង​ព្រះគម្ពីរ​មរមន » ទំព័រ ៧៣–៧៤ ។

  5. « ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » ទំនុក​តម្កើង ល.រ.​៧១ ។

  6. ឌែល ជី រិនឡាន់ « Repentance: A Joyful Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២១–១២៤ ។

  7. « Repentance: A Joyful Choice » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

បោះពុម្ព