ជំពូកទី ២៦ ប្រជាជនអាំម៉ូន ពួកបុត្រានៃម៉ូសាយបានបង្រៀនដំណឹងល្អដល់ពួកសាសន៍លេមិន ។ ពួកសាសន៍លេមិនរាប់ពាន់អ្នកបានប្រែចិត្ត ហើយបានចូលធ្វើជាសមាជិកសាសនាចក្រ ។ អាលម៉ា ២៣:៤–៥ ពួកសាសន៍លេមិនទាំងនោះដែលចូលជាសមាជិកសាសនាចក្របានហៅខ្លួនឯងថា ពួកសាសន៍អាន់តៃ–នីហ្វៃ–លីហៃ ឬប្រជាជនអាំម៉ូន ។ ពួកគេគឺជាប្រជាជនល្អ ហើយឧស្សាហ៍ព្យាយាម ។ អាលម៉ា ២៣:១៧–១៨; អាលម៉ា ២៧:២៦ ពួកសាសន៍លេមិនដែលមិនព្រមប្រែចិត្តខឹងសម្បារនឹងប្រជាជនអាំម៉ូន ហើយរៀបចំខ្លួនប្រយុទ្ធនឹងពួកគេ ។ អាលម៉ា ២៤:១–២ ប្រជាជនអាំម៉ូនបានដឹងថា ពួកសាសន៍លេមិនទុច្ចរិតនឹងមកសម្លាប់ពួកគេ ប៉ុន្តែពួកគេបានសម្រេចចិត្តពុំប្រយុទ្ធតបតវិញឡើយ ។ ពួកគេបានប្រែចិត្តមិនសម្លាប់មនុស្សទៀតទេ ។ អាលម៉ា ២៤:៥–៦ ពួកគេបានកប់អាវុធរបស់ពួកគេយ៉ាងជ្រៅទៅក្នុងដី ហើយបានសន្យានឹងព្រះថា ពួកគេនឹងពុំសម្លាប់មនុស្សទៀតឡើយ ។ អាលម៉ា ២៤:១៧–១៨ នៅពេលពួកសាសន៍លេមិនទុច្ចរិតបានមក ហើយបានចាប់ផ្តើមសម្លាប់ពួកគេ នោះពួកគេបានឱនក្បាលទៅលើដី ហើយអធិស្ឋាន ។ អាលម៉ា ២៤:២១ ដោយឃើញថា ប្រជាជនអាំម៉ូនពុំប្រយុទ្ធតបតវិញ នោះពួកសាសន៍លេមិនទុច្ចរិតជាច្រើនបានឈប់សម្លាប់ពួកគេ ។ អាលម៉ា ២៤:២៣–២៤ ពួកសាសន៍លេមិនមានការសោកស្តាយដែលពួកគេបានស្លាប់មនុស្ស ។ ពួកគេបានទម្លាក់អាវុធពួកគេចុះ ហើយបានចូលរួមនឹងប្រជាជនអាំម៉ូន ។ ពួកគេនឹងមិនប្រយុទ្ធគ្នាតទៅទៀតឡើយ ។ អាលម៉ា ២៤:២៤–២៧ ពួកសាសន៍លេមិនជាច្រើនទៀតបានមកសម្លាប់ប្រជាជនអាំម៉ូន ។ ពួកគេនៅតែពុំប្រយុទ្ធតបតវិញ ហើយមានមនុស្សជាច្រើនត្រូវបានស្លាប់ ។ អាលម៉ា ២៧:២–៣ ដោយពុំចង់ឲ្យមនុស្សដែលលោកស្រឡាញ់ត្រូវបានបំផ្លាញចោល នោះអាំម៉ូនបានអធិស្ឋានទូលសូមជំនួយ ។ ព្រះអម្ចាស់់បានប្រាប់លោកឲ្យនាំប្រជាជននោះចាកចេញពីដែនដី ។ អាលម៉ា ២៧:៤-៥, ១០–១២ ពួកសាសន៍នីហ្វៃនៅទីក្រុងសារ៉ាហិមឡាបានប្រគល់ឲ្យអាំម៉ូន និងប្រជាជនរបស់លោកនូវដែនដីយើសុន ហើយបានការពារពួកគេ ។ ពួកគេបានក្លាយជាមិត្តនឹងគ្នា ។ អាលម៉ា ២៧:២២–២៣