ជំពូកទី ៥ ការធ្វើដំណើរក្នុងទីរហោស្ថាន ព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកកូនប្រុសរបស់លីហៃយកប្រពន្ធដែលនឹងបង្រៀនកូនៗរបស់ពួកគេអំពីដំណឹងល្អ ។ ទ្រង់បានប្រាប់លីហៃឲ្យបញ្ជូនកូនៗរបស់លោកត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីនាំក្រុមគ្រួសាររបស់អ៊ីសម៉ាអែលមក ។ នីហ្វៃទី១ ៧:១–២ នីហ្វៃនិងបងៗរបស់គាត់បានត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ។ ពួកគេបានប្រាប់អ៊ីសម៉ាអែលនូវអ្វីដែលព្រះសព្វព្រះទ័យឲ្យគាត់ធ្វើ ។ អ៊ីសម៉ាអែលបានជឿពួកគេ ហើយគាត់ និងគ្រួសារគាត់បានទៅជាមួយពួកកូនប្រុសរបស់លីហៃ ។ នីហ្វៃទី១ ៧:៣–៥ អំឡុងពេលពួកគេកំពុងធ្វើដំណើរនៅក្នុងទីរហោស្ថាន លេមិន និងលេមយួល ព្រមទាំងសមាជិកគ្រួសារអ៊ីសម៉ាអែលមួយចំនួនបានខឹងសម្បារ ។ ពួកគេចង់ត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ។ នីហ្វៃទី១ ៧:៦–៧ នីហ្វៃបានរំឭកលេមិន និង លេមយួលអំពីអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ ។ លោកបានប្រាប់ពួកគេឲ្យមានសេចក្តីជំនឿកាន់តែខ្លាំង ។ ពួកគេខឹងនឹងនីហ្វៃដែលមិនចង់ត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ។ នីហ្វៃទី១ ៧:៨–១៣, ១៦, ២១ ក្រោយមក នីហ្វៃ បងៗរបស់លោក និងសូរាំបានរៀបការជាមួយពួកកូនស្រីរបស់អ៊ីសម៉ាអែល ។ នីហ្វៃទី១ ១៦:៧ ព្រះអម្ចាស់បានប្រាប់លីហៃឲ្យបន្តដំណើររបស់លោក ។ នាព្រឹកបន្ទាប់មក លីហៃបានឃើញដុំលង្ហិនមូលមួយដែលហៅថា លីអាហូណា នៅខាងក្រៅត្រសាលរបស់លោក ។ វាចង្អុលប្រាប់ផ្លូវឲ្យទៅក្នុងទីរហោស្ថាន ។ នីហ្វៃទី១ ១៦:៩–១០ គ្រួសាររបស់លីហៃបានប្រមូលស្បៀងអាហារ និងគ្រាប់ពូជ ព្រមទាំងបានវេចត្រសាលរបស់ពួកគេ ។ ពួកគេបានធ្វើដំណើរឆ្លងកាត់ទីរហោស្ថានអស់រយៈពេលជាច្រើនថ្ងៃ ដោយដើរតាមទិសនៃលីអាហូណា ។ នីហ្វៃទី១ ១៦:១១–១៦ នីហ្វៃ និងបងៗរបស់លោកបានប្រើធ្នូ និងព្រួញដើម្បីបរបាញ់សត្វធ្វើជាអាហារពេលពួកគេធ្វើដំណើរ ។ នីហ្វៃទី១ ១៦:១៤–១៥ ធ្នូដែករបស់នីហ្វៃបានបាក់ ហើយធ្នូរបស់បងៗលោកបានយឺតអស់ ។ ពួកបងប្អូនប្រុសពុំអាចសម្លាប់សត្វបានឡើយ ដូច្នេះគ្រួសារពួកគេបានស្រេកឃ្លាន ។ លេមិន និងលេមយួលបានខឹងសម្បារ ។ នីហ្វៃទី១ ១៦:១៨–២១ នីហ្វៃបានធ្វើធ្នូពីឈើ ហើយបានសួរឪពុករបស់លោកពីកន្លែងដែលត្រូវទៅបរបាញ់សត្វ ។ លីហៃបានទទួលការណែនាំនៅក្នុងលីអាហូណា ។ នីហ្វៃបានធ្វើតាមការណែនាំនោះ ហើយរកសត្វបានមួយចំនួន ។ នីហ្វៃទី១ ១៦:២៣, ២៦, ៣០–៣១ លីអាហូណាមានដំណើរការតែនៅពេលដែលគ្រួសាររបស់លីហៃមានចិត្តស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងគោរពប្រតិបត្តិតាមប៉ុណ្ណោះ ។ នីហ្វៃទី១ ១៦:២៨–២៩ នីហ្វៃបានត្រឡប់មកវិញជាមួយសត្វដែលលោករកបាន ។ គ្រប់គ្នាមានចិត្តរីករាយដែលបានទទួលទានអាហារ ។ ពួកគេសោកស្តាយដែលពួកគេបានខឹង ហើយពួកគេបានថ្លែងអំណរគុណដល់ព្រះដែលបានប្រទានពរដល់ពួកគេ ។ នីហ្វៃទី១ ១៦:៣២ ការធ្វើដំណើរនោះពុំងាយស្រួលឡើយ ។ ជារឿយៗ គ្រួសាររបស់លីហៃនឿយហត់ ឃ្លាន និងស្រេកទឹក ។ អ៊ីសម៉ាអែលបានស្លាប់ ហើយពួកកូនស្រីរបស់គាត់បានកើតទុក្ខ ។ ពួកគេបានរអ៊ូរទាំទាស់នឹងលីហៃ ។ នីហ្វៃទី១ ១៦:៣៤–៣៥ លេមិន និង លេមយួលក៏បានរអ៊ូរទាំផងដែរ ។ ពួកគេពុំជឿថា ព្រះអម្ចាស់បានមានព្រះបន្ទូលមកកាន់នីហ្វៃឡើយ ។ ពួកគេចង់សម្លាប់លីហៃ និងនីហ្វៃ ហើយត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ។ នីហ្វៃទី១ ១៦:៣៧–៣៨ សំឡេងនៃព្រះអម្ចាស់បានមានបន្ទូលមកកាន់លេមិន និង លេមយួល ។ ទ្រង់បានប្រាប់ពួកគេថា កុំឲ្យខឹងនឹងលីហៃ និងនីហ្វៃឡើយ ។ លេមិន និង លេមយួលបានប្រែចិត្ត ។ នីហ្វៃទី១ ១៦:៣៩ គ្រួសាររបស់លីហៃបានបន្តការធ្វើដំណើរដ៏លំបាករបស់ពួកគេ ។ ព្រះបានជួយពួកគេ ហើយបានពង្រឹងពួកគេ ។ កូនៗរបស់ពួកគេបានកើត ។ លីហៃ និងសារ៉ាយមានកូនប្រុសពីរនាក់ទៀតឈ្មោះ យ៉ាកុប និង យ៉ូសែប ។ នីហ្វៃទី១ ១៧:១–៣; នីហ្វៃទី១ ១៨:៧ បន្ទាប់ពីធ្វើដំណើរនៅក្នុងទីរហោស្ថានអស់រយៈពេលប្រាំបីឆ្នាំមក គ្រួសាររបស់លីហៃបានមកដល់ឆ្នេរសមុទ្រ ។ នៅទីនោះពួកគេបានឃើញផ្លែឈើ និងទឹកឃ្មុំ ។ ពួកគេបានហៅដែនដីនោះថាបរិបូរណ៍ ។ នីហ្វៃទី១ ១៧:៤–៦