ជំពូកទី ១៦ ការរត់គេចរបស់ស្តេចលិមហៃ និងប្រជាជនរបស់ទ្រង់ ពួកសាសន៍លេមិនបានចាប់ពួកសាសន៍នីហ្វៃជាច្រើននាក់ ដែលពុំបានរត់គេចជាមួយស្តេចណូអេ ។ ពួកសាសន៍លេមិនបានយកពួកគេទៅ ហើយផ្តល់ដីដល់ពួកគេ ប៉ុន្តែឲ្យពួកគេបង់ពន្ធយ៉ាងច្រើន ។ ម៉ូសាយ ១៩:១៥ ពួកសាសន៍នីហ្វៃបានលើកលិមហៃឲ្យធ្វើជាស្តេចថ្មីរបស់ពួកគេ ។ លិមហៃគឺជាបុត្រារបស់ស្តេចណូអេ ប៉ុន្តែទ្រង់ពុំទុច្ចរិតដូចព្រះបិតាទ្រង់ឡើយ ។ ទ្រង់គឺជាមនុស្សល្អ ។ ម៉ូសាយ ១៩:១៧, ២៦ ស្តេចលិមហៃបានព្យាយាមបង្កើតភាពសុខសាន្តជាមួយពួកសាសន៍លេមិន ប៉ុន្តែពួកគេបានបន្តយាមកាមពួកសាសន៍នីហ្វៃ ហើយប្រព្រឹត្តអំពើឃោរឃៅលើពួកគេ ។ ម៉ូសាយ ១៩:២៧–២៨; ម៉ូសាយ ២១:៣ ថ្ងៃមួយ ស្ដេចលិមហៃបានឃើញមនុស្សចំឡែកមួយចំនួននៅខាងក្រៅទីក្រុង ។ ទ្រង់បានចាប់ពួកគេដាក់គុក ។ ជនចំឡែកទាំងនោះគឺជាពួកសាសន៍នីហ្វៃមកពីទីក្រុងសារ៉ាហិមឡា ។ ម៉ូសាយ ២១:២៣–២៤ អ្នកដឹកនាំរបស់ពួកគេឈ្មោះអាំម៉ូន ។ ស្តេចលិមហៃមានព្រះទ័យរីករាយដែលបានឃើញលោក ។ ទ្រង់បានដឹងថា អាំម៉ូនអាចនាំប្រជាជនទ្រង់រត់គេចពីពួកសាសន៍លេមិន ។ ម៉ូសាយ ៧:១៣–១៥ ស្តេចលិមហៃបានហៅប្រជាជនរបស់ទ្រង់ឲ្យមកជួបជុំគ្នា ។ ទ្រង់បានរំឭកពួកគេថា អំពើទុច្ចរិតរបស់ពួកគេគឺជាមូលហេតុដែលពួកគេត្រូវបានពួកសាសន៍លេមិនចាប់ ។ ម៉ូសាយ ៧:១៧, ២០ ទ្រង់បានប្រាប់ប្រជាជនទ្រង់ឲ្យប្រែចិត្ត ទុកចិត្តលើព្រះ ហើយគោរពតាមបទបញ្ញត្តិ ។ នោះព្រះនឹងជួយពួកគេឲ្យរត់គេច ។ ម៉ូសាយ ៧:១៩, ៣៣ ពួកសាសន៍នីហ្វៃដឹងថា ពួកសាសន៍លេមិនដែលយាមទីក្រុងតែងតែផឹកស្រានៅពេលយប់ ។ ម៉ូសាយ ២២:៦ នាយប់នោះស្តេចលិមហៃបានបញ្ជូនស្រាបន្ថែមទៀតទៅឲ្យពួកអ្នកយាមទុកជាអំណោយ ។ ម៉ូសាយ ២២:១០ ស្តេចលិមហៃ និងប្រជាជនរបស់ទ្រង់អាចដើរកាត់អ្នកយាមដែលស្រវឹងស្រា ហើយរត់គេចខ្លួន ។ ម៉ូសាយ ២២:១១ អាំម៉ូនបាននាំផ្លូវស្តេចលិមហៃ និងប្រជាជនរបស់ទ្រង់ឲ្យឆ្លងកាត់ទីរហោស្ថានទៅកាន់ទីក្រុងសារ៉ាហិមឡា ជាកន្លែងដែលពួកគេត្រូវបានគេទទួលស្វាគមន៍ ។ ម៉ូសាយ ២២:១៣–១៤