ជំពូកទី ២៣ អាំម៉ូន ៖ អ្នកបម្រើដ៏អស្ចារ្យ បុត្រាបួនអង្គនៃម៉ូសាយបានចាកចេញពីទីក្រុងសារ៉ាហិមឡាទៅបង្រៀនដំណឹងល្អដល់ពួកសាសន៍លេមិន ។ ពួកគេម្នាក់ៗបានទៅទីក្រុងផ្សេងៗពីគ្នា ។ អាលម៉ា ១៧:១២–១៣ អាំម៉ូនបានទៅដែនដីអ៊ីសម៉ាអែល នៅពេលគាត់បានចូលទៅក្នុងទីក្រុង នោះពួកសាសន៍លេមិនបានចាប់គាត់ចង ហើយយកគាត់ទៅគាល់ស្តេចរបស់ពួកគេគឺឡាម៉ូណៃ ។ អាលម៉ា ១៧:២០–២១ អាំម៉ូនបានទូលទៅស្តេចឡាម៉ូណៃថា គាត់ចង់រស់នៅក្នុងចំណោមពួកសាសន៍លេមិន ។ ឡាម៉ូណៃបានសព្វព្រះទ័យ ហើយបានឲ្យមនុស្សរបស់ទ្រង់ស្រាយចំណងអាំម៉ូន ។ អាលម៉ា ១៧:២២–២៤ អាំម៉ូនបាននិយាយថា គាត់នឹងក្លាយជាអ្នកបម្រើម្នាក់របស់ស្តេច ។ ស្តេចបានបញ្ជូនគាត់ឲ្យទៅឃ្វាលហ្វូងចៀមរបស់ទ្រង់ ។ អាលម៉ា ១៧:២៥ ថ្ងៃមួយ ខណៈដែលអាំម៉ូន និងអ្នកបម្រើផ្សេងទៀតកំពុងឃ្វាលហ្វូងចៀមឲ្យផឹកទឹក នោះពួកចោរសាសន៍លេមិនបានបង្អើលសត្វទាំងនោះ ហើយបានព្យាយាមលួចពួកវា ។ អាលម៉ា ១៧:២៦–២៧; អាលម៉ា ១៨:៧ អ្នកបម្រើដែលនៅជាមួយអាំម៉ូនបានភ័យខ្លាច ។ ស្តេចឡាម៉ូណៃបានសម្លាប់អ្នកបម្រើផ្សេងទៀតរបស់ទ្រង់ដែលធ្វើឲ្យបាត់សត្វទៅក្នុងកណ្តាប់ដៃចោរទាំងនេះ ។ អាលម៉ា ១៧:២៨ អាំម៉ូនបានដឹងថា នេះជាឱកាសរបស់គាត់ដើម្បីប្រើព្រះចេស្តារបស់ព្រះអម្ចាស់យកឈ្នះលើចិត្តរបស់ពួកសាសន៍លេមិន ។ ក្រោយមក ពួកគេបានស្តាប់តាមការបង្រៀនរបស់គាត់ ។ អាលម៉ា ១៧:២៩ អាំម៉ូនបានប្រាប់អ្នកបម្រើទាំងនោះថា ប្រសិនបើពួកគេប្រមូលសត្វដែលខ្ចាត់ខ្ចាយទាំងនោះវិញ នោះស្តេចនឹងពុំសម្លាប់ពួកគេឡើយ ។ អាលម៉ា ១៧:៣១ អាំម៉ូន និងអ្នកបម្រើដទៃទៀតបានរកឃើញសត្វទាំងនោះវិញភ្លាម ហើយបានបណ្តើរពួកវាឲ្យត្រឡប់ទៅកន្លែងផឹកទឹកវិញ ។ អាលម៉ា ១៧:៣២ ពួកចោរសាសន៍លេមិនបានត្រឡប់មកវិញទៀត ។ អាំម៉ូនបានប្រាប់ទៅពួកអ្នកបម្រើផ្សេងទៀតឲ្យយាមហ្វូងសត្វខណៈដែលលោកប្រយុទ្ធជាមួយនឹងពួកចោរ ។ អាលម៉ា ១៧:៣៣ ពួកចោរសាសន៍លេមិនពុំខ្លាចអាំម៉ូនឡើយ ។ ពួកគេបានគិតថា ពួកគេអាចសម្លាប់គាត់បានយ៉ាងងាយ ។ អាលម៉ា ១៧:៣៥ ព្រះចេស្តានៃព្រះគង់នៅជាមួយនឹងអាំម៉ូន ។ គាត់បានបាញ់ និងសម្លាប់ពួកចោរមួយចំនួនដោយគ្រាប់ក្រួស ដែលបានធ្វើឲ្យពួកចោរដែលនៅសល់នោះបានខឹងសម្បារយ៉ាងខ្លាំង ។ អាលម៉ា ១៧:៣៥–៣៦ ពួកគេបានព្យាយាមសម្លាប់អាំម៉ូនដោយដំបងរបស់ពួកគេ ប៉ុន្តែគ្រប់ពេលដែលពួកចោរលើកដំបងរបស់ពួកគេវាយអាំម៉ូន នោះគាត់បានកាត់ដៃរបស់ចោរនោះ ។ ដោយមានការភ័យខ្លាច ពួកចោរបានរត់គេចខ្លួន ។ អាលម៉ា ១៧:៣៦–៣៨ ពួកអ្នកបម្រើបានយកដៃដែលបានកាត់ទាំងនោះទៅឯស្តេចឡាម៉ូណៃ ហើយបានទូលទ្រង់អំពីអ្វីដែលអាំម៉ូនបានធ្វើ ។ អាលម៉ា ១៧:៣៩, អាលម៉ា ១៨:១ ស្តេចមានការណ៍អស្ចារ្យក្នុងព្រះទ័យចំពោះអំណាចដ៏មហិមារបស់អាំម៉ូន ។ ទ្រង់ចង់ឃើញអាំម៉ូន ប៉ុន្តែទ្រង់ភ័យខ្លាចដោយសារទ្រង់បានគិតថា អាំម៉ូនគឺជាវិញ្ញាណដ៏មហិមា ។ អាលម៉ា ១៨:២–៤, ១១ នៅពេលអាំម៉ូនបានទៅគាល់ទ្រង់ ស្តេចឡាម៉ូណៃពុំដឹងអ្វីដែលត្រូវមានបន្ទូលឡើយ ។ ទ្រង់ពុំបានមានព្រះបន្ទូលអ្វីអស់រយៈមួយម៉ោង ។ អាលម៉ា ១៨:១៤ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអាំម៉ូនឲ្យដឹងនូវអ្វីដែលស្តេចកំពុងព្រះតម្រិះ ។ អាំម៉ូនបានពន្យល់ថា គាត់ពុំមែនជាវិញ្ញាណដ៏មហិមាឡើយ ។ គាត់គឺជាមនុស្ស ។ អាលម៉ា ១៨:១៦–១៩ ស្តេចបានប្រទានអ្វីៗទាំងអស់ឲ្យអាំម៉ូនតាមតែគាត់ចង់បាន ប្រសិនបើអាំម៉ូនប្រាប់ទ្រង់អំពីអំណាចអ្វីដែលគាត់បានប្រើដើម្បីវាយឈ្នះលើពួកចោរទាំងនោះ និងដឹងអំពីព្រះតម្រិះរបស់ស្តេច ។ អាលម៉ា ១៨:២០–២១ អាំម៉ូនបាននិយាយថា អ្វីមួយដែលគាត់ចង់បាននោះគឺសូមឲ្យស្តេចឡាម៉ូណៃជឿលើអ្វីដែលលោកនឹងនិយាយ ។ ស្តេចបានមានបន្ទូលថា ទ្រង់នឹងជឿលើអ្វីគ្រប់យ៉ាងដែលអាំម៉ូននិយាយប្រាប់ទ្រង់ ។ អាលម៉ា ១៨:២២–២៣ អាំម៉ូនបានសួរស្តេចឡាម៉ូណៃថា តើទ្រង់ជឿលើព្រះឬទេ ។ ស្តេចបានមានបន្ទូលថា ទ្រង់បានជឿលើវិញ្ញាណដ៏មហិមា ។ អាលម៉ា ១៨:២៤–២៧ អាំម៉ូនបាននិយាយថា វិញ្ញាណដ៏មហិមានោះគឺជាព្រះ ថាទ្រង់បង្កើតអ្វីៗគ្រប់បែបយ៉ាងនៅលើស្ថានសួគ៌ និងនៅលើផែនដី ហើយថាទ្រង់ជ្រាបដឹងពីគំនិតរបស់មនុស្ស ។ អាលម៉ា ១៨:២៨–៣២ អាំម៉ូនបាននិយាយថា មនុស្សត្រូវបានបង្កើតឡើងតាមរូបរាងរបស់ព្រះ ។ គាត់ក៏បាននិយាយថា ព្រះបានហៅគាត់ឲ្យបង្រៀនដំណឹងល្អដល់ឡាម៉ូណៃ និងប្រជាជនរបស់ទ្រង់ ។ អាលម៉ា ១៨:៣៤–៣៥ ដោយប្រើព្រះគម្ពីរ អាំម៉ូនបានបង្រៀនស្តេចឡាម៉ូណៃអំពីការបង្កបង្កើត អំពីអ័ដាម និងព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ា ១៨:៣៦, ៣៩ ស្តេចឡាម៉ូណៃបានជឿអាំម៉ូន ហើយបានអធិស្ឋានដើម្បីទទួលបានការអភ័យទោសពីអំពើបាបរបស់ទ្រង់ ។ បន្ទាប់មក ទ្រង់បានដួលទៅលើដី ហើយមានសភាពដូចជាសុគត ។ អាលម៉ា ១៨:៤០–៤២ ពួកអ្នកបម្រើបានសែងស្តេចទៅឯអគ្គមហេសីរបស់ទ្រង់ ហើយដាក់ទ្រង់ផ្ទុំនៅលើក្រឡាបន្ទុំ ។ ពីរថ្ងៃក្រោយមក ពួកអ្នកបម្រើបានគិតថា ទ្រង់បានសុគត ហើយបានសម្រេចចិត្តថាបញ្ចុះទ្រង់ ។ អាលម៉ា ១៨:៤៣; អាលម៉ា ១៩:១ ម្ចាស់ក្សត្រីពុំជឿថា ព្រះស្វាមីរបស់ព្រះនាងបានសុគតឡើយ ។ ដោយបានស្តាប់ឮអំណាចដ៏អស្ចារ្យរបស់អាំម៉ូន នោះព្រះនាងបានសូមឲ្យគាត់ជួយដល់ស្តេច ។ អាលម៉ា ១៩:២–៥ អាំម៉ូនបានដឹងថា ឡាម៉ូណៃនៅក្រោមព្រះចេស្តារបស់ព្រះ ។ លោកបានទូលប្រាប់ម្ចាស់ក្សត្រីថា ឡាម៉ូណៃនឹងដឹងព្រះកាយវិញនៅថ្ងៃបន្ទាប់ ។ អាលម៉ា ១៩:៦–៨ ព្រះនាងបាននៅក្បែរឡាម៉ូណៃអស់ពេញមួយយប់ ។ នៅថ្ងៃបន្ទាប់ឡាម៉ូណៃបានតើនឡើង ហើយបានមានបន្ទូលថា ទ្រង់បានឃើញព្រះយេស៊ូវគ្រីស្ទ ។ ស្តេច និងម្ចាស់ក្សត្រីបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ អាលម៉ា ១៩:១១–១៣ ឡាម៉ូណៃបានបង្រៀនប្រជាជនរបស់ទ្រង់អំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ អស់អ្នកដែលជឿបានប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយបានជ្រមុជទឹក ។ អាលម៉ា ១៩:៣១, ៣៥