ជំពូកទី ២១ ពួកសាសន៍អាំលីសៃ អាំលីសៃគឺជាមនុស្សម្នាក់ដែលឆ្លាត ប៉ុន្ដែទុច្ចរិត ហើយចង់ធ្វើជាស្តេចលើពួកសាសន៍នីហ្វៃ ។ គាត់បានមានអ្នកដើរតាមជាច្រើននាក់ ។ អាលម៉ា ២:១–២ ពួកសាសន៍នីហ្វៃដែលសុចរិតពុំចង់ឲ្យអាំលីសៃធ្វើជាស្តេចរបស់ពួកគេឡើយ ។ ពួកគេបានដឹងថា គាត់ចង់បំផ្លាញសាសនាចក្ររបស់ព្រះ ។ អាលម៉ា ២:៣–៤ ពួកសាសន៍នីហ្វៃបានប្រមូលគ្នាជាក្រុមផ្សេងៗដើម្បីសម្រេចចិត្តថា តើអាំលីសៃគួរតែធ្វើជាស្តេចដែរឬទេ ។ ប្រជាជនភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងអាំលីសៃ ហើយគាត់ពុំបានធ្វើជាស្តេចឡើយ ។ អាលម៉ា ២:៥–៧ អាំលីសៃ និងពួកអ្នកដើរតាមវាបានខឹងសម្បារ ។ ពួកគេបានចេញពីសាសន៍នីហ្វៃ ហើយបានឲ្យអាំលីសៃធ្វើជាស្តេចរបស់ពួកគេ ហើយបានហៅខ្លួនឯងថា ពួកសាសន៍អាំលីសៃ ។ អាំលីសៃបានបញ្ជាឲ្យពួកគេប្រយុទ្ធនឹងសាសន៍នីហ្វៃ ។ អាលម៉ា ២:៨–១១ ពួកសាសន៍នីហ្វៃដែលសុចរិតបានរៀបចំការពារខ្លួនដោយធ្នូ និងព្រួញ ដាវ និងអាវុធផ្សេងៗទៀត ។ អាលម៉ា ២:១២ ពួកសាសន៍អាំលីសៃបានមកវាយប្រហារ ហើយពួកសាសន៍នីហ្វៃដែលដឹកនាំដោយអាលម៉ានោះត្រូវបានពង្រឹងដោយព្រះអម្ចាស់ហើយបានសម្លាប់ពួកគេវិញជាច្រើននាក់ ។ ពួកសាសន៍អាំលីសៃដែលនៅសល់បានរត់គេចខ្លួន ។ អាលម៉ា ២:១៥–១៩ អាលម៉ាបានបញ្ជូនអ្នកស៊ើបការណ៍ឲ្យទៅមើលពួកសាសន៍អាំលីសៃ ។ ពួកអ្នកស៊ើបការណ៍បានឃើញពួកគេចូលរួមជាមួយកងទ័ពដ៏ធំមួយរបស់ពួកសាសន៍លេមិន ហើយវាយប្រហារពួកសាសន៍នីហ្វៃដែលរស់នៅក្បែរទីក្រុងសារ៉ាហិមឡា ។ អាលម៉ា ២:២១, ២៤–២៥ ពួកសាសន៍នីហ្វៃបានអធិស្ឋាន ហើយព្រះបានជួយពួកគេម្តងទៀត ។ ពួកគេបានសម្លាប់ទាហានរបស់កងទ័ពសាសន៍លេមិន-អាំលីសៃអស់ជាច្រើននាក់ ។ អាលម៉ា ២:២៨ អាលម៉ា និង អាំលីសៃបានប្រយុទ្ធគ្នាដោយប្រើដាវ ។ អាលម៉ាបានអធិស្ឋានសូមឲ្យជីវិតលោកត្រូវបានប្រោសប្រណី ហើយព្រះបានប្រទានកម្លាំងឲ្យលោកដើម្បីសម្លាប់អាំលីសៃ ។ អាលម៉ា ២:២៩–៣១ ពួកសាសន៍នីហ្វៃបានដេញតាមពួកសាសន៍លេមិន និងសាសន៍អាំលីសៃទៅក្នុងទីរហោស្ថាន ។ អ្នកដែលត្រូវរបួសជាច្រើននាក់បានស្លាប់នៅទីនោះ ហើយត្រូវសត្វព្រៃស៊ីជាអាហារ ។ អាលម៉ា ២:៣៦–៣៨ ដូចជាពួកសាសន៍លេមិនដែរ ពួកសាសន៍អាំលីសៃបានគូសសញ្ញាពណ៌ក្រហមលើខ្លួនពួកគេ ដែលបានបំពេញតាមការព្យាករ ។ ពួកសាសន៍អាំលីសៃបានបំបែកខ្លួនពួកគេចេញពីពរជ័យនៃដំណឹងល្អ ។ អាលម៉ា ៣:៤, ១៤, ១៨–១៩