ជំពូកទី ២៨ ពួកសាសន៍សូរាំ និង រ៉ាមីអុមតុម ពួកសាសន៍សូរាំធ្លាប់ជាសមាជិកនៃសាសនាចក្ររបស់ព្រះ ប៉ុន្តែបានប្រែជាទុច្ចរិត ហើយបានថ្វាយបង្គំរូបព្រះ ។ អាលម៉ា ៣១:១, ៨–៩ ពួកសាសន៍នីហ្វៃមិនចង់ឲ្យពួកសាសន៍សូរាំចូលរួមនឹងពួកសាសន៍លេមិនឡើយ ដូច្នេះអាលម៉ាបានទៅជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ដើម្បីប្រកាសព្រះបន្ទូលព្រះដល់ពួកសាសន៍សូរាំ ។ អាលម៉ា ៣១:៤, ១១ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះមានការភ្ញាក់ផ្អើល និងអន់ចិត្តចំពោះរបៀបដែលពួកសាសន៍សូរាំកំពុងថ្វាយបង្គំនៅក្នុងព្រះវិហាររបស់ពួកគេដែលហៅថា សាលាប្រជុំ ។ អាលម៉ា ៣១:១២ នៅចំកណ្តាលព្រះវិហារ ពួកសាសន៍សូរាំបានសង់វេទិកាខ្ពស់មួយហៅថា រ៉ាមីអុមតុម ។ មានកន្លែងសម្រាប់តែមនុស្សម្នាក់ប៉ុណ្ណោះដើម្បីឈរនៅលើកំពូលនោះ ។ អាលម៉ា ៣១:១៣, ២១ ពួកសាសន៍សូរាំបានប្តូរវេនគ្នាឈរនៅទីនោះ ដោយលើកដៃឡើងទៅលើមេឃ ហើយសូត្រការអធិស្ឋានដូចគ្នាដដែលៗឮៗ ។ អាលម៉ា ៣១:១៤, ២០ នៅក្នុងការអធិស្ឋាននេះ ពួកសាសន៍សូរាំបាននិយាយថា ព្រះគ្មានព្រះកាយឡើយ ហើយទ្រង់គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ ។ ពួកគេក៏បាននិយាយថានឹងគ្មានព្រះគ្រីស្ទឡើយ ។ អាលម៉ា ៣១:១៥–១៦ ពួកសាសន៍សូរាំបានគិតថា ព្រះបានជ្រើសរើសតែពួកគេប៉ុណ្ណោះ ដើម្បីទទួលការសង្គ្រោះនៅក្នុងនគរស្ថានសួគ៌ ។ ពួកគេបានថ្លែងអំណរគុណក្នុងការធ្វើជារាស្ត្រដ៏សំណព្វរបស់ទ្រង់ ។ អាលម៉ា ៣១:១៧–១៨ បន្ទាប់ពីពួកសាសន៍សូរាំម្នាក់ៗបានអធិស្ឋានរួច ពួកគេបានទៅផ្ទះវិញ ហើយពុំអធិស្ឋាន ឬនិយាយអំពីព្រះម្តងទៀតឡើយក្នុងរយៈពេលពេញមួយសប្តាហ៍នោះ ។ អាលម៉ា ៣១:១២, ២៣ ពួកសាសន៍សូរាំដែលមានទ្រព្យសម្បត្តិស្រឡាញ់មាស និងប្រាក់របស់ពួកគេ ហើយពួកគេបានអួតអំពីទ្រព្យសម្បត្តិលោកិយរបស់ខ្លួន ។ អាលម៉ាកើតទុក្ខដោយបានឃើញអំពើទុច្ចរិតរបស់ពួកគេ ។ អាលម៉ា ៣១:២៤–២៥ អាលម៉ាបានអធិស្ឋានឲ្យខ្លួនលោក និងពួកអ្នកផ្សព្វផ្សាយសាសនារបស់លោកមានកម្លាំង ការលួងលោម និងមានជ័យជម្នះនៅក្នុងកិច្ចការរបស់ពួកលោក ។ អាលម៉ា ៣១:២៦, ៣២–៣៣ បន្ទាប់ពីទូលសូមជំនួយដើម្បីនាំពួកសាសន៍សូរាំឲ្យត្រឡប់មករកសេចក្តីពិតវិញ អាលម៉ា និងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ អាលម៉ា ៣១:៣៤–៣៦ បន្ទាប់មក អ្នកផ្សព្វផ្សាយសាសនាបានចេញទៅតាមទិសដៅរៀងៗខ្លួនដើម្បីប្រកាស ។ ព្រះបានប្រទានពរដល់ពួកគេឲ្យមានអាហារ និងសម្លៀកបំពាក់ ព្រមទាំងពង្រឹងដល់ពួកគេនៅក្នុងកិច្ចការរបស់ពួកគេ ។ អាលម៉ា ៣១:៣៧–៣៨ ពួកសាសន៍សូរាំដែលក្រីក្រពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះវិហារឡើយ ។ ប្រជាជនទាំងនេះបានចាប់ផ្តើមស្តាប់អ្នកផ្សព្វផ្សាយសាសនា ។ អាលម៉ា ៣២:២–៣ ពួកគេជាច្រើនបានសួរអាលម៉ានូវអ្វីដែលពួកគេគួរធ្វើ ។ អាលម៉ាបានប្រាប់ពួកគេថា ពួកគេពុំចាំបាច់ចូលទៅក្នុងព្រះវិហារដើម្បីអធិស្ឋាន ឬថ្វាយបង្គំព្រះឡើយ ។ អាលម៉ា ៣២:៥, ១០–១១ លោកបានប្រាប់ពួកគេឲ្យមានសេចក្តីជំនឿលើព្រះ ។ បន្ទាប់មក អាមូលេកបានបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងអំពីផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីទ្រង់ ។ អាលម៉ា ៣២:១៧–២១; អាលម៉ា ៣៤:៨–៩ អ្នកផ្សព្វផ្សាយសាសនាបានចាកចេញ ហើយពួកសាសន៍សូរាំដែលបានជឿពួកគេត្រូវបានបោះចេញពីទីក្រុង ។ ពួកអ្នកជឿបានទៅរស់នៅក្នុងដែនដីយើសុនជាមួយប្រជាជនអាំម៉ូន ។ អាលម៉ា ៣៥:១–២, ៦ ទោះបីជាពួកសាសន៍សូរាំទុច្ចរិតបានគំរាមកំហែងប្រជាជនអាំម៉ូនក្តី ក៏ប្រជាជនអាំម៉ូនបានជួយពួកសាសន៍សូរាំសុចរិត ហើយបានផ្តល់អាហារ សម្លៀកបំពាក់ និងដែនដីដល់ពួកគេដែរ ។ អាលម៉ា ៣៥:៨–៩