ជំពូក ៣៥ មេទ័ពមរ៉ូណៃ និងពេហូរ៉ាន មេទ័ពមរ៉ូណៃរីករាយដែលបានឮថា ហេលេមិន និងកងទ័ពរបស់គាត់បានដណ្តើមបានដែនដីជាច្រើនរបស់ពួកសាសន៍នីហ្វៃពីពួកសាសន៍លេមិនវិញ ។ អាលម៉ា ៥៩:១ ប៉ុន្តែហេលេមិន និងកងទ័ពរបស់លោកត្រូវការជំនួយ ។ ពួកគេគ្មានទាហានគ្រប់គ្រាន់ដើម្បីការពារទីក្រុងជាច្រើននោះឡើយ ។ អាលម៉ា ៥៨:៣២ មេទ័ពមរ៉ូណៃបានសរសេរសំបុត្រទៅពេហូរ៉ាន ដែលជាមេចៅក្រម និងលោកអភិបាល ។ លោកបានសូមឲ្យពេហូរ៉ានបញ្ជូនទាហានមកបន្ថែមទៀតដើម្បីជួយកងទ័ពហេលេមិន ។ អាលម៉ា ៥៩:៣ ពួកសាសន៍លេមិនបានវាយប្រហារទីក្រុងរបស់ពួកសាសន៍នីហ្វៃដែលហេលេមិនដណ្តើមបាន ។ ពួកគេបានសម្លាប់ពួកសាសន៍នីហ្វៃជាច្រើននាក់ ហើយបានដេញពួកសាសន៍នីហ្វៃដែលនៅសល់ឲ្យចេញពីទីក្រុង ។ អាលម៉ា ៥៩:៥–៨ ដោយខឹងនឹងអ្នកដឹកនាំរដ្ឋាភិបាល ព្រោះពួកគេពុំបានបញ្ជូនជំនួយមក នោះមរ៉ូណៃបានសរសេរសំបុត្រមួយទៀតទៅកាន់ពេហូរ៉ាន ។ អាលម៉ា ៥៩:១៣; អាលម៉ា ៦០:១ មេទ័ពមរ៉ូណៃបានសរសេរថា ប្រជាជនជាច្រើនត្រូវបានសម្លាប់ ដោយសារតែពេហូរ៉ានពុំបានបញ្ជូនទាហានមកបន្ថែមទៀត ។ អាលម៉ា ៦០:៥ ប្រសិនបើពេហូរ៉ានពុំបញ្ជូនទាហាន និងស្បៀងឲ្យលឿនទេ នោះមរ៉ូណៃនឹងយកកងទ័ពរបស់លោកទៅកាន់ទីក្រុងសារ៉ាហិមឡា ហើយយកអ្វីដែលកងទ័ពរបស់លោកត្រូវការ ។ អាលម៉ា ៦០:៣៤–៣៥ មិនយូរប៉ុន្មានក្រោយមក មរ៉ូណៃបានទទួលសំបុត្រមួយពីពេហូរ៉ាន ។ លោកកើតទុក្ខដែលមរ៉ូណៃ និងកងទ័ពរបស់លោកកំពុងរងទុក្ខ ។ អាលម៉ា ៦១:១–២ ពេហូរ៉ានបានប្រាប់មរ៉ូណៃថា ពួកសាសន៍នីហ្វៃទុច្ចរិតមួយក្រុមដែលហៅថា ពួកនិយមស្តេចពុំចង់ឲ្យលោកធ្វើជាមេចៅក្រមឡើយ ។ ពួកគេបានបង្ខំលោក និងអ្នកគាំទ្ររបស់លោកឲ្យចេញពីទីក្រុងសារ៉ាហិមឡា ។ អាលម៉ា ៦១:៣–៥ ពេហូរ៉ានបានបន្ថែមថា លោកកំពុងប្រមូលកងទ័ពមួយក្រុមដើម្បីព្យាយាមយកទីក្រុងសារ៉ាហិមឡាត្រឡប់មកវិញ ។ អាលម៉ា ៦១:៦–៧ ពួកនិយមស្តេចបានជ្រើសរើសស្តេចមួយអង្គឲ្យធ្វើជាអ្នកដឹកនាំពួកគេ ហើយបានចូលរួមនឹងពួកសាសន៍លេមិន ។ អាលម៉ា ៦១:៨ ពេហូរ៉ានពុំខឹងនឹងអ្វីដែលមរ៉ូណៃបានសរសេរឡើយ ។ លោកក៏ចង់ឲ្យពួកសាសន៍នីហ្វៃមានសេរីភាពផងដែរ ។ អាលម៉ា ៦១:៩ លោកបានសូមឲ្យមរ៉ូណៃនាំមនុស្សមួយចំនួនមកជួយលោក ហើយបានថ្លែងថា ប្រសិនបើមរ៉ូណៃប្រមូលមនុស្សបន្ថែមទៀតនៅតាមផ្លូវ នោះកងទ័ពដែលរួមបញ្ចូលគ្នាអាចវាយយកទីក្រុងសារ៉ាហិមឡាវិញបាន ។ អាលម៉ា ៦១:១៥–១៨ មេទ័ពមរ៉ូណៃសប្បាយចិត្តដែលពេហូរ៉ាននៅតែស្មោះត្រង់ចំពោះប្រទេសរបស់លោក ហើយនៅតែចង់បានសេរីភាពឲ្យដល់ប្រជាជនលោក ។ អាលម៉ា ៦២:១ មរ៉ូណៃបានទៅជួបពេហូរ៉ានជាមួយនឹងទាហានបន្តិចបន្តួចរបស់លោក ។ លោកបានកាន់ទង់ឥស្សរភាព ហើយមានមនុស្សរាប់ពាន់នាក់បានចូលរួមនឹងពួកគេនៅតាមផ្លូវ ។ អាលម៉ា ៦២:៣–៥ កងទ័ពរបស់មរ៉ូណៃដែលចូលរួមនឹងពេហូរ៉ាន បានដើរឆ្ពោះទៅទីក្រុងសារ៉ាហិមឡា ។ ពួកគេបានសម្លាប់ស្តេចរបស់ពួកសាសន៍នីហ្វៃដែលទុច្ចរិតនោះ ហើយចាប់ពួកទាហានរបស់ទ្រង់ ។ អាលម៉ា ៦២:៧–៨ បន្ទាប់មក មរ៉ូណៃបានបញ្ជូនស្បៀង និងទាហាន ១២០០០ នាក់ ដើម្បីជួយកងទ័ពរបស់ពួកសាសន៍នីហ្វៃ ។ ពួកកងទ័ពទាំងនេះបានបណ្តេញពួកសាសន៍លេមិនចេញ ហើយក៏មានសន្តិភាពជាថ្មីម្តងទៀតនៅក្នុងដែនដី ។ អាលម៉ា ៦២:១២–១៣, ៣៨–៤២