ជំពូកទី ១៥ អាលម៉ាបង្រៀន ហើយជ្រមុជទឹក អាលម៉ាបានរត់គេចពីពួកអ្នកបម្រើរបស់ស្តេចណូអេ ហើយបានលាក់ខ្លួនអស់ជាច្រើនថ្ងៃ ។ អំឡុងពេលដែលលោកកំពុងលាក់ខ្លួន លោកបានកត់ត្រានូវអ្វីដែលព្យាការីអ័ប៊ីណាដៃបានបង្រៀន ។ ម៉ូសាយ ១៧:៣–៤ អាលម៉ាបានប្រែចិត្តពីអំពើបាបរបស់លោក ហើយបានទៅក្នុងចំណោមពួកសាសន៍នីហ្វៃដោយសម្ងាត់ បង្រៀនពួកគេនូវសារលិខិតរបស់អ័ប៊ីណាដៃ ។ អាលម៉ាបានប្រាប់ប្រជាជនឲ្យមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្ត ។ ម៉ូសាយ ១៨:១, ៧ អំឡុងពេលថ្ងៃអាលម៉ាបានលាក់ខ្លួននៅក្នុងព្រៃក្បែរមាត់ទឹកមួយដែលហៅថា ទឹកមរមន ។ ម៉ូសាយ ១៨:៥ អស់អ្នកដែលបានជឿលើការបង្រៀនរបស់អាលម៉ាបានចូលទៅក្នុងទឹកមរមន ហើយបានទទួលបុណ្យជ្រមុជទឹក ។ អាលម៉ាបានជ្រមុជទឹកមនុស្ស ២០៤ នាក់ឲ្យចូលក្នុងសាសនាចក្រនៃព្រះគ្រីស្ទ ។ ម៉ូសាយ ១៨:៨–១០, ១៦–១៧ អាលម៉ាបានតែងតាំងពួកសង្ឃឲ្យបង្រៀនប្រជាជាន ។ លោកបានប្រាប់ពួកសង្ឃឲ្យបង្រៀនអំពីការប្រែចិត្ត និងសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ លោកក៏បានថ្លែងថា ពួកគេមិនត្រូវឈ្លោះប្រកែកគ្នាឡើយ ប៉ុន្តែត្រូវសាមគ្គីគ្នាវិញ ។ ម៉ូសាយ ១៨:១៨, ២០–២១ ប្រជាជនរបស់អាលម៉ាបានស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ។ ពួកគេបានចែករំលែកឲ្យគ្នានូវអ្វីគ្រប់យ៉ាងដែលពួកគេមាន ហើយពោរពេញដោយអំណរគុណដែលបានរៀនអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះប្រោសលោះរបស់ពួកគេ ។ ម៉ូសាយ ១៨:២៩–៣០ ពួកអ្នកបម្រើរបស់ស្តេចណូអេបានឃើញអាលម៉ាបង្រៀនប្រជាជន ។ ស្តេចបានមានបន្ទូលថា អាលម៉ាកំពុងបង្វែរចិត្តពួកសាសន៍នីហ្វៃឲ្យទាស់នឹងទ្រង់ ដូច្នេះទ្រង់បានបញ្ជូនកងទ័ពឲ្យទៅសម្លាប់ពួកគេ ។ ម៉ូសាយ ១៨:៣២–៣៣ ព្រះបានព្រមានអាលម៉ាថា កងទ័ពរបស់ស្តេចណូអេកំពុងតែមក ។ ប្រជាជនបានប្រមូលក្រុមគ្រួសារ សត្វ និងរបស់របរផ្សេងទៀត ហើយរត់គេចខ្លួនចូលទៅក្នុងទីរហោស្ថាន ។ ម៉ូសាយ ១៨:៣៤; ម៉ូសាយ ២៣:១ ព្រះបានពង្រឹងប្រជាជនអាលម៉ា ដើម្បីឲ្យពួកគេអាចរត់គេចចេញពីកងទ័ពរបស់ស្តេចណូអេ ។ ពួកកងទ័ពបានស្វែងរកពួកគេ ប៉ុន្តែពុំអាចរកពួកគេឃើញឡើយ ។ ម៉ូសាយ ១៩:១; ម៉ូសាយ ២៣:២ បន្ទាប់ពីធ្វើដំណើរក្នុងទីរហោស្ថានអស់ពេលប្រាំបីថ្ងៃមក ប្រជាជនរបស់អាលម៉ាបានមកដល់តំបន់ដ៏ស្រស់ស្អាតមួយដែលមានទឹកបរិសុទ្ធហូរកាត់ទីនោះ ។ នៅទីនេះពួកគេបានដាំដំណាំ និងសាងសង់អគារនានា ។ ម៉ូសាយ ២៣:៣–៥ ប្រជាជនចង់ឲ្យអាលម៉ាធ្វើជាស្តេចរបស់ពួកគេ ប៉ុន្តែអាលម៉ាបាននិយាយថា ព្រះមិនសព្វព្រះទ័យឲ្យពួកគេមានស្តេចឡើយ ។ ព្រះមានព្រះទ័យចង់ឲ្យពួកគេមានសេរីភាព ។ ម៉ូសាយ ២៣:៦–៧, ១៣