ជំពូកទី ១០
យ៉ាកុប និង សេរេម
ពីមុននីហ្វៃស្លាប់ លោកបានប្រគល់ផ្ទាំងដែលបានបានកត់ត្រានោះឲ្យទៅប្អូនប្រុសរបស់លោកគឺយ៉ាកុប ។ យ៉ាកុបគឺជាមនុស្សសុចរិត ។
នីហ្វៃបានប្រាប់យ៉ាកុបឲ្យកត់ត្រារឿងនានាដែលនឹងជួយប្រជាជនឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃប្រគល់ដល់យ៉ាកុបនូវអំណាចជាសង្ឃនៅក្នុងសាសនាចក្រ ហើយបង្រៀនសាសន៍នីហ្វៃអំពីព្រះបន្ទូលនៃព្រះ ។
បន្ទាប់ពីនីហ្វៃបានស្លាប់ទៅ ពួកសាសន៍នីហ្វៃជាច្រើននាក់បានក្លាយជាទុច្ចរិត ។ យ៉ាកុបបានបង្រៀនប្រជាជន ហើយបានប្រាប់ពួកគេឲ្យប្រែចិត្តពីកិច្ចការអាក្រក់ៗដែលពួកគេកំពុងធ្វើ ។
បុរសទុច្ចរិតម្នាក់ឈ្មោះសេរេម បានទៅក្នុងចំណោមសាសន៍នីហ្វៃបង្រៀនពួកគេកុំឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។
សេរេមបានប្រាប់ប្រជាជនថា គ្មានព្រះគ្រីស្ទឡើយ ។ មនុស្សជាច្រើនបានជឿតាមសេរេម ។
យ៉ាកុបបានបង្រៀនប្រជាជនឲ្យជឿលើព្រះគ្រីស្ទ ។ សេរេមចង់ឈ្លោះប្រកែកជាមួយយ៉ាកុប ហើយបញ្ចុះបញ្ចូលលោកថាគ្មានព្រះគ្រីស្ទឡើយ ។
សេចក្តីជំនឿរបស់យ៉ាកុបលើព្រះយេស៊ូវគ្រីស្ទពុំរង្គោះរង្គើឡើយ ។ លោកបានឃើញទេវតា ហើយបានស្តាប់ឮសំឡេងរបស់ព្រះអម្ចាស់ ។ លោកដឹងថា ព្រះយេស៊ូវនឹងយាងមក ។
ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយ៉ាកុប ពេលលោកថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទទៅកាន់សេរេម ។
សេរេមបានសួររកទីសម្គាល់មួយ ។ គាត់ចង់ឲ្យយ៉ាកុបបង្ហាញភស្តុតាងថាមានព្រះមួយអង្គ ។ គាត់ចង់ឃើញអព្ភូតហេតុមួយ ។
យ៉ាកុបពុំបានទូលសូមព្រះនូវទីសម្គាល់មួយឡើយ ។ លោកបាននិយាយថា សេរេមបានដឹងរួចហើយថា អ្វីដែលយ៉ាកុបបានបង្រៀនគឺជាការពិត ។
យ៉ាកុបបាននិយាយថា ប្រសិនបើព្រះវាយសេរេម នោះវាគឺជាទីសម្គាល់មួយនៃព្រះចេស្តារបស់ព្រះ ។
រំពេចនោះសេរេមបានដួលចុះ ។ គាត់ពុំអាចក្រោកបានវិញអស់ជាច្រើនថ្ងៃ ។
សេរេមមានភាពទន់ខ្សោយ ហើយបានដឹងថា គាត់នឹងស្លាប់ ។ គាត់បានហៅប្រជាជនឲ្យជួបជុំគ្នា ។
គាត់បានប្រាប់ពួកគេថា គាត់បានកុហក ។ គាត់បាននិយាយថា ពួកគេគួរតែជឿលើព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីសេរេមបញ្ចប់ការនិយាយទៅកាន់ប្រជាជនហើយ គាត់ក៏បានស្លាប់ទៅ ។ ប្រជាជនបានទទួលអារម្មណ៍នៃព្រះចេស្តារបស់ព្រះ ហើយពួកគេបានដួលចុះទៅលើដី ។
ប្រជាជនបានចាប់ផ្តើមប្រែចិត្ត ហើយអានព្រះគម្ពីរ ។ ពួកគេបានរស់នៅក្នុងភាពសុខសាន្ត និងសេចក្តីស្រឡាញ់ ។ យ៉ាកុបមានចិត្តរីករាយ ហើយបានដឹងថា ព្រះបានឆ្លើយតបការអធិស្ឋានរបស់លោក ។