ជំពូកទី ២៤ អាំម៉ូនជួបព្រះបិតារបស់ស្តេចឡាម៉ូណៃ ស្តេចឡាម៉ូណៃមានព្រះទ័យយកអាំម៉ូនទៅជួបព្រះបិតារបស់ទ្រង់ ។ ព្រះអម្ចាស់បានព្រមានអាំម៉ូនកុំឲ្យទៅ ដោយសារព្រះបិតារបស់ឡាម៉ូណៃនឹងព្យាយាមសម្លាប់គាត់ ។ អាលម៉ា ២០:១–២ ព្រះអម្ចាស់បានប្រាប់អាំម៉ូនឲ្យទៅដែនដីមិឌដូណៃវិញ នៅទីនោះប្អូនប្រុសរបស់គាត់អើរ៉ុនកំពុងជាប់ក្នុងគុក ។ ស្ដេចឡាម៉ូណៃបានយាងទៅជាមួយអាំម៉ូន ។ អាលម៉ា ២០:២–៤ នៅពេលពួកគេបានធ្វើដំណើរ នោះពួកគេបានជួបស្តេចជាព្រះបិតារបស់ឡាម៉ូណៃ ដែលជាស្តេចលើដែនដីទាំងអស់ ។ ទ្រង់បានសួរឡាម៉ូណៃពីទីកន្លែងដែលបុត្ររបស់ទ្រង់កំពុងទៅជាមួយសាសន៍នីហ្វៃដែលកុហកម្នាក់នេះ ។ អាលម៉ា ២០:៨, ១០ ស្តេចឡាម៉ូណៃបានប្រាប់ព្រះបិតាទ្រង់អំពីអាំម៉ូន និងប្អូនប្រុសរបស់គាត់ដែលកំពុងជាប់ក្នុងគុក ។ ដោយសេចក្តីខ្ញាល់ ព្រះបិតារបស់ឡាម៉ូណៃបានបញ្ជាឲ្យឡាម៉ូណៃសម្លាប់អាំម៉ូន ហើយកុំយាងទៅមិឌដូណៃឡើយ ។ អាលម៉ា ២០:១១–១៤ ឡាម៉ូណៃបដិសេធមិនព្រមសម្លាប់អាំម៉ូន ហើយបានមានបន្ទូលថា ទ្រង់ និងអាំម៉ូនកំពុងទៅជួយរំដោះអើរ៉ុន ។ ព្រះបិតារបស់ឡាម៉ូណៃកាន់តែខ្ញាល់ឡើង ហើយដកព្រះខ័នរបស់ទ្រង់ដើម្បីសម្លាប់ឡាម៉ូណៃ ។ អាលម៉ា ២០:១៥–១៦ អាំម៉ូនបានស្ទុះទៅការពារឡាម៉ូណៃ ។ ក្រោយមក ព្រះបិតារបស់ឡាម៉ូណៃបានព្យាយាមសម្លាប់អាំម៉ូន ប៉ុន្តែគាត់បានការពារខ្លួន ហើយបានធ្វើឲ្យព្រះហស្តរបស់បិតាឡាម៉ូណៃមានរបួស ។ អាលម៉ា ២០:១៧, ២០ នៅពេលបិតារបស់ឡាម៉ូណៃបានឃើញថា អាំម៉ូនអាចសម្លាប់ទ្រង់បាន នោះទ្រង់បានប្រទាននគររបស់ទ្រង់ពាក់កណ្តាលឲ្យទៅអាំម៉ូន ប្រសិនបើគាត់ទុកព្រះជន្មឲ្យទ្រង់ ។ អាលម៉ា ២០:២១, ២៣ អាំម៉ូនបាននិយាយថា គាត់ចង់ឲ្យអើរ៉ុន និងដៃគូរបស់គាត់រួចចេញពីគុក ហើយចង់ឲ្យឡាម៉ូណៃអាចរក្សានគររបស់ទ្រង់ ។ អាលម៉ា ២០:២២, ២៤ ព្រះបិតារបស់ឡាម៉ូណៃបានដឹងថា អាំម៉ូនពុំចង់ធ្វើបាបទ្រង់ឡើយ ។ ទ្រង់មានការណ៍អស្ចារ្យក្នុងព្រះទ័យចំពោះសេចក្តីស្រឡាញ់ដ៏ខ្លាំងដែលអាំម៉ូនមានចំពោះបុត្រាទ្រង់ ។ ទ្រង់បានអញ្ជើញអាំម៉ូនឲ្យបង្រៀនទ្រង់អំពីដំណឹងល្អ ។ អាលម៉ា ២០:២៦–២៧ អាំម៉ូន និងស្តេចឡាម៉ូណៃបានទៅទីក្រុងមិឌដូណៃ ។ ឡាម៉ូណៃបានមានបន្ទូលជាមួយស្តេចនៅទីនោះ ហើយអើរ៉ុន និងដៃគូរបស់គាត់ត្រូវបានដោះលែងពីគុក ។ អាលម៉ា ២០:២៨ អាំម៉ូនកើតទុក្ខដោយបានឃើញការប្រព្រឹត្តយ៉ាងឃោរឃៅលើពួកគេ ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្តែពួកគេបានអត់ធ្មត់ ។ អាលម៉ា ២០:២៩