សេចក្ដីផ្ដើម
ជូនចំពោះអ្នកអាន
ដំណើររឿងព្រះគម្ពីរមរមនទាំងនេះត្រូវបានសរសេរជាពិសេសសម្រាប់ប្អូនៗ ។ រឿងទាំងនេះដកស្រង់ចេញមកពីគម្ពីរមួយដែលពិសិដ្ឋ ដោយសារគម្ពីរនោះមកពីព្រះវរបិតាសួគ៌ ។ នៅពេលប្អូនៗអានរឿងទាំងនេះ សូមចាំថា រឿងទាំងនេះគឺថ្លែងពីមនុស្សពិតៗដែលរស់នៅក្នុងទ្វីបអាមេរិកតាំងពីយូរលង់ណាស់មកហើយ ។
បន្ទាប់ពីប្អូនៗអានរឿងទាំងនេះនៅក្នុងសៀវភៅនេះហើយ ប្អូនៗក៏ចង់អានវាមកពីព្រះគម្ពីរមរមនផងដែរ ។ នៅក្រោមរូបភាពនីមួយៗ ប្អូនៗនឹងឃើញកន្លែងដែលប្អូនៗអាចរកឃើញរឿងនោះនៅក្នុងព្រះគម្ពីរមរមន ។ សូមឲ្យឪពុក ម្តាយ គ្រូបង្រៀន ឬមិត្តភក្តិជួយប្អូនៗ ។
ប្រសិនបើប្អូនៗពុំស្គាល់អត្ថន័យរបស់ពាក្យមួយ សូមមើលវានៅក្នុងវគ្គ « ពាក្យត្រូវដឹង » នៅផ្នែកខាងក្រោយនៃសៀវភៅនេះ ។ ព័ត៌មាននានាអំពីមនុស្ស និងទីកន្លែងដែលមានរៀបរាប់នៅក្នុងព្រះគម្ពីរមរមនក៏មានដាក់បញ្ចូលនៅផ្នែកខាងក្រោយនៃសៀវភៅនេះផងដែរ ។
ជូនចំពោះឪពុកម្តាយ និងគ្រូបង្រៀន
សៀវភៅនេះនឹងជួយអ្នកឲ្យបង្រៀនពីបទគម្ពីរ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន ហើយសូមលើកទឹកចិត្តអស់អ្នកដែលអ្នកបង្រៀនឲ្យស្វែងរកទីបន្ទាល់ផ្ទាល់របស់ពួកគេ ។ ការយល់ដឹងរបស់ពួកគេនឹងកើនឡើងពេលអ្នកអានអត្ថបទទាំងមូលដែលពួកគេចូលចិត្តមកពីព្រះគម្ពីរមរមនផ្ទាល់ ។