ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ១៤ ៖ អ័ប៊ីណាដៃ និង​ស្តេច​ណូអេ


ជំពូក​ទី ១៤

អ័ប៊ីណាដៃ និង​ស្តេច​ណូអេ

ស៊ីនិព្វ

ស៊ីនិព្វ​គឺ​ជា​ស្តេច​សុចរិត​នៃ​ពួកសាសន៍​នីហ្វៃ​មួយ​ក្រុម ។ ពេល​ទ្រង់​មាន​វ័យ​ចំណាស់ នោះ​បុត្រា​របស់​ទ្រង់​ណូអេ​បាន​ក្លាយ​ជា​ស្តេច ។

ណូអេ

ណូអេ​ពុំ​មែន​ជា​ស្តេច​ល្អ​ដូច​ព្រះបិតា​ទ្រង់​ឡើយ ។ ទ្រង់​ទុច្ចរិត ហើយ​មិន​បាន​គោរព​បទបញ្ញត្តិ​របស់​ព្រះ​ឡើយ ។

ប្រជាជន​ថ្វាយ​ទ្រព្យ​សម្បត្តិ​ដល់​ស្តេច​ណូអេ

ទ្រង់​បាន​បង្ខំ​ប្រជាជន​ទ្រង់​ឲ្យ​ថ្វាយ​ផ្នែក​ខ្លះ​នៃ​គ្រាប់​ធុញ្ញជាតិ សត្វ មាស និង​ប្រាក់​របស់​ពួកគេ​ដល់​ទ្រង់ ។

ណូអេ​គង់​នៅ​តុ​អាហារ​ពេលល្ងាច

ស្តេច​ណូអេ​ធ្វើ​បែប​នេះ​ដោយសារ​ទ្រង់​ខ្ជិល ។ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួកសាសន៍​នីហ្វៃ​ថ្វាយ​អ្វីៗ​គ្រប់​យ៉ាង​ដល់​ទ្រង់ ដែល​ទ្រង់​ត្រូវការ​ក្នុង​ការរស់នៅ ។

សង្ឃ​ល្អ និង​សង្ឃ​ទុចរិត

ទ្រង់​បាន​ផ្លាស់សង្ឃ​ល្អៗ​ដែល​ព្រះបិតា​ទ្រង់​បាន​ហៅ​ជំនួស​ដោយ​សង្ឃ​ទុច្ចរិត​វិញ ។ ពួក​សង្ឃ​ទុច្ចរិត​ទាំង​នេះ​បាន​បង្រៀន​ប្រជាជន​ឲ្យ​ធ្វើ​អំពើ​បាប ។

បល្ល័ង្ក​វាំង និង​អ្នក​យាម

ស្តេច​ណូអេ​បាន​សាងសង់​អគារ​ស្អាតៗ​ជា​ច្រើន រួមទាំង​វាំង​ដ៏​ធំ​ជាមួយ​នឹង​បល្ល័ង្ក​មួយ​ផងដែរ ។ អគារ​ទាំង​នោះ​តុបតែង​ដោយ​ប្រើ​មាស ប្រាក់ និង​ឈើ​ដ៏​មាន​តម្លៃ ។

ណូអេ

ស្តេច​ណូអេ​សព្វ​ព្រះទ័យ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​ទ្រង់​បាន​យក​ពី​ប្រជាជន​ទ្រង់ ។ ទ្រង់ និង​ពួកសង្ឃ​របស់​ទ្រង់​បាន​ចំណាយ​ពេល​របស់​ខ្លួន​ផឹក​ស្រា និង​ធ្វើ​អំពើ​ទុច្ចរិត ។

អ័ប៊ីណាដៃ​ប្រកាស​ពី​ការប្រែចិត្ត

ព្រះបាន​ចាត់​ព្យាការី​មួយ​រូប​ឈ្មោះ​អ័ប៊ីណាដៃ​ឲ្យ​ទៅកាន់​ប្រជាជន​ណូអេ ។ អ័ប៊ីណាដៃ​បាន​ព្រមាន​ពួកគេ​ថា ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹង​ក្លាយ​ជា​ទាសករ​របស់​ពួកសាសន៍​លេមិន ។

ណូអេ​គង់​នៅលើ​តុ

ពេល​ស្តេច​ណូអេ​បាន​ស្តាប់​ឮ​អ្វី​ដែល​អ័ប៊ីណា​ដៃ​បាន​ថ្លែង នោះ​ទ្រង់​បាន​ខ្ញាល់ ។ ទ្រង់​បាន​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​នាំ​អ័ប៊ីណាដៃ​ទៅ​កាន់​វាំង ដើម្បី​ទ្រង់​អាច​សម្លាប់​លោក​ចោល ។

អ័ប៊ីណាដៃ​ទូល​ទៅ​ស្ដេច

អ័ប៊ីណាដៃ​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្តេច ។ ស្តេច​ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់​បាន​សួរ​លោក​ជា​ច្រើន​សំណួរ ។ ពួកគេ​ព្យាយាម​ប្រើ​ល្បិច​ឲ្យ​លោក​និយាយ​អ្វី​មួយ​ដែល​ខុស ។

អ័ប៊ីណាដៃ​ទូល​ទៅ​ស្ដេច

អ័ប៊ីណាដៃ​ពុំ​ខ្លាច​ក្នុងការឆ្លើយ​សំណួរ​របស់​ពួកគេ​ឡើយ ។ លោក​បាន​ដឹង​ថា ព្រះ​នឹង​ជួយ​លោក ។ ពួកសង្ឃ​មាន​ការណ៍​អស្ចារ្យ​ចំពោះ​ចម្លើយ​របស់​អ័ប៊ីណាដៃ ។

ស្ដេច​ណូអេ​ខ្ញាល់

ស្តេច​ណូអេ​បាន​ខ្ញាល់ ហើយ​បាន​បញ្ជា​ឲ្យ​ពួកសង្ឃ​របស់​ទ្រង់​សម្លាប់​អ័ប៊ីណាដៃ​ចោល ។ អ័ប៊ីណាដៃ​បាន​និយាយ​ថា ប្រសិនបើ​ពួកគេ​ពាល់​លោក នោះ​ព្រះ​នឹង​សម្លាប់​ពួកគេ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ការពារ​អ័ប៊ីណាដៃ

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ការពារ​អ័ប៊ីណាដៃ ដើម្បី​ឲ្យ​លោក​អាច​បញ្ចប់​ការថ្លែង​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​លោក​ថ្លែង ។ ទឹក​មុខ​របស់​អ័ប៊ីណាដៃ​បាន​ពោរពេញ​ដោយ​ពន្លឺ ។ ពួកសង្ឃ​បាន​ភ័យ​ខ្លាច​មិន​ហ៊ាន​ពាល់​លោក​ឡើយ ។

អ័ប៊ីណាដៃ​និយាយ

ដោយ​ថ្លែង​ជាមួយ​នឹង​ព្រះចេស្តា​មក​ពី​ព្រះ នោះ​អ័ប៊ីណាដៃ​បាន​ប្រាប់​ប្រជាជន​អំពី​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ លោក​បាន​អាន​បទបញ្ញត្តិ​ព្រះ​ដល់​ពួកគេ ។

ម៉ារា យ៉ូសែប និងព្រះ​ឱរស​យេស៊ូវ

លោក​បាន​ប្រាប់​ពួកគេ​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រសូត​មក​លើ​ផែនដី​នេះ ។ ព្រះយេស៊ូវ​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រែចិត្ត រស់​ឡើង​វិញ ហើយ​រស់នៅជាមួយ​ព្រះ​បាន ។

ព្រះយេស៊ូវគ្រីស្ទ

អ័ប៊ីណាដៃ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ប្រែចិត្ត ហើយ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​ពុំ​បាន​សង្គ្រោះ​ឡើយ ។

អ័ប៊ីណាដៃ​ត្រូវបាន​ចាប់​ដាក់​គុក ។

ស្តេច​ណូអេ និង​ពួក​សង្ឃ​ទាំងអស់​របស់​ទ្រង់​បាន​បដិសេធ​មិន​ជឿ​តាម​អ័ប៊ីណាដៃ លើកលែង​តែ​សង្ឃ​ម្នាក់ ។ ស្តេច​ណូអេ​បាន​ប្រាប់​ពួក​សង្ឃ​ឲ្យ​សម្លាប់​អ័ប៊ីណាដៃ ។ ពួកគេ​បាន​ចង​លោក ហើយ​បោះ​លោក​ចូល​ទៅក្នុង​គុក ។

អាលម៉ា​និយាយ​ទៅកាន់​ស្តេច​ណូអេ

សង្ឃ​ម្នាក់​ដែល​បាន​ជឿ​តាម​អ័ប៊ីណាដៃ​ឈ្មោះ​អាលម៉ា ។ លោក​បាន​សូម​ឲ្យ​ស្តេច​ណូអេ​ដោះលែង​អ័ប៊ីណាដៃ ។

អាលម៉ា​លាក់​ខ្លួន

ស្តេច​បាន​ខឹង​នឹង​អាលម៉ា ហើយ​បាន​ដេញ​លោក​ចេញ ។ រួច​ទ្រង់​បាន​បញ្ជូន​អ្នក​បម្រើ​ទ្រង់​ឲ្យ​ទៅ​សម្លាប់​លោក ។ អាលម៉ា​បាន​រត់​គេច ហើយ​លាក់​ខ្លួន ហើយ​ពួក​អ្នកបម្រើ​រក​លោក​ពុំ​ឃើញ​ឡើយ ។

អ័ប៊ីណាដៃ​នៅ​ចំពោះ​ព្រះភក្ត្រ​ស្តេច​ណូអេ

បន្ទាប់​ពី​នៅ​ក្នុង​គុក​អស់​បី​ថ្ងៃ​មក អ័ប៊ីណាដៃ​ត្រូវបាន​នាំ​មក​កាន់​ព្រះភក្ត្រ​ស្តេច​ណូអេ​ម្តង​ទៀត ។ ស្តេច​បាន​ប្រាប់​អ័ប៊ីណាដៃ​ឲ្យ​ដក​ពាក្យ​សម្តី​ដែល​លោក​បាន​និយាយ​ទាស់​នឹង​ទ្រង់ និង​ប្រជាជន​ទ្រង់ ។

ស្ដេច​ណូអេ​ខ្ញាល់

ស្តេច​ណូអេ​បាន​ប្រាប់​អ័ប៊ីណាដៃ​ថា ប្រសិនបើ​លោក​ពុំ​ព្រម​បដិសេធ​នូវ​អ្វី​ទាំងអស់​ដែល​លោក​បាន​និយាយ​ទេ នោះ​លោក​នឹង​ត្រូវ​ស្លាប់ ។

អ័ប៊ីណាដៃ​និយាយ

អ័ប៊ីណាដៃ​បាន​ដឹង​ថា អ្វី​ដែល​លោក​បាន​និយាយ​គឺ​ជា​ការពិត ។ លោក​សុខ​ចិត្ត​ស្លាប់ ជាជាង​ដក​យក​ពាក្យ​សម្តី​ដែល​ព្រះ​បាន​បញ្ជូន​លោក​ឲ្យ​មក​និយាយ ។

អ័ប៊ីណាដៃ​ត្រូវបាន​គេដុត

ស្តេច​ណូអេ​បាន​បញ្ជា​ឲ្យ​ពួកសង្ឃ​របស់​ទ្រង់​សម្លាប់​អ័ប៊ីណាដៃ ។ ពួកគេ​បាន​ចង​លោក វាយ​លោក​នឹង​ខ្សែតី ហើយ​ដុត​លោក​រហូត​ដល់​ស្លាប់ ។ ពីមុន​លោក​ស្លាប់ អ័ប៊ីណាដៃ​បាន​និយាយ​ថា ស្តេច​ណូអេ​នឹង​ស្លាប់​ដោយសារ​ភ្លើង​ផងដែរ ។

ពួក​សាសន៍​លេមិន​ប្រយុទ្ធ​នឹង​ប្រជាជន​របស់​ស្ដេច​ណូអេ

ពួកសាសន៍​នីហ្វៃ​មួយ​ចំនួន​ប្រឆាំង​នឹង​ស្តេច​ណូអេ ហើយ​ព្យាយាម​ចង់​សម្លាប់​ទ្រង់ ។ ពួក​កងទ័ព​របស់​ពួកសាសន៍​លេមិន​ក៏​បាន​មក​ប្រយុទ្ធ​នឹង​ស្តេច និង​អ្នក​ដើរ​តាម​ទ្រង់​ផងដែរ ។

ស្តេច និង​អ្នកដើរ​តាម​ទ្រង់​រត់ខ្ចាត់ខ្ចាយ

ស្តេច និង​អ្នកដើរ​តាម​ទ្រង់​បាន​រត់​ចេញ​ពី​ពួកសាសន៍​លេមិន ប៉ុន្តែ​ពួកលេមិន​បាន​រត់​តាម​ទាន់ ហើយ​បាន​ចាប់ផ្តើម​សម្លាប់​ពួកគេ ។ ស្តេច​បាន​ប្រាប់​មនុស្ស​របស់​ទ្រង់​ឲ្យ​ចាកចេញ​ពី​គ្រួសារ​ពួកគេ ហើយ​បន្ត​រត់​ទៀត ។

ពួកសាសន៍​លេមិន​ចាប់​ប្រជាជន

បុរស​ជា​ច្រើន​ពុំ​ចាកចេញ​ឡើយ ។ ពួកគេ​ត្រូវ​បាន​ពួក​សាសន៍​លេមិន​ចាប់​បាន ។

ពួក​បុរស​ខឹង​នឹង​ណូអេ

ភាគច្រើន​ពួក​បុរស​ដែល​បាន​រត់​គេច​ទៅ​ជាមួយ​ស្តេច​ណូអេ​មាន​ការសោកស្តាយ ។ ពួកគេ​ចង់​ត្រឡប់​ទៅ​វិញ ហើយ​ជួយ​ភរិយា និង​កូនៗ​ព្រមទាំង​ប្រជាជន​របស់​ពួកគេ​វិញ ។

ណូអេ​ជាមួយ​បុរស​ផ្សេង​ទៀត

ស្តេច​ណូអេ​ពុំ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​បុរស​ទាំង​នោះ​ត្រឡប់​ទៅ​រក​គ្រួសារ​ពួកគេ​វិញ​ឡើយ ។ ទ្រង់​បាន​បញ្ជា​ឲ្យ​ពួកគេ​នៅ​ជាមួយ​ទ្រង់ ។

ពួក​បុរសទាំងនោះ​ដុត​ស្តេច​ណូអេ

ពួក​បុរស​ទាំង​នោះ​ខឹង​នឹង​ស្តេច​ណូអេ ។ ពួកគេ​បាន​ដុត​ទ្រង់​រហូត​ដល់​ស្លាប់ ដូច​អ័ប៊ីណាដៃ​បាន​ព្យាករ ។ ក្រោយ​មក ពួកគេ​បាន​ត្រឡប់​ទៅ​រក​ក្រុមគ្រួសារ​ពួកគេ​វិញ ។