ជំពូកទី ៥២ ការបំផ្លាញនៃពួកសាសន៍យ៉ារេឌ ពួកសាសន៍យ៉ារេឌបានកើនចំនួនជាច្រើនឡើង ហើយក្លាយជាអ្នកមានទ្រព្យសម្បត្តិ ។ ពួកគេបានជ្រើសរើសស្តេចមួយអង្គឲ្យធ្វើជាអ្នកដឹកនាំពួកគេ ។ អេធើរ ៦:១៨, ២២, ២៧–២៨ អស់ពេលជាច្រើនឆ្នាំកន្លងផុតទៅ ពួកសាសន៍យ៉ារេឌបានប្រែជាទុច្ចរិត ។ ព្រះអម្ចាស់បានបញ្ជូនពួកព្យាការីប្រាប់ពួកគេឲ្យប្រែចិត្ត បើពុំដូច្នោះទេពួកគេនឹងត្រូវបំផ្លាញចោល ។ អេធើរ ១១:១ ប្រជាជនពុំបានស្តាប់តាមពួកព្យាការីឡើយ ។ ពួកគេបានព្យាយាមសម្លាប់ពួកព្យាការីវិញ ។ អេធើរ ១១:២ មានសង្គ្រាម និងអំណត់អត់នានានៅលើដែនដី ។ ពួកសាសន៍យ៉ារេឌជាច្រើនបានស្លាប់ ។ អេធើរ ១១:៧ ព្រះអម្ចាស់បានបញ្ជូនព្យាការីម្នាក់ទៀតឈ្មោះអេធើរ ។ លោកបានប្រកាសតាំងពីព្រលឹមរហូតដល់ព្រលប់ ដោយប្រាប់ពួកសាសន៍យ៉ារេឌឲ្យជឿលើព្រះ ហើយប្រែចិត្ត ។ អេធើរ ១២:២–៣ អេធើរបានប្រាប់ពួកសាសន៍យ៉ារេឌថា ប្រសិនបើពួកគេជឿលើព្រះ នោះពួកគេនឹងរស់នៅជាមួយព្រះវរបិតាសួគ៌នៅក្នុងពិភពដ៏ប្រសើរមួយនៅថ្ងៃណាមួយ ។ អេធើរ ១២:៤ អេធើរបានប្រាប់ពួកសាសន៍យ៉ារេឌនូវរឿងសំខាន់ៗជាច្រើន ប៉ុន្តែពួកគេពុំបានជឿលោកឡើយ ។ ពួកគេបានបណ្តេញលោកចេញពីទីក្រុង ។ អេធើរ ១២:៥; អេធើរ ១៣:១៣ អេធើរបានលាក់ខ្លួននៅក្នុងរូងភ្នំអំឡុងពេលថ្ងៃ ដើម្បីកុំឲ្យគេសម្លាប់លោក ។ នៅពេលយប់លោកបានចេញទៅក្រៅ ហើយបានឃើញនូវអ្វីដែលកំពុងកើតឡើងចំពោះពួកសាសន៍យ៉ារេឌ ។ អេធើរ ១៣:១៣–១៤ លោកបានបញ្ចប់ការកត់ត្រាប្រវត្តិរបស់ពួកសាសន៍យ៉ារេឌអំឡុងពេលលោកកំពុងលាក់ខ្លួន ។ អេធើរ ១៣:១៤ ព្រះអម្ចាស់បានបញ្ជូនអេធើរឲ្យទៅជួបនឹងកូរីអានទុមើរដែលជាស្តេចទុច្ចរិតមួយអង្គរបស់ពួកសាសន៍យ៉ារេឌ ។ អេធើរបានប្រាប់ទ្រង់ឲ្យប្រែចិត្ត បើពុំដូច្នោះទេទ្រង់នឹងត្រូវរស់នៅដើម្បីទតឃើញប្រជាជនរបស់ទ្រង់ទាំងអស់ត្រូវគេសម្លាប់ ។ អេធើរ ១៣:១៦–១៧, ២០–២១ កូរីអានទុមើរ និងប្រជាជនរបស់ទ្រង់ពុំព្រមប្រែចិត្តឡើយ ។ ទ្រង់បានព្យាយាមសម្លាប់អេធើរ ប៉ុន្តែអេធើរបានរត់រួច ហើយលាក់ខ្លួននៅក្នុងរូងថ្ម ។ អេធើរ ១៣:២២ ប្រជាជនទុច្ចរិតយ៉ាងខ្លាំងរហូតដល់ព្រះអម្ចាស់បានដាក់បណ្តាសាដល់ដែនដីនោះ ។ ពួកគេពុំអាចដាក់ឧបករណ៍ ឬដាវរបស់ពួកគេចុះបានឡើយ ដោយសារនៅថ្ងៃបន្ទាប់វត្ថុទាំងនោះនឹងបាត់បង់ ។ អេធើរ ១៤:១ ពួកសាសន៍យ៉ារេឌទាំងអស់បានប្រយុទ្ធគ្នានៅក្នុងសង្គ្រាម រួមទាំងស្ត្រី និងកូនក្មេងផងដែរ ។ កូរីអានទុមើរបានដឹកនាំកងទ័ពមួយក្រុម ហើយបុរសម្នាក់ឈ្មោះស៊ីស បានដឹកនាំកងទ័ពមួយក្រុមទៀត ។ អេធើរ ១៤:១៩–២០; អេធើរ ១៥:១៥ កូរីអានទុមើរ និង ស៊ីសគឺជាមនុស្សទុច្ចរិតទាំងពីរនាក់ ។ ព្រះវិញ្ញាណបរិសុទ្ធបានយាងចេញពីពួកសាសន៍យ៉ារេឌដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ។ សាតាំងមានអំណាចទាំងស្រុងលើពួកគេ ។ អេធើរ ១៥:១៩ ពួកសាសន៍យ៉ារេឌបានប្រយុទ្ធគ្នារហូតដល់កូរីអានទុមើរ និង ស៊ីសគឺជាមនុស្សចុងក្រោយគេដែលនៅរស់ ។ ពេលស៊ីសបានសន្លប់ដោយការអស់ឈាមដ៏ច្រើន នោះកូរីអានទុមើរបានកាត់ក្បាលរបស់គាត់ ។ អេធើរ ១៥:២៩–៣០ ការព្យាកររបស់អេធើរបានក្លាយជាការពិត ៖ កូរីអានទុមើរគឺជាពួកសាសន៍យ៉ារេឌតែម្នាក់គត់ដែលនៅមានជីវិត ។ ពួកប្រជាជនសារ៉ាហិមឡាបានរកឃើញទ្រង់ ។ អោមណៃ ១:២១ អេធើរបានបញ្ចប់ការកត់ត្រាប្រវត្តិរបស់ពួកសាសន៍យ៉ារេឌ ។ ពួកគេត្រូវបានបំផ្លាញចោលដោយសារតែអំពើទុច្ចរិតរបស់ខ្លួន ។ ក្រោយមកពួកសាសន៍នីហ្វៃបានរកឃើញបញ្ជីរបស់ពួកសាសន៍យ៉ារេឌ ។ អេធើរ ១៥:៣៣