ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ១៧ ៖ ការរត់​គេច​របស់​អាលម៉ា និង​ប្រជាជន​របស់​លោក


ជំពូកទី ១៧

ការរត់​គេច​របស់​អាលម៉ា និង​ប្រជាជន​របស់​លោក

មនុស្ស​ធ្វើការ​នៅ​ឯ​វាលស្រែ

ថ្ងៃ​មួយ​ខណៈ​ដែល​ប្រជាជន​របស់​អាលម៉ា​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​របស់​ពួកគេ នោះ​កងទ័ព​របស់​សាសន៍​លេមិន​បាន​ឆ្លងកាត់​ព្រំ​ដែន​ចូល​មក​ដែនដី​របស់​ពួកគេ ។

អាលម៉ា​និយាយ​ទៅ​កាន់​ប្រជាជន

ពួកសាសន៍​នីហ្វៃ​មាន​ការភ័យ​ខ្លាច ហើយ​បាន​រត់​ទៅ​កាន់​ទីក្រុង​ដើម្បី​សុវត្ថិភាព ។ អាលម៉ា​បាន​ប្រាប់​ពួកគេ​ឲ្យ​ចងចាំ​ដល់​ព្រះ ហើយ​ទ្រង់​នឹង​ជួយ​ពួកគេ ។ ពួកសាសន៍​នីហ្វៃ​បាន​ចាប់ផ្តើម​អធិស្ឋាន ។

អាលម៉ា​និយាយ​ទៅ​កាន់​សាសន៍លេមិន

ព្រះអម្ចាស់​បាន​បន្ទន់​ចិត្ត​របស់​ពួកសាសន៍​លេមិន ហើយ​ពួកគេ​ពុំ​បាន​ធ្វើ​បាប​ពួកសាសន៍​នីហ្វៃ​ឡើយ ។ ពួកសាសន៍​លេមិន​បាន​វង្វេង​ផ្លូវ​អំឡុង​ពេល​ព្យាយាម​ស្វែងរក​ប្រជាជន​របស់​ស្តេច​លិមហៃ ។

អាលម៉ា​បង្ហាញ​ផ្លូវ​ដែល​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដល់​សាសន៍​លេមិន

ពួកសាសន៍​លេមិន​បាន​សន្យា​នឹង​អាលម៉ា​ថា ពួកគេ​នឹង​ពុំ​រុកគួន​ប្រជាជន​លោក​ឡើយ ប្រសិនបើ​លោក​ប្រាប់​ផ្លូវ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ដែនដី​របស់​ពួកគេ​វិញ ។ អាលម៉ា​បាន​បង្ហាញ​ផ្លូវ​ពួកគេ ។

សាសន៍​លេមិន​យាមល្បាត​ប្រជាជន​អាលម៉ា

ប៉ុន្តែពួក​សាសន៍​លេមិន​ពុំ​បាន​រក្សា​ការសន្យា​របស់​ពួកគេ​ឡើយ ។ ពួកគេ​បាន​ដាក់​អ្នក​យាម​នៅ​ជុំវិញ​ដែនដី ហើយ​អាលម៉ា និង​ប្រជាជន​លោក​គ្មាន​សេរីភាព​ត​ទៅ​ទៀត​ឡើយ ។

អាមូឡុន​និយាយ​ជាមួយ​អ្នក​យាម​សាសន៍លេមិន

ស្តេច​សាសន៍​លេមិន​បាន​ឲ្យ​អាមូឡុន​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​ប្រជាជន​អាលម៉ា ។ អាមូឡុន​គឺ​ជា​សាសន៍​នីហ្វៃ ហើយ​ជា​សង្ឃ​ទុច្ចរិត​របស់​ស្តេច​ណូអេ ។

អាមូឡុន​មើល​ប្រជាជន​ធ្វើការ

អាមូឡុន​បាន​ឲ្យ​ប្រជាជន​អាលម៉ា​ធ្វើ​ការ​ធ្ងន់ៗ ។ ពួកគេ​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ ប៉ុន្តែ​អាមូឡុន​បាន​និយាយ​ថា នរណា​ដែល​ចាប់​បាន​ដោយ​សារ​តែ​អធិស្ឋាន​នោះ​នឹង​ត្រូវ​សម្លាប់​ចោល ។ ប្រជាជន​បាន​អធិស្ឋាន​ក្នុង​ចិត្ត​របស់​ពួកគេ ។

ក្មេងប្រុស​ស្ពាយ​កន្ត្រក

ព្រះ​បាន​ស្តាប់​ឮ​ការអធិស្ឋាន​របស់​ពួកគេ ហើយ​បាន​ពង្រឹង​ប្រជាជន ដូច្នេះ​ហើយ​ការងារ​របស់​ពួកគេ​ហាក់ដូច​ជា​ស្រួល​ជាង​មុន ។ ប្រជាជន​ពោរពេញ​ដោយ​ចិត្ត​រីករាយ និង​មាន​ការអត់ធ្មត់ ។

ព្រះ​មាន​បន្ទូល​ទៅ​កាន់​អាលម៉ា

ព្រះ​សព្វព្រះទ័យ​ដែល​ប្រជាជន​មាន​ចិត្ត​ស្មោះត្រង់ ។ ទ្រង់​បាន​ប្រាប់​អាលម៉ា​ថា ទ្រង់​នឹង​ជួយ​ពួកគេ​ឲ្យ​រត់​គេច​ពី​ពួកសាសន៍​លេមិន ។

ការគេច​ខ្លួន​របស់​ប្រជាជន​អាលម៉ា

នៅពេល​យប់​ប្រជាជន​បាន​ប្រមូល​ស្បៀង​អាហារ និង​សត្វ​របស់​ពួកគេ ។ នៅ​ព្រឹក​បន្ទាប់ ព្រះ​បាន​ទុក​ឲ្យ​ពួកសាសន៍​លេមិន​លង់លក់​ខណៈ​ដែល​អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​ចាកចេញ​ពី​ទីក្រុង ។

ស្តេច​ម៉ូសាយ​ស្វាគមន៍​អាលម៉ា

បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់ ១២ ថ្ងៃ​មក ប្រជាជន​បាន​មក​ដល់​ទីក្រុង​សារ៉ាហិមឡា ដែល​មាន​ស្តេច​ម៉ូសាយ និង​ប្រជាជន​របស់​ទ្រង់​បាន​ស្វាគមន៍​ពួកគេ ។