ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤០ ៖ សាំយូអែល​ជា​សាសន៍​លេមិន​ប្រាប់​អំពី​ព្រះយេស៊ូវគ្រីស្ទ


ជំពូក​ទី ៤០

សាំយូអែល​ជា​សាសន៍​លេមិន​ប្រាប់​អំពី​ព្រះយេស៊ូវគ្រីស្ទ

ពួក​សាសន៍​លេមិន​ដើរ

ពួក​សាសន៍​លេមិន​បាន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ពួកគេ​បាន​ប្រែ​កាន់តែ​សុចរិត​ជាង​ពួកសាសន៍​នីហ្វៃ​ទៅ​ទៀត ។

សាំយូអែល​ប្រកាស​ដល់​ពួក​សាសន៍​នីហ្វៃ

សាំយូអែល​ជា​ព្យាការី​សាសន៍​លេមិន​ម្នាក់​បាន​ទៅ​ទីក្រុង​សារ៉ាហិម​ឡា​ដើម្បី​ប្រកាស​ប្រាប់​ដល់​ពួក​សាសន៍​នីហ្វៃ​ទុច្ចរិត ។ គាត់​បាន​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត ។

សាំយូអែល​រត់​ពី​ទាហាន​ពួក​សាសន៍​នីហ្វៃ

ពួក​សាសន៍​នីហ្វៃ​បាន​ចាប់​បោះ​សាំយូអែល​ចេញ​ពី​ទីក្រុង ហើយ​គាត់​បាន​ចាប់ផ្តើម​ត្រឡប់​ទៅ​ដែនដី​ផ្ទាល់​របស់​គាត់​វិញ ។

សាំយូអែល​អធិស្ឋាន

ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រាប់​សាំយូអែល​ឲ្យ​ត្រឡប់​ទៅ​កាន់​ទីក្រុង​សារ៉ាហិមឡា​វិញ ហើយ​ប្រាប់​ប្រជាជន​នូវ​រឿង​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ដាក់​ក្នុង​ចិត្ត​របស់​គាត់ ។

សាំយូអែល​ប្រកាស​ពី​លើ​កំផែង

ពួក​សាសន៍​នីហ្វៃ​ពុំ​ព្រម​ឲ្យ​សាំយូអែល​ត្រឡប់​ចូល​ទៅក្នុង​ទីក្រុង​វិញ​ទេ ដូច្នេះ​គាត់​បាន​ឡើង​ទៅលើ​កំពូល​កំផែង​ទីក្រុង​នោះ ហើយ​បាន​ប្រកាស​ពី​លើ​កំផែង​នោះ ។

មនុស្ស​ស្តាប់​សាំយ៉ូអែល

គាត់​បាន​ព្យាករ​ថា ពួកសាសន៍​នីហ្វៃ​នឹង​ត្រូវបាន​បំផ្លាញ​បង់​ក្នុង​រយៈពេល ៤០០ ឆ្នាំ លើកលែង​តែ​ប្រជាជន​ប្រែចិត្ត ហើយ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។

សាំយូអែល​និយាយ

សាំយូអែល​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រសូត​មក​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត ហើយ​ទ្រង់​នឹង​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​បាន​ជឿ​លើ​ទ្រង់ ។

ផ្កាយ​នៅ​លើ​ទីក្រុង​បេថ្លេហិម

សាំយូអែល​បាន​ប្រាប់​ពួកគេ​អំពី​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ ។ មាន​ផ្កាយ​ថ្មី​មួយ​នឹង​រះ​ឡើង ហើយ​យប់​មុន​ព្រះយេស៊ូវ​ប្រសូត​មក នោះ​មេឃ​នឹង​មិន​ងងឹត​ទេ ។

មនុស្ស​អង្គុយ​នៅក្នុង​ភាពងងឹត

បន្ទាប់​មក​សាំយូអែល​បាន​ប្រាប់​ពួកគេ​អំពី​ទីសម្គាល់​នៃ​ការសុគត​របស់​ព្រះយេស៊ូវ ។ គឺ​នឹង​មាន​ភាពងងឹត​ទាំង​ស្រុង​ក្នុង​រយៈពេល​បី​ថ្ងៃ—ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ទាំងឡាយ​នឹង​មិន​រះ​ឡើង​ទេ ។

រន្ទះ​បាញ់​អគារ

ក៏​នឹង​មាន​រន្ទះ​បាញ់ ហើយ​ផ្លេក​បន្ទោរ ព្រមទាំង​ការរញ្ជួយ​ដី ។ ភ្នំ​នឹង​បែក​ជា​ដុំ​តូចៗ ហើយ​ទីក្រុង​ជា​ច្រើន​នឹង​ត្រូវ​បំផ្លាញ​ចោល ។

ពួកសាសន៍​នីហ្វៃ​និយាយ​ទៅ​កាន់​នីហ្វៃ

ពួក​សាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​ជឿ​លើ​សាំយ៉ូអែល ហើយ​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ។ ពួកគេ​បាន​ទៅ​រក​នីហ្វៃ ជា​សាសន៍​នីហ្វៃ​សុចរិត​ម្នាក់​ដែល​គាត់​អាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​បាន ។

ប្រជាជន​បាញ់​ធ្នូ​ទៅ​រក​សាំយូអែល

ពួក​សាសន៍​នីហ្វៃ​ដែល​នៅ​សល់​ពុំ​បាន​ជឿ​ដល់​សាំយូអែល​ទេ ។ ពួកគេ​បាន​ចោល​ដុំ​ថ្ម និង​បាញ់​ព្រួញ​សម្លាប់​គាត់ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ការពារ​គាត់ ហើយ​គ្មាន​ដុំ​ថ្ម ឬ​ព្រួញ​ណា​មួយ​បាញ់​ត្រូវ​គាត់​ឡើយ ។

ពួកសាសន៍​នីហ្វៃ​បាញ់​ធ្នូ

កាល​ប្រជាជន​បាន​ឃើញ​ថា គេ​បាញ់​មិន​ត្រូវ​គាត់​សោះ នោះ​មាន​ប្រជាជន​ជា​ច្រើន​ទៀត​បាន​ជឿ​ដល់​គាត់ ហើយ​បាន​ទៅ​រក​នីហ្វៃ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

នីហ្វៃ​ជ្រមុជ​ទឹក​មនុស្ស

នីហ្វៃ​ក៏​បាន​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវ ។ គាត់​ចង់​ឲ្យ​ពួកគេ​ជឿ​លើ​ព្រះយេស៊ូវ ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

បុរស​ឡើង​ជណ្តើរ

ទោះជា​យ៉ាង​ណា​ក៏​ដោយ ពួក​សាសន៍​នីហ្វៃ​ភាគ​ច្រើន​ពុំ​បាន​ជឿ​លើ​សាំយូអែល​ឡើយ ។ ពួកគេ​បាន​ព្យាយាម​តាម​ចាប់​គាត់ ។

សាំយូអែល​លោត​ពី​កំផែង

សាំយូអែល​បាន​លោត​ចេញ​ពី​កំផែង ហើយ​បាន​រត់​ទៅកាន់​ប្រទេស​គាត់​វិញ ។

សាំយូអែល​បង្រៀន​ពួកសាសន៍​លេមិន

សាំយូអែល​បាន​ចាប់ផ្តើម​បង្រៀន​ពួក​សាសន៍​លេមិន ។ គេ​ពុំ​ដែល​បាន​ឮ​ពី​គាត់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ទៀត​ឡើយ ។