ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៨ ៖ ការឆ្លង​សមុទ្រ


ជំពូក​ទី ៨

ការឆ្លង​សមុទ្រ

គ្រួសារ​រៀបចំ​ឥវ៉ាន់

ព្រះអម្ចាស់​បាន​ប្រាប់​លីហៃ​ឲ្យ​យក​គ្រួសារ​លោក​ឡើង​លើ​សំពៅ ដែល​ពួកគេ​បាន​សង់​រួច ។ ពួកគេ​បាន​ដាក់​ផ្លែឈើ សាច់ និង​ទឹកឃ្មុំ ព្រមទាំង​គ្រាប់​ធុញ្ញជាតិ​នានា​ដើម្បី​ដាំ​លើ​ដែនដី​សន្យា ។

សំពៅ​បើក​ក្តោង

ខ្យល់​យ៉ាង​ខ្លាំង​បាន​បោកបក់​សំពៅ​ឆ្ពោះ​ទៅ​កាន់​ដែនដី​សន្យា ។

លេមិន និង​លេមយួល​ចង​នីហ្វៃ

លេមិន និង​លេមយួល ព្រមទាំង​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ចាប់ផ្តើម​ប្រែ​ជា​ទុច្ចរិត ។ ពេល​នីហ្វៃ​ប្រាប់​ពួកគេ​ឲ្យ​ឈប់ ពួកគេ​បាន​ខឹង​សម្បារ​នឹង​លោក ហើយ​បាន​ចង​លោក​នឹង​ខ្សែ ។

សំពៅ​នៅ​កណ្ដាល​ព្យុះ

ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ នោះ​លីអាហូណា​បាន​ឈប់​ដំណើរការ ។ ពួកគេ​ពុំ​ដឹង​ថា​ត្រូវ​កាច់​ចង្កូត​សំពៅ​ទៅ​ផ្លូវ​ណា​ទេ ។ ព្យុះ​កំណាច​បាន​បោកបក់​សំពៅ​ត្រឡប់​ថយ​ក្រោយ​វិញ​អស់​រយៈពេល​បី​ថ្ងៃ ។

លីហៃ និង សារ៉ាយ

លីហៃ​បាន​ប្រាប់ លេមិន និង​លេមយួល​ឲ្យ​ស្រាយ​ចំណង​នីហ្វៃ​វិញ ប៉ុន្តែ​ពួកគេ​ពុំ​ព្រម​ស្តាប់​តាម​ឡើយ ។ លីហៃ និង​សារ៉ាយ​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ ។

មនុស្ស​ឈ្លោះ​គ្នា

ភរិយា និង​កូនៗ​របស់​នីហ្វៃ​បាន​យំ ។ ពួកគេ​បាន​អង្វរ​ឲ្យ​លេមិន និង លេមយួល​ស្រាយ​ចំណង​នីហ្វៃ​វិញ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ ។

សំពៅ​ហៀប​នឹង​លិច

នៅ​ថ្ងៃ​ទី​បួន ព្យុះ​បាន​ប្រែ​កាន់​តែ​សាហាវ​ទៅ ។ សំពៅ​ហៀប​នឹង​លិច​ចុះ ។

លេមិន និង លេមយួល

លេមិន និង លេមយួល​បាន​ដឹង​ថា ព្រះ​បាន​បញ្ជូន​ព្យុះ​ឲ្យ​មក ។ ពួកគេ​ភ័យខ្លាច​ថា ពួកគេ​នឹង​លង់ទឹក​ស្លាប់ ។

នីហ្វៃ​ជាមួយ​គ្រួសារ

ទីបំផុត​លេមិន និង លេមយួល​បាន​ប្រែចិត្ត ហើយ​ស្រាយ​ចំណង​នីហ្វៃ ។ ទោះបី​ជា​ក-ដៃ និង ក-ជើង​របស់​លោក​បាន​ហើម និង​ឈឺ​ចាប់​ដោយសារ​តែ​ចំណង​នោះ​ក្តី ក៏​នីហ្វៃ​ពុំ​បាន​រអ៊ូរទាំ​ឡើយ ។

នីហ្វៃ​កាន់​លីអាហូណា

បន្ទាប់​មក នីហ្វៃ​បាន​ចាប់​យក​លីអាហូណា​ឡើង ហើយ​វា​បាន​ដំណើរ​ការឡើង​វិញ ។ នីហ្វៃ​បាន​អធិស្ឋាន ហើយ​ខ្យល់​បាន​ឈប់ ។ សមុទ្រ​បាន​ស្ងប់ ។

នីហ្វៃ​កាច់​ចង្កូត​សំពៅ

នីហ្វៃ​បាន​កាច់​ចង្កូត​សំពៅ ហើយ​សំពៅ​បាន​បើក​ក្តោង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ដែនដី​សន្យាម្ដង​ទៀត ។