ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ១ ៖ របៀប​យើង​ទទួល​បាន​ព្រះគម្ពីរ​មរមន


ជំពូកទី ១

របៀប​យើង​ទទួល​បាន​ព្រះគម្ពីរ​មរមន

យ៉ូសែប​មើល​ទៅ​ព្រះវិហារ

កាល​យ៉ូសែប ស៊្មីធ អាយុ ១៤ ឆ្នាំ មាន​ព្រះវិហារ​ជាច្រើន​បាន​ប្រកាស​ថា ជា​ព្រះវិហារ​ពិត ហើយ​លោក​ពុំ​ដឹង​ថា​ត្រូវ​ចូលរួម​ព្រះវិហារ​មួយ​ណា​ឡើយ ។

យ៉ូសែប​អាន​ព្រះគម្ពីរ​ប៊ីប

ថ្ងៃ​មួយ​យ៉ូសែប​អាន យ៉ាកុប ១:៥ នៅក្នុង​ព្រះគម្ពីរ​ប៊ីប ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » ។ យ៉ូសែប​ចង់​ដឹង​ថា តើ​ព្រះវិហារ​ណា​មួយ​ជា​ព្រះវិហារ​ត្រឹមត្រូវ ដូច្នេះ​លោក​បាន​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ ។

យ៉ូសែប​នៅ​ក្នុង​ព្រៃ

នា​ព្រឹក​និទាឃរដូវ​មួយ យ៉ូសែប​បាន​ចូល​ទៅក្នុង​ព្រៃ​នៅ​ក្បែរ​ផ្ទះ​របស់​លោក​ដើម្បី​អធិស្ឋាន ។

យ៉ូសែប​អធិស្ឋាន

នៅពេល​លោក​បាន​លុត​ជង្គង់​ចុះ ហើយ​ចាប់ផ្តើម​អធិស្ឋាន នោះ​សាតាំង​បាន​ព្យាយាម​បញ្ឈប់​លោក ។ យ៉ូសែប​បាន​អធិស្ឋាន​កាន់តែ​ខ្លាំង​ឡើង ទូល​សូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ

ព្រះ​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​យ៉ូសែប នៅក្នុង​បង្គោល​ពន្លឺ​មួយ ។ ព្រះវរបិតា​សួគ៌​បាន​ចង្អុល​ទៅ​ព្រះយេស៊ូវ ហើយ​មាន​បន្ទូល​ថា ៖ « នេះ​ជា​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! »

ព្រះយេស៊ូវ

យ៉ូសែប​បាន​សួរ​ថា តើ​លោក​គួរ​ចូលរួម​នឹង​ព្រះវិហារ​មួយ​ណា ។ ព្រះយេស៊ូវ​បាន​ប្រាប់​លោក​កុំ​ឲ្យ​ចូលរួម​នឹង​ព្រះវិហារ​ណា​មួយ​ឡើយ ដោយសារ​ព្រះវិហារ​ទាំង​នោះ​ខុស​ទាំងអស់ ។

មនុស្ស​សើច​ចំអក​ដាក់​យ៉ូសែប

ពេល​យ៉ូសែប​បាន​ប្រាប់​មនុស្ស​មួយ​ចំនួន​អំពី​អ្វី​ដែល​លោក​បាន​ឃើញ និង​ឮ នោះ​ពួកគេ​បាន​សើច​ចំអក​ដាក់​លោក ។ ថ្នាក់​ដឹកនាំ​ព្រះវិហារ​ជាច្រើន​ក្នុង​មូលដ្ឋាន​បាន​បៀតបៀន​លោក ។

យ៉ូសែប​អធិស្ឋាន

បី​ឆ្នាំ​បាន​កន្លង​ផុតទៅ ។ នា​រាត្រី​មួយ​យ៉ូសែប​កំពុង​អធិស្ឋាន​ទូល​សូម​ការអភ័យទោស​ពី​អំពើ​បាប​របស់​លោក និង​ដើម្បី​ដឹង​ពី​អ្វី​ដែល​លោក​គួរ​ធ្វើ ។

មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប

ទេវតា​មួយអង្គ​នាម​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ហើយ​បានប្រាប់​យ៉ូសែប​អំពី​គម្ពីរ​មួយ​ដែល​បាន​សរសេរ​នៅលើ​ផ្ទាំងចំណារ​មាស ។ យ៉ូសែប​បាន​បកប្រែ​ផ្ទាំង​ទាំង​នេះ​ទៅ​ជា​ភាសា​អង់គ្លេស ។

យ៉ូសែប​នៅ​លើ​គ្រែ

បន្ទាប់​ពី​មរ៉ូណៃ​បាន​ចាកចេញ​ទៅ យ៉ូសែប​បាន​គិត​អំពី​អ្វី​ដែល​មរ៉ូណៃ​បាន​ប្រាប់​លោក ។ នា​រាត្រី​នោះ មរ៉ូណៃ​បាន​ត្រឡប់​មក​វិញ​ពីរ​លើក​ទៀត ។

យ៉ូសែប​លើក​ថ្ម

នៅ​ថ្ងៃ​បន្ទាប់​យ៉ូសែប បាន​ឡើង​ទៅលើ​កំពូល​ភ្នំ គូម៉ូរ៉ា ដែល​លោក​បាន​ឃើញ​ក្នុង​ការនិមិត្ត​នោះ ។ នៅ​ទីនោះ​លោក​បាន​ឃើញ​ថ្ម​ធំ​មួយ ។ លោក​បាន​គាស់​ថ្មនោះ​ឡើង​ដោយ​ប្រើ​ឈើ ។

យ៉ូសែប​មើល​ផ្ទាំងចំណារ​មាស

នៅ​ក្រោម​ថ្ម​នោះ​មាន​ប្រអប់​ថ្ម​មួយ ។ ពេល​យ៉ូសែប​មើល​ទៅក្នុង​ប្រអប់​នោះ លោក​បាន​ឃើញ​ផ្ទាំងចំណារ​មាស ។

មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប

មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ ហើយ​បាន​ប្រាប់​យ៉ូសែប​កុំ​ឲ្យ​យក​ផ្ទាំង​នោះ ប៉ុន្តែ​ត្រូវ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ដដែល​នោះ​រៀងរាល់​ឆ្នាំ​រយៈពេល​បួន​ឆ្នាំ ។ មរ៉ូណៃ​បាន​បង្រៀន​យ៉ូសែប​គ្រប់ពេល​ដែល​លោក​បាន​ទៅ​ទីនោះ ។

មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប

បួន​ឆ្នាំ​ក្រោយ​មក នៅ​ទីបំផុត​យ៉ូសែប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ផ្ទាំង​ចំណារមាស​នោះ ។ លោក​បាន​ប្រើ យ៉ូរីម និង​ធូមីម ដើម្បី​បកប្រែ​ផ្ទាំង​មួយ​ចំនួន​នោះ ។

យ៉ូសែប​ជាមួយ​អ្នក​សរសេរ

អ្នក​សរសេរ​បាន​ជួយ​យ៉ូសែប​ដោយ​សរសេរ​ពាក្យ​នានា​ពេល លោក​បាន​បកប្រែ​វា​ចេញ​ពី​ផ្ទាំង​មាស ។

យ៉ូសែប​ជាមួយ​អ្នកបោះពុម្ព

យ៉ូសែប​បាន​យក​ពាក្យ​ដែល​បាន​បកប្រែ​នោះ​ទៅ​កន្លែង​បោះពុម្ព ហើយ​បាន​ធ្វើ​វាជា​ព្រះគម្ពីរ ។

ប្រវត្តិ នៃ​សាសនាចក្រ ១:៧១

ព្រះគម្ពីរ​មរមន

គម្ពីរ​នោះ​ត្រូវ​បាន​ហៅ​ថា​ព្រះគម្ពីរ​មរមន ។ គម្ពីរ​នេះ​ប្រាប់​អំពី​មនុស្ស​ដែល​បាន​រស់នៅ​ក្នុង​ទ្វីប​អាមេរិក​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ គម្ពីរ​នេះ​ក៏​ប្រាប់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។