ជំពូកទី ៤២ ទីសម្គាល់នៃការឆ្កាងរបស់ព្រះគ្រីស្ទ សាមសិបបីឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីប្រជាជនបានឃើញទីសម្គាល់អំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ នីហ្វៃទី៣ ៨:២ ឥឡូវនេះពួកគេបានរង់ចាំមើលទីសម្គាល់នៃការសុគតរបស់ទ្រង់ ៖ គឺការងងឹតអស់រយៈពេលបីថ្ងៃ ។ នីហ្វៃទី៣ ៨:៣ មនុស្សមួយចំនួនពុំជឿថា ទីសម្គាល់នោះនឹងកើតឡើងឡើយ ។ ពួកគេបានឈ្លោះប្រកែកជាមួយនឹងអស់អ្នកដែលបានជឿ ។ នីហ្វៃទី៣ ៨:៤ ថ្ងៃមួយមានព្យុះដ៏កំណាចបានកើតឡើង ។ មានខ្យល់បោកបក់យ៉ាងខ្លាំង ។ នីហ្វៃទី៣ ៨:៥-៦ មានរន្ទះបាញ់ និងផ្លេកបន្ទោរនៅលើផែនដីទាំងមូល ។ នីហ្វៃទី៣ ៨:៦-៧ ភ្លើងបានឆេះទីក្រុងសារ៉ាហិមឡា ។ ទីក្រុងមរ៉ូណៃបានលិចទៅក្នុងជម្រៅសមុទ្រ ។ ទីក្រុងមរ៉ូណៃហាត្រូវបានលិចកប់បាត់ ។ នីហ្វៃទី ៣ ៨:៨-១០ មានការរញ្ជួយដីបានកក្រើកផែនដីទាំងមូល ។ ថ្នល់ទាំងឡាយត្រូវបានបាក់បែក ហើយអគារត្រូវដួលរលំ ។ ទីក្រុងជាច្រើនត្រូវបានបំផ្លាញចោល ហើយមនុស្សជាច្រើនត្រូវបានស្លាប់ ។ នីហ្វៃទី៣ ៨:១២–១៥ ព្យុះ និងផែនដីរញ្ជួយបានកើតឡើងប្រហែលជាបីម៉ោង ។ នីហ្វៃទី៣ ៨:១៩ នៅពេលព្យុះ និងផែនដីរញ្ជួយបានឈប់ទៅ នោះភាពងងឹតក៏ក្រាស់បានគ្របដណ្តប់លើដែនដី ។ គ្មានពន្លឺនៅគ្រប់ទីកន្លែងទាំងអស់ ។ មនុស្សស្ថិតនៅក្នុងភាពងងឹត ។ នីហ្វៃទី៣ ៨:១៩–២០ ភាពងងឹតមានរយៈពេលបីថ្ងៃ ។ គ្មានទៀនសម្រាប់ដុត ហើយប្រជាជនពុំអាចឃើញព្រះអាទិត្យ ព្រះចន្ទ ឬ ផ្កាយទេ ។ នីហ្វៃទី៣ ៨:២១–២៣ ប្រជាជនស្រែកយំ ដោយសារតែភាពងងឹត ការបំផ្លិចបំផ្លាញ និងការស្លាប់ ។ ពួកគេបានកើតទុក្ខ ដែលពុំបានប្រែចិត្តពីអំពើបាបរបស់ពួកគេ ។ នីហ្វៃទី៣ ៨:២៣–២៥ បន្ទាប់មក ប្រជាជនបានឮសំឡេងរបស់ព្រះយេស៊ូវគ្រីស្ទ ។ នីហ្វៃទី៣ ៩:១,១៥ ព្រះយេស៊ូវបានប្រាប់ពួកគេអំពីការបំផ្លាញដ៏អាក្រក់នៅលើដែនដីនេះ ។ ទ្រង់បានមានបន្ទូលថា មនុស្សដែលទុច្ចរិតបំផុតត្រូវបានសម្លាប់ ។ នីហ្វៃទី៣ ៩:១២–១៣ ទ្រង់បានមានបន្ទូលថា អស់អ្នកដែលមិនត្រូវបានសម្លាប់ត្រូវតែប្រែចិត្ត ។ ប្រសិនបើពួកគេប្រែចិត្ត ហើយមករកទ្រង់ នោះទ្រង់នឹងប្រទានពរដល់ពួកគេ ។ នីហ្វៃទី៣ ៩:១៣-១៤ ប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពួកគេបានឮសំឡេង នោះពួកគេបានឈប់យំ ។ អ្វីៗទាំងអស់បានស្ងប់ស្ងាត់អស់ជាច្រើនម៉ោង ។ នីហ្វៃទី៣ ១០:១-២ បន្ទាប់មកព្រះយេស៊ូវបានមានបន្ទូលម្តងទៀតថា ជារឿយៗទ្រង់ព្យាយាមជួយប្រជាជន ។ ប្រសិនបើពួកគេប្រែចិត្តនៅពេលនេះ នោះពួកគេនៅតែអាចត្រឡប់ទៅរកទ្រង់វិញបាន ។ នីហ្វៃទី៣ ១០:៣-៦ បីថ្ងៃក្រោយមកភាពងងឹតបានរសាត់អស់ទៅ ។ ប្រជាជនមានចិត្តសប្បាយរីករាយ ហើយពោរពេញដោយអំណរទាំងថ្លែងអំណរគុណដល់ព្រះអម្ចាស់ ។ នីហ្វៃទី៣ ១០:៩-១០