ជំពូកទី ៥១ ពួកសាសន៍យ៉ារេឌធ្វើដំណើរទៅកាន់ដែនដីសន្យា អំឡុងពេលដែលពួកសាសន៍យ៉ារេឌបានបោះត្រសាលនៅក្បែរសមុទ្រ នោះបងប្រុសរបស់យ៉ារេឌបានភ្លេចអធិស្ឋាន ។ ព្រះអម្ចាស់បានយាងមកនៅក្នុងពពកដើម្បីប្រាប់លោកឲ្យប្រែចិត្ត ។ អេធើរ ២:១៤ បងប្រុសរបស់យ៉ារេឌបានប្រែចិត្ត ហើយបានអធិស្ឋាន ។ ព្រះអម្ចាស់់បានអភ័យទោសឲ្យបងប្រុសរបស់យ៉ារេឌ ប៉ុន្តែបានមានបន្ទូលថា លោកពុំគួរប្រព្រឹត្តអំពើបាបតទៅទៀតឡើយ ។ អេធើរ ២:១៥ ព្រះអម្ចាស់បានប្រាប់បងប្រុសរបស់យ៉ារេឌឲ្យសាងសង់ភេត្រាដើម្បីនាំប្រជាជនរបស់លោកទៅកាន់ដែនដីសន្យា ។ អេធើរ ២:១៦ ព្រះអម្ចាស់បានប្រាប់បងប្រុសរបស់យ៉ារេឌអំពីរបៀបសាងសង់ភេត្រា ។ អេធើរ ២:១៦–១៧ ភេត្រាត្រូវធ្វើឲ្យជិតណែនដើម្បីកុំឲ្យទឹកអាចចូលទៅក្នុងភេត្រានោះបាន ។ អេធើរ ២:១៧ បងប្រុសរបស់យ៉ារេឌបានឆ្ងល់ថា តើប្រជាជននឹងមានខ្យល់ដកដង្ហើមនៅក្នុងភេត្រាយ៉ាងដូចម្ដេច ។ លោកបានទូលសួរព្រះអម្ចាស់អំពីអ្វីដែលលោកគួរធ្វើ ។ អេធើរ ២:១៩ ព្រះអម្ចាស់បានប្រាប់លោកឲ្យធ្វើរន្ធមួយនៅខាងលើ និងនៅបាតក្រោមនៃភេត្រានីមួយៗ ។ រន្ធនោះអាចបើកបានដើម្បីឲ្យខ្យល់ចូល ហើយបិទវិញដើម្បីកុំឲ្យទឹកចូលបាន ។ អេធើរ ២:២០ បងប្រុសរបស់យ៉ារេឌបានប្រាប់ព្រះអម្ចាស់ថា ភេត្រាមានភាពងងឹតនៅខាងក្នុង ។ ព្រះអម្ចាស់បានសុំលោកឲ្យគិតពីរបៀបដើម្បីមានពន្លឺនៅក្នុងភេត្រាទាំងនោះ ។ អេធើរ ២:២២–២៣ ពន្លឺសម្រាប់ភេត្រាពុំអាចធ្វើមកពីភ្លើង ឬមកពីបង្អួចបានឡើយ ពីព្រោះវានឹងធ្វើឲ្យភេត្រាធ្លាយ ។ អេធើរ ២:២៣ បងប្រុសរបស់យ៉ារេឌបានទៅភ្នំមួយ ហើយធ្វើក្រួសតូចៗចំនួន ១៦ គ្រាប់ ។ ក្រួសទាំងនោះមើលទៅថ្លាដូចជាកញ្ចក់ ។ លោកបានធ្វើក្រួសពីរដុំសម្រាប់ភេត្រានីមួយៗនៃភេត្រាទាំងប្រាំបីគ្រឿង ។ អេធើរ ៣:១ បងប្រុសរបស់យ៉ារេឌបានស្ពាយដុំក្រួសនោះឡើងទៅកាន់កំពូលភ្នំ ។ នៅទីនោះលោកបានអធិស្ឋានទៅកាន់ព្រះអម្ចាស់ ។ អេធើរ ៣:១ បងប្រុសរបស់យ៉ារេឌបានទូលសូមព្រះអម្ចាស់ឲ្យពាល់ក្រួសទាំងនោះ ដើម្បីវាអាចផ្តល់ពន្លឺនៅក្នុងភេត្រា ។ អេធើរ ៣:៤ ព្រះអម្ចាស់បានពាល់ក្រួសនីមួយៗដោយព្រះអង្គុលីរបស់ទ្រង់ ។ អេធើរ ៣:៦ ដោយសារតែបងប្រុសរបស់យ៉ារេឌមានសេចក្តីជំនឿដ៏អស្ចារ្យ នោះលោកបានឃើញព្រះអង្គុលីរបស់ព្រះអម្ចាស់ ។ ព្រះអង្គុលីរបស់ព្រះអម្ចាស់មើលទៅដូចជាម្រាមដៃរបស់មនុស្ស ។ អេធើរ ៣:៦, ៩ បន្ទាប់មក ព្រះអម្ចាស់បានបង្ហាញព្រះកាយទ្រង់ដល់បងប្រុសរបស់យ៉ារ៉េឌ ។ អេធើរ ៣:១៣ ព្រះយេស៊ូវបានមានបន្ទូលថា មនុស្សទាំងអស់ណាដែលជឿលើទ្រង់នឹងមានជីវិតអស់កល្បជានិច្ច ។ អេធើរ ៣:១៤ ព្រះយេស៊ូវបានបង្រៀន និងបង្ហាញដល់បងប្រុសរបស់យ៉ារេឌនូវរឿងជាច្រើន ។ ព្រះយេស៊ូវបានប្រាប់លោកឲ្យកត់ត្រានូវអ្វីដែលលោកបានឃើញ និងបានស្តាប់ឮ ។ អេធើរ ៣:២៥–២៧ បងប្រុសរបស់យ៉ារេឌបានស្ពាយដុំក្រួសនោះចុះពីលើភ្នំ ។ លោកបានដាក់ក្រួសមួយដុំនៅចុងនៃភេត្រានីមួយៗ ។ ក្រួសទាំងនោះបានផ្តល់ពន្លឺនៅក្នុងភេត្រា ។ អេធើរ ៦:២–៣ ពួកសាសន៍យ៉ារេឌបានចូលទៅក្នុងភេត្រាជាមួយសត្វ និងស្បៀងអាហាររបស់ពួកគេ ។ ព្រះអម្ចាស់បានធ្វើឲ្យមានខ្យល់បក់យ៉ាងខ្លាំងដើម្បីបោកបក់ភេត្រាឆ្ពោះទៅកាន់ដែនដីសន្យា ។ អេធើរ ៦:៤–៥ ព្រះអម្ចាស់បានការពារពួកគេនៅក្នុងសមុទ្រដ៏ឃោរឃៅ ។ ពួកគេបានថ្លែងអំណរគុណព្រះអម្ចាស់ ហើយបានច្រៀងសរសើរតម្កើងដល់ទ្រង់ ។ អេធើរ ៦:៦–១០ បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេល ៣៤៤ ថ្ងៃនៅលើទឹក នោះភេត្រាបានឈប់ចតនៅលើច្រាំងនៃដែនដីសន្យា ។ អេធើរ ៦:១១–១២ នៅពេលពួកសាសន៍យ៉ារេឌចេញពីភេត្រានោះ ពួកគេបានលុតជង្គង់ ហើយស្រែកយំទាំងទឹកភ្នែកដោយក្តីអំណរ ។ អេធើរ ៦:១២ ពួកសាសន៍យ៉ារេឌបានសាងសង់ផ្ទះសម្បែង ហើយដាំដំណាំនៅលើដែនដីសន្យា ។ ពួកគេបានបង្រៀនកូនៗរបស់ពួកគេឲ្យស្តាប់តាមព្រះអម្ចាស់ ហើយធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ។ អេធើរ ៦:១៣, ១៦–១៨