ជំពូកទី ២២ បេសកកម្មរបស់អាលម៉ាទៅទីក្រុងអាំម៉ូណៃហា អាលម៉ាបានបារម្ភអំពីអំពើទុច្ចរិតរបស់ពួកសាសន៍នីហ្វៃ ដូច្នេះលោកបានសម្រេចចិត្តចំណាយពេលទាំងប៉ុន្មានរបស់លោកប្រកាសដំណឹងល្អ ។ លោកបានជ្រើសរើសនីហ្វៃហាឲ្យជំនួសតំណែងលោកក្នុងនាមជាមេចៅក្រម ។ អាលម៉ា ៤:៧, ១៨–១៩ អាលម៉ាបានបង្រៀនដំណឹងល្អទូទាំងដែនដី ។ ពេលលោកបានព្យាយាមប្រកាសនៅក្នុងទីក្រុងអាំម៉ូណៃហា ប្រជាជនពុំស្តាប់លោកឡើយ ។ ពួកគេបានបោះលោកចេញពីទីក្រុង ។ អាលម៉ា ៥:១; អាលម៉ា ៨:៨–៩, ១១, ១៣ អាលម៉ាកើតទុក្ខដោយសារប្រជាជននៅទីក្រុងអាំម៉ូណៃហាទុច្ចរិតយ៉ាងខ្លាំង ។ លោកបានចេញទៅទីក្រុងមួយផ្សេងទៀត ។ អាលម៉ា ៨:១៣–១៤ ទេវតាមួយអង្គបានបង្ហាញព្រះកាយ ហើយបានលួងលោមអាលម៉ា ។ ទេវតានោះបានប្រាប់លោកឲ្យត្រឡប់ទៅទីក្រុងអាំម៉ូណៃហាវិញ ហើយប្រកាសដំណឹងល្អម្តងទៀត ។ អាលម៉ាបានប្រញាប់ត្រឡប់ទៅវិញ ។ អាលម៉ា ៨:១៥–១៦, ១៨ អាលម៉ាបានឃ្លានអាហារ ។ ពេលលោកចូលទៅទីក្រុង លោកបានសូមអាហារខ្លះៗពីបុរសម្នាក់ ។ ទេវតានោះបានប្រាប់បុរសនោះថា អាលម៉ានឹងមក ហើយថាអាលម៉ាគឺជាព្យាការីរបស់ព្រះ ។ អាលម៉ា ៨:១៩–២០ បុរសម្នាក់នេះឈ្មោះអាមូលេកបានយកអាលម៉ាទៅផ្ទះរបស់គាត់ ហើយផ្តល់អាហារឲ្យលោកបរិភោគ ។ អាលម៉ាបានស្នាក់នៅជាមួយអាមូលេក និងគ្រួសាររបស់គាត់អស់ជាច្រើនថ្ងៃ ។ លោកបានថ្លែងអំណរគុណដល់ព្រះសម្រាប់គ្រួសាររបស់អាមូលេក ហើយបានផ្តល់ពរដល់ពួកគេ ។ អាលម៉ា ៨:២១–២២, ២៧ អាលម៉ាបានប្រាប់អាមូលេកអំពីការហៅរបស់លោកដើម្បីបង្រៀនប្រជាជនទីក្រុងអាំម៉ូណៃហា ។ អាមូលេកបានទៅជាមួយអាលម៉ាដើម្បីបង្រៀនប្រជាជន ។ ព្រះវិញ្ញាណបរិសុទ្ធបានជួយពួកលោក ។ អាលម៉ា ៨:២៤–២៥, ៣០ ។ អាលម៉ាបានប្រាប់ប្រជាជនឲ្យប្រែចិត្ត បើមិនដូច្នេះទេព្រះនឹងបំផ្លាញពួកគេ ។ លោកបានប្រាប់ថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ហើយសង្គ្រោះអស់អ្នកដែលមានសេចក្តីជំនឿលើទ្រង់ ហើយបានប្រែចិត្ត ។ អាលម៉ា ៩:១២, ២៦–២៧ ប្រជាជននៅទីក្រុងអាំម៉ូណៃហាបានខឹងសម្បារ ។ ពួកគេបានព្យាយាមចាប់អាលម៉ាដាក់គុក ប៉ុន្តែព្រះអម្ចាស់បានការពារលោក ។ អាលម៉ា ៩:៣១–៣៣ បន្ទាប់មក អាមូលេកបានចាប់ផ្តើមបង្រៀន ។ ប្រជាជនជាច្រើនបានស្គាល់អាមូលេក លោកពុំមែនជាមនុស្សចម្លែកដូចជាអាលម៉ាឡើយ ។ គាត់បានប្រាប់ពួកគេអំពីទេវតាដែលគាត់បានឃើញ ។ អាលម៉ា ៩:៣៤; អាលម៉ា ១០:៤, ៧ អាមូលេកបាននិយាយថា អាលម៉ាគឺជាព្យាការីរបស់ព្រះ ហើយបាននិយាយសេចក្តីពិត ។ ប្រជាជនមានការភ្ញាក់ផ្អើលដែលបានស្តាប់ឮទីបន្ទាល់របស់អាមូលេក ។ អាលម៉ា ១០:៩–១០, ១២ ប្រជាជនមួយចំនួនបានខឹងសម្បារ ជាពិសេសមនុស្សទុច្ចរិតម្នាក់ឈ្មោះស៊ីអែសរ៉ុម ។ ពួកគេបានព្យាយាមប្រើល្បិចសួរសំណួរអាមូលេក ប៉ុន្តែគាត់បានប្រាប់ពួកគេថា គាត់បានដឹងអំពីផែនការរបស់ពួកគេ ។ អាលម៉ា ១០:១៣–១៧, ៣១ ស៊ីអែសរ៉ុមបានចង់បំផ្លាញអ្វីគ្រប់យ៉ាងដែលល្អ ។ គាត់នឹងបង្កឲ្យមានបញ្ហា ហើយបន្ទាប់មកប្រជាជននឹងបង់ប្រាក់ឲ្យគាត់ដើម្បីដោះស្រាយបញ្ហានានាដែលគាត់បានបង្កើតនោះ ។ អាលម៉ា ១១:២០–២១ ស៊ីអែសរ៉ុមពុំអាចប្រើល្បិចជាមួយអាមូលេកបានឡើយ ដូច្នេះគាត់បានផ្តល់ជាប្រាក់ឲ្យអាមូលេកដើម្បីនិយាយបដិសេធថា គ្មានព្រះ ។ អាមូលេកបានដឹងថា ព្រះមានព្រះជន្មរស់ ហើយបាននិយាយថា ស៊ីអែសរ៉ុមក៏បានដឹងថាវាជាការពិតផងដែរ ប៉ុន្តែគាត់ស្រឡាញ់ប្រាក់ជាងស្រឡាញ់ព្រះ ។ អាលម៉ា ១១:២២, ២៤, ២៧ បន្ទាប់មកអាមូលេកបានបង្រៀនស៊ីអែសរ៉ុមអំពីព្រះយេស៊ូវ និងអំពីការមានព្រះជន្មរស់ឡើងវិញ ព្រមទាំងជីវិតអស់កល្បជានិច្ច ។ ប្រជាជនមានការណ៍អស្ចារ្យក្នុងចិត្ត ។ ស៊ីអែសរ៉ុមបានចាប់ផ្តើមញ័រដោយការភ័យខ្លាច ។ អាលម៉ា ១១:៤០–៤៦ ស៊ីអែសរ៉ុមបានដឹងថា អាលម៉ា និង អាមូលេកមានព្រះចេស្តានៃព្រះ ដោយសារពួកលោកបានដឹងអំពីគំនិតរបស់គាត់ ។ ស៊ីអែសរ៉ុមបានសួរសំណួរ ហើយស្តាប់ពេលអាលម៉ាបានបង្រៀនគាត់អំពីដំណឹងល្អ ។ អាលម៉ា ១២:១, ៧–៩ ប្រជាជនមួយចំនួនបានជឿលើអាលម៉ា និងអាមូលេក ហើយបានចាប់ផ្តើមប្រែចិត្ត ព្រមទាំងសិក្សាព្រះគម្ពីរ ។ អាលម៉ា ១៤:១ ប៉ុន្តែប្រជាជនភាគច្រើនចង់សម្លាប់អាលម៉ា និង អាមូលេក ។ ពួកគេបានចងពួកលោកទាំងពីរនាក់នោះ ហើយបានយកពួកលោកទៅឲ្យមេចៅក្រម ។ អាលម៉ា ១៤:២–៤ ស៊ីអែសរ៉ុមសោកស្តាយដែលគាត់បានធ្វើអំពើទុច្ចរិត ហើយបានបង្រៀនសេចក្តីកុហកដល់ប្រជាជន ។ គាត់បានសុំឲ្យប្រជាជនដោះលែងអាលម៉ា និង អាមូលេក ។ អាលម៉ា ១៤:៦–៧ ស៊ីអែសរ៉ុម និងមនុស្សដទៃទៀតដែលបានជឿតាមការបង្រៀនរបស់អាលម៉ា និង អាមូលេកត្រូវបានបណ្តេញចេញពីទីក្រុង ។ មនុស្សទុច្ចរិតបានចោលថ្មលើពួកគេ ។ អាលម៉ា ១៤:៧ បន្ទាប់មក ពួកមនុស្សទុច្ចរិតបានប្រមូលស្ត្រី និងកូនក្មេងដែលបានជឿ ហើយបោះពួកគេ និងព្រះគម្ពីររបស់ពួកគេចូលទៅក្នុងភ្លើង ។ អាលម៉ា ១៤:៨ អាលម៉ា និងអាមូលេកត្រូវបានបង្ខំឲ្យមើលស្ត្រី និងកូនក្មេងស្លាប់នៅក្នុងភ្លើង ។ អាមូលេកចង់ប្រើព្រះចេស្តារបស់ព្រះដើម្បីសង្គ្រោះពួកគេ ។ អាលម៉ា ១៤:៩–១០ ប៉ុន្តែអាលម៉ាបានប្រាប់អាមូលេកថា លោកពុំត្រូវបានអនុញ្ញាតឲ្យបញ្ឈប់ការសម្លាប់នេះឡើយ ដោយសារប្រជាជនដែលស្លាប់នេះនឹងទៅនៅជាមួយព្រះ ហើយមនុស្សទុច្ចរិតនឹងទទួលទោស ។ អាលម៉ា ១៤:១១ មេចៅក្រមបានទះកំភ្លៀងអាលម៉ា និងអាមូលេកជាច្រើនដង ហើយសើចចំអកដល់ពួកលោក ដោយសារតែពួកលោកពុំបានសង្គ្រោះស្ត្រី និងកូនក្មេងដែលកំពុងឆេះក្នុងភ្លើង ។ បន្ទាប់មកគាត់បានបោះពួកលោកចូលទៅក្នុងគុក ។ អាលម៉ា ១៤:១៤–១៧ មនុស្សទុច្ចរិតផ្សេងទៀតបានចូលមកក្នុងគុក ហើយធ្វើបាបអាលម៉ា និងអាមូលេកតាមវិធីជាច្រើន រួមទាំងបង្អត់អាហារ និងស្តោះទឹកមាត់ដាក់ពួកលោកផងដែរ ។ អាលម៉ា ១៤:១៨–២២ មេចៅក្រមបាននិយាយថា ប្រសិនបើអាលម៉ា និង អាមូលេកបានប្រើព្រះចេស្តានៃព្រះដោះលែងខ្លួនពួកលោក នោះគាត់នឹងជឿ ។ គាត់បានទះកំភ្លៀងពួកលោកម្តងទៀត ។ អាលម៉ា ១៤:២៤ អាលម៉ា និង អាមូលេកបានក្រោកឈរឡើង ។ អាលម៉ាបានអធិស្ឋាន ហើយទូលសូមព្រះធ្វើឲ្យពួកលោករឹងមាំឡើង ដោយសារតែជំនឿរបស់ពួកលោកលើព្រះគ្រីស្ទ ។ អាលម៉ា ១៤:២៥–២៦ ព្រះចេស្តានៃព្រះបានប្រទានឲ្យអាលម៉ា និងអាមូលេក ហើយពួកលោកបានផ្តាច់ខ្សែចំណងដែលចងពួកលោក ។ ពួកមនុស្សអាក្រក់បានភ័យ ហើយព្យាយាមរត់គេច ប៉ុន្តែបានដួលចុះវិញ ។ អាលម៉ា ១៤:២៥–២៧ ដីបានរញ្ជួយ ហើយជញ្ជាំងគុកបានដួលរលំសង្កត់លើមនុស្សទុច្ចរិត ។ ព្រះអម្ចាស់បានការពារអាលម៉ា និងអាមូលេក ហើយពួកលោកគ្មានគ្រោះថ្នាក់ឡើយ ។ អាលម៉ា ១៤:២៧–២៨ ប្រជាជននៅទីក្រុងអាំម៉ូណៃហាបានមកមើលអ្វីដែលកំពុងកើតឡើង ។ នៅពេលពួកគេបានឃើញអាលម៉ា និងអាមូលេកកំពុងដើរចេញពីគុកដែលបាក់បែកខ្ទេចខ្ទីដូច្នោះ ពួកគេបានចាប់ផ្តើមភ័យខ្លាច ហើយបានរត់គេចខ្លួន ។ អាលម៉ា ១៤:២៨–២៩ ព្រះអម្ចាស់បានប្រាប់អាលម៉ា និង អាមូលេកឲ្យទៅទីក្រុងសៃដុម ។ នៅទីនោះពួកលោកបានជួបនឹងមនុស្សសុចរិត ។ ស៊ីអែសរ៉ុមក៏បាននៅទីនោះផងដែរ ហើយគាត់មានជំងឺជាទម្ងន់ ។ អាលម៉ា ១៥:១–៣ ស៊ីអែសរ៉ុមសប្បាយចិត្តដែលបានឃើញអាលម៉ា និង អាមូលេក ។ គាត់បានបារម្ភថា ពួកលោកត្រូវគេសម្លាប់ដោយសារតែអ្វីដែលគាត់បានធ្វើ ។ គាត់បានសូមឲ្យពួកលោកព្យាបាលគាត់ ។ អាលម៉ា ១៥:៤–៥ ស៊ីអែសរ៉ុមបានជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបានប្រែចិត្តពីអំពើបាបរបស់គាត់ ។ នៅពេលអាលម៉ាបានអធិស្ឋានឲ្យគាត់ ស៊ីអែសរ៉ុមស្រាប់តែបានជាមួយរំពេច ។ អាលម៉ា ១៥:១០–១១ ស៊ីអែសរ៉ុមបានទទួលបុណ្យជ្រមុជទឹក ហើយចាប់ផ្តើមប្រកាសដំណឹងល្អ ។ មនុស្សដទៃទៀតជាច្រើនក៏បានទទួលបុណ្យជ្រមុជទឹកផងដែរ ។ អាលម៉ា ១៥:១២, ១៤ ប្រជាជនទុច្ចរិតទាំងអស់នៅទីក្រុងអាំម៉ូណៃហាត្រូវបានសម្លាប់ដោយកងទ័ពសាសន៍លេមិន ដូចដែលអាលម៉ាបានព្យាករ ។ អាលម៉ា ១០:២៣, អាលម៉ា ១៦:២, ៩