ជំពូកទី ៣២ មេទ័ពមរ៉ូណៃ និងទង់ឥស្សរភាព មនុស្សទុច្ចរិតម្នាក់ឈ្មោះអាម៉ាលិកាយចង់ធ្វើជាស្តេចលើពួកសាសន៍នីហ្វៃ ។ ពួកសាសន៍នីហ្វៃជាច្រើននាក់បានចេញពីសាសនាចក្រដើម្បីដើរតាមគាត់ ។ អាលម៉ា ៤៦: ១, ៤–៥, ៧ ប្រសិនបើអាម៉ាលិកាយក្លាយជាស្តេច នោះគាត់នឹងព្យាយាមបំផ្លាញសាសនាចក្ររបស់ព្រះ ហើយយកឥស្សរភាពរបស់ប្រជាជន ។ អាលម៉ា ៤៦:៩–១០ នៅពេលមេទ័ពមរ៉ូណៃជាអ្នកដឹកនាំកងទ័ពសាសន៍នីហ្វៃបានឮពីផែនការរបស់អាម៉ាលិកាយដើម្បីធ្វើជាស្តេច នោះលោកបានខឹង ។ អាលម៉ា ៤៦:១១ មរ៉ូណៃបានហែកអាវរបស់លោកដើម្បីធ្វើជាទង់មួយ ។ លោកបានសរសេរសារមួយនៅលើវាដើម្បីរំឭកប្រជាជនឲ្យការពារសាសនា សេរីភាព និងសន្តិភាពរបស់ពួកគេ ។ អាលម៉ា ៤៦:១២ មរ៉ូណៃបានដាក់ទង់នោះនៅលើបង្គោលមួយ ហើយហៅវាថា ទង់ឥស្សរភាព ។ បន្ទាប់មកដោយបានពាក់គ្រឿងការពារខ្លួនរបស់លោក នោះលោកបានលុតជង្គង់ចុះអធិស្ឋាន ។ អាលម៉ា ៤៦:១៣ លោកបានទូលសូមឲ្យព្រះការពារអស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបានអធិស្ឋានសូមសេរីភាពនៅក្នុងដែនដីដោយហៅវាថា ដែនដីឥស្សរភាព ។ អាលម៉ា ៤៦:១៦–១៨ មរ៉ូណៃបានទៅក្នុងចំណោមប្រជាជន ។ ដោយគ្រវីទង់ឥស្សរភាព នោះលោកបានហៅពួកគេឲ្យមក ហើយជួយការពារសេរីភាពរបស់ពួកគេ ។ អាលម៉ា ៤៦:១៩–២០ ប្រជាជនបានមកពីគ្រប់ដែនដីទាំងអស់ ។ ពួកគេបានសន្យាដើម្បីគោរពបទបញ្ញត្តិរបស់ព្រះ ហើយប្រយុទ្ធដើម្បីសេរីភាព ។ អាលម៉ា ៤៦:២១–២២, ២៨ នៅពេលអាម៉ាលិកាយបានឃើញពួកសាសន៍នីហ្វៃជាច្រើនចូលរួមជាមួយមរ៉ូណៃ នោះគាត់បានខ្លាច ។ គាត់ និងអ្នកដើរតាមគាត់បានចាកចេញទៅចូលរួមជាមួយពួកសាសន៍លេមិន ។ អាលម៉ា ៤៦:២៩–៣០ មរ៉ូណៃ និងកងទ័ពរបស់លោកបានព្យាយាមបញ្ឈប់ពួកគេ ប៉ុន្តែអាម៉ាលិកាយ និងមនុស្សពីរបីនាក់របស់គាត់បានរត់គេចខ្លួនបាត់ ។ អាលម៉ា ៤៦:៣១–៣៣ មរ៉ូណៃបានដាក់ទង់ឥស្សរភាពនៅលើប៉មនីមួយៗនៅក្នុងដែនដីពួកសាសន៍នីហ្វៃ ។ ពួកសាសន៍នីហ្វៃបានរក្សាសេរីភាពរបស់ពួកគេ ហើយមានភាពសុខសាន្តម្តងទៀត ។ អាលម៉ា ៤៦:៣៦–៣៧