ជំពូកទី ៤៨ ភាពសុខសាន្តនៅទ្វីបអាមេរិក បន្ទាប់ពីព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌វិញ នោះពួកសិស្សរបស់ទ្រង់បានតាំងសាសនាចក្ររបស់ទ្រង់ឡើងនៅទូទាំងដែនដី ។ នីហ្វៃទី៤ ១:១ ប្រជាជនដែលបានប្រែចិត្តពីអំពើបាបរបស់ពួកគេបានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធ ។ នីហ្វៃទី៤ ១:១ មិនយូរប៉ុន្មានពួកសាសន៍នីហ្វៃ និងសាសន៍លេមិនទាំងអស់ក៏បានប្រែចិត្តជឿ ។ ពួកគេមិនបានឈ្លោះប្រកែកគ្នាទៀតឡើយ ហើយមនុស្សគ្រប់រូបមានចិត្តស្មោះត្រង់ ។ នីហ្វៃទី៤ ១:២ គ្មាននរណាមាន ឬក្រឡើយ ។ ប្រជាជនបានចែករំលែកអ្វីៗជាមួយគ្នា ហើយពួកគេទាំងអស់គ្នាមាននូវអ្វីៗដែលពួកគេត្រូវការ ។ នីហ្វៃទី ៤ ១:៣ ពួកសិស្សបានសម្តែងអព្ភូតហេតុជាច្រើននៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានព្យាបាលអ្នកឈឺ ហើយបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ នីហ្វៃទី៤ ១:៥ ប្រជាជនបានសាងសង់ទីក្រុងថ្មីៗ ខណៈដែលទីក្រុងផ្សេងទៀតត្រូវបានបំផ្លិចបំផ្លាញចោល ។ នីហ្វៃទី៤ ១:៧ ពួកគេបានគោរពតាមព្រះបញ្ញត្តិនៃព្រះ ។ ពួកគេបានតមអាហារ ហើយអធិស្ឋាន និងបានជួបគ្នាជាញឹកញាប់ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះ ។ នីហ្វៃទី៤ ១:១២ ប្រជាជនបានមានចិត្តសប្បាយរីករាយ ។ នីហ្វៃទី៤ ១:១៦ គ្មានអំពើឆក់ប្លន់ គ្មានការកុហក គ្មានអំពើឃាតកម្មឡើយ ។ ប្រជាជនឈប់បែងចែកថាជាពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនទៀតហើយ ប៉ុន្តែពួកគេរួមគ្នាតែមួយជាកូនចៅរបស់ព្រះគ្រីស្ទវិញ ។ នីហ្វៃទី៤ ១:១៦–១៧ ព្រះអម្ចាស់បានប្រទានពរដល់ប្រជាជននូវគ្រប់កិច្ចការដែលពួកគេបានធ្វើ ។ នីហ្វៃទី៤ ១:១៨ ពួកគេបានរស់នៅដោយសុខសាន្តអស់រយៈពេល ២០០ ឆ្នាំ ។ ប្រជាជនបានប្រែជាមានទ្រព្យសម្បត្តិយ៉ាងច្រើន ។ នីហ្វៃទី៤ ១:២២–២៣