ជំពូកទី ៧ ការសង់សំពៅ បន្ទាប់ពីគ្រួសាររបស់លីហៃបានបោះជំរំនៅជិតសមុទ្រអស់រយៈពេលជាច្រើនថ្ងៃមក នោះព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់នីហ្វៃ ។ ទ្រង់បានប្រាប់ឲ្យលោកសង់សំពៅមួយដើម្បីដឹកគ្រួសាររបស់លោកទៅកាន់ដែនដីសន្យា ។ នីហ្វៃទី១ ១៧:៧–៨ នីហ្វៃពុំចេះរបៀបសង់សំពៅឡើយ ប៉ុន្តែព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបង្ហាញលោកពីរបៀបធ្វើ ។ ទ្រង់បានប្រាប់នីហ្វៃពីកន្លែងដែលត្រូវទៅរកលោហៈធាតុដើម្បីធ្វើឧបករណ៍ដែលលោកត្រូវការ ។ នីហ្វៃទី១ ១៧:៩–១០ លេមិន និង លេមយួលបានសើចចំអកឲ្យនីហ្វៃចំពោះការសង់សំពៅ ។ ពួកគេពុំជឿថា ព្រះអម្ចាស់បានបង្ហាញនីហ្វៃអំពីរបៀបសង់សំពៅឡើយ ។ ពួកគេបានបដិសេធមិនព្រមជួយឡើយ ។ នីហ្វៃទី១ ១៧:១៧–១៨ នីហ្វៃបានប្រាប់លេមិន និង លេមយួលឲ្យប្រែចិត្ត ហើយកុំបះបោរ ។ លោកបានរំឭកពួកគេថា ពួកគេបានឃើញទេវតា ។ លោកក៏បានប្រាប់ពួកគេថា ព្រះមានព្រះចេស្តាដើម្បីធ្វើកិច្ចការគ្រប់យ៉ាង ។ នីហ្វៃទី១ ១៧:៤៥–៤៦ លេមិន និង លេមយួលបានខឹងនឹងនីហ្វៃ ហើយចង់បោះលោកចូលទៅក្នុងសមុទ្រ ។ នីហ្វៃទី១ ១៧:៤៨ នៅពេលពួកគេដើរទៅរកនីហ្វៃ លោកបានបញ្ជាពួកគេកុំឲ្យពាល់លោកឡើយ ដោយសារលោកបានពោរពេញដោយព្រះចេស្តានៃព្រះ ។ លេមិន និង លេមយួលមានការភ័យខ្លាចអស់ជាច្រើនថ្ងៃ ។ នីហ្វៃទី១ ១៧:៤៨, ៥២ ព្រះអម្ចាស់បានប្រាប់នីហ្វៃឲ្យពាល់លេមិន និង លេមយួល ។ ពេលនីហ្វៃបានពាល់ពួកគេ នោះព្រះអម្ចាស់បានកន្ត្រាក់ពួកគេ ។ លេមិន និង លេមយួលបានដឹងថាព្រះចេស្តានៃព្រះគង់នៅជាមួយនីហ្វៃ ។ នីហ្វៃទី១ ១៧:៥៣–៥៥ នីហ្វៃបានប្រាប់លេមិន និង លេមយួលឲ្យគោរពឪពុកម្តាយរបស់ពួកគេ និងគោរពព្រះ ។ នីហ្វៃបាននិយាយថា ប្រសិនបើពួកគេធ្វើបែបនេះ នោះពួកគេនឹងមានពរ ។ នីហ្វៃទី១ ១៧:៥៥ លេមិន និង លេមយួលបានប្រែចិត្ត ហើយជួយនីហ្វៃសង់សំពៅ ។ នីហ្វៃទី១ ១៨:១ នីហ្វៃបានឡើងទៅលើភ្នំជាច្រើនដងដើម្បីអធិស្ឋានទូលសូមជំនួយ ។ ព្រះអម្ចាស់បានបង្រៀនលោកអំពីរបៀបសង់សំពៅ ។ នីហ្វៃទី១ ១៨:៣ ពេលនីហ្វៃ និងបងៗរបស់លោកបានបញ្ចប់ការសង់សំពៅ នោះពួកគេបានដឹងថាសំពៅនោះល្អ ។ ពួកគេបានថ្លែងអំណរគុណចំពោះព្រះដែលបានជួយពួកគេ ។ នីហ្វៃទី១ ១៨:៤