ជំពូកទី ៤១ ទីសម្គាល់នៃការប្រសូតរបស់ព្រះគ្រីស្ទ នីហ្វៃជាកូនប្រុសរបស់ហេលេមិនបានប្រគល់បញ្ជីប្រវត្តិ និងព្រះគម្ពីរពិសិដ្ឋទៅឲ្យនីហ្វៃជាកូនច្បងបង្អស់របស់គាត់ ។ នីហ្វៃទី៣ ១:២ ពួកសាសន៍នីហ្វៃបានឃើញទីសម្គាល់ និងអព្ភូតហេតុដ៏អស្ចារ្យដែលពួកព្យាការីបានថ្លែងថានឹងកើតឡើងពីមុនព្រះយេស៊ូវប្រសូតមក ។ នីហ្វៃទី៣ ១:៤ ប៉ុន្តែពួកសាសន៍នីហ្វៃមួយចំនួនបាននិយាយថា ពេលដែលព្រះយេស៊ូវប្រសូតនោះបានកន្លងផុតទៅហើយ ។ ពួកគេបាននិយាយចំអកដល់អស់អ្នកដែលនៅតែជឿលើពាក្យព្យាកររបស់សាំយូអែលជាសាសន៍លេមិននោះ ។ នីហ្វៃទី៣ ១:៥–៦ ប្រជាជនដែលបានជឿលើព្រះយេស៊ូវគ្រីស្ទ និងលើពួកព្យាការីបានកើតទុក្ខ ដោយគិតថាមានអ្វីមួយដែលរារាំងមិនឲ្យការព្យាករនោះបានសម្រេច ។ នីហ្វៃទី៣ ១:៧ ប្រជាជនបានទន្ទឹងចាំមើលដោយស្មោះត្រង់នូវយប់មួយដែលមិនងងឹតជាទីសម្គាល់ថា ព្រះយេស៊ូវគ្រីស្ទនឹងប្រសូតមក ។ នីហ្វៃទី៣ ១:៨ អស់អ្នកដែលពុំជឿលើព្រះយេស៊ូវគ្រីស្ទ គេបានរើសយកថ្ងៃមួយទុកសម្លាប់អស់អ្នកដែលជឿ ប្រសិនបើទីសម្គាល់ទាំងនោះពុំបានកើតឡើង ។ នីហ្វៃទី៣ ១:៩ នីហ្វៃបានកើតទុក្ខដោយសារតែអំពើទុច្ចរិតរបស់អស់អ្នកដែលពុំជឿលើព្រះអង្គសង្គ្រោះ ។ នីហ្វៃទី ៣ ១:១០ នីហ្វៃបានអធិស្ឋានពេញមួយថ្ងៃសម្រាប់ប្រជាជនដែលនឹងត្រូវគេយកទៅសម្លាប់ ។ នីហ្វៃទី៣ ១:១១–១២ ព្រះអម្ចាស់បានលួងលោមនីហ្វៃ ហើយបានប្រាប់គាត់ថា វានឹងមិនងងឹតទេនៅយប់នោះ ។ ព្រះយេស៊ូវនឹងប្រសូតមកនៅថ្ងៃបន្ទាប់នៅទីក្រុងបេថ្លេហិម ។ នីហ្វៃទី៣ ១:១៣ នាយប់នោះព្រះអាទិត្យបានលិចចុះ ប៉ុន្តែវាពុំងងឹតទេ ។ ទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទក៏បានកើតឡើង ។ ប្រជាជនបានមានការណ៍អស្ចារ្យក្នុងចិត្ត ។ នីហ្វៃទី៣ ១:១៥ អស់អ្នកដែលគ្រោងសម្លាប់ពួកអ្នកជឿបានដួលទៅលើដី ហើយមានសភាពដូចជាស្លាប់ ។ នីហ្វៃទី៣ ១:១៦ ពួកគេមានការភ័យខ្លាច ដោយសារពួកគេជាមនុស្សទុច្ចរិត ។ ឥឡូវនេះ ពួកគេបានដឹងថា ព្រះអង្គសង្គ្រោះនឹងប្រសូតមក ហើយថាពួកព្យាការីបានថ្លែងរឿងត្រឹមត្រូវ ។ នីហ្វៃទី៣ ១:១៧–១៨ វានៅបន្តភ្លឺពេញមួយយប់ ។ នៅពេលព្រះអាទិត្យបានរះឡើងនៅព្រឹកបន្ទាប់ នោះប្រជាជនបានដឹងថា ព្រះយេស៊ូវគ្រីស្ទនឹងប្រសូតនៅថ្ងៃនោះ ។ ការព្យាករត្រូវបានបំពេញ ។ នីហ្វៃទី៣ ១:១៩–២០ មានផ្កាយថ្មីមួយបានរះឡើងនៅលើមេឃ គឺដូចជាព្យាការីបាននិយាយពីមុនមក ។ នីហ្វៃទី៣ ១:២១ សាតាំងនៅតែព្យាយាមនាំប្រជាជនមិនឲ្យជឿដល់ទីសម្គាល់ទាំងនោះដែលពួកគេបានឃើញ ប៉ុន្តែមានមនុស្សភាគច្រើនបានជឿ ។ នីហ្វៃទី ៣ ១:២២ នីហ្វៃ និងថ្នាក់ដឹកនាំផ្សេងទៀតនៃសាសនាចក្របានធ្វើបុណ្យជ្រមុជទឹកដល់អស់អ្នកដែលបានជឿ និងប្រែចិត្ត ។ នីហ្វៃទី៣ ១:២៣ នេះជាដំណឹងដ៏រីករាយនៅលើដែនដី ដោយសារតែពាក្យរបស់ពួកព្យាការីត្រូវបានបំពេញ ។ ព្រះយេស៊ូវគ្រីស្ទបានប្រសូតហើយ ។ នីហ្វៃទី៣ ១:២៦