ជំពូកទី ៣១ មេទ័ពមរ៉ូណៃប្រយុទ្ធឈ្នះសេរ៉ាហិមណា សេរ៉ាហិមណាដែលជាអ្នកដឹកនាំពួកសាសន៍លេមិនចង់ឲ្យប្រជាជនគាត់បន្តស្អប់ពួកសាសន៍នីហ្វៃ ហើយធ្វើឲ្យពួកគេក្លាយជាទាសកររបស់ខ្លួន ។ អាលម៉ា ៤៣:៥, ៨ ពួកសាសន៍នីហ្វៃចង់រក្សាដែនដី និងសេរីភាពនៃគ្រួសាររបស់ពួកគេ ។ ពួកគេក៏ចង់មានសេរីភាពក្នុងការថ្វាយបង្គំព្រះផងដែរ ។ អាលម៉ា ៤៣:៩ មេទ័ពមរ៉ូណៃគឺជាអ្នកដឹកនាំកងទ័ពពួកសាសន៍នីហ្វៃ ។ នៅពេលពួកសាសន៍លេមិនមកប្រយុទ្ធ មរ៉ូណៃ និងកងទ័ពរបស់លោកបានជួបពួកគេនៅក្នុងដែនដីយើសុន ។ អាលម៉ា ៤៣:១៥–១៦ មេទ័ពមរ៉ូណៃបានរៀបចំកងទ័ពរបស់លោកឲ្យមានអាវុធ ខែល គ្រឿងការពារខ្លួន និងសម្លៀកបំពាក់ក្រាស់ៗ ។ អាលម៉ា ៤៣:១៨–១៩ ពួកសាសន៍លេមិនមានកងទ័ពច្រើនជាង ប៉ុន្តែពួកគេខ្លាច នៅពេលពួកគេបានឃើញគ្រឿងការពារខ្លួនរបស់ពួកសាសន៍នីហ្វៃ—ពួកសាសន៍លេមិនស្លៀកពាក់សម្លៀកបំពាក់តែបន្តិចបន្តួច ។ អាលម៉ា ៤៣:២០–២១ ពួកកងទ័ពសាសន៍លេមិនពុំហ៊ានប្រយុទ្ធនឹងកងទ័ពរបស់មេទ័ពមរ៉ូណៃឡើយ ។ ពួកសាសន៍លេមិនបានរត់ចូលទៅក្នុងទីរហោស្ថាន ហើយបានសម្រេចចិត្តវាយប្រហារទីក្រុងផ្សេងមួយទៀតរបស់ពួកសាសន៍នីហ្វៃ ។ អាលម៉ា ៤៣:២២ មរ៉ូណៃបានបញ្ជូនអ្នកស៊ើបការណ៍ឲ្យទៅមើលពួកសាសន៍លេមិន ។ លោកក៏បានសូមឲ្យអាលម៉ាអធិស្ឋានទៅកាន់ព្រះអម្ចាស់ទូលសូមជំនួយ ។ ព្រះអម្ចាស់បានប្រាប់អាលម៉ាអំពីទីកន្លែងដែលពួកសាសន៍លេមិននឹងវាយប្រហារ ។ អាលម៉ា ៤៣:២៣–២៤ នៅពេលមរ៉ូណៃបានទទួលសាររបស់អាលម៉ាមក លោកបានឲ្យទាហានមួយចំនួនយាមដែនដីយើសុន ហើយយកកងទ័ពដែលនៅសល់ដើរជាក្បួនទៅជួបពួកសាសន៍លេមិន ។ អាលម៉ា ៤៣:២៥ ពួកទាហានរបស់មរ៉ូណៃបានលាក់ខ្លួននៅសងខាងទន្លេស៊ីដូន រង់ចាំដើម្បីដាក់អន្ទាក់ចាប់កងទ័ពសាសន៍លេមិន ។ អាលម៉ា ៤៣:២៧, ៣១–៣៥ ចម្បាំងមួយបានចាប់ផ្តើម ហើយពួកសាសន៍លេមិនបានព្យាយាមរត់គេចដោយឆ្លងទន្លេនោះ ប៉ុន្តែពួកសាសន៍នីហ្វៃជាច្រើនទៀតបានរង់ចាំពួកគេនៅត្រើយម្ខាងទៀត ។ អាលម៉ា ៤៣:៣៦, ៣៩–៤១ ពួកគេបានប្រយុទ្ធគ្នាខ្លាំងជាងពេលមុនៗ សេរ៉ាហិមណា និងកងទ័ពរបស់គាត់បានសម្លាប់ពួកសាសន៍នីហ្វៃជាច្រើននាក់ ។ ពួកសាសន៍នីហ្វៃបានអំពាវនាវដល់ព្រះអម្ចាស់សូមជំនួយ ។ អាលម៉ា ៤៣:៤៣–៤៤, ៤៩ ព្រះអម្ចាស់បានពង្រឹងកងទ័ពសាសន៍នីហ្វៃ ។ ពួកកងទ័ពបានហ៊ុមព័ទ្ធពួកសាសន៍លេមិន ហើយមរ៉ូណៃបានបញ្ជាឲ្យបញ្ឈប់ការប្រយុទ្ធគ្នា ។ អាលម៉ា ៤៣:៥០, ៥២–៥៤ មរ៉ូណៃបានប្រាប់សេរ៉ាហិមណាថា ពួកសាសន៍នីហ្វៃពុំចង់សម្លាប់ពួកសាសន៍លេមិន ឬធ្វើឲ្យពួកគេក្លាយជាទាសកររបស់ខ្លួនឡើយ ។ អាលម៉ា ៤៤:១–៣ មរ៉ូណៃបានថ្លែងថា ពួកសាសន៍លេមិនពុំអាចបំផ្លាញសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទរបស់ពួកសាសន៍នីហ្វៃបានឡើយ ។ លោកបានថ្លែងថា ព្រះនឹងបន្តជួយពួកសាសន៍នីហ្វៃក្នុងការប្រយុទ្ធ ដរាបណាពួកគេនៅស្មោះត្រង់ ។ អាលម៉ា ៤៤:៤ មរ៉ូណៃបានបង្គាប់ឲ្យសេរ៉ាហិមណាបោះអាវុធរបស់គាត់ចោល ។ ពួកសាសន៍លេមិននឹងពុំត្រូវសម្លាប់ឡើយ ប្រសិនបើពួកគេសន្យាថា ឈប់ប្រយុទ្ធនឹងពួកសាសន៍នីហ្វៃម្តងទៀត ។ អាលម៉ា ៤៤:៥–៦ សេរ៉ាហិមណាបានឲ្យអាវុធរបស់គាត់ទៅមរ៉ូណៃ ប៉ុន្តែពុំបានសន្យាថា នឹងឈប់ប្រយុទ្ធឡើយ ។ មរ៉ូណៃបានប្រគល់អាវុធឲ្យទៅវិញ ដូច្នេះដើម្បីឲ្យពួកសាសន៍លេមិនអាចការពារខ្លួនពួកគេវិញ ។ អាលម៉ា ៤៤:៨, ១០ សេរ៉ាហិមណាបានស្ទុះមកបម្រុងនឹងសម្លាប់មរ៉ូណៃ ប៉ុន្តែទាហានរបស់ពួកសាសន៍នីហ្វៃបានវាយ ហើយបំបាក់ដាវរបស់សេរ៉ាហិមណា ។ អាលម៉ា ៤៤:១២ បន្ទាប់មក ទាហាននោះបានកាប់លលាដ៏ក្បាលរបស់សេរ៉ាហិមណា ដាក់វានៅចុងដាវរបស់គាត់ ហើយលើកវាឡើងទៅលើអាកាស ។ អាលម៉ា ៤៤:១២–១៣ គាត់បានប្រាប់ពួកគេថា ពួកសាសន៍លេមិននឹងដួលចុះ ដូចជាលលាដ៏ក្បាលដែលធ្លាក់ចុះផងដែរ លុះត្រាតែពួកគេបោះអាវុធរបស់ពួកគេ ហើយបានសន្យាមិនប្រយុទ្ធសារជាថ្មីទៀត ។ អាលម៉ា ៤៤:១៤ ពួកសាសន៍លេមិនជាច្រើននាក់បានដាក់អាវុធរបស់ពួកគេទៅក្បែរជើងមរ៉ូណៃ ហើយសន្យាថាឈប់ប្រយុទ្ធទៀត ។ ពួកគេត្រូវបានអនុញ្ញាតឲ្យទៅដោយមានសេរីភាព ។ អាលម៉ា ៤៤:១៥ ដោយខឹងសម្បារ សេរ៉ាហិមណាបានចាក់រុកពួកទាហានរបស់គាត់ដែលនៅសល់ឲ្យប្រយុទ្ធបន្តទៀត ។ ពួកទាហានរបស់មរ៉ូណៃបានសម្លាប់ពួកគេអស់ជាច្រើននាក់ ។ អាលម៉ា ៤៤:១៦–១៨ នៅពេលសេរ៉ាហិមណាបានឃើញថា គាត់ និងទាហានទាំងអស់របស់គាត់ត្រូវបានសម្លាប់ នោះគាត់បានអង្វរមរ៉ូណៃឲ្យទុកជីវិតឲ្យពួកគេ ។ គាត់បានសន្យាថា នឹងពុំប្រយុទ្ធនឹងពួកសាសន៍នីហ្វៃទៀតហើយ ។ អាលម៉ា ៤៤:១៩ មរ៉ូណៃបានបញ្ឈប់ការប្រយុទ្ធគ្នា ហើយបានយកអាវុធរបស់ពួកសាសន៍លេមិន ។ បន្ទាប់ពីពួកគេបានសន្យាថាមិនប្រយុទ្ធទៀត នោះពួកសាសន៍លេមិនក៏ចាកចេញទៅ ។ អាលម៉ា ៤៤:២០, ២៣