ជំពូកទី ៣៣ ពួកនិយមស្តេចប្រយុទ្ធនឹងពួកសេរី ពួកសាសន៍នីហ្វៃមួយចំនួនចង់ឲ្យមេចៅក្រម ពេហូរ៉ាន ផ្លាស់ប្តូរក្រឹត្យវិន័យមួយចំនួន ។ អាលម៉ា ៥១:២–៣ នៅពេលពេហូរ៉ានបានបដិសេធ ប្រជាជនបានខឹងសម្បារ ហើយចង់ទម្លាក់ពេហូរ៉ានចេញពីតំណែងជាមេចៅក្រម ។ ពួកគេចង់បានស្តេច តែមិនចង់បានមេចៅក្រមទេ ។ អាលម៉ា ៥១:៣–៥ ដោយបានហៅថាខ្លួនឯងជាពួកនិយមស្តេច នោះពួកគេសង្ឃឹមថានឹងមានម្នាក់ក្នុងចំណោមពួកគេនឹងក្លាយទៅជាស្តេច ហើយមានអំណោចទៅលើប្រជាជនទាំងនេះ ។ អាលម៉ា ៥១:៥, ៨ ពួកសាសន៍នីហ្វៃដែលចង់ទុកពេហូរ៉ានឲ្យនៅធ្វើជាមេចៅក្រមត្រូវបានហៅថា ពួកសេរី ។ ពួកគេចង់មានសេរីភាពរស់នៅ និងថ្វាយបង្គំតាមចិត្តដែលពួកគេជ្រើសរើស ។ អាលម៉ា ៥១:៦ ប្រជាជនបានបោះឆ្នោតរវាងពួកសេរី និងពួកនិយមស្តេច ។ ភាគច្រើនពួកគេបានបោះឆ្នោតឲ្យពួកសេរី ។ អាលម៉ា ៥១:៧ ក្នុងពេលតំណាលគ្នានោះ អាម៉ាលិកាយកំពុងប្រមូលកងទ័ពដ៏ធំមួយរបស់ពួកសាសន៍លេមិន ដើម្បីមកវាយប្រហារពួកសាសន៍នីហ្វៃ ។ អាលម៉ា ៥១:៩ នៅពេលពួកនិយមស្តេចបានឮថា ពួកសាសន៍លេមិនកំពុងមក នោះពួកគេមានចិត្តសប្បាយរីករាយ ហើយបានបដិសេធមិនព្រមជួយការពារប្រទេសរបស់ពួកគេឡើយ ។ អាលម៉ា ៥១:១៣ មេទ័ពមរ៉ូណៃបានខឹងសម្បារនឹងពួកនិយមស្តេចដោយសារពួកគេពុំព្រមប្រយុទ្ធ ។ គាត់បានធ្វើការយ៉ាងខ្លាំងដើម្បីរក្សាការពារឲ្យពួកសាសន៍នីហ្វៃមានសេរីភាព ។ អាលម៉ា ៥១:១៤ លោកបានសូមអំណាចពីលោកអភិបាល ដើម្បីធ្វើឲ្យពួកនិយមស្តេចប្រយុទ្ធនឹងពួកលេមិន ឬក៏ត្រូវស្លាប់ ។ អាលម៉ា ៥១:១៥ នៅពេលលោកអភិបាលពេហូរ៉ាន បានឲ្យអំណាចនេះដល់មរ៉ូណៃ នោះមរ៉ូណៃបាននាំកងទ័ពរបស់លោកប្រឆាំងនឹងពួកនិយមស្តេច ។ អាលម៉ា ៥១:១៦–១៨ មានពួកនិយមស្តេចជាច្រើនបានស្លាប់ ខ្លះត្រូវចាប់ដាក់គុក ។ អ្នកដែលនៅសល់ទាំងប៉ុន្មានក៏បានជួយការពារប្រទេសរបស់ពួកគេប្រឆាំងនឹងពួកសាសន៍លេមិន ។ អាលម៉ា ៥១:១៩–២០