ជំពូកទី ២០ អាលម៉ា និង នីហូរ ពីមុនស្តេចម៉ូសាយសុគតទៅ ពួកសាសន៍នីហ្វៃបានជ្រើសរើសចៅក្រមដើម្បីដឹកនាំពួកគេ ។ អាលម៉ាជាកូនបានក្លាយជាមេចៅក្រមទីមួយ ។ លោកក៏ជាអ្នកដឹកនាំសាសនាចក្រផងដែរ ។ ម៉ូសាយ ២៨:៤១–៤២ បុរសម្នាក់មានមាឌធំរឹងមាំឈ្មោះនីហូរ បានចាប់ផ្តើមបង្រៀនសេចក្តីកុហក ។ គាត់បាននិយាយថា មនុស្សគ្រប់រូបនឹងត្រូវសង្គ្រោះ ទោះបីពួកគេល្អ ឬអាក្រក់ក្តី ។ មនុស្សជាច្រើនបានជឿតាមនីហូរ ។ អាលម៉ា ១:២–៥ នីហូរបានផ្សាយទាស់នឹងសាសនាចក្ររបស់ព្រះ ប៉ុន្តែបុរសសុចរិតម្នាក់ឈ្មោះគេឌានបានការពាររឿងនោះ ។ នីហូរបានឈ្លោះប្រកែកជាមួយគេឌាន ប៉ុន្តែគេឌានបាននិយាយដោយព្រះបន្ទូលនៃព្រះ ។ អាលម៉ា ១:៧–៨ នីហូរបានខឹងសម្បារ ហើយបានដកដាវរបស់គាត់សម្លាប់គេឌាន ។ អាលម៉ា ១:៩ នីហូរត្រូវបានចាប់ខ្លួនទៅឲ្យអាលម៉ាដើម្បីកាត់ទោស ។ នីហូរបានការពារខ្លួនគាត់យ៉ាងក្លាហាន ។ អាលម៉ា ១:១០–១១ ប៉ុន្តែអាលម៉ាបាននិយាយថា នីហូរមានទោស ដោយសារគាត់បានបង្រៀនប្រជាជនឲ្យក្លាយជាទុច្ចរិត ហើយបានសម្លាប់គេឌាន ។ អាលម៉ា ១:១២–១៣ អាលម៉ាបាននិយាយថា នីហូរត្រូវតែទទួលទោសដោយសារតែការសម្លាប់គេឌាន ។ យោងទៅតាមច្បាប់ នីហូរត្រូវស្លាប់ ។ អាលម៉ា ១:១៤ នីហូរត្រូវបានយកទៅក្បែរកូនភ្នំមួយ ហើយសម្លាប់ចោល ។ ពីមុនគាត់ស្លាប់ គាត់បាននិយាយថា អ្វីៗគ្រប់យ៉ាងដែលគាត់បានបង្រៀនគឺខុសឆ្គង ។ ប៉ុន្តែមនុស្សជាច្រើននៅតែជឿលើការបង្រៀនដ៏ទុច្ចរិតរបស់នីហូរ ។ អាលម៉ា ១:១៥–១៦ មនុស្សទាំងនេះស្រឡាញ់ទ្រព្យសម្បត្តិ ហើយពុំគោរពតាមបទបញ្ញត្តិព្រះឡើយ ។ ពួកគេសើចចំអកដាក់សមាជិកសាសនាចក្រ ហើយឈ្លោះប្រកែក និងវាយពួកគេ ។ អាលម៉ា ១:១៦, ១៩–២០, ២២ ពួកប្រជាជនសុចរិតបានបន្តគោរពតាមបទបញ្ញត្តិ ហើយពុំរអ៊ូរទាំឡើយ ទោះបីជានៅពេលដែលអ្នកដើរតាមនីហូរធ្វើបាបពួកគេក្តី ។ អាលម៉ា ១:២៥ សមាជិកសាសនាចក្របានចែកនូវអ្វីគ្រប់យ៉ាងដែលពួកគេមានជាមួយអ្នកទ័លក្រ ហើយពួកគេមើលថែអ្នកឈឺ ។ ពួកគេបានគោរពព្រះបញ្ញត្តិ ហើយព្រះបានប្រទានពរពួកគេ ។ អាលម៉ា ១:២៧, ៣១