បណ្ណាល័យ
ពិធី​សាក្រាម៉ង់


« ពិធី​សាក្រាម៉ង់ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ចាត់ចែង​ពិធីសាក្រាម៉ង់​ជាមួយ​នឹង​សិស្ស​របស់​ទ្រង់

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ពិធី​សាក្រាម៉ង់

ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​ទាញ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ

តើ​ពិធី​សាក្រាម៉ង់​មាន​ន័យយ៉ាងណា​សម្រាប់​បងប្អូន ? ការ​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ជា​រៀង​រាល់​សប្តាហ៍ អាច​ក្លាយ​ជា​ចំណុច​សំខាន់​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​បងប្អូន​នៅ​ពេល​បងប្អូន​ព្យាយាម​យល់​អំពី​អត្ថន័យ​របស់​វា ។ មិន​យូរ​ប៉ុន្មាន​មុន​ពេល​ការឆ្កាង​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ប្រមូល​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ទទួល​ទាន​អាហារ​ដើម្បី​រំឭក​ដល់​ពិធីបុណ្យ​រំលង ។ ទ្រង់​បាន​ដឹង​ថា​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ហៀប​នឹង​ដល់ទី​បញ្ចប់ ហើយ​ថា​ទ្រង់​នឹង​ចាក​ចេញ​ពី​សិស្ស​របស់​ទ្រង់ ។ ទ្រង់​ចង់​ឲ្យ​ពួកគេ​ចងចាំ​ការ​បង្រៀន​របស់​ទ្រង់ ។ នៅ​ក្នុង​ការរៀបចំ​នោះ ព្រះយេស៊ូវ​បាន​ប្រទាន​នំបុ័ង និង​ស្រា​ទំពាំងបាយជូរ​ដល់​សិស្ស​របស់​ទ្រង់ ដោយ​ពន្យល់​ថា​ពួក​គេ​នឹង​ចូល​រួម​ក្នុង​ការ​ចងចាំ​ដល់​រូបកាយ និងព្រះ​លោហិត​របស់​ទ្រង់ ។

ការ​ខិតខំ​របស់​បងប្អូន​ក្នុង​ការ​សិក្សា​អំពី​អត្ថន័យ និង​គោលបំណង​នៃ​ពិធីសាក្រាម៉ង់ អាច​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​នៃអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បងប្អូន ។

តើ​ពិធី​សាក្រាម៉ង់​ជា​អ្វី​ទៅ ?

សាក្រាម៉ង់​គឺ​ជា​ពិធីបរិសុទ្ធ​បព្វជិតភាព​ដែល​សមាជិក​សាសនាចក្រ​ទទួលទាន​នំបុ័ង និង​ទឹក​ជា​រៀង​រាល់​សប្តាហ៍​ដើម្បី​ចងចាំ​ពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នំប៉័ង​ដែល​កាច់​គឺ​ជា​ការ​រំឭក​អំពី​រូបកាយ​របស់​ទ្រង់ និង​ការរង​ទុក្ខ​ខាង​រូបកាយ​របស់​ទ្រង់ ។ ទឹក​តំណាង​ឲ្យ​លោហិត​របស់​ព្រះយេស៊ូវ​ដែល​បាន​បង្ហូរ​ក្នុង​ការ​ឈឺ​ចាប់​យ៉ាង​ក្រៃលែង ។ នៅ​ពេល​ដែល​យើង​បាន​ទទួលទាន​សាក្រាម៉ង់ដោយស័ក្ដិសម​នោះ​យើង​រំឭក​សេចក្តី​សញ្ញា​របស់​យើង​ជា​ថ្មី​ជាមួយនឹង​ព្រះអម្ចាស់ យើង​ររក្សា​បាន​ការផ្តាច់បាប​​របស់​យើង ហើយ​យើង​ប្តេជ្ញា​ចិត្ត​របស់​យើង​ជាថ្មី​ក្នុង​ការដើរ​តាម​ព្រះយេស៊ូវ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ពិធី​សាក្រាម៉ង់

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះយេស៊ូវ​គ្រីស្ទ, ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ, សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ, ថ្ងៃ​ឈប់​សម្រាក

កណ្ឌ​ទី ១

ពិធី​សាក្រាម៉ង់​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សមាជិក​ក្រុម​ជំនុំ​ដែល​ទទួល​ថាស​សាក្រាម៉ង់

ថ្ងៃ​បន្ទាប់​ពី​ថ្ងៃដែលទ្រង់​បាន​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ​ដល់​មនុស្ស ៥០០០ នាក់ នោះ​ព្រះយេស៊ូវ​បាន​ផ្សព្វផ្សាយ ហើយ​បាន​បង្រៀន​ថា « អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត » ។ ( យ៉ូហាន ៦:៥៤ ) ។ នៅ​ពេល​នោះ​ពាក្យ​ទាំង​នេះ​ហាក់ដូច​ជា​ធ្វើ​ឲ្យ​សិស្ស​របស់​ទ្រង់​ច្របូកច្របល់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អត្ថ​ន័យ​របស់​ពាក្យ​ទាំងនោះ​ក្រោយ​មក​ត្រូវ​បាន​បញ្ជាក់​យ៉ាងច្បាស់ នៅ​ពេល​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​អំពី​សាក្រាម៉ង់​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ក្នុង​អំឡុង​ពេល​អាហារ​យប់ថ្ងៃចុងក្រោយ ។

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បងប្អូន​មាន​ឱកាស​ចូលរួម​ជា​រៀងរាល់​សប្តាហ៍​ក្នុង​ពិធីបរិសុទ្ធ​នេះ ។ ការទទួលទាន​នំប៉័ង និង​ទឹក​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ពី​សាច់ និង​លោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ប្រទាន​ដោយ​ស្ម័គ្រព្រះទ័យ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន​ដំណើរ​រឿង​ព្រះគម្ពីរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ណែនាំ​ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់​ទៅដល់​ពួក​សិស្ស​របស់​ទ្រង់​នៅ​ក្រុង​យេរូសាឡិម ( សូមមើល ម៉ាថាយ ២៦:២៦–២៨; ម៉ាកុស ១៤:២២–២៤; លូកា ២២:១៩–២០ ) និង​ដល់​ពួកសាសន៍​នីហ្វៃ ( សូមមើល នីហ្វៃទី៣ ១៨:១–១១ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញពី​ផ្នែក​នេះ​អំពី​ពិធី​សាក្រាម៉ង់ ? វា​ក៏​អាច​មាន​ប្រយោជន៍​ក្នុង​ការ​អាន​ដំណើររឿង​ដែល​មាន​នៅ​ក្នុង ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, ម៉ាថាយ ២៦:២២, ២៤–២៥ ( ឧបសម្ព័ន្ធ​ព្រះគម្ពីរ​បរិសុទ្ធ ) និង ការបកប្រែ​ដោយ យ៉ូសែប​ស្ម៊ីធ, ម៉ាកុស ១៤:២០–២៥ ( នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​បរិសុទ្ធ ) ។

  • សូម​អាន ម៉ូសេ ៥:៤–៨ ។ ពី​បុរាណ​មក ព្រះ​បាន​បញ្ជា​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ថ្វាយ​យញ្ញបូជា​សត្វ​ដែល​តំណាង​ឲ្យ ឬ​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ—កូនចៀម​នៃ​ព្រះ ។ តើ​សព្វថ្ងៃពិធី​សាក្រាម៉ង់​ធ្វើឡើង​ក្នុង​គោលបំណង​មួយ​ដូច​គ្នា​នឹង​ការពលិកម្ម​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដោយ​របៀបណា ? ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:៩–១២ ) ។

  • ព្រះអម្ចាស់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ ថា​វា​មិន​សំខាន់​អ្វី​ដែល​យើង​បរិភោគ ឬ​ផឹក​សម្រាប់​ពិធី​សាក្រាម៉ង់​ទេ ដរាប​ណា​យើង​ចងចាំ​អំពី​គោល​បំណង​សម្រាប់​​ពិធី​នោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១–២ ) ។ សូម​ពិចារណា​ថា​ហេតុអ្វី​បានជា​យើង​ប្រើ​ជា​និមិត្តសញ្ញា​សាក្រាម៉ង់​មិន​សំខាន់​ដូច​អ្វី​ដែល​និមិត្តសញ្ញា​ទាំង​នោះ​ជួយ​យើង​ឲ្យ​ចងចាំ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ពិចារណា​មើល​វីដេអូ « Sacrament » ( នាទីទី ២:៥៩ ) ឬ « Always Remember Him » ( នាទីទី ៥:២៧ ) ។ បងប្អូន​អាច​ពិភាក្សា​អំពី​របៀប​ដែល​ការ​ខិតខំ​របស់​បងប្អូន​ដើម្បី​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់​អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ និង​សកម្មភាព​របស់​បងប្អូន ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្ដោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អំឡុង​ពេលប្រជុំ​សាក្រាម៉ង់ និង​ពេល​ដែលទទួលទាន​សាក្រាម៉ង់ ?

ស្វែងយល់​បន្ថែម​ទៀត

កណ្ឌ​ទី ២

ការរៀបចំខ្លួន​ឲ្យ​មាន​ភាព​ស័ក្តិសម​សម្រាប់​ពិធី​សាក្រាម៉ង់​នាំមក​នូវ​ពរជ័យ

បំណែក​នំប៉័ង និង​ពែង​ទឹក​តូចៗ

ពេល​ខ្លះ​បងប្អូន​ប្រហែល​ជា​បាន​ឃើញខ្លួន​ឯង​គ្រាន់​តែ​អង្គុយ​ក្នុង​ពិធី​សាក្រាម៉ង់ ភ្លេច​នូវ​គោលបំណង​នៃការ​ទទួល និង​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នៃ​ពិធីបរិសុទ្ធ​នេះ ដូចព្រះទ័យ​ដែល​ព្រះអម្ចាស់​ចង់បាន ។ ប៉ុន្តែ​ការ​ខិតខំ​របស់​បងប្អូន​ដើម្បី​រៀបចំ​ខ្លួន និង​ទទួលទានសាក្រាម៉ង់​ដោយ​ភាពស័ក្តិសម​អាច​ធ្វើ​ឲ្យ​បងប្អូន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ពរជ័យ​ដ៏​សម្បូរ​បែប ។

អែលឌើរ ដេវីឌ អេ បែដណា បានពន្យល់ថា « ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​គឺជា​ការ​អញ្ជើញ​ដ៏​ពិសិដ្ឋ និង​ដដែលៗ​ឲ្យ​ប្រែចិត្ត​ដោយ​ស្មោះ និង​ដើម្បី​រំឭកជា​ថ្មី​ខាងវិញ្ញាណ ។ ទង្វើនៃ​ការទទួល​ទាន​សាក្រាម៉ង់ ពុំ​កាត់​បន្ថយ​បាប​របស់​យើង​ទេ ។ ប៉ុន្តែ​នៅពេល​យើង​រៀបចំ​ដោយ​យកចិត្ត​ទុកដាក់ និង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ដោយ​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​ការសន្យា​នឹង​មាន​ចំពោះ​យើងថា យើង​អាច​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់នៅ​ជាមួយនឹង​យើង​ជានិច្ច ។ ហើយ​តាមរយៈ​អំណាច​នៃ​ការញែកចេញ​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នោះ​យើង​អាច​ទទួល​ការផ្ដាច់​បាប​របស់​យើង ជានិច្ច » ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន កូរិនថូស ទី១ ១១:២៣–២៩ ។ តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស​ម្នាក់​ក្នុង​ការ « ពិនិត្យ​មើល​ខ្លួន​ឯង » នៅ​ពេល​ដែល​ទទួលទាន​សាក្រាម៉ង់ ? ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ក្នុង​ការរៀបចំ​ខ្លួន​ដើម្បី​មាន​ភាពស័ក្តិសម​ក្នុងការ​ទទួលទាន​សាក្រាម៉ង់ ?

  • សូម​ស្ដាប់ ឬ​អាន​ពាក្យ​នៃ​ទំនុកតម្កើង​សាក្រាម៉ង់​ដូច​ជា « មាន​ភ្នំ​ខៀវ​មួយ​នៅដ៏​សែនឆ្ងាយ » ឬ « ព្រះអង្គ​អើយ​យើង​បន្ទាប​ខ្លួនប្រាណ » ។ តើ​ការ​ពិចារណា​សារលិខិត​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ទំនុក​តម្កើង​នៃពិធីសាក្រាម៉ង់​នេះ​អាច​ធ្វើ​ឲ្យ​បងប្អូន​មានការ​ដឹង​គុណ​ចំពោះ​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ កាន់តែខ្លាំង​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន​ពាក្យ​​អធិស្ឋាន​របស់​ពិធី​សាក្រាម៉ង់​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៥–៧៩ ។ សូម​អញ្ជើញ​មនុស្ស​មួយចំនួន​នៅ​ក្នុង​ក្រុម​របស់​បងប្អូន​ឲ្យ​ស្វែងរក​អ្វី​ដែល​យើង​សន្យា ​នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ អំឡុងពេលដែល​អ្នក​ផ្សេង​ទៀត​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​សន្យា​ថា​នឹង​ផ្តល់ឲ្យ​ត្រឡប់​មកវិញ ។ បងប្អូន​ក៏​អាច​ឲ្យ​ក្រុម​នេះ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៣៧ ហើយ​ពិភាក្សា​អំពី​ភាព​ស្រដៀង​គ្នា​រវាង​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេលនៃពិធី​សាក្រាម៉ង់ និង​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ពិធី​សាក្រាម៉ង់

កំណត់​ចំណាំ

  1. ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦១–៦២ ។

  2. ទំនុក​តម្កើង ល.រ. ១១៦១០២ ។