បណ្ណាល័យ
ពិភព​វិញ្ញាណ


« ពិភព​វិញ្ញាណ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
កាំរស្មី​ពន្លឺ​ដែល​ចាំងកាត់ពពក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ពិភព​វិញ្ញាណ

កន្លែង​ដែល​វិញ្ញាណ​រស់នៅ​ក្នុង​ចន្លោះ​រវាង​សេចក្តី​ស្លាប់ និង​ការរស់​ឡើងវិញ​របស់​យើង

តើ​អ្នក​ធ្លាប់​ឆ្ងល់ទេ​ថា តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​យើង​ស្លាប់ទៅ ? ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​យ៉ាង​ច្បាស់ថា ជីវិត​នៅលើ​ផែនដី​នេះ​មិនមែន​ជា​អ្វីៗ​ទាំងអស់​នោះទេ ។ រូបកាយ​ខាង​វិញ្ញាណ​របស់​យើង​មាន​វត្ដមាន​មុន​ពេល​យើង​កើតមក ហើយ​នឹង​បន្ត​រស់​នៅ​បន្ទាប់​ពី​យើង​ស្លាប់​ទៅ ។ បន្ទាប់​ពី​សេចក្ដីស្លាប់ យើង​ទៅ​កាន់​ពិភព​វិញ្ញាណ​ដើម្បី​រង់ចាំ​ការ​រស់​ឡើង​វិញ​របស់​យើង ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ត្រូវ​បាន​បង្រៀន​នៅក្នុង​ពិភព​វិញ្ញាណ​ផងដែរ ។ ពីព្រោះ​ព្រលឹង​គ្រប់​រូប​មាន​តម្លៃ​ចំពោះ​ព្រះ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្ដល់​នូវ​វិធី​មួយ​ដើម្បី​សង្គ្រោះ​ដល់​អស់អ្នក​ទាំងឡាយណា​ដែល​បាន​ស្លាប់​ដោយ​គ្មាន​ឱកាស​ដើម្បី​ទទួល​ដំណឹង​ល្អ ។

តើ​ពិភព​វិញ្ញាណ​គឺជា​អ្វី ?

ពិភព​វិញ្ញាណ​គឺ​ជា​កន្លែង​ដែល​វិញ្ញាណ​របស់​អ្នក​ស្លាប់​រស់​នៅ​ជា​បណ្តោះ​អាសន្ន ខណៈ​ដែល​ពួក​គេ​រង់ចាំ​ការ​រស់​ឡើង​វិញ ។ ពិភព​វិញ្ញាណ​មាន​ទាំង​ស្ថាន​បរមសុខ និង​ស្ថាន​ឃុំ​ព្រលឹង ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​បុគ្គល​ទាំងនោះ​ដែល​មិនមាន​ឱកាស​ក្នុង​ជីវិត​រមែងស្លាប់​ដើម្បី​ទទួល​យក​ដំណឹងល្អ និង​ទទួល​នូវ​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្រ្គោះ និង​ភាព​តម្កើងឡើង ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ពិភព​វិញ្ញាណ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ, ការរស់​ឡើងវិញ, ពិធិបរិសុទ្ធ​ជំនួស​សម្រាប់​មរណជន, ការ​ចូល​រួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ផ្នែក​ទី ១

មាន​ជីវិត​ក្រោយពី​ការស្លាប់

រូបភាព
ក្មេងស្រី​កំពុង​ដាក់​ផ្កា​នៅលើ​ផ្នូរ

ការ​ស្លាប់​របស់​មិត្ត​ភក្តិ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ធ្វើឲ្យ​កើត​មាន​ការ​ឈឺចាប់ និង​ទុក្ខ​សោក ។ ពេល​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​អ្នកដទៃ​គឺជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់​របស់យើង ព្រះគម្ពីរ​ប្រកាស​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដកចេញ​នូវ « ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ » តាមរយៈ​ការមាន​ព្រះជន្មរស់​ឡើងវិញ​ពី​សេចក្តីស្លាប់​របស់​ទ្រង់ ( ម៉ូសាយ ១៦:៨; អាលម៉ា ២២:១៤; មរមន ៧:៥ ) ។ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ នោះ​យើង​ទាំងអស់គ្នា​នឹង​រស់​ឡើងវិញ ( សូម​មើល អាលម៉ា ១១:៤២-៤៣ ) ។ នៅពេល​យើង​ស្លាប់ រូបកាយ​ខាង​សាច់ឈាម​របស់​យើង និង​រូបកាយ​ខាង​វិញ្ញាណ​របស់​យើង​ត្រូវ​បាន​បំបែក​ចេញ​ពី​គ្នា ។ រូបកាយ​ខាង​វិញ្ញាណ​របស់​យើង « គឺ [ ត្រូវ ] បាន​ចាត់​តាំង​ឲ្យ​ទៅ​កន្លែង​មួយ​ទៅតាម​កិច្ចការ [ របស់​យើង ] ទោះ​គេ​ល្អ ឬ​អាក្រក់​ក្ដី នៅ​ទី​នោះ​ដើម្បី​រង់ចាំ​ការ​រស់​ឡើង​វិញ » ។ ( សូម​មើល អាលម៉ា ៤០:១១–១៣ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អែលឌើរ វេឌើរហ្វដ ធី ក្លេតុន បាន​សង្កេត​ឃើញ​ថា « ពិភពលោក​នេះ​មើល​ឃើញ​ថា​ការ​ចាប់​កំណើត​គឺជា​ការ​ចាប់ផ្ដើម ហើយ​ក្ដី​ស្លាប់គឺ​ជា​ចុង​បញ្ចប់ ។ ប៉ុន្តែ​ដោយសារ​ផែនការ​ដ៏​បរិសុទ្ធ​របស់​ព្រះ យើង​ដឹង​ថា ការ​ចាប់​កំណើត និងសេច​ក្ដី​ស្លាប់ តាម​ពិត​ទៅ​គ្រាន់​តែ​ជា​គ្រា​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​របស់​យើង​ទៅ​កាន់​ជីវិត​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​យើង​ប៉ុណ្ណោះ » ។ តើ​ទស្សនៈ​នេះ​អាច​រៀបចំ​អ្នក​សម្រាប់​នៅពេល​ដែល​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់​ស្លាប់​ដោយ​របៀបណា ?

  • សូម​អាន កូរិនថូស ទី១ ១៥:៥១–៥៥, ៥៧ ។ សូម​គិត​ត្រឡប់​ទៅ​គ្រា​មួយ​ដែល​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់​បាន​ស្លាប់ ។ តើ​ចំណេះដឹង​ដែលថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យកឈ្នះ​លើ​សេចក្តី​ស្លាប់​ជួយ​ដល់​អ្នកដោយ​របៀបណា ? តើ​អ្នក​អាច​ប្រើ​ចំណេះ​ដឹង​នោះ​ដើម្បី​ពង្រឹង​អ្នក​ដទៃ​ដែល​មាន​សំណួរ​អំពី​ការ​បាត់បង់ និង​សេចក្ដី​ស្លាប់​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ដើម្បី​ជួយ​អស់អ្នក​ទាំងឡាយណា​ដែល​មិន​យល់​អំពី​គំនិត​នៃ​រូបកាយ​ខាង​វិញ្ញាណ អ្នក​អាច​ប្រើ​ស្រោមដៃ​ដើម្បី​តំណាង​ឲ្យ​រូបកាយ​ខាង​សាច់ឈាម និង​ដៃ​របស់​អ្នក​ដើម្បី​តំណាង​ឲ្យ​វិញ្ញាណ ។ ដាក់​ដៃ​ចូល​ទៅក្នុង​ស្រោមដៃ ហើយ​ចង្អុលបង្ហាញ​ថា ស្រោមដៃ​នោះ « មាន​ជីវិត » នៅពេល​មាន​ដៃ​នៅ​ក្នុងនោះ ។ បន្ទាប់​មក​ដក​ដៃ​របស់​អ្នក​ចេញវិញ ហើយ​ពន្យល់​ថា​ដៃ​នៅ​តែ​បន្ត​រស់​នៅ​ទោះបីជា​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្រោមដៃ​នោះ​ក៏ដោយ ។ បន្ទាប់​មកអ្នក​អាច​ដាក់​ដៃ​ចូល​ទៅក្នុង​ស្រោមដៃ​នោះ​វិញ​ហើយ​ពន្យល់​ថា បន្ទាប់​ពី​យើង​បាន​រស់​ឡើងវិញ វិញ្ញាណ​របស់​យើង និង​រូបកាយ​របស់​យើង​នឹង​មិន​ត្រូវ​បាន​បែកចេញ​ពីគ្នា​ទៀត​ឡើយ ។ ( សូម​មើល អាលម៉ា ១១:៤៥ ) ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ពិភព​វិញ្ញាណ ?

រូបភាព
ផ្នូរ​ទទេ

បន្ទាប់​ពី​សេចក្តី​ស្លាប់ រូបកាយ​ខាង​វិញ្ញាណ​របស់​យើង​ទៅ​កាន់​ពិភព​វិញ្ញាណ ។ នៅ​ទីនោះ វិញ្ញាណ​របស់​ពួក​សុចរិត « នឹង​បាន​ទទួល​ស្ថានភាព​នៃ​សុភមង្គល ដែល​ជាស្ថាន​បរមសុខ ដែល​ជា​ស្ថានភាព​ឈប់​សម្រាក ស្ថានភាព​សុខសាន្ត ជា​កន្លែង​ដែល​គេ​នឹង​បាន​សម្រាក​ពី​អស់​ទាំង​កង្វល់ ពី​អស់​ទាំង​ការ​បារម្ភ និង​ពី​ទុក្ខ​ព្រួយ ( អាលម៉ា ៤០:១២ ) ។ «​ ពួក​អ្នក​ដែល​ … ស្លាប់ ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ដោយ​គ្មាន​ការ​ចេះ​ដឹង​ពី​សេចក្ដី​ពិត ឬ​នៅ​ក្នុង​ការ​រំលង​ដោយ​បាន​បដិសេធ​ពួក​ព្យាការី » គឺ​វិញ្ញាណ​ដែល​នៅក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៣២; សូម​មើល​ផងដែរ ពេត្រុស ទី១ ៣:១៨-២០ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • វិញ្ញាណ​ដែល​នៅក្នុង​ស្ថាន​ឃុំ​វិញ្ញាណ​អាច​ទទួល​បាន​ការ​បង្រៀន​អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​ស្ថានភាព​នៃ​វិញ្ញាណ​មួយ​ចំនួន​នៅ​ក្នុងស្ថាន​ឃុំ​វិញ្ញាណ ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​នៅ​ក្នុង​ព្រះគម្ពីរ​ថាជា « នរក » ឬ​ជា​កន្លែង​បណ្តោះ​អាសន្ន​ដែល​អស់អ្នក​ដែល​មិន​ស្មោះ​ត្រង់ និង​អស់អ្នក​ដែល​នឹង​មិន​ទទួល​បាន​ដំណឹង​ល្អ​រង​ទុក្ខ​រហូត​ដល់​ការ​រស់​ឡើង​វិញ​របស់​ពួក​គេ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៨១-៨៥ ) ។ បុគ្គល​ដែល​ជ្រើស​រើស​មិន​ប្រែ​ចិត្ត​ពីអំពើ​បាប​របស់​ខ្លួន ឬ​ទទួល​យក​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​រងទុក្ខ​វេទនា ព្រោះតែ​អំពើ​បាប​ផ្ទាល់​ខ្លួន​របស់​ពួកគេ​មុន​នឹង​ត្រូវ​បាន​សង្គ្រោះ​ទៅ​ក្នុង​នគរ​នៃ​សិរី​ល្អនៅ​ក្នុងភាព​អស់កល្ប​ជានិច្ច ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦-១៨ ) ។ តើ​វគ្គបទគម្ពីរ​នេះ​អាច​ជួយ​អ្នកឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​បទពិសោធន៍​របស់​អស់អ្នក​ដែល​ជាប់ក្នុង​ស្ថាន​ឃុំ​វិញ្ញាណដោយ​របៀបណា ?

  • វិញ្ញាណ​ក្នុង​ស្ថាន​បរមសុខ គឺ​ជា​វិញ្ញាណ​របស់​មនុស្ស​សុចរិត​ដែល « បាន​ទទួល​នូវ​ស្ថានភាព​នៃ​សុភមង្គល … ដែល​ជា​ស្ថានភាព​ឈប់​សម្រាក ស្ថានភាព​សុខសាន្ត ជា​កន្លែង​ដែល​គេ​នឹង​បាន​សម្រាក​ពី​អស់​ទាំង​កង្វល់ ពី​អស់​ទាំង​ការ​បារម្ភ និង​ពី​ទុក្ខ​ព្រួយ » ( អាលម៉ា ៤០:១២ ) ។ តើ​សេចក្ដី​ពិត​នេះ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​រក្សា​បញ្ញត្តិ​របស់​ព្រះ និង​រស់​នៅ​ដោយ​សុចរិត​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ដើម្បី​រៀន​អំពី​អ្វី​ដែល​ព្រះគម្ពីរ​បង្រៀន​អំពី​ពិភព​វិញ្ញាណ សូម​បង្កើត​ជួរ​ឈរ​ពីរ​នៅ​លើ​ក្រដាស ហើយ​ដាក់​ស្លាក​ម្ខាង​ថា « សុចរិត » និង​ម្ខាង​ទៀត « ទុច្ចរិត » ។ បន្ទាប់​មក​សិក្សា អាលម៉ា ៤០:៦–១៤ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:១២-១៤, ២០-២២ ។ សូម​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង​វគ្គបទគម្ពីរ​ទាំង​នេះ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ដំណឹងល្អ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​ពិភព​វិញ្ញាណ

រូបភាព
យុវនារី

តើ​អ្នកបាន​ពិចារណា​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​ស្លាប់​ដោយ​មិន​ធ្លាប់​ឮ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ដោយ​មិន​មាន​ឱកាស​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និងភាពតម្កើងឡើង​ដែរទេ ? ព្រះវរបិតា​សួគ៌​ដ៏​ឈ្លាសវៃ និង​ជាទី​ស្រឡាញ់​បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​ដើម្បី​ត្រឡប់​ទៅរស់នៅ​ជាមួយនឹង​ទ្រង់​វិញ ប្រសិនបើ​ពួកគេ​ជ្រើសរើស​ធ្វើ​ដូច្នោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ដល់​សមាជិក​សាសនាចក្រ​ថា « ចូរ​ឲ្យ​ពួក​អ្នក​ស្លាប់​បន្លឺ​សំឡេង​ច្រៀង​អំពី​ការ​សរសើរ​តម្កើង​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ក្សត្រា អេម៉ាញូអែល ដែល​បាន​តែងតាំង​ឡើង​មុន​កំណើត​លោកិយ​មក​ម្ល៉េះ ដែល​នឹង​ធ្វើ​ឲ្យ​យើង​អាច​ប្រោស​លោះ​ពួក​គេ​ឲ្យ​រួច​ពី​គុក​របស់​ពួក​គេ ព្រោះ​ពួក​អ្នក​ជាប់​គុក​នឹង​បាន​រួច » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:២២ ) ។

នៅ​ឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ឃើញ​ការ​និមិត្ត​ដ៏​អស្ចារ្យ​មួយ​អំពី​ពិភព​វិញ្ញាណ ។ សេចក្ដី​លម្អិត​នៃ​ការ​និមិត្ត​នោះ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨ បញ្ជាក់​ពី​ការ​យល់​ដឹង​របស់​យើង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ឲ្យអស់អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ចំណង​នៃ​ស្ថានឃុំព្រលឹង​មាន​លទ្ធភាព​រៀន​អំពី​ដំណឹង​ល្អ ប្រែ​ចិត្ត និង​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​សំខាន់ៗ​នៃ​បព្វជិតភាព ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨:១៦–១៩, ៥០–៥២ ។ យោង​តាម​ខគម្ពីរ​ទាំង​នេះ តើ​ពិភព​វិញ្ញាណ​ទាំង​មូល​ប្រៀប​ដូច​ជា​គុក​ សូម្បីតែ​សម្រាប់​វិញ្ញាណ​សុចរិត​យ៉ាងដូចម្តេច ? ( សូម​មើល ពេត្រុស ទី១ ៣:១៨-២០; ៤:៦ ) ។ តើ​បុគ្គល​ទាំង​នោះ​មាន​អារម្មណ៍​យ៉ាងណា​នៅក្នុង​ស្ថាន​បរមសុខ​នៅ​ពេល​ដែល​ព្រះយេស៊ូ​គ្រីស្ទ​សុគត និង​នៅពេល​ទ្រង់​បង្ហាញ​ព្រះកាយ​នៅ​ក្នុង​ពិភព​វិញ្ញាណ ?

  • សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:២៩-៣៧, ៥៧-៥៩ ដោយ​ស្វែងរក​របៀប​ដែល​ពរជ័យ​នៃ​ដំណឹង​ល្អ​ត្រូវបាន​ផ្តល់​ឲ្យ​បុគ្គល​ទាំងឡាយ​ដែល​បាន​ស្លាប់​ដោយ​មិន​បាន​ទទួល​ដំណឹង​ល្អ​ក្នុង​ជីវិត​នេះ ។ តើ​វា​មាន​ន័យ​ចំពោះ​អ្នក​យ៉ាង​ណា​ដែល​ថា​បុព្វការីជន​របស់​អ្នក​អាច​ត្រូវ​បាន​សង្គ្រោះ​ដោយសារ​តែ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « រាល់​ពេលដែល​បងប្អូន​ធ្វើ​អ្វី​មួយ​ដែល​ជួយដល់​នរណា​ម្នាក់—នៅទាំង​សងខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ​នោះ​បងប្អូន​កំពុង​ជួយ​ប្រមូល​ផ្តុំអ៊ីស្រាអែល​ហើយ » ។ ពិភាក្សា​អំពី​វិធី​ដែល​អ្នក​អាច​ជួយ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទទួល​បាន​ការប្រោសលោះ និង​ទទួល​បាន​នូវ​ពិធីបរិសុទ្ធ​ចាំបាច់​នានា ។ អញ្ជើញ​សមាជិក​ក្រុម​ដែល​បាន​ចូលរួម​ក្នុង​ការងារ​នោះ ដើម្បី​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. យ៉ូសែប ហ្វីលឌីង ស្ម៊ីធ Answers to Gospel Questions ( ឆ្នាំ ១៩៥៨ ), ២:៨៥ ។

  2. វេឌើរហ្វដ ធី ក្លេតុន « Our Father’s Glorious Plan » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២៦ ។

  3. រ័សុល អិម ណិលសុន « ក្តីសង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវវ័យ ថ្ងៃ ទី​៣ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

បោះពុម្ព