បណ្ណាល័យ
ព្រះគម្ពីរ


« ព្រះគម្ពីរ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
គ្រួសារ​កំពុង​អាន​ព្រះគម្ពីរ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ព្រះគម្ពីរ

កំណត់​ត្រា​អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយនឹង​បុត្រាបុត្រី​របស់​ទ្រង់

តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ស្វែងរក​វគ្គបទគម្ពីរ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​ហាក់​ដូច​ជា​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក​ដែរ​ឬ​ទេ ? ព្រះគម្ពីរ​មាន​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ ( សូម​មើល លូកា ២៤:៣២; នីហ្វៃទី២ ៣២:៣ ) ។ ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ហើយ​ដឹកនាំ​យើង​ទៅ​រក​ទ្រង់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង ។ ព្រះ​វរបិតា​សួគ៌​ដ៏​ជាទី​ស្រឡាញ់​របស់​យើង​បាន​ប្រទាន​ព្រះគម្ពីរ​ដល់​យើង ដើម្បី​បង្រៀន​យើង​អំពី​ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ដឹកនាំ​យើង ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម និង​អ្វីៗ​ច្រើន​ជាង​នេះ​ទៀត ។ ក្នុង​ប្រវត្តិ​សាស្ត្រ​ព្យាការី​ពី​បុរាណ និង​សម័យ​ទំនើប​បាន​កត់​ត្រា​សារដ៏ទេវភាព​ទាំងឡាយ​ដែល​ពួក​លោក​ទទួល និង​ដំណើរ​រឿង​នានា​អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយនឹង​បុត្រាបុត្រី​របស់​ទ្រង់ ។ យើង​មាន​ពរ​ដែល​មាន​លទ្ធភាព​ទទួល​បាន​ព្រះ​បន្ទូល​របស់​ព្រះ​នៅ​ក្នុង​ជំនាន់​របស់​យើង ។

តើ​ព្រះគម្ពីរ​ជា​អ្វី ?

ព្រះគម្ពីរ​គឺជា​សៀវភៅ​ពិសិដ្ឋ​ដែល​មាន​ព្រះបន្ទូល​របស់​ព្រះ ការបង្រៀន​របស់​ព្យាការី និង​កំណត់ត្រា​បំផុសគំនិត​អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយនឹង​បុត្រាបុត្រី​របស់​ទ្រង់ ( សូម​មើល ពេត្រុស ទី២ ១:២០-២១ ) ។ ព្រះគម្ពីរ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ត្រូវ​បាន​ហៅថា « គម្ពីរបមាណី » ដែល​រួមមាន ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តី​សញ្ញា និង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះគម្ពីរ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះគម្ពីរ​ប៊ីប, ព្រះគម្ពីរ​មរមន, ព្យាការី, ការបង្រៀន និង​ការ​រៀន​សូត្រ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​ទី ១

ព្រះគម្ពីរ​អាច​នាំ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតា​សួគ៌​របស់អ្នក និង​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
យុវវ័យ​កំពុង​អាន​ព្រះគម្ពីរ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បញ្ជាក់ថា « គោលបំណង​សំខាន់​នៃ​ព្រះគម្ពីរ​ទាំងអស់​គឺ​ដើម្បី​បំពេញ​ព្រលឹង​របស់​យើង​នូវ​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។ សារលិខិត និង​អំណាច​ខាង​វិញ្ញាណ​នៃ​ព្រះគម្ពីរ​ដឹកនាំ​យើង​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ ប្រធាន អែសរ៉ា ថាហ្វ ប៊ែនសិន បាន​បង្រៀន​ថា « ព្រះបន្ទូល​របស់​ព្រះ​ដូច​មាន​នៅក្នុង​ព្រះគម្ពីរ … មាន​អំណាច​ក្នុង​ការ​ពង្រឹង​ពួក​បរិសុទ្ធ ហើយ​ប្រដាប់​ដោយ​ព្រះវិញ្ញាណ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ទប់​ទល់​នឹង​អំពើ​អាក្រក់ កាន់​ខ្ជាប់​នឹង​សេចក្ដី​ល្អ ហើយ​ស្វែងរក​អំណរ​ក្នុង​ជីវិត​នេះ » ។ ការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការ​អាន និង​សិក្សា​ព្រះគម្ពីរ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន ៖ « នៅ​ពេល​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ យើង​អធិស្ឋាន ។ ហើយ​នៅ​ពេល​យើង​ចង់​ឲ្យ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង នោះ​យើង​ស្រាវជ្រាវ​ព្រះគម្ពីរ​ទាំងឡាយ » ។ តើ​អ្នកមាន​អារម្មណ៍​ថា​ព្រះគម្ពីរ​បាន​ផ្ដល់​ចម្លើយ​ដល់​អ្នក​នៅ​ពេល​ណា ? តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ​ជាមួយ​អ្នក​ដទៃ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ស្គាល់​ថា​ព្រះគម្ពីរ​អាច​ជួយ​ពួកគេ​ទទួល​ចម្លើយ​មកពី​ព្រះ​បាន ?

  • ព្យាការី​នីហ្វៃ​បាន​សរសេរ​នូវ​អ្វី​ដែល​លោក​សង្ឃឹមថា អ្នកអាន​ទាំងឡាយ​ដែល​អាន​អំពីការសរសេរ​ដ៏​បំផុស​គំនិត​របស់​លោក នឹង​អាច​ដក​ពិសោធន៍​ការណ៍​ទាំងនេះ ។ សូម​អាន នីហ្វៃទី១ ៦:១–៦ ។ តើ​ការយល់​អំពី​គោលបំណង​របស់ នីហ្វៃ ក្នុង​ការសរសេរ​ដំណើររឿង​របស់​លោក​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​សិក្សា​អំពី​ព្រះគម្ពីរ​មរមន​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​មើល​វីដេអូ​ជាមួយគ្នា « President Nelson—The Scriptures Teach Us about Jesus Christ (for Youth) » ( នាទីទី ០:៥៩ ) ដោយ​ស្វែងរក​សេចក្ដី​ពិត​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា​យើង​អាច​រៀន​បាន​មកពី​ព្រះគម្ពីរ ។ តើ​លោក​បាន​មាន​ប្រសាសន៍​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ការ​ជ្រមុជ​ខ្លួន​យើង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ព្រះគម្ពីរ ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ព្រះគម្ពីរ​គឺជា​ការប្រមូល​ផ្តុំ​ដ៏​ពិសិដ្ឋ​នៃ​ព្រះបន្ទូល​របស់​ព្រះ​ទៅកាន់​បុត្រា​បុត្រី​របស់​ទ្រង់

រូបភាព
ព្រះគម្ពីរ

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ « ជឿ​ចំពោះ​ការណ៍​ទាំងអស់​ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង​ការណ៍​ទាំងអស់​ដែល​ទ្រង់​បើក​សម្ដែង​នៅពេល​ឥឡូវនេះ ហើយ… ថា​ទ្រង់​នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏ធំ និង​សំខាន់ៗ​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ ) ។ វិវរណៈ​ជាច្រើន​របស់​ព្រះ​ទៅកាន់​បុត្រាបុត្រី​របស់​ទ្រង់​ត្រូវ​បាន​កត់ត្រា​ទុក​ក្នុង​ព្រះគម្ពីរ​ដែល​រួមមាន ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា ។ ព្រះគម្ពីរ​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា « គម្ពីរបមាណី » ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រះគម្ពីរ​ផ្លូវ​ការ ឬ​ ជា​ព្រះគម្ពីរ​នៃ​សាសនាចក្រ ។

  • ព្រះគម្ពីរ​គឺជា​កំណត់ត្រា​នៃ​ការទាក់ទង​របស់​ព្រះ​ជាមួយនឹង​រាស្រ្ត​របស់​ទ្រង់​តាំងពី​ជំនាន់របស់​លោក​អ័ដាម រហូត​ទៅដល់​ជំនាន់​ដែល​សាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅរស់ ។ វា​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក ៖ គឺ​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ព្រះគម្ពីរ​សញ្ញា​ចាស់​បង្រៀន​ថា​ព្រះ​មែស៊ី​ដែល​បាន​សន្យា​នឹង​យាងមក​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​កត់​ត្រា​អំពី​ជីវិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​ការ​មានព្រះជន្មរស់​ឡើង​វិញ ។ វា​ក៏​រួម​បញ្ចូល​ទាំង​ការ​បង្រៀន​របស់​សាវក​របស់​ទ្រង់​ទៅ​កាន់​សមាជិក​សាសនាចក្រ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​នោះ​ផងដែរ ។

  • ព្រះគម្ពីរ​មរមន​គឺជា​កំណត់ត្រា​ដ៏​ពិសិដ្ឋ​មួយ​អំពី​ប្រជាជន​ដែល​រស់នៅ​ក្នុង​អឌ្ឍគោល​ខាងលិច​រវាង ឆ្នាំ ២០០០ ម.គ.ស និង ៤០០ គ.ស ។ វា​មាន​ចំណងជើង​រង​ថា « សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ។ វា​ត្រូវ​បាន​សរសេរ​ក្នុង​គោល​បំណង « ជា​ការ​បរិវត្តន៍ … សាសន៍​យូដា និង​សាសន៍​ដទៃ​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( ទំព័រ​ចំណង​ជើង​នៃ​ព្រះ​គម្ពីរ​មរមន ) ។

  • ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា​មាន​វិវរណៈ​សម័យ​ទំនើប​ជា​ច្រើន​ដែល​បាន​ទទួល​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស្ដារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើងវិញ ។ វិវរណៈ​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​ទទួល​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង​អំឡុង​សតវត្សរ៍​ទី​ដប់​ប្រាំ​បួន ។

  • ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​មាន​ការសរសេរ​អំពី​គម្ពីរ​របស់​ម៉ូសេ និង​គម្ពីរ​​អ័ប្រាហាំ ។ វា​ក៏​រួម​បញ្ចូល​ទាំង​ផ្នែក​មួយ​នៃ​ការ​បក​ប្រែ​របស់ យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​ប៊ីប ការ​ជ្រើស​រើស​មកពី​ប្រវត្តិ​នៃ​សាសនាចក្រ​របស់​លោក និង​មាត្រា​នៃ​សេចក្ដី​ជំនឿ ។

បន្ថែម​ពីលើ​ព្រះគម្ពីរ​បរមាណី នោះពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចាត់​ទុក​ពាក្យ និង​ការ​បង្រៀន​ដ៏​បំផុស​គំនិត​របស់​ពួក​ព្យាការី​សម័យ​ទំនើប​ថា​ជា​ព្រះគម្ពីរ ។ « ហើយ​អ្វី​ក៏​ដោយ​ដែល​ពួក​គេ​នឹង​និយាយ កាលណា​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​ទៅ​ជា​បទគម្ពីរ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:៤ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន អាលម៉ា ៣៧:៨–១០ ដោយ​ស្វែងរក​វិធី​ដែល​ព្រះគម្ពីរ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ក្នុង​ចំណោម​ប្រជាជន​នៅ​ក្នុង​ជំនាន់របស់​អាលម៉ា ។ តើ​អ្នក​បាន​ឃើញ​ព្រះចេស្តា​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ជីវិត​របស់អ្នក និង​ជីវិត​នៃ​អស់​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​នៅពេលណា ? តើ​ពរជ័យ​មួយ​ណា​ដែល​បាន​រាយ​ក្នុង​វគ្គបទគម្ពីរ​នេះ​ដែលអ្នកសង្ឃឹមថា នឹង​មកដល់ សម្រាប់​ពេលនេះ​ក្នុង​ជីវិត​របស់​អ្នក ?

  • ព្យាការី​នៃ​ព្រះគម្ពីរ​មរមន លីហៃ និង នីហ្វៃ បាន​ឃើញ​ការនិមិត្ត​មួយ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ត្រូវ​បាន​តំណាង​​ជា​ដំបង​ដែក ( សូម​មើល នីហ្វៃទី១ ៨១១ ) ។ អ្នក​អាច​ពិនិត្យ​ជំពូក​ទាំង​នេះ​ឡើង​វិញ ហើយ​ពិចារណា​អំពី​ហេតុអ្វី​ដំបង​ដែក​គឺ​ជា​និមិត្ត​សញ្ញា​សមរម្យ​មួយ​សម្រាប់​បន្ទូល​របស់​ព្រះ ។ តើ​ព្រះគម្ពីរ​ជា​ដំបង​ដែក​សម្រាប់​អ្នក​នៅ​ពេលណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ពិចារណា​មើល​ផ្នែកខ្លះ ឬ​វីដេអូ​ទាំង​មូល « Scriptures Legacy » ( នាទីទី ២២:២៩ ) ។ សូម​អញ្ជើញ​ក្រុម​ឲ្យ​ចែក​ចាយ​ដំណើររឿង​មួយ​ណា​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​បំផុត អំពី​មនុស្ស​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មាន​សម្រាប់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ។ តើ​ដំណើររឿងទាំងនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​អំពី​ការសិក្សា​ព្រះគម្ពីរ​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ការសិក្សា​ព្រះគម្ពីរ​អាច​នាំ​មក​នូវ​ពន្លឺ និង​សេចក្ដី​ពិត​ចូលទៅ​ក្នុង​ជីវិត​របស់​អ្នក​បាន

រូបភាព
ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

ព្យាការី​ថ្ងៃ​ចុង​ក្រោយ​ទាំង​អស់​បាន​រំឭក​យើង​អំពី​តម្លៃ​នៃ​ការ​សិក្សា​គម្ពីរ ។ ព្រះគម្ពីរ​ក្លាយទៅ​ជា​ព្រះពរ​ដ៏​មហិមា​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ចំណាយពេល​អាន និង​រៀន​ពី​ព្រះគម្ពីរ ។ ពេល​យើង​សិក្សា​ពាក្យ​របស់​ព្យាការី នោះ​យើង​អាច​រៀន​សេចក្ដី​ពិត ហើយ​ទទួល​ការ​ណែនាំ​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​ព្រមាន​ពួក​បរិសុទ្ធ​តាំង​ពី​ដើម​ថា ៖ « ហើយ​ពេល​កន្លង​មក​ហើយ នោះ​គំនិត​របស់​អ្នក​ត្រូវ​បាន​ងងឹត ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ ហើយ​ពី​ព្រោះ​អ្នក​បាន​រាប់​ការណ៍​ទាំង​ឡាយ​ដែល​អ្នក​បាន​ទទួល ។… ប្រែ​ចិត្ត ហើយ​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា​ថ្មី គឺជា​ព្រះ​គម្ពីរ​មរមន ព្រម​ទាំង​ព្រះ​បញ្ញត្តិ​មុនៗ ដែល​យើង​បាន​ប្រទាន​ដល់ [ អ្នក ] » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៥៤,​៥៧ ) ។ ព្រះ​គម្ពីរ​មាន​អំណាច​ក្នុង​ការ​បំបាត់​ភាព​ងងឹត​តាម​រយៈ​ពន្លឺ​ខាង​វិញ្ញាណ​ដែល​កើត​ឡើង​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​យើង​អាន និង​សិក្សា​ព្រះ​គម្ពីរ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅ​ក្នុង​ព្រះគម្ពីរ​មរមន គ្រួសារ​របស់​លីហៃ​ត្រូវ​បាន​ដឹក​នាំ​ក្នុង​ដំណើរ​របស់​ពួក​គេ​ឆ្លង​កាត់​ទី​រហោស្ថាន​ដោយ​ដុំមូល​មួយ ឬ​ត្រីវិស័យ​មួយ​ដែល​ហៅ​ថា លីអាហូណា ។ នៅ​ពេល​ដែល​ពួក​គេ​បាន​អនុវត្ត​សេចក្តី​ជំនឿ និង​ការ​ឧស្សាហ៍​ព្យាយាម នោះ​លីអាហូណា​បាន​បង្ហាញ​ផ្លូវ​ដែល​ពួក​គេ​គួរ​ធ្វើ​ដំណើរ ។ សូម​អាន អាលម៉ា ៣៧:៣៨–៤៧ ដោយ​ស្វែងរក​របៀប​ដែល​ព្រះគម្ពីរ​អាច​បម្រើ​អ្នកនៅ​ថ្ងៃ​នេះ​ដូច​ដែល​លីអាហូណា​បាន​ធ្វើ​សម្រាប់​គ្រួសារ​របស់​លីហៃ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ខាង​វិញ្ញាណ​ទាំង​អស់​នៃ​ព្រះគម្ពីរ ឬ​បន្ទូល​របស់​ព្រះ​គ្រីស្ទ ?

  • ការ​ទន្ទេញ​ចាំ​ពី​វគ្គបទគម្ពីរ​នៃ​ព្រះគម្ពីរ​អាច​ផ្ដល់​នូវ​ជំនួយ​ខាង​វិញ្ញាណ និង​អំណាច​ក្នុង​គ្រា​ដែល​ត្រូវការ ។ រំឭក​សុន្ទរកថា របស់​អែលឌើរ រីឆាដ ជី ស្កត​ឡើងវិញ « The Power of Scripture » តើ​អ្នក​រៀន​អ្វី​ខ្លះ​មកពី​សុន្ទរកថា​នេះ​ដែល​អាច​ដឹកនាំ​ឲ្យ​អ្នក​កែតម្រូវ​វិធីសាស្រ្ត​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

ស្វែង​យល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ព្រះគម្ពីរ

កំណត់​ចំណាំ

  1. ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ។

  2. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១១៨ ។

  3. អែលឌើរ រ៉ូបឺត ឌី ហែល « Holy Scriptures: The Power of God unto Our Salvation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២៦–២៧ ។

  4. រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦–៨ ។

បោះពុម្ព