បណ្ណាល័យ
ព្រះគុណ


« ព្រះគុណ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ព្រះគ្រីស្ទ​កំពុង​លួងលោម​ពួក​ស្រ្តី

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ព្រះគុណ

អំណោយទាន​នៃ​សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តាករុណា និង​ជំនួយ​របស់​ព្រះ

ព្រះ​ស្រឡាញ់ និង​ថែ​រក្សា​អ្នក និង​បុត្រាបុត្រី​ម្នាក់​ៗ​របស់​ទ្រង់ ។ ទ្រង់​ប្រទាន​ពរ​ដល់​យើង​នូវ​ជំនួយ និង​ជំនួយ​ដ៏​ទេវភាព​ដែល​ព្រះគម្ពីរ​សំដៅ​ទៅលើ​ថា​ជា « ព្រះគុណ » ។ ការណ៍​ទាំងអស់​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយសារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ទាំងអស់​គ្នា​មានការ​ខ្វះ​ខាត​ក្នុង​កិច្ច​ខិតខំ​របស់​យើង​ដើម្បី​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ ដូច្នេះ​ហើយ​យើង​មិន​សម​នឹង​ទទួល​បាន​អំណោយ​នៃ​ព្រះគុណ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ ព្រះគុណ​ត្រូវបាន​ប្រទាន​ដោយ​សេរី​ដោយ​ព្រះវរបិតា​សួគ៌ ដែល​ធ្វើ​ឲ្យ​យើង​អាច​ទទួលបាន​ពរជ័យ​ដ៏​បរិបូរណ៍ ។ នៅ​ពេល​ដែល​អ្នក​ខិតខំ​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​នឹង​ស្គាល់​គំរូ​រាប់​មិន​អស់​នៃ​ព្រះគុណ និង​បំណង​ល្អ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​អ្នក ។

តើ​ព្រះគុណ​គឺជា​អ្វី ?

ព្រះគុណ​គឺ​ជា​អំណោយ​ទាន​ដែលជា​ជំនួយ និង​កម្លាំង​ដ៏​ទេវភាព​ដែល​យើង​បានទទួល​មកពី​ព្រះវរបិតា​សួគ៌​តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះគម្ពីរ​តែងតែ​និយាយ​អំពី​ព្រះគុណ​ថាជា​ការ​ធ្វើ​ឲ្យ​មាន​អំណាច និង​ការ​ព្យាបាល​ខាង​វិញ្ញាណ​ដែល​បាន​ផ្ដល់​ឲ្យ​តាមរយៈ​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ពរជ័យ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​ទាំង​អស់​បាន​មក​ដល់​យើង​តាម​រយៈ​ព្រះ​គុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ទិដ្ឋាភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះគុណ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះយេស៊ូវ​គ្រីស្ទ, ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ, សេចក្ដី​សង្គ្រោះ, សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ, ការ​រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​ទី ១

រកមើល​ព្រះគុណ​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​សេចក្តី​ស្រឡាញ់​ដ៏បរិបូរ​របស់​ទ្រង់

រូបភាព
យុវវ័យ​កំពុង​ដើរ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ

នៅ​ពេល​អ្នក​ជឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អ្នក​ចាប់​ផ្ដើម​មើល​ឃើញ​ថា​ទ្រង់​ទាំងទ្វេ​បាន​ធ្វើ​សម្រាប់​អ្នក​ប៉ុនណា​ដោយ​សារ​ទ្រង់​ទាំងទ្វេ​ស្រឡាញ់​អ្នក ។ យើង​ទទួល​បាន​ពរ​ជា​ច្រើន​ពី​ព្រះ ទោះ​បីជា​យើង​មិន​ស្គាល់​ប្រភព​ទេវភាព​នោះ​ក្តី ។ ពរជ័យ​ផ្សេង​ទៀត​ត្រូវ​បាន​បម្រុងទុក​សម្រាប់អស់​អ្នក​ដែល​ស្វែងរក ដើម្បី​រក្សា​នូវ​បញ្ញត្តិ​របស់​ព្រះវរបិតា​សួគ៌ ប្រែចិត្ត​ពី​អំពើ​បាប ហើយ​បែរ​ទៅ​រក​ទ្រង់​ដោយ​រាបសា​នៅក្នុង​ការអធិស្ឋាន​ដោយ​ស្មោះ​ទូលសុំ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ ។ ប៉ុន្តែ​គ្មាន​យើង​ណា​ម្នាក់​អាច​ទទួល​បាន​ជំនួយ និង​ការ​ណែនាំ​របស់​ព្រះ​បាន​ឡើយ ( សូមមើល រ៉ូម ៣:២៣-២៤; ម៉ូសាយ ២:២០-២១ ) ។ ពរជ័យ​ដ៏​ទេវភាព​ទាំង​អស់​ត្រូវ​បាន​ប្រទាន​តាម​រយៈ​ព្រះគុណ​របស់​ព្រះ ។

ការ​យល់​ដឹង​អំពី​ព្រះគុណ​ដ៏​ទេវភាព​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ទំនុក​ចិត្ត​ដើម្បី​ស្វែង​រក​ជំនួយ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ព្រោះ​ទ្រង់​មាន​ពោរពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​អំណាចដ៏​ទេវភាព​ជំនួស​ឲ្យ​អ្នក ( សូម​មើល ហេព្រើរ ៤:១៤-១៦; មរ៉ូណៃ ៨:៣ ) ។ ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​មួយ​នៃ​ការ​រីកចម្រើន​ខាង​វិញ្ញាណ និង​ការ​ទទួល​បាន​នូវ​ពរជ័យ​ដ៏​វិសេស​តាម​រយៈ​ព្រះគុណ​នៃ​ព្រះវរបិតា​សួគ៌ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:១២-១៣ ) ។ ព្រះយេស៊ូវ​គ្រីស្ទ​​អញ្ជើញ​អ្នក​ឲ្យ​មក​រក​ទ្រង់ និង​ព្រះ​ជា​ព្រះវរបិតា ហើយ​ទទួល​ព្រះគុណ​របស់​ទ្រង់​ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ពរ និង​សរីល្អ​យ៉ាង​ពេញលេញ​ដូច​ទ្រង់​ទាំងទ្វេ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:១៩-២០ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នីហ្វៃ​បាន​ប្រកាស​ថា « ព្រលឹង​ខ្ញុំ​ត្រេកអរ​ដល់​ព្រះគុណ [ របស់​ព្រះអម្ចាស់ ] » ( នីហ្វៃទី២ ១១:៥ ) ។ តើ​ព្រះគុណ​របស់​ព្រះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះបងប្អូន​ ? តើ​ហេតុ​អ្វីបងប្អូន​គិត​ថា នីហ្វៃ​ប្រើ​ពាក្យ ត្រេកអរ ដើម្បី​រៀបរាប់​ពី​អារម្មណ៍​របស់​លោក​អំពី​ព្រះគុណ​របស់​ព្រះ ?

  • ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន « កត្តា​សំខាន់​​ [ មួយ ] ទៀត​ក្នុង​ព្រះគុណ​នៃ​ព្រះ គឺ​ការបើក​បង្អួច​ស្ថានសួគ៌ ដែល​តាម​បង្អួច​នោះ ព្រះ​ចាក់ស្រោច​ព្រះពរ​នៃ​អំណាច និង​កម្លាំង ដែល​ជួយ​ឲ្យ​យើង​សម្រេច​បាន​កិច្ចការ​នានា បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​សម្រេច​វា​បាន​ឡើយ ។ » ។ តើ​ជំហាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​អំណាច​ដ៏​ទេវភាព និង​កម្លាំង​ដែល​ព្រះ​បាន​ត្រៀម​ព្រះកាយ​ជា​ស្រេច​ដើម្បី​ចែកចាយ​ជាមួយ​អ្នក ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ឲ្យ​អាន អេធើរ ១២:២៧ ។ ចូរ​ពិភាក្សា​អំពី​គំរូ​នៃ​ភាព​ទន់​ខ្សោយ​ដែល​ជា​ទូទៅ​បាន​ជួប​ប្រទះ​ដោយ​បុត្រាបុត្រី​របស់​ព្រះ ។ ចូរ​និយាយ​អំពី​ការផ្លាស់ប្តូរ​ដ៏មាន​សក្តានុពល ដែល​អាច​កើត​ឡើង​ដល់​បុគ្គល​ម្នាក់​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះគុណ​របស់​ព្រះ ។ សូម​អញ្ជើញ​អ្នក​ចូល​រួម​ឲ្យ​ចងចាំ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​អំពី​អំណាច​នៃ​ព្រះគុណ​របស់​ព្រះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​តាម​ការគួរ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

អ្នក​ត្រូវ​បាន​សង្គ្រោះ​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
ព្រះគ្រីស្ទ​លុត​ជង្គង់​នៅ​ក្បែរ​ស្ត្រី​ម្នាក់

ព្យាការី​លីហៃ​បាន​ពន្យល់​ថា « គ្មាន​សាច់ឈាម​ណា​អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ លើក​លែង​តែ​ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ » ( នីហ្វៃទី២ ២:៨ ) ។ ការ​បង្ហាញ​ដ៏​ធំ​បំផុត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​ទាំង​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ទ្រង់​ផង​ដែរ ។ ដោយ​សារ​ការ​ពលិកម្ម​នោះ​បាន​ផ្ដល់​ឲ្យ​តាម​រយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​បាន​សង្គ្រោះ​យើង​ពី​សេចក្តី​ស្លាប់​ជា​អចិន្ត្រៃយ៍ ហើយ​បើក​ផ្លូវ​ឲ្យ​យើង​ម្នាក់ៗ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង ហើយ​រក​ឃើញ​ការ​អភ័យទោស ។

ព្រះ​នឹង​មិន​បង្ខំ​នរណា​ម្នាក់​ឲ្យ​ទទួល​ព្រះគុណ​របស់​ទ្រង់ ហើយ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់​វិញ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ ទ្រង់​សូម​ឲ្យ​យើង « សម្រុះសម្រួល [ ខ្លួន​យើង ] ទៅ​តាម​បំណង​នៃ​ព្រះ ហើយ​មិនមែន​តាម​បំណង​នៃ​អារក្ស និង​របស់​ខាង​សាច់ឈាម​ទេ … គឺ​មាន​តែ​ដោយ​សារ និង​តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ប៉ុណ្ណោះ ដែល [ យើង ] ត្រូវ​បាន​សង្គ្រោះ » ( នីហ្វៃទី២ ១០:២៤ ) ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ដែល​មាន​ចិត្ត​រាបទាប យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈ​សេចក្តី​ជំនឿ ការ​ប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​គោរពតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ដោយ​ធ្វើ​ដូច្នេះ​យើង​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ខណៈ​ដែល​យើង​ទទួល​ស្គាល់​ថា​ព្រះគុណ​របស់​ទ្រង់​គឺ​ជា​អ្វី​ដែល​ជួយ​សង្គ្រោះ​យើង​បាន ( សូម​មើល នីហ្វៃទី២ ២៥:២៣ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន នីហ្វៃទី២ ២៥:២៣ ហើយ​សូម​ពិចារណា​អំពី​គំនិត​ខាង​ក្រោម​នេះ​មកពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ៖

    « យើង​ពុំ​អាច​ត្រូវបាន​សង្គ្រោះ ‹ ដោយសារ › អ្វីៗ​ដែល​យើង​អាច​ធ្វើ​នោះ​ទេ ។ តើ​មាន​ពួកយើង​ណា​ម្នាក់​បាន​ធ្វើ អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​ឬទេ ? …

    « ខ្ញុំ​ប្រាកដ​ថា នីហ្វៃ​ស្គាល់ថា​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ អនុញ្ញាត និង ធ្វើ​ឲ្យ យើង​យកឈ្នះ​អំពើបាប ។ នេះ​ជា​មូលហេតុ​ដែល​នីហ្វៃ​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​បញ្ចុះ​បញ្ចូល​កូនចៅ និង​ពួក​បងប្អូន​លោក ‹ ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះ​ស្រួល​នឹង​ព្រះ › [ នីហ្វៃទី២ ២៥:២៣ ] ។

    « ទីបញ្ចប់ នោះជា អ្វី​ដែល​យើង​អាច​ធ្វើ​បាន ! ហើយ នោះ​ជា កិច្ចការ​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​រមែងស្លាប់ ! »

    ហេតុអ្វី​បានជា​សំខាន់ក្នុងការចាត់​ទុក​ព្រះគុណ​ជា​អំណោយទាន ​ជាងចាត់ទុកជា​អ្វី​ដែលត្រូវបាន​ទទួល ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • មើល​សុន្ទរកថា​ដែល អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ និយាយ​អំពី​ព្រះគុណ​ក្នុង​វីដេអូ « Saved by Grace » ( នាទីទី ១:៤១ ) ។ សូម​ពិភាក្សាគ្នា​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​ក្នុង​ផែនការ​របស់​ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។ ហេតុអ្វី​យើ​ងត្រូវ​តែ​ប្រែចិត្ដ​ប្រសិនបើ​យើង​ត្រូវបាន​សង្គ្រោះ​ដោយ​ព្រះគុណ​របស់​ព្រះ ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះគុណ​ផ្ដល់​កម្លាំង​ដល់​អ្នក​ដើម្បី​ស្រឡាញ់ និង​បម្រើ​ព្រះ និង​អ្នក​ដទៃ

រូបភាព
គ្រួសារ​កំពុង​លើក​ម្ហូបអាហារ

នៅក្នុង Bible Dictionary បញ្ជាក់ថា « វា … តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់ តាមរយៈ​សេចក្តី​ជំនឿ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ នោះ​បុគ្គល​ម្នាក់ៗ​នឹង​ទទួល​បាន​កម្លាំង និង​ជំនួយ​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​នានា បើ​ពុំ​ដូចនោះ​ទេ​ពួកគេ​នឹង​មិន​មាន​លទ្ធភាព​ដើម្បី​បន្ត​ឡើយ​ប្រសិនបើ​ត្រូវ​ទុក​ឲ្យ​ពួកគេ​ធ្វើ​ដោយ​ខ្លួនឯង​នោះ » ( ព្រះគុណ ) ។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ អ្នក​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះ​ដើម្បី​បម្រើ​ព្រះ និង​អ្នក​ដទៃ​ដូច​ជា​សាវក​ប៉ុល ដែល​បាន​សង្កេត​ឃើញ​ថា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ។ នៅ​ពេល​យើង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​នគរ​ព្រះ នោះ​ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដោយ​ការ​ផ្ដល់​ព្រះគុណ​ដើម្បី​សម្រេច​កិច្ចការ​ទ្រង់ ( សូម​មើល អាលម៉ា ២៦:១១-១៣ ) ។ អំណោយ​នៃ​ព្រះគុណ​ក៏​ផ្តល់​ឲ្យ​បុគ្គល​ទាំងឡាយ​នូវ​កម្លាំង​បន្ថែម​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត ( សូម​មើល ម៉ូសាយ ២៤:១៤-១៥; អាលម៉ា ៣១:៣០–៣៥, ៣៨ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​ស្រមៃថា​កាច់បំបាក់​មែកឈើ​តូច​មួយ​ចេញពី​ដើមឈើ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មែកឈើនោះ​បន្ទាប់​ពី​ត្រូវ​បាន​ដាច់​ចេញ​ពីដើម​របស់​វា ។ សូម​អាន យ៉ូហាន ១៥:១–១១ ។ តើ​ព្រះយេស៊ូ​ចង់​ឲ្យ​សិស្ស​របស់​ទ្រង់​យល់​យ៉ាង​ណា អំពី​អំណាច​ដែល​ទ្រង់​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ព្រះ ? តើ​គោលការណ៍​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះគុណ​អាច​ពង្រឹង​អ្នក​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក ដើម្បី​បម្រើ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • មើល​វីដេអូ « The Atonement Enables Us » ( ២:១៨ ) ។ សូម​និយាយ​ជាមួយ​គ្នា​អំពី​ផល​ប៉ះពាល់​ដែល​ព្រះគុណ​របស់​ព្រះ​មាន​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​អនុវត្ត​កិច្ចការ​ល្អ ។ ហេតុអ្វី​បាន​ជា​សំខាន់​ក្នុង​ការ​អធិស្ឋាន​សម្រាប់​ព្រះគុណ​របស់​ព្រះអម្ចាស់​ពេល​យើង​ព្យាយាម​បម្រើ និង​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ដទៃ ?

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ។

  2. ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace ទំព័រ ១១០ ។

បោះពុម្ព