« ពិធីបុណ្យជ្រមុជទឹក » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ពិធីបុណ្យជ្រមុជទឹក
« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ( យ៉ូហាន ៣:៥ ) ។
តើពេលណានៅក្នុងជីវិតរបស់អ្នកដែលអ្នកមានអារម្មណ៍សោកស្តាយបន្ទាប់ពីបានធ្វើកំហុសធ្ងន់ធ្ងរ ឬប្រព្រឹត្តអំពើបាប ? សារលិខិតសំខាន់នៃដំណឹងល្អដែលបានស្ដារឡើងវិញ គឺថាតាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្តដ៏ស្មោះ និងពិធីបុណ្យជ្រមុជទឹកដោយការពន្លិចដោយអ្នកកាន់សិទ្ធអំណាចម្នាក់ នោះយើងអាចទទួលបានការអភ័យទោស និងការទទួលការផ្តាច់បាបរបស់យើង ។ ពិធិបុណ្យជ្រមុជទឹកគឺជានិមិត្តរូបនៃការកើតឡើងវិញ—ជាការចាប់ផ្តើមនៃជីវិតថ្មី ។ វាជាជំហានដំបូងនៅលើផ្លូវដើម្បីក្លាយជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ហើយរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ពិសិដ្ឋដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ នៅពេលដែលអ្នកទទួលបុណ្យជ្រមុជទឹក នោះអ្នកធ្វើសាក្សីចំពោះព្រះវរបិតាថាអ្នក « យល់ព្រមទទួលយកព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួន » ( នីហ្វៃទី២ ៣១:១៣ ) ។ ការសន្យាដ៏សំខាន់នោះត្រូវបានធ្វើឡើងវិញរាល់ពេលដែលអ្នកទទួលទានសាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧ ) ។
ផ្នែកទី ១
ព្រះយេស៊ូវគ្រីស្ទអញ្ជើញមនុស្សទាំងអស់ឲ្យដើរតាមទ្រង់ ហើយទទួលពិធីបុណ្យជ្រមុជទឹក
ទោះបីព្រះយេស៊ូវគ្រីស្ទបរិសុទ្ធ និងគ្មានបាបក៏ដោយ ក៏ទ្រង់បានយាងមករក យ៉ូហាន បាទីស្ទ ហើយបានទទួលបុណ្យជ្រមុជទឹកដើម្បី « បំពេញសេចក្ដីសុចរិតគ្រប់យ៉ាង » ( សូមមើល ម៉ាថាយ ៣:១៣-១៧; ហេព្រើរ ៤:១៥; នីហ្វៃទី២ ៣១:៥-៧ ) ។ ព្រះបានបញ្ជាឲ្យបុត្រាបុត្រីទាំងអស់របស់ទ្រង់ធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានទទួលបុណ្យជ្រមុជទឹកដើម្បីឲ្យពួកគេអាចទទួលបានការផ្តាច់បាបរបស់ពួកគេ ហើយទទួលបានជីវិតដ៏អស់កល្បជានិច្ច ( សូមមើល នីហ្វៃទី២ ៣១:១៣, ១៧-១៨ ) ។ យើងរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកនៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពើបាបរបស់យើង ដែលការប្រែចិត្តត្រូវបានបង្ហាញដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ( សូមមើល មរ៉ូណៃ ៦:១–៣; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ) ។
ព្រះបានបញ្ជាថាពិធីបុណ្យជ្រមុជទឹកត្រូវធ្វើឡើងដោយមនុស្សម្នាក់ដែលកាន់សិទ្ធអំណាចបព្វជិតភាព ( សូមមើល នីហ្វៃទី៣ ១១:២១-២៨; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧២-៧៤; ២២:១–៤ រួមទាំងការណែនាំប្រវត្តិសាស្ត្រ ) ។ នៅខែ ឧសភា ឆ្នាំ ១៨២៩ ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងសិទ្ធិអំណាចដើម្បីជ្រមុជទឹកត្រូវបានស្ដារឡើងវិញដល់ព្យាការី យ៉ូសែប ស្ម៊ីធ តាមរយៈសារទូតពីស្ថានសួគ៌ យ៉ូហាន បាទីស្ទ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:៦៨-៧៣ ) ។
ក្នុងប្រវត្តិសាស្ត្រ មានបុត្រាបុត្រីជាច្រើនរបស់ព្រះបានរស់នៅ ហើយបានស្លាប់ដោយមិនបានរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ឬទទួលពិធីបុណ្យជ្រមុជទឹកដែលធ្វើឡើងក្រោមសិទ្ធអំណាចបព្វជិតភាពរបស់ទ្រង់ឡើយ ។ ដោយសារព្រលឹងគ្រប់រូបមានតម្លៃក្នុងព្រះនេត្ររបស់ព្រះ នោះផែនការរបស់ទ្រង់ផ្ដល់ឱកាសដល់មរណជនទាំងនេះដើម្បីរៀនអំពីដំណឹងល្អក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៣០-៣៧ ) ។ សមាជិកនៃសាសនាចក្រសព្វថ្ងៃនេះខិតខំស្វែងរកឈ្មោះដូនតាដែលបានស្លាប់ទៅ ដែលពុំបានទទួលពិធីបរិសុទ្ធចាំបាច់នៃដំណឹងល្អក្នុងជីវិតនេះ ហើយបានទទួលពិធីបុណ្យជ្រមុជទឹកដោយការធ្វើពិធីការជំនួសឲ្យពួកគេនៅក្នុងព្រះវិហារបរិសុទ្ធនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៦-១៨ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្យាការីនីហ្វៃបានសរសេរអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានទទួលពិធីបុណ្យជ្រមុជទឹក ។ សិក្សា នីហ្វៃទី២ ៣១:៤-១៣ ។ តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីគោលបំណងនៃពិធីបុណ្យជ្រមុជទឹករបស់ព្រះអម្ចាស់ ? តើវាមានន័យយ៉ាងណាដែលថាពិធីបុណ្យជ្រមុជទឹករបស់អ្នកគឺជាបន្ទាល់ « ចំពោះព្រះវរបិតាថា អ្នករាល់គ្នាយល់ព្រមទទួលយកព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួន » ? ( នីហ្វៃទី២ ៣១:១៣ ) ។
-
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ដោយស្វែងរកវិធីសំខាន់ៗដែលបុគ្គលម្នាក់គួររៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ តើវគ្គបទគម្ពីរនេះអាចផ្ដល់ការណែនាំដល់សមាជិកនៃសាសនាចក្រដែលបានទទួលបុណ្យជ្រមុជទឹកកាលនៅវ័យក្មេងយ៉ាងដូចម្ដេច ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
គោលលទ្ធិដែលបានស្ដារឡើងវិញនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន គឺជាពរជ័យដ៏ធំធេងមួយដល់ យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធថ្ងៃចុងក្រោយ ក៏ដូចជាសម្រាប់យើងនាសព្វថ្ងៃនេះផងដែរ ។ សូមមើលវីដេអូ « Glad Tidings: The History of Baptisms for the Dead » ( នាទីទី ៦:៥៥ ) ហើយសូមពិចារណាអំពីអារម្មណ៍ដែលអ្នកប្រហែលជាអាចមានប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមពួកបរិសុទ្ធដំបូង ដែលបានដឹងអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ តើគោលលទ្ធិនេះបង្រៀនអ្នកអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
ស្វែងយល់បន្ថែមទៀត
-
កូរិនថូស ទី១ ១៥:២៩; អាលម៉ា ៧:១៤-១៦; គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:៤១-៤២; មាត្រានៃសេចក្តីជំនឿ ១:៤
-
« ពិធីបុណ្យជ្រមុជទឹក និងអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ » ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០១១ ) ទំព័រ ៨៩-៩៩
-
ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩–៦២
-
« Jesus Christ Teaches Repentance and Baptism » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
ផ្នែកទី ២
ពិធីបុណ្យជ្រមុជទឹករៀបចំអ្នកសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច
ពិធីបុណ្យជ្រមុជទឹកជានិមិត្តរូបនៃសេចក្ដីស្លាប់ ការបញ្ចុះសព និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ រូបភាពដ៏សំខាន់នេះជួយយើងឲ្យមើលឃើញនិមិត្តរូបនៃការរស់ឡើងវិញខាងវិញ្ញាណរបស់យើងផ្ទាល់នៅពេលយើងត្រូវបានជ្រមុជទឹក ។ នៅពេលព្រះយេស៊ូវគ្រីស្ទបានក្រោកពីការសុគតទៅកាន់ជីវិតថ្មី នោះយើងក៏គួរតែ « ដើរក្នុងជីវិតបែបថ្មី » ផងដែរនៅពេលដែលយើងចេញមកក្រៅពីទឹកនៃពិធីបុណ្យជ្រមុជទឹក ( រ៉ូម ៦:៤; សូមមើលផងដែរ ខទី ៣-១១ ) ។
ព្រះគម្ពីរក៏ប្រៀបធៀបពិធីបុណ្យជ្រមុជទឹក និងការផ្លាស់ប្ដូរខាងវិញ្ញាណដែលកើតឡើងចំពោះអ្នកដើរតាមដ៏រាបទាបរបស់ព្រះយេស៊ូវគ្រីស្ទ រហូតដល់ការកើត ( សូមមើល យ៉ូហាន ៣:១-៨ ) ។ គឺដូចជាទារកកើតមកដោយទឹក ឈាម និង វិញ្ញាណ នោះអស់អ្នកទាំងអស់ដែលបានទទួលបុណ្យជ្រមុជទឹក ហើយដែលខិតខំធ្វើតាមព្រះយេស៊ូវគ្រីស្ទគឺកើតឡើងម្ដងទៀតតាមរយៈទឹក និងព្រះវិញ្ញាណហើយ « បោសសំអាតដោយឈាមសូម្បីតែព្រះលោហិតនៃ [ ព្រះគ្រីស្ទ ] » ( ម៉ូសេ ៦:៥៩ ) ។ ហេតុដូច្នេះហើយវាមានប្រយោជន៍ក្នុងការពិចារណាអំពីរបៀបដែលការកើតឡើងវិញខាងវិញ្ញាណ ឬការ « កើតម្ដងទៀត » ផ្ដល់ឲ្យយើងនូវការចាប់ផ្ដើមដ៏ស្អាតមួយក្នុងជីវិត ( សូមមើល ម៉ូសាយ ៥:៧; ២៧:២៥-២៦ ) ។
ព្រះអម្ចាស់បង្រៀនថាពិធីបុណ្យជ្រមុជដោយទឹកកើតមុនពិធីបុណ្យជ្រមុជដោយភ្លើង ។ នេះសំដៅទៅលើអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែលសម្អាត និងបន្សុទ្ធដូចជាភ្លើង ( សូមមើល កិច្ចការ ១:៥; នីហ្វៃទី២ ៣១:១៣ ) ។ ពិធីបុណ្យជ្រមុជដោយភ្លើងនាំឲ្យមានការផ្តាច់បាប ( សូមមើល នីហ្វៃទី២ ៣១:១៧; នីហ្វៃទី៣ ៩:១៩–២០; គោលលទ្ធិ និងសេចក្តីសញ្ញា ៣៩:៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖
« យើងគឺជាមនុស្សលោកពុំល្អឥតខ្ចោះ ដែលកំពុងព្យាយាមរស់នៅក្នុងជីវិតរមែងស្លាប់ស្របតាមផែនការដ៏ឥតខ្ចោះនៃការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌ ។ តម្រូវការក្នុងផែនការរបស់ទ្រង់ គឺរុងរឿងប្រកបដោយក្ដីមេត្តា ហើយប្រិតប្រៀង ។ ជួនកាលយើងអាចនឹងមានអារម្មណ៍ពេញដោយការតាំងចិត្ត ហើយពេលខ្លះទៀតមានអារម្មណ៍ថាពុំល្អគ្រប់គ្រាន់ទេ ។ យើងអាចនឹងងឿងឆ្ងល់ថា តើយើងអាចបំពេញតាមបទបញ្ញត្តិខាងវិញ្ញាណ ដើម្បីឈរដោយគ្មានទោសនៅចំពោះទ្រង់នៅថ្ងៃចុងក្រោយបានយ៉ាងដូចម្ដេច ។
« ដោយមានជំនួយពីព្រះអម្ចាស់ និងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់ដើម្បី ‹ បង្រៀន [ យើង ] គ្រប់ការណ៍ទាំងអស់ › [ យ៉ូហាន១៤:២៦ ] ប្រាកដណាស់ យើងអាចត្រូវបានប្រទានពរដើម្បីដឹងពីលទ្ធភាពខាងវិញ្ញាណរបស់យើង ។ ពិធីបរិសុទ្ធនានាអញ្ជើញឲ្យគោលបំណង និងព្រះចេស្ដាខាងវិញ្ញាណកើតមានក្នុងជីវិតរបស់យើង នៅពេលយើងព្យាយាមកើតជាថ្មីម្ដងទៀត ហើយប្រែក្លាយជាបុរសស្ត្រីនៃព្រះគ្រីស្ទ ។ ភាពទន់ខ្សោយរបស់យើងអាចត្រូវបានពង្រឹង ហើយភាពមានកម្រិតរបស់យើងអាចត្រូវបានយកឈ្នះ » ។
តើអ្វីជាតួនាទីរបស់យើងក្នុងការបាន « កើតជាថ្មី » ? តើមានពរអ្វីខ្លះដែលអាចមកដល់អ្នកដែលខិតខំដើម្បី « កើតជាថ្មី » ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមពិចារណាមើល « Jesus Teaches of Being Born Again » ( នាទីទី ៦:០៣ ) ដោយអញ្ជើញសមាជិកក្រុមឲ្យស្ដាប់គោលការណ៍ដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀន នីកូដេម ។ តើព្រះយេស៊ូវគ្រីស្ទប្រើនិមិត្តរូបនៃការកើតខាងសាច់ឈាម ដើម្បីជួយនីកូដេម ឲ្យយល់កាន់តែច្បាស់អំពីរបៀបរៀបចំខ្លួនសម្រាប់នគរព្រះដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
ដេវីឌ អេ បែដណា « Ye Must Be Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៩–២២
-
ឌី ថត គ្រីស្តូហ្វឺសិន « Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៦–៧៩
ផ្នែកទី ៣
កូនក្មេងតូចៗមិនត្រូវការពិធីបុណ្យជ្រមុជទឹកទេ
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា កុមារតូចៗគ្មានបាបទេនៅចំពោះព្រះភក្រ្ដព្រះ ( សូមមើល ម៉ាថាយ ១៨:៣; ម៉ាកុស ២:១៧; មរ៉ូណៃ ៨:៨ ) ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះកុមារតូចៗមិនត្រូវការពិធីបុណ្យជ្រមុជទឹកទេ ។ ឪពុកម្តាយមានការទទួលខុសត្រូវបង្រៀនកូនៗរបស់ពួកលោកឲ្យយល់អំពីសារៈសំខាន់នៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ការទទួលពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–២៨ ) ។ កុមារត្រូវទទួលពិធីបុណ្យជ្រមុជទឹកនៅអាយុ ៨ ឆ្នាំ ដែលព្រះគម្ពីរបានពិពណ៌នាថាជាអាយុនៃការទទួលខុសត្រូវ ( សូមមើល គោលលទ្ធិ និងសេច្តីសញ្ញា ២០:៧១; ២៩:៤៦-៤៧; ៦៨:២៧ ) ។ « កូនក្មេងទាំងអស់ដែលបានស្លាប់មុនគ្រប់អាយុទទួលខុសត្រូវ នោះត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៅស្ថានសួគ៌ដែរ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:១០ ) ។
បុគ្គលខ្លះមានពិការភាពដែលរារាំងពួកគេមិនឲ្យទទួលខុសត្រូវ ។ ពួកគេមិនត្រូវការការប្រែចិត្ត ឬពិធីបុណ្យជ្រមុជទឹកទេ ប៉ុន្តែត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល ( សូមមើល មរ៉ូណៃ ៨:២២; គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៤៩-៥០; ១៣៧:១០ ) ។ ថ្នាក់ដឹកនាំសាសនាចក្របានបញ្ជាក់ថា « ពិធីបរិសុទ្ធមិនគួរត្រូវបានដកហូត [ ពីបុគ្គលដែលមានពិការភាព ] ទេ បើបុគ្គលនោះមានភាពស័ក្ដិសម ចង់ទទួលពិធីបរិសុទ្ធទាំងឡាយ ហើយបង្ហាញអំពីកម្រិតនៃការទទួលខុសត្រូវ និងដឹងខុសត្រូវសមរម្យនោះ ។ »
រឿងទាំងឡាយដែលត្រូវពិចារណា
-
សូមអាន នីហ្វៃទី៣ ១៧:២១-២៤ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៤៦-៤៨ ។ តើអ្នករកឃើញអ្វីខ្លះនៅក្នុងវគ្គបទគម្ពីរទាំងនេះដែលបង្ហាញអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចំពោះកុមារតូចៗ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ប្រធាន ព្រិកហាំ យ៉ង់ បានបញ្ជាក់ថា « ទារកគឺបរិសុទ្ធ ពួកគេមិនមានទុក្ខព្រួយក្នុងចិត្ត ឬអំពើបាបដើម្បីប្រែចិត្ត និងបោះបង់ចោលឡើយ ហើយជាលទ្ធផលគឺមិនអាចទទួលពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាបរបស់ពួកគេបានទេ » ។ ជាមួយក្រុមរបស់អ្នក សូមអាន មរ៉ូណៃ ៨:៤–១៥, ១៩-២៤ ។ តើវគ្គបទគម្ពីរនេះអាចជួយអ្នកពន្យល់ដល់អ្នកដទៃអំពីមូលហេតុមួយចំនួនដែលទារកមិនត្រូវការទទួលពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
សាយអាន អែម បូវែន « ដោយព្រោះយើងរស់នោះអ្នករាល់គ្នានឹងរស់ដែរ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២, ទំព័រ ១៥–១៧