« សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ » ប្រធានបទ និង សំនួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ
សេចក្តីសញ្ញា និងពិធីបរិសុទ្ធសំខាន់ៗទាំងឡាយជួយយើងនៅតាមផ្លូវដើម្បីភាពតម្កើងឡើង និងជីវិតដ៏នៅអស់កល្បជានិច្ច
ជាមួយនឹងបច្ចេកវិទ្យាសព្វថ្ងៃនេះ យើងអាចស្វែងរកការណែនាំ និងផែនទីលម្អិតបានយ៉ាងឆាប់រហ័សដើម្បីជួយយើងឲ្យទៅដល់កន្លែងណាដែលយើងចង់ទៅ ។ ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាផែនទី និងសេចក្ដីណែនាំលម្អិតរបស់យើង ដើម្បីស្វែងរកអត្ថន័យក្នុងជីវិតនេះក៏ដូចជាជីវិតដ៏អស់កល្បជានិច្ចនៅក្នុងជីវិតបន្ទាប់ផងដែរ ។ នៅពេលយើងជ្រើសរើសធ្វើតាមព្រះគ្រីស្ទ ហើយរស់នៅតាមដំណឹងល្អ នោះព្រះប្រទាននូវសេចក្ដីសញ្ញា និងពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដែលភ្ជាប់យើងទៅនឹងទ្រង់ ហើយដឹកនាំយើងនៅលើផ្លូវដែលនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ផ្នែកទី ១
ផ្លូវនៃសេចក្តីសញ្ញានឹងដឹកនាំអ្នកទៅកាន់ជីវិតអស់កល្បជានិច្ច
ប្រសិនបើអ្នកស្រមៃថាជីវិតរបស់អ្នកគឺជាការធ្វើដំណើរត្រឡប់ទៅកាន់ព្រះវិញ នោះការធ្វើសេចក្ដីសញ្ញា និងការទទួលពិធីបរិសុទ្ធនានាគឺដូចជាការធ្វើតាមសេចក្តីណែនាំនៅតាមផ្លូវដែលនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ចដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ) ។ ទាំងនេះគឺជាជំហានសំខាន់ៗក្នុងកិច្ចខិតខំរបស់អ្នកដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ជាជំនួយដល់អ្នក ចំពោះអ្វីដែលអ្នកត្រូវការដើម្បីរីកចម្រើននៅលើផ្លូវនេះ ( សូមមើល នីហ្វៃទី២ ៩:៤១ ) ។ នៅក្នុងសាសនាចក្រពេលខ្លះយើងហៅរឿងនេះថាជា « ផ្លូវនៃសេចក្ដីសញ្ញា » ដែលជាការប្រៀបធៀបសម្រាប់ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការមើលឃើញដំណឹងល្អថាជាមាគ៌ាមួយដែលគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះ និងរក្សាសេចក្ដីសញ្ញា និងការទទួលពិធីបរិសុទ្ធនៅពេលយើងរីកចម្រើនឆ្ពោះទៅរកជីវិតដ៏អស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការនៅលើផ្លូវនៃសេចក្ដីសញ្ញានឹងផ្ដល់ឲ្យអ្នកនូវសុវត្ថិភាព ភាពសុខសាន្ត និងអំណរដ៏យូរអង្វែង ។ វានឹងផ្ដល់កម្លាំងដល់អ្នកក្នុងគ្រាលំបាកទាំងឡាយ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ចំពោះសមាជិកសាសនាចក្រម្នាក់ៗខ្ញុំសូមប្រាប់ថាសូមបន្ដដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះដោយការចុះសេចក្ដីសញ្ញាជាមួយនឹងទ្រង់ហើយបន្ទាប់មករក្សាសេចក្ដីសញ្ញានោះនឹងបើកទ្វារទៅកាន់ពរជ័យ និងឯកសិទ្ធិខាងវិញ្ញាណសម្រាប់បុរសស្ត្រី និងកុមារនៅគ្រប់ទីកន្លែង » ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មឡើងវិញបានអញ្ជើញប្រជាជនដែលបានប្រមូលផ្តុំគ្នានៅព្រះវិហារបរិសុទ្ធនៅលើដែនដីបរិបូរណ៍ឲ្យមករកទ្រង់ ( សូមមើល នីហ្វៃទី៣ ១១:១៤-១៧ ) ។ សូមមើលវីដេអូ « គោលលទ្ធិ និងសេចក្តីសញ្ញា » (នាទីទី ១:៣៧ ) ដោយស្ដាប់រកនូវអ្វីដែលអែលឌើរ ដេវីឌ អេ បែដណា បង្រៀនអំពីរបៀបដែលសេចក្ដីសញ្ញា និងពិធីបរិសុទ្ធជួយយើងឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ តើពរជ័យអ្វីខ្លះកើតមានដល់អស់អ្នកដែលចុះសេចក្តីសញ្ញាដោយភាពសក្តិសមជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនានារបស់ទ្រង់ ?
-
ព្យាការីលីហៃបានកត់ត្រានូវសុបិនមួយដែលគាត់បានឃើញផ្លូវមួយដែលនាំទៅដល់ដើមឈើនៃជីវិត ។ សូមអាន នីហ្វៃទី១ ៨:១៩–២៤, ៣០ ។ តើយើងអាចរៀនអ្វីខ្លះចេញពីវគ្គបទគម្ពីរនេះអំពីសារៈសំខាន់នៃការបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ? តើអ្នកបានប្រឹងប្រែងធ្វើអ្វីខ្លះក្នុងជីវិតរបស់អ្នកដើម្បីបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ? តើការប្រែចិត្តអាចជួយអ្នកឲ្យនៅចំកណ្តាលផ្លូវរបស់ព្រះដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
តាមរយៈអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកដែលចុះសេចក្ដីសញ្ញាអាចទទួលបានជំនួយដ៏ទេវភាព ដើម្បីប្រែក្លាយជាអ្នករក្សាសេចក្ដីសញ្ញា ។ សូមទស្សនា « The Covenant Path » ( នាទីទី ២:៣០ ) ។ សូមនិយាយអំពីវិធីដើម្បីរក្សាសេចក្តីសញ្ញាដូចដែលបានលើកឡើងដោយអែលឌើរ ឌីថត គ្រីស្តូហ្វឺសិន នៅក្នុងវីដេអូនេះ ។ តើពរជ័យនៃការដើរតាមផ្លូវនៃសេចក្តីសញ្ញាមានអ្វីខ្លះ ?
-
សូមពិចារណាអំពីការឲ្យសមាជិកក្រុមរបស់អ្នកសិក្សាអត្ថបទ « Why Ordinances and Covenants Matter » ។ សូមអញ្ជើញសមាជិកក្រុមស្វែងរកតួនាទីដ៏សំខាន់ដែលដំណាក់របស់ព្រះអម្ចាស់ដើរតួនាទីក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីស្វែងរក និងបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
ស្វែងយល់បន្ថែមទៀត
-
នីហ្វៃទី២ ៣១:១៧-២០; ៣៣:៩; ហេលេមិន ៣:២៧-៣០; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០-២១; មាត្រានៃសេចក្តីជំនឿ ១:៣
-
ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ១.៣.២, ៣.៥.១, ៣.៥.២ នៅលើបណ្ណាល័យដំណឹងល្អ
-
ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វីជាផ្លូវនៃសេចក្តីសញ្ញា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៦–១១៩
-
រ៉ានឌី ឌី ហ្វាំង « Covenants, Ordinance and Blessings » Liahona ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ៣០-៣៥
-
« Why Ordinances and Covenants Matter » នៅលើគេហទំព័រ ChurchofJesusChrist.org ។
ផ្នែកទី ២
ព្រះអញ្ជើញអ្នកឲ្យចងភ្ជាប់ខ្លួនរបស់អ្នកទៅនឹងព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្ដីសញ្ញា
ការចុះ និងការរក្សាសេចក្ដីសញ្ញាពិសិដ្ឋចងភ្ជាប់អ្នកទៅនឹងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៥:២៤ ) ។ ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖ « ការចូលទៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញាជាមួយនឹងព្រះចងភ្ជាប់យើងទៅនឹងទ្រង់តាមរបៀបមួយដែលធ្វើឲ្យ អ្វីៗគ្រប់យ៉ាង អំពីជីវិតមានភាពកាន់តែងាយស្រួល ។ សូមកុំយល់ច្រឡំសម្តីរបស់ខ្ញុំឲ្យសោះ ៖ ខ្ញុំ ពុំមែន និយាយថា ការចុះសេចក្តីសញ្ញាធ្វើឲ្យជីវិតមាន ភាពងាយស្រួល នោះទេ ។ … ប៉ុន្តែការដាក់នឹមជាមួយនឹងព្រះអង្គសង្គ្រោះមានន័យថា បងប្អូនមានសិទ្ធិទទួលព្រះចេស្តាដើម្បីពង្រឹង និងការប្រោសលោះ របស់ទ្រង់ » ។
អ្វីៗទាំងអស់នៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានរចនាឡើងដើម្បីរៀបចំអ្នកឲ្យដើរតាមទ្រង់ ហើយប្រែក្លាយដូចជាទ្រង់កាន់តែខ្លាំងឡើង ។ អែលឌើរ ដេវីឌ អេ បែដណា បានថ្លែងថា « សេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយគឺជាដុំឥដ្ឋសាងសង់ដែលអាចធ្វើឲ្យយើងស្ថាបនាជីវិតរបស់យើងនៅលើ ‹ សិលានៃព្រះដ៏ប្រោសលោះនៃយើង › [ ហេលេមិន ៥:១២ ] និងដង្វាយធួនរបស់ទ្រង់ » ។ នៅពេលដែលអ្នកព្យាយាមស៊ូទ្រាំដល់ទីបញ្ចប់ដោយរក្សាសេចក្ដីសញ្ញារបស់អ្នក នោះអ្នកនឹងរីករាយនឹងសេចក្ដីសង្គ្រោះ និងការប្រោសលោះដែលបានផ្ដល់ឲ្យដោយព្រះយេស៊ូវគ្រីស្ទ ( សូមមើល អោមណៃ ១:២៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ខណៈពេលដែលពិធីបរិសុទ្ធដែលយើងទទួលមានភាពខុសគ្នា តែពិធីបរិសុទ្ធទាំងអស់មានរឿងមួយដូចគ្នា—វាជួយយើងឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ហើយផ្ដល់សិទ្ធិចូលទៅកាន់តែជិតព្រះចេស្ដារបស់ទ្រង់ ។ ពិធីបរិសុទ្ធនៃបព្វជិតភាពមួយចំនួននៅក្នុងសាសនាចក្រជួយយើងឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែមិនត្រូវបានចាត់ទុកថាចាំបាច់ចំពោះសេចក្ដីសង្គ្រោះ និងជីវិតដ៏អស់កល្បជានិច្ចនោះទេ ( ដូចជា ការដាក់ឈ្មោះ និងការប្រសិទ្ធពរដល់កុមារ ការញែកប្រេង ឬការឧទ្ទិសផ្នូរ ) ។
ពិធីបរិសុទ្ធ ផ្សេងទៀត គឺ តម្រូវអោយយើងមានសេចក្ដីសង្រ្គោះ និងភាពតម្កើងឡើង ( ពិធិបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងការទទួលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ការតែងតាំងបព្វជិតភាពម៉ិលគីស្សាដែកសម្រាប់បុរស អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង ពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធដល់គូស្វាមីភរិយា ) ។ តើការរៀនអំពីពិធិបរិសុទ្ធសំខាន់ៗទាំងនេះ និងសេចក្ដីសញ្ញាដែលទាក់ទងអាចជួយអ្នកឲ្យវាស់ស្ទង់ការរីកចម្រើនរបស់អ្នកនៅលើផ្លូវនៃសេចក្ដីសញ្ញាដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ព្រះគម្ពីរសញ្ញាចាស់ ព្យាការីអ័ប្រាហាំ គឺជាគំរូមួយនៃមនុស្សម្នាក់ដែលមានចិត្តស្មោះត្រង់ក្នុងការចុះ និងរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះ ។ សូមមើលវីដេអូ « Elder Nelson Talks about Covenants » ( នាទីទី ៤:៤៥ ) ដោយស្ដាប់រកមើលពរជ័យដែលព្រះបានសន្យាទៅកាន់អ័ប្រាហាំ ។ តើពរជ័យដែលបានសន្យាអ្វីខ្លះដែលមានសម្រាប់សមាជិកនៃសាសនាចក្រសព្វថ្ងៃនេះ ? តើសេចក្ដីសញ្ញាទាំងនេះជួយយើងឲ្យយល់កាន់តែច្បាស់អំពីផែនការដ៏ជាទីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
នីហ្វៃទី១ ១៧:៤០; អាលម៉ា ១៣:១៦; នីហ្វៃទី៣ ២០:២៤-២៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៣:៩; ៨២:១៥
-
រ័សុល អិម ណិលសុន « ឈ្នះលោកិយហើយបានសេចក្តីសម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៥–៩៨
-
ដេវីឌ អេ បែដណា « ប៉ុន្តែពួកយើងឥតយកចិត្តទុកដាក់ដល់គេឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១៤–១៦
-
ដេវីឌ អេ បែដណា « Bound to the Savior through Covenants » For the Strength of Youth ខែ កុម្ភៈ ឆ្នាំ ២០២២ ទំព័រ ៣–៥
-
ឌែល ជី រិនឡាន់ « ការទទួលបានព្រះចេស្តារបស់ព្រះតាមរយៈសេចក្ដីសញ្ញា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៣៥–៣៧