បណ្ណាល័យ
បព្វជិតភាព​ម៉ិលគីស្សាដែក


« បព្វជិតភាព​ម៉ិលគីស្សាដែក » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ម៉ិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

បព្វជិតភាព​ម៉ិលគីស្សាដែក

អំណាច និង​សិទ្ធិ​អំណាច​របស់​ព្រះ​ដើម្បី​ប្រទាន​ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់

ព្រះវរបិតា​សួគ៌​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​អំណាច​ខាង​វិញ្ញាណ និង​ដឹកនាំ​អ្នកនៅតាមផ្លូវ​​ទៅ​កាន់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ បព្វជិតភាព​របស់​ព្រះ​អាចធ្វើ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់​ដែល​ជ្រើស​រើស​មក​រក​ទ្រង់ ទទួល​បាន​ពរជ័យ​ទាំងនោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ៖ « បព្វជិតភាព​ម៉ិលគីស្សាដែក … គឺជា​របៀប​ដែល​គ្រប់ចំណេះដឹង គោលលទ្ធិ ផែនការ​នៃ​សេចក្តី​សង្រ្គោះ និង​គ្រប់​រឿង​សំខាន់ៗ​ទាំងអស់​ត្រូវ​បាន​លាតត្រដាង​មកពី​ឋានសួគ៌ » ។ តាម​រយៈ​អំណាច​របស់​បព្វជិតភាព​ម៉ិលគីស្សាដែក នោះ​បុត្រា និង​បុត្រី​របស់​ព្រះ​ទាំង​អស់​អាច​ធ្វើ​សេចក្តី​សញ្ញា និង​ទទួល​ពិធីបរិសុទ្ធ​ដែល​ជួយ​ពួក​គេ​ឲ្យប្រែ​ក្លាយ​ដូច​ជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៥២-៦០; ៨៤:១៩-២២ ) ។

តើ​អ្វី​ទៅ​ជា​បព្វជិតភាព​ម៉ិលគីស្សាដែក ?

បព្វជិតភាព​គឺ​ជា​អំណាច និង​សិទ្ធិ​អំណាច​ដ៏​អស់កល្ប​ជានិច្ច​ដែល​ព្រះ​បាន​បង្កើត និង​គ្រប់គ្រង​ស្ថានសួគ៌ និង​ផែនដី ។ មាន​បព្វជិត​ពីរ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ​អើរ៉ុន និង​ម៉ិលគីស្សាដែក ។ បព្វជិតភាព​ម៉ិលគីស្សាដែក​គឺ​ជា​បព្វជិតភាព​ខ្ពស់ជាង ឬ​ធំ​ជាង ហើយ​តែង​តែ​ត្រូវ​បាន​ប្រទាន​ទៅ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ​នៅ​ពេល​ដែល​ភាពពេញ​លេញនៃ​ដំណឹងល្អ​មាន​នៅ​លើ​ផែនដី ។ តាម​រយៈ​កូនសោរ​បព្វជិតភាព និង​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ប្រគល់ឲ្យ នោះ​អ្នក​បម្រើរបស់​ព្រះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សាយ​ដំណឹង​ល្អ ធ្វើពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង និង​គ្រប់គ្រង​នគរ​ព្រះ​នៅ​លើ​ផែនដី ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ បព្វជិតភាព​ម៉ិលគីស្សាដែក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ បព្វជិតភាព​អើរ៉ុន, កូនសោរ​បព្វជិតភាព, ការ​ស្តារ​បព្វជិតភាព​ឡើងវិញ

ផ្នែក​ទី ១

ព្រះ​ប្រគល់​អំណាច និង​សិទ្ធ​អំណាច​បព្វជិតភាព​ដល់​អ្នក​បម្រើ​របស់​ទ្រង់

ពេត្រុស យ៉ាកុប និង យ៉ូហាន តែងតាំង យ៉ូសែប ស្ម៊ីធ

ក្នុង​ប្រវត្តិ​សាស្ត្រ ព្រះ​បាន​ប្រគល់​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​អ្នក​បម្រើ​របស់​ទ្រង់ ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​ព្រះនាម​របស់​ទ្រង់ ហើយ​ជួយ​ដល់​សេចក្តី​សង្គ្រោះ និង​ភាព​តម្កើងឡើង​របស់​បុត្រាបុត្រី​របស់​ទ្រង់ ។ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ព្យាការី​ទាំង​អស់​មាន​បព្វជិតភាព​ម៉ិលគីស្សាដែក » ។

កាលពី​បុរាណ បព្វជិតភាព​ត្រូវ​បាន​គេ​ហៅ​ថា « បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ។ ប៉ុន្តែ​មក​ពី​ការ​គោរព​កោតក្រែង ឬ​កភក្ដី​ភាព​ដល់​ព្រះ​នាម​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​ដើម្បី​កុំ​ឲ្យ​ប្រើ​ព្រះ​នាម [ របស់​ព្រះអម្ចាស់ ] ញឹកញាប់​ពេក » ទើប​សាសនាពី​សម័យ​បុរាណ​បាន​ហៅ​បព្វជិតភាព​តាម​លោក​ម៉ិលគីស្សាដែក « ឬ​បព្វជិតភាព​ម៉ិលគីស្សាដែក » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៣–៤ ) ។ ម៉ិលគីស្សាដែក​គឺ​ជា​សង្ឃ​ជាន់​ខ្ពស់ និង​ជា​ព្យាការី​ដ៏​សុចរិត​ម្នាក់​ក្នុង​អំឡុង​ពេល​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ នៅ​ក្នុង​ភាសា​ហេព្រើរ​ឈ្មោះ ម៉ិលគីស្សាដែក មាន​ន័យ​ថា « ស្ដេច​នៃ​សុចរិតភាព » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ម៉ិលគីស្សាដែក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​រៀន​ថា​ព្រះយេស៊ូវ​បាន​តែងតាំង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​បាន​ប្រទាន​សិទ្ធ​អំណាច​បព្វជិតភាព​ដល់​ពួក​គេ ( សូម​មើល លូកា ៩:១-២; យ៉ូហាន ១៥:១៦; ហេព្រើរ ៥:១-១០ ) ។ នៅ​លើ​ភ្នំ​ប្រែរូប ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ទទួល​កូនសោ​បព្វជិតភាព ។ ជាមួយ​នឹង​កូនសោ​ទាំង​នោះ ពួក​សាវក​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​បន្ត​កិច្ចការ​របស់​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​បន្ទាប់​ពី​ទ្រង់​យាងទៅស្ថានសួគ៍​វិញ ( សូម​មើល​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​« Transfiguration » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។ សូម​មើល​ផងដែរ ម៉ាថាយ ១៦:១៥-១៩; ១៧:១–៩; កិច្ចការ ១:២១-២៦; អេភេសូរ ៤:១១-១៣ ) ។

នៅ​ក្នុង​សតវត្ស​ក្រោយ​ពី​ការ​ស្លាប់​របស់ពួកសាវក​របស់​ព្រះអម្ចាស់ សិទ្ធអំណាច​បព្វជិតភាព​ត្រូវ​បាន​បាត់​បង់​ពីលើ​ផែនដី ។ នៅ​សម័យ​យើង បព្វជិតភាព​ម៉ិលគីស្សាដែក​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ​ពេត្រុស យ៉ាកុប និង យ៉ូហាន ទៅ​កាន់​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១២-១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧២ ) ។ ក្រោយ​មក​សារទូត​ពី​ស្ថានសួគ៌​ផ្សេង​ទៀត​បាន​ប្រគល់​នូវ​កូនសោរ​បព្វជិតភាព​ដល់​ពួក​លោកនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ក្នុង រដ្ឋ​អូហៃអូ សហរដ្ឋ​អាមេរិក ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១១-១៦ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រធាន ដាល្លិន អេក អូក បាន​ប្រកាស « បព្វជិតភាព​ជា​អំណាច និង​សិទ្ធិ​អំណាច​មកពី​ព្រះ​ដែល​កាន់​ដោយ​ការទុកចិត្ត​ថា​បាន​ប្រើប្រាស់​សម្រាប់​កិច្ចការ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។ បព្វជិតភាព មិនមែន​ជា​អ្នក​ដែល​ត្រូវបាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព ឬ​អ្នក​ដែល​អនុវត្ត​សិទ្ធិ​អំណាច​នេះ​ទេ ។ បុរស​ដែល​កាន់​បព្វជិតភាព​គឺ​ពុំ​មែន​ជា​បព្វជិតភាព​នោះ​ទេ ។ ខណៈ​យើង​មិន​គួរ​ហៅ​បុរស​ដែល​បាន​តែងតែង​នោះ​ថា​ជា បព្វជិតភាព នោះ​វា​សមរម្យ​ដើម្បី​ហៅ​ពួកគេ​ថា​ជា អ្នកកាន់ បព្វជិតភាព ។ ហេតុអ្វី​វា​សំខាន់​ក្នុង​ការបែងចែក​រវាង បព្វជិតភាព និង អ្នក​កាន់ បព្វជិតភាព ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បាន​ថ្លែង​ថា ៖ « បព្វជិតភាព​មាន​នៅ​ទី​នេះ ។ … យើង​ដឹង​ហើយ​ព្រោះ​យើង​បាន​ឃើញ​អំណាច​នៃ​បព្វជិតភាព​នេះ ។ យើង​បាន​ឃើញ​អ្នក​ជំងឺ​ជា​សះស្បើយ មនុស្ស​ខ្វិន​​អាច​ដើរបាន ហើយ​ការមក​ដល់​នៃ​ពន្លឺ និង​ចំណេះដឹង និង​ការយល់​ដឹង​ដល់​អ្នក​ដែល​ស្ថិត​នៅក្នុង​ភាពងងឹត » ។ តើ​អ្នក​បាន​ឃើញ​ភស្តុតាង​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​អំណាច និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​របស់​ព្រះ​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​សម័យ​យើង ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

តាម​រយៈ​សេចក្តី​សញ្ញា និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក អ្នក​អាច​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ​បាន

ស្ត្រី និង​កុមារ​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន​ថា « ដំណឹងល្អ និង​បព្វជិតភាព​គឺជា​មធ្យោបាយ​ដែល [ ព្រះ ] បំពេញការងារ​ដើម្បី​សង្គ្រោះ និងលើក​តម្កើង​បុត្រាបុត្រី​ដែល​គោរព​ប្រតិបត្តិ​របស់​ទ្រង់​ដើម្បី​ទទួល​នូវ​សិរី​ល្អ និង​អំណាច​ដូចគ្នា​ជាមួយនឹង​ទ្រង់ និង​អំណាច​ដើម្បី​បាន​គ្រង​មកុដនៃ​សិរីល្អ អមតៈភាព និង​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច » ។ នៅ​ក្រោម​ការណែនាំ​របស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព​ម៉ិលគីស្សាដែក យើង​អាច​ចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ ហើយ​ទទួល​នូវ​ពិធីបរិសុទ្ធ​ពិសិដ្ឋ​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅ​ពេល​ដែល​បុរស​ម្នាក់​ទទួល​បព្វជិតភាពម៉ិលគីស្សាដែក និង​ត្រូវ​បាន​តែងតាំង​ទៅ​កាន់​តំណែង​មួយ​នៅ​ក្នុង​បព្វជិតភាព នោះ​លោក​ចូល​ទៅ​ក្នុង « សម្បថ និង​សេចក្ដី​សញ្ញា ដែល​ជា​របស់​ផង​បព្វជិតភាព » ។ សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៣៣–៤៤ ។ តើ​សេចក្តីសញ្ញា​អ្វីខ្លះ​ដែល​អ្នក​កាន់​បព្វជិតភាព​ធ្វើ ? តើ​ព្រះ​បាន​សន្យា​អ្វី​ខ្លះ​ចំពោះ​អស់អ្នក​ដែល​ទទួល និង​ពង្រីក​ការហៅ​របស់​ពួកគេ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:១៧-២២ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​អំពី​បព្វជិតភាព ។ ដើម្បី​បញ្ជាក់​អំពី​អត្ថន័យ​នៃ​វគ្គបទគម្ពីរ សូម​ពិចារណា​ចែក​ចាយ​ថា « ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ » គឺ « ​សេចក្ដី​ពិត​ខាង​វិញ្ញាណ ដែល​បាន​ដឹង​ដោយ​សារ​វិវរណៈ​ប៉ុណ្ណោះ។ » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ វា​ក៏​អាច​ជួយ​ពន្យល់​ផង​ដែរ​ថា​អំណាច​នៃ​ព្រះ​គឺ​ជា​អំណាច​នៃ​សេចក្ដី​សុចរិត​ដែល​យើង​មក​ស្គាល់​ព្រះ ហើយ​ក្លាយ​ទៅ​ដូច​ជា​ទ្រង់ ( សូម​មើល ប្រ៊ូស អ័រ ម៉ាក់ខុនឃី The Promised Messiah [ ឆ្នាំ ១៩៧៨ ] ទំព័រ ៥៨៩ ) ។ តើ​ពិធីបរិសុទ្ធដ៏​ពិសិដ្ឋ​អាច​នាំ​យើង​ឲ្យ​យល់ដឹង​អំពី​ព្រះ ហើយ​រៀបចំ​យើង​ឲ្យ​កាន់​តែ​ក្លាយ​ដូចជា​ទ្រង់​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

  • គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១១–១៦

  • ហិនរី ប៊ី អាវរិង « Families under Covenant » Liahona ខែ ឧសភា ឆ្នាំ ២០១២,ទំព័រ ៦២–៦៥

  • ខិនថ៍ អេហ្វ រីឆាតស៍ « The Power of Godliness » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៨–១២០

  • ជូលី ប៊ី ប៊េក « An Outpouring of Blessings » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១១–១៣

  • « The Holy Priesthood—for the Blessing of God’s Children » Teachings of Presidents of the Church: George Albert Smith ( ឆ្នាំ ២០១១ ) ទំព័រ ៤៥-៥៦

ផ្នែក​ទី ៣

ទាំង​ស្ត្រី និង​បុរស​បម្រើ​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ដោយ​មាន​អំណាច និង​សិទ្ធ​អំណាច​បព្វជិតភាព

មនុស្ស​រាក់​ទាក់​គ្នា​ទៅ​វិញ​ទៅ​មក

ព្រះ​ហៅ​ទាំង​បុរស និង​ស្ត្រីនៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ឲ្យ​ជួយ​ដល់​កិច្ចការ​ដ៏​ចាំបាច់​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង ។ ខណៈ​ពេល​ដែល​មាន​តែ​បុរស​ប៉ុណ្ណោះ​ត្រូវ​បាន​តែងតាំង​ក្នង​តំណែង​បព្វជិតភាព ការ​ចូល​ទៅ​ប្រើ​សិទ្ធិ​អំណាច និង​អំណាច​បព្វជិតភាព​គឺ​មាន​សម្រាប់​ទាំង​បុរស និង ស្ត្រី ដើម្បី​ជួយ​ពួកគេ​ឲ្យ​សម្រេច​កិច្ចការ​របស់​ព្រះ ។ អំណាច​នៅក្នុង​បព្វជិតភាព​ត្រូវ​បាន​ទទួល​រៀងៗ​ខ្លួន​នៅ​ពេល​ដែល​សមាជិក​សាសនាចក្រ​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្លួន​ដោយ​សុចរិត​ជាមួយនឹង​ព្រះអម្ចាស់ ។ ក្រោម​ការ​ដឹកនាំ​របស់បុរស​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិតភាព បុគ្គល​ម្នាក់ៗ​ត្រូវ​បាន​ញែក​ចេញ​ដើម្បី​ធ្វើ​ការងារ​នៅ​ក្នុង​ការហៅ​ក្នុង​សាសនាចក្រ ។ ដោយ​ការ​ដាក់​ដៃ​លើ នាង​ឬ​គាត់​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​បំពេញ​ភារកិច្ច​ដែល​បាន​ចាត់​តាំង ។ ( សូមមើល ដាល្លិន អេក អូក « The Keys and Authority of the Priesthood » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥០–៥១ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា ៖ « ព្រះវរបិតា​របស់យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​មាន​ចិត្ត​សប្បុរស​ជាមួយ​នឹង​អំណាច​របស់​ទ្រង់ ។ បុរស និង​ស្ត្រី​គ្រប់​រូប​ទាំងអស់​មាន​សិទ្ធ​អាច​ទទួល​យក​អំណាច​នេះ​សម្រាប់​ជា​ជំនួយ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយនឹង​ព្រះអម្ចាស់ និង​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​គោរព​តាម​សេចក្តី​សញ្ញា​ទាំង​នោះ មាន​សិទ្ធិ​ទទួល​បាន​នូវ​វិវរណៈ​ផ្ទាល់​ខ្លួន ត្រូវ​បាន​ប្រទាន​ពរ​ដោយ​ការ​បម្រើ​របស់​ពួក​ទេវតា ទាក់​ទង​ជាមួយនឹង​ព្រះ ទទួល​បាន​នូវ​ភាព​ពេញ​លេញនៃ​ដំណឹង​ល្អ ហើយ​ទី​បំផុត​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​អ្វីៗ​ទាំង​អស់​ដែល​ព្រះវរបិតា​មាន » ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​ស្គាល់​ថា​ពរជ័យ​ដ៏​ពិសិដ្ឋ​មិន​ពឹង​ផ្អែក​លើ​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព​នោះទេ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

    « បុរស និង​ស្ត្រី​គ្រប់រូប​ដែល​ចុះ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ និង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​ស័ក្ដិសម ដែលមាន​ឥទ្ធិពល​ផ្ទាល់​ចំពោះ​ព្រះចេស្ដា​នៃ​ព្រះ ។ អស់អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់​បាន​ទទួល​អំណោយទាន​មួយ​នៃ​អំណាច​បព្វជិតភាព តាមរយៈ​គុណធម៌​នៃ​សេចក្ដី​សញ្ញា​របស់​ពួកគេ ព្រមទាំង​អំណោយទាន​នៃ​ចំណេះដឹង​ដើម្បី​ដឹង​អំពី​របៀប​ដើម្បី​ទាញ​យក​ព្រះចេស្ដា​នោះ ។

    « ស្ថានសួគ៌​គឺ​បើក​ចំពោះ ស្រ្តី ដែល​ត្រូវ​បាន​ប្រទាន​ឲ្យនូវ​ព្រះចេស្ដា​របស់​ព្រះ​តាមរយៈ​សេចក្ដី​សញ្ញា​បព្វជិតភាព​របស់​ពួកគេ ដូចជា​បុរស ដែល​កាន់បព្វជិតភាព​ផងដែរ » ។

    ចូរ​ពិភាក្សា​អំពី​របៀប​ដែល​សមាជិក​ដ៏​សក្ដិសម​ណាម្នាក់​នៃ​សាសនាចក្រ​អាច​ទាញ​យក​អំណាច​របស់​ព្រះ​បាន ។

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០១១ ) ទំព័រ១០៨ ។

  2. Teachings: Joseph Smith ទំព័រ១០៩ ។

  3. ដាល្លិន អេក អូក « The Melchizedek Priesthood and the Keys » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦៩ ។

  4. Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ​២១៤ ។

  5. Teachings of Presidents of the Church: Brigham Young ( ឆ្នាំ ១៩៩៧ ) ទំព័រ ១៨ ។

  6. អិម រ័សុល បាឡឺដ « Men and Women in the Work of the Lord » New​ Era ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤–៥ ។

  7. រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧ ។