« បព្វជិតភាពអើរ៉ុន » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
បព្វជិតភាពអើរ៉ុន
ការកាន់កូនសោនៃដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្តាច់បាប
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកដើរតាមព្រះព្យាយាមជួយទ្រង់ក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ បព្វជិតភាព ឬព្រះចេស្ដានិងសិទ្ធិអំណាចដ៏អស់កល្បជានិច្ចរបស់ព្រះត្រូវបានស្ដារឡើងវិញដល់ផែនដី ដើម្បីជួយបុត្រាបុត្រីរបស់ព្រះឲ្យត្រឡប់មករកទ្រង់វិញដោយការធ្វើ និងការរក្សាសេចក្ដីសញ្ញាពិសិដ្ឋជាមួយនឹងទ្រង់ ។
បព្វជិតភាពត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយផ្នែកនីមួយៗមានទំនួលខុសត្រូវចំពោះចំណុចសំខាន់ៗនៃការរស់នៅតាមដំណឹងល្អ ។ បព្វជិតភាពអើរ៉ុនគឺជាបព្វជិតភាព « ខាងការរៀបចំ » ឬ « បព្វជិតភាពដ៏តូចជាង » ។ បព្វជិតភាពអើរ៉ុនកាន់នូវកូនសោនៃការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣:១ ) ។ អ្នកកាន់បព្វជិតភាពអើរ៉ុនរៀបចំ ប្រសិទ្ធពរ និងចែកនំប៉័ង និងទឹកក្នុងពិធីសាក្រាម៉ង់ ។ បព្វជិតភាពអើរ៉ុនក៏បម្រើនៅក្នុងផ្នែកខាងសាច់ឈាមនៃសាសនាចក្រ ដូចជាការមើលថែសមាជិករបស់ខ្លួន និងការប្រមូលដង្វាយតមអាហារ ។
តើអ្វីទៅជាបព្វជិតភាពអើរ៉ុន ?
បព្វជិតភាពនេះគឺជាព្រះចេស្តា និងសិទ្ធិអំណាចដ៏អស់កល្បជានិច្ចរបស់ព្រះ ។ អ្នកកាន់បព្វជិតភាពជួយព្រះក្នុងការនាំមកនូវសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់បុត្រាបុត្រីរបស់ទ្រង់ដោយការផ្ដល់នូវសេចក្ដីសញ្ញាពិសិដ្ឋ និងពិធីបរិសុទ្ធទាំងឡាយ ។ បព្វជិតភាពអើរ៉ុនគឺជាការបន្តោងបញ្ជាប់ទៅនឹងបព្វជិតភាពម៉ិលគីស្សាដែកជាន់ខ្ពស់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:១, ៦, ១៣-១៤ ) ។ នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ សមាជិកបុរសដែលសក្ដិសមអាចនឹងទទួលបានបព្វជិតភាពអើរ៉ុនចាប់ផ្ដើមនៅ ខែ មករា នៃឆ្នាំដែលពួកគេមាន អាយុ ១២ ឆ្នាំ ។ តំណែងនៅក្នុងបព្វជិតភាពអើរ៉ុនរួមមាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ បព្វជិតភាពអើរ៉ុន
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលទាក់ទង ៖ ការស្ដារបព្វជិតភាពឡើងវិញ, បព្វជិតភាពម៉ិលគីស្សាដែក, កូនសោរបព្វជិតភាព
ផ្នែកទី ១
យ៉ូហាន បាទីស្ទ បានស្តារបព្វជិតភាពអើរ៉ុនឡើងវិញដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
ចាប់តាំងពីជំនាន់លោកអ័ដាមទៅដល់លោកម៉ូសេ ព្យាការីបានកាន់បព្វជិតភាពម៉ិលគីស្សាដែក ។ ប៉ុន្តែនៅអំឡុងពេលការបង្រៀនរបស់លោកម៉ូសេ ពួកអ៊ីស្រាអែលបានបដិសេធពរជ័យរបស់ព្រះយេហូវ៉ា ហើយបព្វជិតភាពជាន់ខ្ពស់នេះត្រូវបានដកចេញពីប្រជាជន ។ ព្យាការីបានបន្តកាន់បព្វជិតភាពម៉ិលគីស្សាដែក ។ សមាជិកបុរសនៃកុលសម្ព័ន្ធលេវី រួមទាំងកូនចៅរបស់អើរ៉ុនត្រូវបានប្រទានបព្វជិតភាពអើរ៉ុនដល់ពួកគេ ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២៣–២៧ ) ។
ក្នុងនាមជាកូនចៅរបស់អើរ៉ុន និងជាកូនច្បងម្នាក់ យ៉ូហាន បាទីស្ទ បានកាន់បព្វជិតភាពអើរ៉ុន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:១៦-១៨; ៨៤:២៦-២៧ ) ។ ក្រោយពីការសុគតរបស់ព្រះយេស៊ូវ និងសាវករបស់ទ្រង់មក មនុស្សបានធ្វើការផ្លាស់ប្ដូរពិធិបរិសុទ្ធនៃបព្វជិតភាព និងសាសនាចក្រដោយគ្មានការអនុញ្ញាត ។ ដោយសារការក្បត់សាសនានេះ បព្វជិតភាពអើរ៉ុនរួមជាមួយនឹងបព្វជិតភាពជាន់ខ្ពស់ ដែលបានប្រគល់ឲ្យដោយ ពេត្រុស យ៉ាកុប យ៉ូហាន និងពួកសិស្សផ្សេងទៀតរបស់ព្រះគ្រីស្ទ ( លូកា ៩:១-២ ) ត្រូវបានដកចេញពីផែនដី ។ នៅឆ្នាំ ១៨២៩ យ៉ូហាន ដែលបានរស់ឡើងវិញបានបង្ហាញខ្លួនដល់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ហើយបានប្រគល់បព្វជិតភាពអើរ៉ុនដល់ពួកលោក ដោយស្តារសិទ្ធិអំណាចនេះឡើងវិញនៅលើផែនដី ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១; ២៧:៧–៨; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧២ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ជីវិត និងការងារបម្រើរបស់ យ៉ូហាន បាទីស្ទ អាចជាប្រភពនៃការបំផុសគំនិតទៅដល់អ្នកកាន់បព្វជិតភាពអើរ៉ុននៅសព្វថ្ងៃនេះ ។ សូមអាន ម៉ាថាយ ១១:៧-១៣ ( រួមបញ្ចូលទាំងការបកប្រែរបស់យ៉ូសែបស្មីធនៅក្នុងខទី ១៣ នៅក្នុងលេខយោងក ) លូកា ៧:២៤-៣០; និង យ៉ូហាន ៥:៣២-៣៥ ។ តើអ្នករៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះអំពីរបៀបដែលព្រះអង្គសង្រ្គោះមានអារម្មណ៍អំពី យ៉ូហាន បាទីស្ទ ? ហេតុអ្វីបានជាអ្នកគិតថាព្រះយេស៊ូវបានពិពណ៌នាអំពី យ៉ូហានបែបនេះទៅវិញ ? តើសព្វថ្ងៃនេះសិស្សរបស់ព្រះយេស៊ូវគ្រីស្ទយកគំរូតាម យ៉ូហាន បាទីស្ទរបៀបណា ?
-
នៅក្នុងសុន្ទរកថារបស់លោក « The Aaronic Priesthood—a Gift from God » ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា « វាជាការទទួលខុសត្រូវរបស់ [ ពួកឌីកុន ពួកគ្រូ និងពួកសង្ឃ ] ក្នុងការឃ្លាំមើលសាសនាចក្រ និងមើលថាគ្មានអំពើទុច្ចរិតទេ ហើយត្រូវអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ » ។ នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ អ្នកកាន់បព្វជិតភាពអើរ៉ុន ភាគជាច្រើនគឺជាយុវជន ។ តើយុវជនទាំងនេះអាចបំពេញកាតព្វកិច្ចដ៏មានអត្ថន័យទាំងនេះនៅក្នុងវួដ និងសាខារបស់ពួកគេនៅសព្វថ្ងៃនេះដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
កំណត់ហេតុរបស់ អូលីវើរ ខៅឌើរី អំពីការស្តារឡើងវិញនៃបព្វជិតភាពអើរ៉ុនបន្ថែមបរិបទ និងព័ត៌មានលម្អិតទៅលើការយល់ដឹងរបស់យើងអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ ។ សូមអានដំណើររឿងរបស់លោកដែលបានរកឃើញនៅចុងបញ្ចប់នៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ។ សូមអញ្ជើញសមាជិកក្រុមឲ្យចែកចាយព័ត៌មានលម្អិតណាមួយដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។ បន្ទាប់មកសូមអញ្ជើញសមាជិកក្រុមឲ្យស្រមៃថាតើវាអាចមានសភាពយ៉ាងណាបើបាននៅជាមួយ យ៉ូសែប និង អូលីវើរ នៅថ្ងៃនោះ ។ ហេតុអ្វីអ្នកគិតថាព្រឹត្តិការណ៍នេះគឺចាំបាច់ដើម្បីស្ដារដំណឹងល្អឡើងវិញ ?
ស្វែងយល់បន្ថែមទៀត
-
និក្ខមនំ ២៨:១–៤; លេវីវិន័យ ៨:១–១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១៨
-
ថូម៉ាស អេស ម៉នសុន « The Priesthood—a Sacred Gift » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៨៨-៩០
-
« The Restoration of the Priesthood Authority and Organization » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
-
ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយវ៉ុល ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ ) ទំព័រ ៦៥–៧៥
-
ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែបស្ម៊ីធ ( ឆ្នាំ ២០១១ ) ទំព័រ ៧៩–៨៧
ផ្នែកទី ២
បព្វជិតភាពអើរ៉ុន ផ្ដល់នូវកូនសោ និងការបម្រើដ៏ចាំបាច់
បព្វជិតភាពអើរ៉ុនពេលខ្លះត្រូវបានគេស្គាល់ថាជាបព្វជិតភាព « តូចជាង » ហើយត្រូវបានគេហៅក្នុងព្រះគម្ពីរថាជា « ការបន្តោងបញ្ជាប់ទៅនឹង » បព្វជិតភាពម៉ិលគីស្សាដែក ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:១៤ ) ។ ប៉ុន្តែបព្វជិតភាពអើរ៉ុនកាន់អំណាច និងសិទ្ធិអំណាចដ៏ចាំបាច់ដើម្បីផ្ដល់នូវសេចក្ដីសញ្ញា និងពិធីបរិសុទ្ធដ៏ពិសិដ្ឋដែលចាំបាច់សម្រាប់ការសង្គ្រោះ និងភាពតម្កើងឡើង ។
បព្វជិតភាពអើរ៉ុន រួមមានទាំងកូនសោទាំងឡាយនៃការបម្រើនៃពួកទេវតា ដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១; ១០៧:២០ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
យ៉ូហាន បាទីស្ទ បានរៀបចំផ្លូវសម្រាប់ពិភពលោកដើម្បីទទួលព្រះយេស៊ូវគ្រីស្ទ ។ លោកបានបង្រៀនដំណឹងល្អនៃការប្រែចិត្ត និងការជ្រមុជទឹកសម្រាប់ការផ្តាច់បាប ហើយលោកថែមទាំងបានជ្រមុជទឹកឲ្យព្រះអង្គសង្រ្គោះថែមទៀតផង ( សូមមើល ម៉ាកុស ១:១–១១; យ៉ូហាន ១:១៥-៣៤ ) ។ ហេតុអ្វីអ្នកគិតថាគោលការណ៍ និងពិធីបរិសុទ្ធទាំងនេះត្រូវបានចាត់ទុកថាជាការរៀបចំដ៏ចាំបាច់សម្រាប់ព្រះគ្រីស្ទដែលនឹងយាងមក ? តើការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹករៀបចំសិស្សរបស់ព្រះគ្រីស្ទសព្វថ្ងៃនេះឲ្យទទួលបានពិធិបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញាដែលទាក់ទងដោយរបៀបណា ?
-
ថ្លែងទៅកាន់អ្នកកាន់បព្វជិតភាពអើរ៉ុនអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ១៣ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានដាស់តឿនថា ៖ « ខ្ញុំសូមជំរុញឲ្យអ្នកបើកគោលលទ្ធិ និងសេចក្តីសញ្ញា … ហើយអានពាក្យទាំងនេះ ហើយទន្ទេញពាក្យទាំងនេះ ។ គោលលទ្ធិ និងសេចក្តីសញ្ញាគឺជាឯកសិទ្ធនៃបព្វជិតភាព ។ … គោលលទ្ធិ និងសេចក្តីសញ្ញាគឺជាភស្តុតាងដែលបញ្ជាក់ថាបព្វជិតភាពនេះមានសុពលភាព និងពិតប្រាកដក្នុងគ្រប់ទិដ្ឋភាពទាំងអស់ » ។ តើ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣ អាចដឹកនាំការផ្តោតអារម្មណ៍ និងសកម្មភាពរបស់អ្នកកាន់បព្វជិតភាពវ័យក្មេងដោយរបៀបណា ? តើការយល់ដឹងអំពីសេចក្តីពិតទាំងនេះអំពីបព្វជិតភាពអើរ៉ុន អាចជួយសមាជិកសាសនាចក្រទាំងអស់យល់អំពីតម្លៃនៃពិធីបរិសុទ្ធដូចជា ពិធីបុណ្យជ្រមុជទឹក និងការទទួលទានសាក្រាម៉ង់រៀងរាល់សប្តាហ៍ និងសេចក្តីសញ្ញាដែលជាប់ទាក់ទងជាមួយពួកគេដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
វាសំខាន់សម្រាប់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ យល់អំពីកាតព្វកិច្ច និងពរជ័យរបស់បព្វជិតភាពអើរ៉ុន ប៉ុន្តែសមាជិកសាសនាចក្រជាច្រើនមិនដឹងថាពិធីបរិសុទ្ធ និងទំនួលខុសត្រូវរបស់បព្វជិតភាពអើរ៉ុនមានសារៈសំខាន់ប៉ុនណានោះទេ ។ ក្រុមរបស់អ្នកអាចរៀនអំពីសិទ្ធិ និងទំនួលខុសត្រូវរបស់បព្វជិតភាពអើរ៉ុន ដោយសិក្សាប្រភពខាងក្រោមជាលក្ខណៈបុគ្គល ឬក្នុងក្រុមតូចៗ ៖
-
បព្វជិតភាពអើរ៉ុន ៖ ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ជំពូកទី ១០, នៅលើបណ្ណាល័យដំណឹងល្អ; គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:៨៥-៨៨
-
កូនសោនៃការបម្រើនៃពួកទេវតា ៖ គោលលទ្ធិ និងសេចក្តីសញ្ញា១៣:១; ៨៤:២៦; ១០៧:២០
-
ដំណឹងល្អខាងការរៀបចំ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:២០
-
អំណាចក្នុងការចាត់ចែងពិធីបរិសុទ្ធនានាខាងក្រៅ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២៦-២៧; ១០៧:២០; Bible Dictionary « Aaronic Priesthood »
-
នៅពេលដែលសមាជិកក្រុមបានអានសេចក្ដីយោងខាងលើរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយក្រុមផ្សេងទៀតនូវអ្វីដែលពួកគេបានរៀន ។
ស្វែងយល់បន្ថែមទៀត
-
ដាល្លិន អេក អូក « The Aaronic Priesthood and the Sacrament » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៧–៤០
-
ឌែល ជី រិនឡាន់ « The Priesthood and the Savior’s Atoning Power » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៧
-
« Keys of the Aaronic Priesthood » ( វីដេអូ ), ChurchofJesusChrist.org
ផ្នែកទី ៣
បព្វជិតភាពអើរ៉ុនគឺជាបព្វជិតភាពខាងការរៀបចំ
ជាច្រើនជំនាន់មកហើយ បព្វជិតភាពអើរ៉ុនបានរៀបចំកូនចៅអ៊ីស្រាអែល សម្រាប់ក្រឹត្យវិន័យជាន់ខ្ពស់ ដែលនៅទីបំផុតបានប្រទានឲ្យដោយព្រះយេស៊ូវគ្រីស្ទ ។ បេសកកម្មរបស់ យ៉ូហាន បាទីស្ទ គឺដើម្បីរៀបចំពិភពលោកសម្រាប់ការយាងមកដល់របស់ព្រះគ្រីស្ទ ។ ហេតុដូច្នេះហើយបព្វជិតភាពអើរ៉ុន ត្រូវបានគេស្គាល់ថាជា « បព្វជិតភាពខាងការរៀបចំ » ។ ព្រះគម្ពីរក៏បង្រៀនផងដែរថាបព្វជិតភាពអើរ៉ុនកាន់កូនសោដំណឹងល្អខាងការរៀបចំដែលរួមមានការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្តាច់បាប ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២៦-២៧ ) ។
សព្វថ្ងៃនេះអ្នកកាន់បព្វជិតភាពអើរ៉ុនជួយរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគេជួយមនុស្សឲ្យរៀបចំខ្លួនដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញា និងទទួលពិធីបរិសុទ្ធនៅក្នុងដំណាក់របស់ព្រះអម្ចាស់តាមរយៈការប្រែចិត្តពីអំពើបាប ហើយទទួលពិធីបុណ្យជ្រមុជទឹក ។ ហើយការកាន់បព្វជិតភាពអើរ៉ុនក៏រៀបចំអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទសម្រាប់ការបម្រើពេញមួយជីវិតនៅក្នុងបព្វជិតភាពម៉ិលគីស្សាដែកផងដែរ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុនអាចជួយយុវជនម្នាក់ៗឲ្យយល់អំពីអត្តសញ្ញាណដ៏ទេវភាព និងគោលបំណងរបស់គេក្នុងនាមជាអ្នកកាន់បព្វជិតភាពម្នាក់ ។ សូមអានបាវចនាដែលមាននៅក្នុង ក្បួនខ្នាតទូទៅ, ១០.១.២ ។ តើអ្នកគិតថាបាវចនានេះបំផុសគំនិតយុវជនឲ្យធ្វើការជ្រើសរើសដោយសុចរិតយ៉ាងដូចម្ដេច ? តើចំណុចសំខាន់អ្វីខ្លះនៃបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុនដែលអាចបញ្ចូលបានកាន់តែប្រសើរទៅក្នុងភាពជាសិស្សផ្ទាល់ខ្លួនរបស់អ្នក ?
-
ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដែលបានទទួលតាមរយៈបព្វជិតភាពអើរ៉ុនរៀបចំយើងសម្រាប់អស់អ្នកដែលមានទំនាក់ទំនងជាមួយនឹងបព្វជិតភាពម៉ិលគីស្សាដែក ។ តើការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្តាច់បាប ការទទួលទានសាក្រាម៉ង់ និងការរស់នៅក្នុងសេចក្ដីសញ្ញាដែលទាក់ទងនឹងអ្នករៀបចំឲ្យអ្នកធ្វើ និងរក្សាសេចក្ដីសញ្ញា និងទទួលពិធីបរិសុទ្ធនៃដំណាក់របស់ព្រះអម្ចាស់ដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
បព្វជិតភាពអើរ៉ុនគឺជាផ្នែកដ៏ចាំបាច់មួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងមូល ប៉ុន្តែវាក៏ប្រទានពរដល់អ្នកកាន់បព្វជិតភាពម្នាក់ៗផងដែរ។ សូមទស្សនាវីដេអូ « Let Every Man Learn His Duty: Aaronic Priesthood » ( ៣:៣៤ ) ។ តើអ្នកគិតថាការកាន់បព្វជិតភាពជះឥទ្ធិពលលើការសម្រេចចិត្តរបស់យុវជនទាំងនេះយ៉ាងដូចម្ដេច ? នៅពេលដែលក្រុមរបស់អ្នកស្តាប់យុវជនផ្សេងៗចែកចាយអំពីអត្ថន័យនៃអំណាច និងសិទ្ធិអំណាចនៃបព្វជិតភាពចំពោះពួកគេ សូមអញ្ជើញសមាជិកក្រុមឲ្យចែកចាយចំណាប់អារម្មណ៍ និងគំនិតរបស់ពួកគេ ។
ស្វែងយល់បន្ថែមទៀត
-
ហិនរី ប៊ី អាវរិង « The Preparatory Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៩–៦២
-
ហ្កែរី អ៊ី ស្ទីវ៉ែនសុន « Your Priesthood Playbook » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៧-៥០
-
« Aaronic Priesthood Shining Forth » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
-
Teachings of Presidents of the Church: Harold B. Lee ( ឆ្នាំ ២០០១ ) ទំព័រ ៨៩–៩៨