បណ្ណាល័យ
អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ


« អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ពន្លឺ​ព្រះ​អាទិត្យ​ចាំងឆ្លងកាត់​ពពក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ការ​មាន​សមាជិក​នៃ​ក្រុម​ព្រះ​ធ្វើ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន

តើ​បងប្អូន​ធ្លាប់​គិត​អំពី​​ពរជ័យ​ដែលបងប្អូន​បានទទួល​ក្នុងគ្រប់វិធី​តាម​រយៈ​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ? បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់​អាច​មាន​បទពិសោធន៍​នឹង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នាំ​ពួក​គេ​ទៅ​កាន់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ប៉ុន្តែ អំណោយទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​អស់អ្នក​ទាំងឡាយ​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​​ប្រែ​ចិត្ត សូម​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈ​ពិធីបុណ្យ​ជ្រមុជទឹក ។ អំណោយទាន​នេះ​ជា​ការ​សន្យា​ដែល​បងប្អូន​អាច​រីករាយ​នឹង​ការ​ធ្វើជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ—ដែល​ជា​សមាជិក​នៃ​ក្រុម​ព្រះ ។ វា​មិនមែន​ជា​អំណោយទាន​ធម្មតាៗ​នោះទេ—វា​មិន​អាច​មើល​ឃើញ​ទេ—ប៉ុន្តែ​វា​មាន​អំណាច​ដែល​មិន​អាច​បដិសេធ​បាន​នៅពេល​ដែល​បងប្អូន​ជ្រើសរើស​ដើម្បី​ទទួល​​ទ្រង់​តាមរយៈ​ការរស់នៅ​ដ៏​សុចរិត ។ អ្នក​ទាំងឡាយ​ដែល​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​សម្អាត​ពី​អំពើ​បាប ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន និង​រីករាយ​នឹង​ពរជ័យ​ដែល​ស្គាល់​ថា​ជា « អំណោយទាន​នៃ​វិញ្ញាណ » ។

តើ​អ្វី​ជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

ពិធីបរិសុទ្ធ​បព្វជិតភាព​នៃ​ពិធី​បញ្ជាក់ ធ្វើ​ឡើង​បន្ទាប់​ពី​បុគ្គល​ម្នាក់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការ​ពន្លិចទៅ​ក្នុង​ទឹក ។ ពិធីបរិសុទ្ធ​នេះ​ត្រូវ​បាន​ប្រគល់​ដោយ​ការ​ដាក់​ដៃ​ដោយ​បុគ្គល​ម្នាក់​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក ។ គឺ​នៅក្នុង​អំឡុង​ពេល​នៃ​ពិធីបរិសុទ្ធ​នេះ ដែល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ឲ្យ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​នៃ​ក្រុម​ព្រះ ហើយ​អាច​ធ្វើជា​ដៃគូ​ដ៏ខ្ជាប់ខ្ជួន​ចំពោះ​អ្នក​ដែល​ព្យាយាម​រក្សា​នូវ​បទបញ្ញត្តិ ហើយ​​យាង​ទ្រង់​ឲ្យ​ចូលទៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះវិញ្ញាណ​បរិសុទ្ធ, សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ, វិវរណៈ​ផ្ទាល់​ខ្លួន, អំណោយទាន​នៃ​ព្រះវិញ្ញាណ

ផ្នែកទី ១

« ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ »

រូបភាព
ស្ត្រី​ទទួល​ការប្រសិទ្ធពរ

ខណៈ​ដែល​នរណា​ម្នាក់​កំពុង​ត្រូវ​បាន​បញ្ជាក់​ថា​ជា​សមាជិក​នៃ​សាសនាចក្រ នោះ​គាត់​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ « ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធចុះ » ។ អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​នរណា​ម្នាក់ទទួល​ឡើយ ។ វា​ក្លាយ​ទៅជា​ទំនួល​ខុស​ត្រូវ​របស់​សមាជិក​ក្នុង​ការ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ជាមួយនឹង​ពួក​គេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៣៣ ) ។ អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នេះ យើងម្នាក់ៗ​ទទួល​យក​ការ​ទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ និង​បន្ដ​ឥត​ដាច់​មួយ ដើម្បី​មាន​បំណង ដើម្បី​ស្វែងរក ដើម្បី​ប្រព្រឹត្ត និង ដើម្បី​រស់នៅ​តាមរបៀប​ដែល​នឹង​ធ្វើឲ្យ​យើង​បាន ‹ ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ › ព្រមទាំង អំណោយទាន​ខាង​វិញ្ញាណ​នានា » ។

ព្រះយេស៊ូវ​បាន​ពន្យល់​ដល់ នីកូដេម—ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​សាសន៍​យូដា—ថា « បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ( យ៉ូហាន ៣:៥ ) ។ ដូច្នេះ​ក្រៅពី​ការ​ជ្រមុជ​ទឹក​ដោយ​ទឹក នោះ​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​បងប្អូន « កើត​ពី​ព្រះ​វិញ្ញាណ » ( ខទី ៦ ) ។ ការណ៍​នេះ​កើតឡើង​នៅពេល​បងប្អូន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​មាន​បទពិសោធន៍ទទួល « បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ព្រះវិញ្ញាណ​បរិសុទ្ធ » ( សូមមើល នីហ្វៃទី២ ៣១:១៣–១៤ ) ។ ភ្លើង​ជា​និមិត្ត​សញ្ញា​នៃ​ការ​សម្អាត ។ អំណាច​នៃ​ការញែក​ជា​បរិសុទ្ធ​នេះ​នាំ​មក​នូវ​ការផ្តាច់បាប ( សូមមើល នីហ្វៃទី២ ៣១:១៧; នីហ្វៃទី៣ ១២:១–២ ) ។ បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក សមាជិក​សាសនាចក្រ​អាច​នឹង​មាន​បទពិសោធន៍​នៃការ​ជ្រមុជ​ទឹកដោយ​ភ្លើង​បន្តិច​ម្តងៗ ( សូមមើល នីហ្វៃទី៣ ៩:២០ ) ឬ​ដោយ​ផ្ទាល់ ( សូមមើល ម៉ូសាយ ៤:២–៣ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​ធ្វើការបម្រើ​ទៅដល់​ប្រជាជន​នៅ​អឌ្ឍគោល​ខាង​លិច ទ្រង់​បាន​ប្រទាន​អំណាច​ដល់​ពួក​សិស្ស​ទាំង​ដប់​ពីរ​នាក់​នូវ​អំណាច​ដើម្បី​ប្រគល់​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃទី៣ ១៨:៣៦–៣៧ ) ។ ហើយ​ប្រជាជន​នេះ​បាន​រៀន​អំពី​អំណោយទាន​នេះ ហើយ « ពួក​គេ​បាន​អធិស្ឋាន​សូម​នូវ​អ្វីៗ ដែល​គេ​ចង់​បាន​បំផុត ហើយ​ពួក​គេ​មាន​ប្រាថ្នា​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ដល់​ពួក​គេ » ( នីហ្វៃទី៣ ១៩:៩ ) ។ តើ​បងប្អូន​នឹង​រៀបរាប់​ពី​អារម្មណ៍​របស់​បងប្អូន​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ?

  • ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ពិធីបុណ្យជ្រមុជ​ដោយ​ទឹក​បើ​គ្មាន​ពិធីបុណ្យជ្រមុជ​ដោយ​ភ្លើងទេ វា​ពុំ​មានន័យ​អ្វីឡើយ ពិធីទាំងពីរ​នេះ​គឺជា​ទំនាក់ទំនង​ដ៏ចាំបាច់ និង​ពុំ​អាច​ផ្ដាច់​បាន​ឡើយ » ។ ដើម្បី​ជួយ​បងប្អូន​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ « បុណ្យជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » សូមមើល « The Baptism of Fire » ( នាទីទី ១:៤១ ) ។ ដោយ​ផ្អែក​លើ​មតិ​យោបល់​របស់​អែលឌើរ ដេវីឌ អេ បែដណា នៅ​ក្នុង​វីដេអូ​នេះ តើ​បងប្អូន​នឹង​ពន្យល់​អំពី​អត្ថន័យ​នៃ « បុណ្យជ្រមុជ​ដោយ​ភ្លើង » យ៉ាង​ដូច​ម្ដេច ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ២

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ក្លាយជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង​

រូបភាព
យុវជន​កំពុង​កាន់ក្ដារ​ស្កេតប៊ត

ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ត្រូវ​ការ​ដៃ​គូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​មាន​ប្រាថ្នា​ចង់​បាន​ទ្រង់ ប៉ុន្តែ​យោងតាម​បទពិសោធន៍​គឺ​វា​ពុំ​ងាយ​ក្នុងការ​ថែរក្សា​ទេ ។ យើង​ម្នាក់ៗ​គិត និយាយ ហើយ​ធ្វើ​រឿង​ផ្សេងៗ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដែល​អាច​ប៉ះពាល់​ដល់​ព្រះវិញ្ញាណ ។ ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ក្លាយ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង​នៅ​ពេល​ដែល​ដួងចិត្ត​របស់​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស ហើយ​នៅ​ពេល​ដែល​គុណធម៌​តុបតែង​គំនិត​របស់​យើង​ដោយ​ឥត​ឈប់​ឈរ ( សូមមើល គ&ស ១២១:៤៥ ) » នៅពេល​បងប្អូន​ព្យាយាម​បង្កើត​ដៃគូ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​បងប្អូន​នឹង​យល់​អំពី​អ្វី​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​នៅក្នុង​ជីវិត​របស់​បងប្អូន ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ការអធិស្ឋាន​សាក្រាម៉ង់​គឺជា​ការរំឮក​ដ៏មាន​ឥទ្ធិពល​មួយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នៅ​ជាមួយ​យើង​ជានិច្ច ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៧, ៧៩ ) ។ នៅពេល​ដែល​បងប្អូន​រៀបចំ​ខ្លួន​ដោយ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួលទាន​សាក្រាម៉ង់ នោះ​បងប្អូន​យាង​ភាពជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​ហើយ ។ តើ​ជីវិត​របស់​បងប្អូន​ត្រូវ​បាន​ប្រទាន​ពរ​ដោយ​ការ​ខិតខំ​ដើម្បី​មាន​ភាព​ស័ក្តិសម​នឹង​វត្តមាន​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ពិចារណា​អាន និង​និយាយ​អំពី​សេចក្តី​ថ្លែង​ការណ៍​នេះ​របស់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖ « ខ្ញុំ​គិត​ថា មរមន បាន​ដឹង​យ៉ាង​ច្បាស់​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​នូវ​សេចក្ដី​ពិត​នៃ​ពាក្យ​របស់​លោក​ដែល​ថា ‹ ​ព្រះ​ដ៏​ជា​ជំនួយ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ រីឯ​សេចក្ដី​ស្រឡាញ់​នេះ​ស៊ូទ្រាំ​ដោយ​សារ​សេចក្ដី​ព្យាយាម​ក្នុង​ការ​អធិស្ឋាន រហូត​ដល់​ទីបំផុត​មក​ដល់ នៅ​ពេល​ដែល​ពួក​បរិសុទ្ធ​ទាំង​អស់​នឹង​រស់នៅ​ជាមួយ​នឹង​ព្រះ › ( មរ៉ូ. ៨:២៦ ) ។ ទោះ​បី​ជា​ពេល​ខ្លះ​យើង​នៅ​តែ​ម្នាក់​ឯង​ខណៈ​ដែល​នៅក្នុង​ចំណោម​មនុស្ស​ក្នុង​ពិភពលោក​នេះ​ក៏​ដោយ ក៏​យើង​មិន​ត្រូវ​ឯកោ​ទេ ព្រោះ​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ធ្វើ​ជា​ដៃ​គូ​របស់​យើង​ដើម្បី​ដើរ​ជាមួយនឹង​យើង » ។ បងប្អូន​អាច​ពិភាក្សា​អំពី​មូលហេតុ​ដែល​ព្យាការី​មរមន​ត្រូវការ​ពរជ័យ​ដែល​លោក​បាន​រៀបរាប់ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ពង្រីក​សេចក្ដី​សុខសាន្ត និង​ជួយ​ដល់​បងប្អូន​នៅ​ពេល​ណា ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ដឹង​ថា​តើ​ខ្ញុំ​កំពុង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

រូបភាព
បុរស​ម្នាក់​កំពុង​ញញឹម

តើបងប្អូន​ធ្លាប់​ព្យាយាម​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នរណា​ម្នាក់ ដែល​និយាយ​ភាសា​ដែល​បងប្អូន​មិន​យល់​ដែរឬទេ ? វា​អាច​មាន​អារម្មណ៍​តានតឹង​នៅ​ពេល​ដែល​នរណា​ម្នាក់​និយាយ​ថា​ពួក​គេ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ប៉ុន្តែ​បងប្អូន​មិន​ដឹង​ថា​វា​មាន​អារម្មណ៍​បែប​ណា​សម្រាប់​ខ្លួន​របស់​បងប្អូន​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​អៀនខ្មាស់​ទេ ដោយសារ​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​តាម​វិធី​ផ្សេងៗ​គ្នា ។ ការរៀនស្គាល់ និង​យល់​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង​ជាមួយនឹង​ប​ងប្អូន​អាច​ត្រូវ​ការពេលវេលា និង​ការខិតខំ​ប្រឹងប្រែង ។ ព្យាការី អេលីយ៉ា បាន​ដឹង​ថា​ព្រះវិញ្ញាណ​ អាច​នឹង​ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង « ​សំឡេង​តូច​រហៀង » ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៩:១១–១២ ) ។ ពេល​ខ្លះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម និង​អំណរ ( សូមមើល រ៉ូម ១៥:១៣ ) ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​មធ្យោបាយដ៏​សំខាន់​មួយ​ដែល​យើង​រៀន​សេចក្ដី​ពិត ( សូមមើល យ៉ូហាន ១៤:២៦; មរ៉ូណៃ ១០:៥ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​ទស្សនា​វីដេអូ « Feeling the Holy Ghost: Power of the Holy Spirit » ( នាទីទី ៣:១៧ ) ដើម្បី​មើល​ពី​របៀប​ដែលសមាជិក​សាសនាចក្រ​មួយ​ចំនួន​មាន​អារម្មណ៍​អំពី​ព្រះវិញ្ញាណ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​យើង​តាម​របៀប​ណា​ខ្លះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខូវឌើរី បាន​បកប្រែ​ព្រះគម្ពីរ​មរមន​នៅ​ពេល​ដែល​ពួក​លោក​បាន​ដឹង​ថា​ពេល​ខ្លះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ត្រូវ​បាន​ស្គាល់​តាម​រយៈ​អារម្មណ៍ « ខ្មួលខ្មាញ់​ » ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩:៨–៩ ) ។ ចូរ​ពិចារណា​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:២២–២៣; ៨:១–២; ១១:១១–១៤ ហើយ​និយាយ​ជាមួយគ្នា​អំពី​វិធី​ទូទៅ​ទាំងនេះ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង​ជាមួយនឹង​យើង ។ ពិភាក្សា​អំពី​មូលហេតុ​ដែលវា​សំខាន់​ក្នុង​ការ​ចងចាំ​ថា អារម្មណ៍​ដែល​កំពុង​ខ្មួលខ្មាញ់​គឺ​មិន​មែន​ជា​វិធី​តែ​មួយ​គត់​ដែល​បងប្អូន​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នោះ​ទេ ។

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេង​ទៀត​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

កំណត់​ចំណាំ

  1. ដេវីឌ អេ បែដណា « Receive the Holy Ghost » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ​ ៩៥ ។

  2. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៨៩ ។

  3. ហិនរី ប៊ី អាវរិង « The Holy Ghost as Your Companion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៤–១០៧ ។

  4. ហ្គរដុន ប៊ី ហ៊ិងគ្លី « Living with Our Convictions » Ensign ខែ កញ្ញា ឆ្នាំ ២០០១ ទំព័រ ៥ ។

បោះពុម្ព