បណ្ណាល័យ
ព្រះវិញ្ញាណ​បរិសុទ្ធ


រូបភាព
ស្រ្តី​ម្នាក់​កំពុង​ដើរ​នៅ​ខាងក្រៅ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ព្រះវិញ្ញាណ​បរិសុទ្ធ

ជា​អ្នក​នាំ​សារ និង​សាក្សី​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង

តើ​បងប្អូន​អាច​គិត​ពី​គ្រា​ដែល​បងប្អូន​បាន​ដឹង​ថា ព្រះវរបិតា​សួគ៌​ទ្រង់ជ្រាប​ពី​បងប្អូន ឬ​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​មាន​អំណរគុណ​ចំពោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឬ​ទេ ? ប្រហែល​ជា​បងប្អូន​ចាំ​ពី​គ្រា​មួយ​ដែល​បងប្អូន​កំពុង​ស្តាប់​ព្យាការី​ដែល​នៅ​រស់ ហើយ​បងប្អូន​បាន​ដឹង​ថា​អ្វី​ដែល​លោក​កំពុង​បង្រៀន​គឺ​ពិត ។ ឬ​បងប្អូន​អាច​នឹក​ចាំ​ពី​ការ​អាន​ព្រះគម្ពីរ ហើយ​មាន​អារម្មណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​មក​លើ​បងប្អូន ។ ប្រហែល​ជា​បងប្អូន​បាន​ស្គាល់​នូវ​ការ​បំផុស​គំនិត​ដែល​នាំ​ឲ្យ​បងប្អូន​ជៀស​វាង​អ្វី​ដែលបណ្តាលឲ្យ​គ្រោះ​ថ្នាក់ ឬ​មាន​អារម្មណ៍​ថា​មាន​សេចក្តី​សុខសាន្ត ឬ​ការ​លួង​លោម​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​មួយ ។ ទាំង​នេះ​គឺ​ជា​ការ​បង្ហាញ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះ​ឈោងមក​រក​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​ប្រាស្រ័យ​ទាក់​ទង​នឹង​ពួក​គេ​តាម​រយៈ​ឥទ្ធិពល និង​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បងប្អូន​បាន​ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​បងប្អូន​ទទួល​បុណ្យជ្រមុជទឹក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ព្រះវរបិតា​សួគ៌​ដ៏​ជាទី​ស្រឡាញ់​របស់​បងប្អូន​ធ្វើឲ្យ​បងប្អូន​រីករាយ​នឹង​សេចក្ដី​ស្រឡាញ់ ការណែនាំ និងការដឹកនាំ​របស់ទ្រង់—ហើយ​ពេលខ្លះ​ទ្រង់កែតម្រូវ—តាមរយៈ​អ្នក​នាំ​សារ​របស់​ទ្រង់ គឺព្រះវិញ្ញាណ​បរិសុទ្ធ ។

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជាអ្វី ?

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ទ្រង់​គឺជា​តួ​អង្គ​វិញ្ញាណ​ដែល​គ្មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ទេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២២ ) ។ ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​គុណលក្ខណៈ​ជា​អង្គ​ដ៏​ទេវភាព ហើយ​ជារឿយៗ​ត្រូវ​បាន​គេ​ហៅ​ថា​ជា « ព្រះវិញ្ញាណ » ។ បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​អាច​មាន​បទពិសោធន៍ទទួល « ព្រះចេស្តា » នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន ។ អស់អ្នក​ទាំងឡាយ​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទទួល « អំណោយទាន » នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​សេចក្ដី​សន្យា​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នៅ​ជាមួយ​យើង​ជានិច្ច ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ ក្រុម​ព្រះ, អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ, វិវរណៈ​ផ្ទាល់​ខ្លួន

ផ្នែកទី ១

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ក្លាយជា​ពរជ័យ​ដែលមិនអាច​កាត់​ថ្លៃ​បាន​របស់​បងប្អូន

រូបភាព
បុរស​កំពុង​អធិស្ឋាន

នៅពេល​បងប្អូន​កាន់តែ​រៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​បងប្អូន​កាន់​តែ​មាន​បំណង​ចង់​ទទួល និង​ដក​ពិសោធន៍​នូវ​ការបើកសម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួក​សាសន៍​នីហ្វៃ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ​នៅ​ក្នុងដែនដី​បរិបូរណ៍​បាន​មាន​បំណងប្រាថ្នា​ចង់​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃទី៣ ១៩:៨–៩ ) ។ មាន​ជំហាន​មួយចំនួន​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​បង្កើន​បំណង​ប្រាថ្នា​របស់​បងប្អូន ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី១ ១៣:៣៧; នីហ្វៃទី២ ៣១:១២–១៣; មរ៉ូណៃ ៧:៣១–៣២; ៨:២៦ ) ។ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ចាត់មក​ដល់​បងប្អូន​ដើម្បី​ធ្វើ​ទីបន្ទាល់ និងធ្វើ​ជា​សាក្សី​អំពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បំផុស​គំនិត​បងប្អូន​ឲ្យ​ធ្វើ​តាមទ្រង់​ទាំងទ្វេ​ដែល​នោះ​គឺ​ជា​ពរជ័យ​ដ៏​ថ្លៃថ្លា​បំផុត​មួយ ( សូមមើល នីហ្វៃទី២ ៣១:១៨ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ជីវិត​របស់​ប្រធាន ឡូរែនសូ ស្នូ ត្រូវ​បាន​សង្គ្រោះដោយសារ​មិត្តភក្ដិ​របស់​លោក​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​អាន​ដំណើររឿង​ដែល​មាន​នៅ​ក្នុង Teachings of Presidents of the Church: Lorenzo Snow ហើយ​ពិភាក្សា​អំពី​មូលហេតុ​ដែល​មិត្តភក្តិ​របស់​លោក​អាច​ស្គាល់ និង​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​នៅពេល​ណា​ដែល​បងប្អូន​បាន​ដកបទពិសោធន៍​នូវ​ការការពារ និង​ជំនួយ ដែល​បាន​ទំនាក់​ទំនង​តាម​រយៈ​ការ​បំផុស​គំនិត និង​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ?

ស្វែងយល់​បន្ថែម​ទៀត

  • ហ្គែរី អ៊ី ស្ទីវ៉ែនសុន « How Does the Holy Ghost Help You? » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៧–១២០

  • ខេវិន អ័រ ដាន់ខិន « The Sacred Roles of the Holy Ghost » Ensign ខែ តុលា ឆ្នាំ ២០១៤ ទំព័រ ៦២–៦៥

ផ្នែកទី ២

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ដល់​បងប្អូន​ឲ្យ​ដឹង​ពី​សេចក្ដី​ពិត​នៃ​គ្រប់ការណ៍​ទាំងអស់

រូបភាព
ស្ត្រី​ម្នាក់​កំពុង​កាន់​ទៀន ហើយ​មើលទៅ​លើមេឃ

ព្រះ​សព្វព្រះទ័យ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ រៀន​នូវ​សេចក្ដី​ពិត​អំពី​ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល និង​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ព្រមាន​ថា មាសត្រូវ​ខិតខំ​ធ្វើ​ការ​ដើម្បី « ធ្វើឲ្យ​ព្រំដែន​ការពិត និង​មិនពិត​មាន​សភាពព្រាល ។ ព័ត៌មាន​ដ៏​សន្ធឹក​​នៅ​ចង្អុល​ដៃ​របស់​យើង ធ្វើឲ្យ​កាន់តែ​ពិបាកដើម្បី​កំណត់​ថា​ការពិត​ជា​អ្វី » ។ ព្រះ​សព្វព្រះទ័យ​ឲ្យ​បងប្អូន​យល់​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ពិត និង​របៀប​ដែល​វា​អាច​ជួយ​បងប្អូន​ឲ្យ​ស្វែងរក​អំណរ ហើយ​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អង្គ​នាំ​សារ​របស់​ព្រះអម្ចាស់​ដើម្បី​បង្រៀន និង​ផ្តល់​ទីបន្ទាល់​ដល់​បងប្អូន​អំពី​សេចក្ដី​ពិត ។ ព្យាការី មរមន បាន​បង្រៀន​ថា « ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ គ្រប់ ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៥ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • របៀប​មួយ​ដែល​យើង​រៀន​សេចក្ដី​ពិត​តាម​រយៈ​ព្រះវិញ្ញាណ គឺ​នៅ​ពេល​ពួក​ព្យាការី​ និង​សាវក​មាន​ប្រសាសន៍​នៅ​ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:៣–៤ ) ។ ហេតុអ្វី​ក៏​វា​មាន​សារៈសំខាន់​ក្នុង​ការស្តាប់ ហើយ​ធ្វើ​តាម​សារ​ដែល​ប្រទានឲ្យ​ដោយ​ពួកព្យាការី និង​សាវក ? ព្រះអម្ចាស់​ក៏​សន្យាថា​នឹង​ពង្រឹង​ពាក្យសម្តី​របស់​បងប្អូន​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ដែល​បងប្អូន​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០០:៥–៨ ) ។

  • នៅ​ក្នុង​សុន្ទរកថា​របស់​លោក « The Truth of All Things » អែលឌើរ ដាវីឌ អែហ្វ អ៊ីវីនស៍ បាន​ចែកចាយ​នូវ​របៀប​សំខាន់ៗ​ដែល​បងប្អូន​អាច​ស្វែង​យល់​អំពី​សេចក្ដី​ពិត​សម្រាប់​ខ្លួន​បងប្អូន​បាន ។ តើ​បងប្អូន​បាន​ធ្វើ​តាម​គំរូ​នេះ​សម្រាប់​ការស្វែងរក​សេចក្ដី​ពិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • បងប្អូន​អាច​ពិភាក្សា​អំពី​របៀប​ដែល​បងប្អូន​​បាន​ទទួល​ឥទ្ធិពល​តាមរយៈ​ការ​ស្ដាប់ ឬ​អាន​សារ​សន្និសីទ​ទូទៅ ។ ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា « ការផ្តល់​ការងារបម្រើ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ » នឹង « ​ជួយ​បងប្អូន​ឲ្យ​ស្តាប់ឮ​នូវ​អ្វី​ដែល​ព្រះអម្ចាស់ចង់​ឲ្យ​បងប្អូនស្តាប់​ឮ » ក្នុង​អំឡុង​ពេល​សន្និសីទ​ទូទៅ ។ តើ​បងប្អូន​អាច​រៀបចំខ្លួន​តាម​របៀប​ណាខ្លះ ដើម្បី​រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​បងប្អូន​ស្តាប់ ឬ​សិក្សា​សារលិខិត​សន្និសីទ​ទូទៅ ?

ស្វែងយល់​បន្ថែម​ទៀត

ធនធានផ្សេងៗ​ទៀត​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ

បោះពុម្ព