បណ្ណាល័យ
ក្រុម​ព្រះ


« ក្រុម​ព្រះ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ក្រុម​ព្រះ

ការជឿ​ទៅលើ​ព្រះ​ជា​ព្រះវរបិតា ទៅលើ​ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទៅលើ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅ​ពេល​ដែល​មនុស្ស​និយាយ​ថា « ខ្ញុំ​ជឿ​លើ​ព្រះ » តើ​ពួក​គេ​មាន​ន័យ​យ៉ាង​ណា ? ពួកគេ​អាច​សំដៅ​ទៅលើ​​រឿង​ផ្សេងៗ​ជា​ច្រើន ។

ក្នុងនាមជា​ពួកបរិសុទ្ធថ្ងៃចុងក្រោយ « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏គង់​នៅ​អស់កល្ប​ជានិច្ច និង​ដល់​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១ ) ។ យើង​ហៅ​សេចក្ដី​ថ្លែងការណ៍​នេះ​ថា​ជា​មាត្រា​នៃ​សេចក្ដី​ជំនឿទីមួយ​របស់​យើង—យើង​ហៅ​បែបនេះ​ព្រោះ​ការ​យល់​ដឹង​អំពី​ព្រះ​ដ៏​ទេវភាព​ទាំង​បី​អង្គ​នេះ​គឺ​ជា​ជំហាន​ដំបូង​នៅក្នុង​ការ​យល់​ដឹង​ថា​យើង​ជា​នរណា ហេតុ​អ្វី​បាន​ជា​មាន​យើង ហើយ​តើ​យើង​អាច​ក្លាយ​ទៅ​ជា​អ្វី ។

តើ​អ្វី​ទៅ​ជា​ក្រុម​ព្រះ ?

ក្រុម​ព្រះ​មាន​ទេវ​បីអង្គគឺ ៖ ព្រះ​វរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទោះបី​ជា​អង្គ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក៏​ដោយ ក៏​ពួក​ទ្រង់​ធ្វើ​ការ​ជាមួយ​គ្នា​ដោយ​សាមគ្គីភាព​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​ប្រទាន​ពរ និង​លើក​តម្កើង​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។

ទិដ្ឋភាព​ទូទៅនៃ​ប្រធានបទ ៖ ក្រុម​ព្រះ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះ​ជា​ព្រះវរបិតា, ព្រះយេស៊ូវ​គ្រីស្ទ, ព្រះវិញ្ញាណ​បរិសុទ្ធ

ផ្នែកទី ១

របៀប​ដែល​ក្រុម​ព្រះ​ត្រូវបាន​អធិប្បាយ​ក្នុង​ព្រះគម្ពីរ

យ៉ូហាន បាទីស្ទ កំពុងជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះជា​ព្រះវរបិតា ព្រះយេស៊ូ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​សព្វព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ស្គាល់​អំពី​ទ្រង់​ទាំងបី ។ ពួកទ្រង់​មិន​ចង់​នៅ​ឆ្ងាយ ឬ​នៅ​អាថ៌កំបាំង​ទេ ។ ពួក​ទ្រង់​បាន​បង្ហាញ​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់ៗ​ជាច្រើន​តាម​រយៈ​ព្រះគម្ពីរ និង​ការ​បង្រៀន​របស់​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ ដើម្បី​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ពួក​ទ្រង់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រះ​ទ្រង់​អញ្ជើញ​យើង​ឲ្យទៅ​ជិត​ទ្រង់​ដោយ​ផ្ទាល់ ហើយ​ស្គាល់​ទ្រង់​តាមរយៈ​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយនឹង​ទ្រង់ ។ កាល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​នៅ​ក្នុង​ការ​អធិស្ឋាន​មួយ​ទៅ​កាន់​ព្រះវរបិតា​ជំនួស​ឲ្យ​អ្នក​ដើរ​តាមទ្រង់​ថា « នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់ឲ្យមក​ផង » ( យ៉ូហាន ១៧:៣ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ចូរ​ព្យាយាម​ស្វែងរក​វគ្គបទ​គម្ពីរ​ដែល​លើក​ឡើង​អំពី​សមាជិក​នៃ​ក្រុម​ព្រះ—ឧទាហរណ៍ ម៉ាថាយ ៣:១៦–១៧; ១៧:៥; យ៉ូហាន ៥:១៩; ១៤:៦–១០, ២៦; កិច្ចការ ៧:៥៥–៥៦; នីហ្វៃទី៣ ១១:១០–១១, ២៥–២៧, ៣៥–៣៦ ។ តើ​វគ្គ​បទគម្ពីរ​បែប​នេះ​បង្ហាញ​អ្វីខ្លះ​អំពី​សមាជិក​នៃ​ក្រុម​ព្រះ ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ទំនាក់ទំនង​របស់​អង្គ​ទាំងបី ?

  • ព្រះ​បាន​បង្ហាញ​សេចក្ដី​ពិត​ដ៏​សំខាន់​អំពី​ក្រុម​ព្រះ​នៅ​ក្នុង​ជំនាន់​របស់​យើង​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ឧទាហរណ៍​មួយ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣–១៧ ដោយ​មាន​សំណួរ​នេះ​នៅ​ក្នុង​ចិត្ត​ថា ៖ តើ​បទពិសោធន៍​របស់ យ៉ូសែប បង្ហាញ​អ្វីខ្លះ​អំពី​ក្រុមព្រះ ?

  • បងប្អូន​ក៏​អាច​អាន​នូវ​អ្វី​ដែល​ព្យាការី យ៉ូសែប បាន​បង្រៀន​អំពី​ព្រះវិញ្ញាណ​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២២ ។ ការ​បង្រៀន​ទាំង​នេះ​ខុសគ្នា​ក្នុង​របៀប​ដ៏សំខាន់​មួយ​ពីអ្វី​ដែល​គ្រីស្ទសាសនា​បង្រៀន​តាមបែប​ប្រពៃណី ។ សូម​គិត​អំពី​មូលហេតុ​ដែល​សេចក្ដី​ពិត​ដូច​នេះ​អំពី​ក្រុមព្រះ​មាន​សារៈសំខាន់​ចំពោះ​បងប្អូន ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២២ ជាមួយ​អ្នក​ផ្សេង​ទៀត ហើយ​មើល​រូបភាព​នៃ​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ។ ចូរ​និយាយ​ជាមួយ​គ្នា​អំពី​អ្វី​ដែល​ខគម្ពីរ​បង្រៀន និង​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​មើលឃើញ​នៅក្នុង​រូបភាព​នេះ ។ សូម​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅ​លើ​ការពិត​ដែល​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​រូបកាយ​ដូចជា​យើង​ផងដែរ—យើង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រូបភាព​របស់​ទ្រង់​ទាំងទ្វេ !

ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌​លេចឡើង​ចំពោះ យ៉ូសែប ស្ម៊ីធ

ស្វែងយល់​បន្ថែម​ទៀត

  • ដាល្លិន អេក អូក « The Godhead and the Plan of Salvation » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០០–១០៣

ផ្នែកទី ២

រួមគ្នា​ក្នុង​ការ​ប្រទាន​ពរ​ដល់​យើង

ទោះ​បី​ជា​ក្រុម​ព្រះ​មាន​សមាជិកបី​អង្គផ្សេងគ្នា​ក៏​ដោយ ក៏​ពួក​ទ្រង់​ជា « ព្រះ​តែ​មួយ » មាន​ន័យ​ថា​ពួក​ទ្រង់​មាន​សាមគ្គីភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​គោល​បំណង​តែ​មួយ ។ ហើយ​តើ « គោលបំណង » នោះ​ជា​អ្វី​ទៅ ? ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ និយាយ​ម្យ៉ាង​ទៀតថា​ព្រះ​វរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​រួម​គ្នា ដើម្បី​សម្រេច​នូវ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ។ អង្គ​ម្នាក់ៗ​មាន​តួនាទី​ជាក់លាក់​នៅក្នុង​ការបំពេញ​ផែនការ​នោះ ប៉ុន្តែ​គោលបំណង​របស់​ពួកទ្រង់​គឺ​ដូចគ្នា—ដើម្បី​ជួយ​ឲ្យ​បងប្អូន​ត្រឡប់​មក​រស់នៅ​ជាមួយនឹង​ព្រះ​ម្ដងទៀត ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • បងប្អូន​អាចអធិប្បាយ​ពី​សាមគ្គីភាព​របស់​ក្រុម​ព្រះ​ប្រដូចនឹង​កៅអី​ដែល​មាន​ជើងបី ជើង​កាមេរ៉ាសម្រាប់ថត ឬ​អ្វី​ផ្សេងទៀត​ដែល​អាច​មាន​ស្ថេរភាព និង​ដំណើរការ​បាន​ព្រោះ​វា​មាន​ជើង​បី ។ ឬ​បងប្អូន​អាច​ពិចារណា​អំពី​របៀប​ដែល​សមា‏ជិក​នៃ​ក្រុម​មួយ ឬ​ក្រុម​តន្ត្រី​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​សម្រេច​គោល​ដៅ​តែ​មួយ ។ យើង​អាច​គិត​ថា​ពួក​គេ​ជា​កៅអី​មួយ ក្រុម​មួយ ឬ​ជា​ក្រុម​តន្ត្រី​មួយ—ដូចជា​ក្រុម​ព្រះ គឺ​ជា​ព្រះតែមួយ—ដែល​សមាជិក​ម្នាក់ៗ​បំពេញ​តួនាទី​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​ក្នុង​សាមគ្គីភាព ។

ស្វែងយល់​បន្ថែម​ទៀត