បណ្ណាល័យ
វិវរណៈ


« វិវរណៈ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ក្មេង​ស្រី​កំពុង​អធិស្ឋាន​នៅខាង​ក្រៅ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

វិវរណៈ

ទទួលការណែនាំ​ផ្ទាល់ខ្លួន​ជារៀង​រាល់ថ្ងៃ​មកពី​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់

សំណួរ និង​ភាព​មិន​ប្រាកដ​ប្រជា​គឺ​ជា​ផ្នែក​ធម្មតា​នៃ​ជីវិត ។ អង្គ​ដែលអ្នក​បែរ​ទៅ​រក​សម្រាប់​ចម្លើយ និង​ការ​ធានាអះអាង​ជាថ្មី​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ សំណាង​ល្អ​ដែល​ព្រះ​ទ្រង់​គង់នៅ​ទី​នោះ​ដើម្បី​ជួយ​ក្នុង​ការ​ស្វែងរក​ចម្លើយ និង​ការ​យល់​ដឹង​របស់​អ្នក ។ អ្នក​អាច​ទុក​ចិត្ត​លើ​ការ​សន្យា​ថា « តែ​បើ … អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា » អ្នក​អាច​ទូល​សូម​ដល់​ព្រះ ដែល « ទ្រង់​ប្រទាន​ដល់ [ អ្នក ] » ( យ៉ាកុប ១:៥ ) ។

ព្រះ​មាន​បន្ទូល​ទៅ​កាន់​បុត្រាបុត្រី​របស់​ទ្រង់​ដោយ​ផ្ទាល់​ជាមួយ​នឹង​វិវរណៈ​ផ្ទាល់​ខ្លួន​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​បានប្រទាន​ព្យាការី និង​មនុស្ស​ផ្សេងទៀត និង​ធនធាន​ដទៃ​ទៀត​ដើម្បី​ដឹកនាំ​យើង​ឆ្លងកាត់​ឧបសគ្គ និង​បទពិសោធន៍​ទាំងឡាយ​នៃ​ជីវិត​នេះ ។ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ដ៏​សំខាន់​បំផុត​គឺ​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​បាន​សន្យា ដែល​អាច​មាន​ចំពោះ​យើង​មកពី​ព្រះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

តើ​អ្វី​ជា​វិវរណៈ ?

វិវរណៈ​គឺ​ជា​ការ​ណែនាំ​ដ៏​ទេវភាព និង​ជា​ការ​ប្រាស្រ័យ​ទាក់ទង​ទៅនឹង​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​របស់​យើង ដែល​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ ជាញឹកញាប់​វា​មាន​បទពិសោធន៍​ដូចជា​អារម្មណ៍ ឬ​គំនិត​ស្ងប់ស្ងាត់​ដែល​បាន​ពិពណ៌នា​ថា​ជា « សំឡេង​តូច​រហៀង » របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៥:៦ ) ។ យើង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល និង​ស្គាល់​វិវរណៈ​ផ្ទាល់​ខ្លួន​នៅ​ពេល​យើង​បែរ​ទៅ​រក​ព្រះ​ដោយ​ការអធិស្ឋាន សិក្សា​ព្រះ​គម្ពីរ​បរិសុទ្ធ ហើយ​ព្យាយាម​គោរព​តាម​បញ្ញត្តិ​របស់​ព្រះ ។ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​វិវរណៈ​ដែល​ទ្រង់​ប្រទាន​ដល់​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អនុញ្ញាត​របស់​ទ្រង់ ។ បន្ថែមពី​នេះទៀត យើង​ម្នាក់ៗ​អាច​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ដើម្បី​ជួយ​យើង​ទៅតាម​តម្រូវការ​ជាក់លាក់ ការទទួល​ខុសត្រូវ និង​សំណួរ​ផ្សេងៗ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ វិវរណៈ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ, ការអធិស្ឋាន, ព្រះគម្ពីរ, ​ការស្វែងរក​សេចក្ដី​ពិត និង​ចៀសវាង​ពីការ​បោក​បញ្ឆោត

ផ្នែក​ទី ១

ព្រះ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន

ក្មេង​ស្រី​លុត​ជង្គង់​អធិស្ឋាន​នៅក្បែ​គ្រែ

ព្រះ​ស្រឡាញ់​អ្នក ហើយ​ជ្រាប​យ៉ាង​ច្បាស់​ពី​ឧបសគ្គ និង​ការ​សាកល្បង​ដែល​អ្នកប្រឈម​មុខ ទ្រង់​មិន​ចោល​អ្នក​ឲ្យ​នៅ​កំព្រា​ទេ ( សូមមើល យ៉ូហាន ១៤:១៨ ) ។ អ្នក​អាច​ចាប់ផ្តើម​ជំហាន​សំខាន់ៗ​ក្នុងការ​រៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​ទទួល និង​ស្គាល់​វិវរណៈ​ផ្ទាល់​ខ្លួន ។ ការ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​រួម​មាន ការ​សិក្សាព្រះ​គម្ពីរ ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ការ​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ ការ​តម​អាហារ និង​ការ​អធិស្ឋាន​ដោយ​ស្មោះត្រង់ ។ ព្រះអម្ចាស់​សន្យា​ថា​ទ្រង់​នឹងដឹកនាំ​អ្នក​ប្រសិន​បើ​អ្នក​ព្យាយាម​ដើម្បី​ចូល​ទៅជិត​ទ្រង់ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦៣ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀនថា ៖

« សូម​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​មួយ​ជា​កន្លែង​ដែល​បងប្អូន​អាច​ទៅ​ជា​​ទៀង​ទាត់ ។ សូម​ធ្វើ​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។ សូម​បង្ហើរ​ដួង​ចិត្ត​របស់​បងប្អូន​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ សូម​ងាក​មករក​ទ្រង់​ទូល​សូម​ចម្លើយ និង​ការលួងលោម​ចិត្ត ។

« សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​កង្វល់ ការ​ភ័យខ្លាច ភាព​ទន់​ខ្សោយ​របស់​បងប្អូន—ពិត​ណាស់ ជា​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ បន្ទាប់មក​ចូរស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​នៅក្នុង​គំនិត​របស់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍​របស់​អ្នក ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​អ្នក​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ …

« គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានសួគ៌​បើក​ចំហរ​ដូចជា​ការ​ដាក់​បញ្ចូល​គ្នា​នៃការ​កើន​ឡើង​នូវ​បរិសុទ្ធភាព ការ​គោរព​ប្រតិបត្តិ​យ៉ាង​មុត​មាំ ការស្វែងរក​ដោយ​ស្មោះ ការ​ទទួល​ទាន​បន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន និង​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ជា​ទៀង​ទាត់​នោះ​ឡើយ » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • បុត្រាបុត្រី​របស់​ព្រះ​ម្នាក់ៗ​បាន​មក​ដល់​ពិភពលោក​នេះ​ដោយ​មាន​ពន្លឺ​របស់​ព្រះគ្រីស្ទ ។ សូម​អាន មរ៉ូណៃ ៧:១៦–១៨; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៤៦-៤៨; ៩៣:២ ដោយ​ស្វែងរក​អ្វី​ដែល​អំណោយទាន​នេះ​មាន និង​មូលហេតុ​ដែល​វាមាន​សារៈសំខាន់ ។

  • បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការស្វែងរក​វិញ្ញាណ​នៃ​វិវរណៈ អាច​កើនឡើង​នៅពេល​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​ឆន្ទៈ​របស់​ព្រះ​ដើម្បី​ចែកចាយ​វា​ជាមួយនឹង​អ្នក ។ ប្រៀបធៀប​វគ្គបទគម្ពីរ​ខាង​ក្រោម​នេះ ដើម្បី​ស្វែងរក​គោលការណ៍​ដែល​អាច​រៀបចំ​អ្នក​ឲ្យ​ទទួល​បទពិសោធន៍​នៃ​ការមាន​វិញ្ញាណ​នៃ​វិវរណៈ​ ៖ នីហ្វៃទី១ ១០:១៧–១៩; នីហ្វៃទី២ ៣២:៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ៩:៨; យ៉ូសែប ស្ម៊ីធ​—ប្រវត្តិ ១:១០-១៧ ។ តើ​អ្វី​ជា​គោលការណ៍​នៃ​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​បទគម្ពីរ​ទាំងនេះ ? ហេតុអ្វី​វា​មាន​តម្លៃ​ក្នុង​ការស្គាល់​ថា​យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅក្នុង​អត្ថបទ​នៅក្នុង លីអាហូណា នៅ​ខែ មករា ឆ្នាំ ២០២១ ដែល​មាន​ចំណងជើងថា « រីក​លូតលាស់​ទៅក្នុង​គោលការណ៍​នៃ​វិវរណៈ » ប្រធាន រ័សុល អិម ណិលសុន ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​យល់​កាន់តែ​ច្បាស់​អំពី​របៀប​អញ្ជើញ​ការដឹកនាំ​របស់​ព្រះវរបិតា​សួគ៌​ចូល​ក្នុង​ជីវិត​របស់​យើង ។ សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នកឲ្យ​សិក្សា​ផ្នែក​ខ្លះ​នៃ​អត្ថបទ​នេះ ។ និយាយ​ជាមួយ​គ្នា​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​ប្រធាន ណិលសុន សង្កត់ធ្ងន់ ? តើ​អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​បន្ទាប់ពី​អាន​ជំពូក​ទាំងនេះ​ហើយ ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ជាទូទៅ​វិវរណៈ​ផ្ទាល់​ខ្លួន​កើត​ឡើង​ជា​ចំណាប់​អារម្មណ៍ គំនិត និង អារម្មណ៍

បុរស​កំពុង​គិត

តើ​អ្នក​ធ្លាប់​រៀន​ឃ្លា​ជា​ភាសា​ថ្មី​ដែរ​ឬ​ទេ ? ដោយ​មាន​ការ​សិក្សា និង​ការ​អនុវត្ត នោះ​អ្នក​អាច​ចាប់​ផ្ដើម​ស្គាល់​ពាក្យ​ទាំង​នោះ​នៅ​ពេល​ដែល​ពាក្យ​ទាំង​នោះ​ត្រូវ​បាន​និយាយ​ដោយ​អ្នក​ដទៃ​ក្នុង​ការ​សន្ទនា ។ ក្នុង​វិធី​ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ប្រហែល​ជា​មិន​តែង​តែ​ស្គាល់​សំឡេង​នៃ​ព្រះវិញ្ញាណ​នៅលើក​ដំបូង​នោះ​ទេ ប៉ុន្តែ​ការ​រៀន​គោលការណ៍​សំខាន់ៗ​អាច​រៀបចំ​ឲ្យ​អ្នក​យល់​កាន់​តែ​ច្បាស់​អំពី​ការ​ប្រាស្រ័យ​ទាក់ទង​ដ៏​ទេវភាព ។ ឧទាហរណ៍ ព្យាការី​ព្រះគម្ពីរ​សញ្ញា​ចាស់ អេលីយ៉ា បាន​ឃើញ​ខ្យល់​ព្យុះ​គំហុក​ខ្លាំង រញ្ជួយដី និង​ភ្លើង​ឆេះ តែ​អេលីយ៉ា​បាន​កត់​សម្គាល់​ថា « ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ » ក្នុងរឿង​ទាំងអស់​នោះ​ទេ ។ តែ​ក្រោយមក​លោក​បាន​ឮ « សំឡេង​តូច​រហៀងៗ » ហើយ​លោក​ស្គាល់ថា​ជា​សំឡេង​របស់​ព្រះអម្ចាស់ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៩:១១-១៣ ) ។ ព្រះ​មាន​បន្ទូល​មក​កាន់​យើង​ដោយ​មាន « សំឡេង​តូច​រហៀងៗ » ( សូម​មើល ហេលេមិន ៥:២៨-៣០ ) ហើយ​ដោយ​មាន​អារម្មណ៍​ដូច​ជា សេចក្ដី​សុខសាន្ត ការលួង​លោម និង​អំណរ ( សូម​មើល កាឡាទី ៥:២២-២៣ ) ។

គោលការណ៍​មួយ​ទៀត​នៃ​វិវរណៈ​គឺ​ថា​ព្រះ « ប្រ [ ទាន ] ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច »​( នីហ្វៃទី២ ២៨:៣០ ) ។ នេះ​មាន​ន័យ​ថា​ព្រះ​មិន​ប្រទាន​ឲ្យ​យើង​នូវ​អ្វីៗ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​ទេ ។ ផ្ទុយ​ទៅ​វិញ​វិវរណៈ​ផ្ទាល់​ខ្លួន​អាច​បើកសម្តែង​ទៅតាម​ពេល​វេលា ។

អែលឌើរ ដេវីឌ អេ បែដណា បាន​គូស​បញ្ជាក់​ពី​គំនិត​នេះ​ថា ៖ « ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​មាន​ទំនោរ​សង្កត់​ធ្ងន់​លើ​ការបើក​សម្ដែង​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ និង រំភើបខ្លាំង ដែល​យើង​អាច​នឹងភ្លេចភ្លាំង​ក្នុង​ការដឹង​គុណ ហើយ​អាច​នឹង​មើល​រំលង​នូវ​គំរូ​ដែល​ជា​ទម្លាប់ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រេច​នូវ​កិច្ចការ​របស់​ទ្រង់នោះ ។ វិធី ‹ ងាយ​ពេក ឬ​ស្រួល​ពេក › ( នីហ្វៃទី១ ១៧:៤១ ) នៃ​ការទទួល​នូវ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដ៏​តិចតួចច និង​បន្តបន្ទាប់​គ្នា​ដដែលៗ​ដែល​យូរៗទៅ​បង្កើត​ជាចម្លើយ​ដែល​ចង់បាន ឬ​ទិសដៅ​ដែល​យើង​ត្រូវការ​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​យើង​មើល​ឃើញ ‹ ហួស​ទីដៅ › ទៅទៀត ( យ៉ាកុប ៤:១៤ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅ​ក្នុង​សុន្ទរ​កថា​សន្និសីទ​ទូទៅ​នៅ ខែ មេសា ឆ្នាំ ២០២០ របស់​លោក « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ » ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍ថា « វា​គ្មាន​អ្វី​ចាំបាច់​ជាង​ការ​ស្គាល់​របៀប​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មកកាន់​បងប្អូន​នា​ពេល​នេះទេ ។ … ខ្ញុំ​សូម​ធ្វើ​ការ​អង្វរ​ជា​ថ្មី​ទៅកាន់​បងប្អូន សូម​ធ្វើ​អ្វី​ក៏ដោយ ដើម្បី​ចម្រើន​សមត្ថភាព​ខាង​វិញ្ញាណ​បងប្អូន​ក្នុងការ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន » ។ តើ​បងប្អូន​បាន​ដក​ពិសោធន៍​វិវណៈ​ផ្ទាល់ខ្លួន​តាម​របៀប​ណា​ខ្លះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅ​ក្នុង​វីដេអូ​ទាំងបី​ភាគ​នេះ Patterns of Light អែលឌើរ ដេវីឌ អេ បែដណា ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​យល់​កាន់​តែ​ច្បាស់​អំពី​វិវរណៈ​ផ្ទាល់ខ្លួន ។ មើល​វីដេអូ​មួយ ឬ​ច្រើន​ជាមួយ​គ្នា​ជា​ក្រុម ។ សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​សារលិខិត​ទាំង​នេះ​ជួយ​ពួកគេ​ឲ្យ​មើល​វិវរណៈ​ផ្ទាល់​ខ្លួន​ដោយ​មាន​ភាព​ច្បាស់លាស់​កាន់​តែ​ខ្លាំង ។ អ្នក​ក៏​អាច​ចង់​ពិនិត្យ​ឡើង​វិញ​នូវ​សុន្ទរ​កថា​សន្និសីទ​ទូទៅ​របស់​អែលឌើរ បែដណា នៅខែ មេសា ឆ្នាំ ២០១១ « The Spirit of Revelation » ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ

កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់

ព្រះវិញ្ញាណ​នៃ​វិវរណៈ​អាច​ដឹកនាំ​យើង​ម្នាក់ៗ​បាន ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះអម្ចាស់​ចង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​តាម​រយៈ​ព្យាការី​ដែល​នៅរស់​ដែល​បម្រើ​ជា​ប្រធាន​នៃ​សាសនាចក្រ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:៩១-៩២ ) ។ អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា ៖ « មាន​តែ​ព្យាការី​ប៉ុណ្ណោះ​ដែល​ទទួល​វិវរណៈ សម្រាប់​សាសនាចក្រ ។ វា​នឹង ‹ ផ្ទុយ​ពី​កិច្ចការ​របស់​ព្រះ › សម្រាប់​មនុស្ស​ដទៃ​ដើម្បី​ទទួល​វិវរណៈ​បែប​នេះ ដែល​វា​ជា​កម្មសិទ្ធិ​របស់​ព្យាការី ។ … វិវរណៈ​ផ្ទាល់​ខ្លួន ជា​កម្មសិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ។ ឧទាហរណ៍ ៖ បងប្អូន​អាច​ទទួល​វិវរណៈ​អំពី​កន្លែង​ដែល​ត្រូវ​រស់នៅ អាជីព​ការងារ​ដែល​ត្រូវ​ធ្វើ ឬ​បុគ្គល​ដែល​ត្រូវ​រៀបការ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​អាច​បង្រៀន​គោលលទ្ធិ និង​ចែកចាយ​ការប្រឹក្សា​ដ៏​បំផុស​គំនិត ប៉ុន្ដែ​ការសម្រច​ចិត្ត​ជាទំនួល​ខុសត្រូវ​របស់​បងប្អូន ។ នោះ​គឺ​ជា​វិវរណៈ​របស់​បងប្អូន​ដើម្បី​ទទួល​បាន » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​សាសនាចក្រ​ត្រូវ​បាន​រៀបចំឡើង នោះ​តួនាទី​ដ៏​សំខាន់​របស់ យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ត្រូវ​បាន​បញ្ជាក់​ដល់​សមាជិក​សាសនាចក្រ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៣:១–៧ ។ តើ​គោលការណ៍​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ​អាច​ការពារ​អ្នក​ពី​ការ​បោក​បញ្ឆោត ដោយអស់អ្នក​​ដែល​មិន​មែន​ជា​របស់​ព្រះ​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ជាមួយ​នឹង​ក្រុម​របស់​អ្នក សូម​អាន​សារ​លិខិត​របស់​ប្រធាន អិម រ័សុល បាឡឺដ « The Vision of the Redemption of the Dead » ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ឲ្យ​ទទួល​បាន​វិវរណៈ​ដ៏​សំខាន់​បែប​នេះ​សម្រាប់​សាសនាចក្រ ។ តើ​បទពិសោធន៍​ជីវិត​របស់​ប្រធាន ស្ម៊ីធ រៀបចំ​លោក​សម្រាប់​ការនិមិត្ត​ដែល​លោក​បាន​ទទួល​ដោយ​របៀបណា ? យោង​តាម គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:១–១១ តើ​ប្រធាន ស្ម៊ីធ បាន​ធ្វើ​អ្វី​ខ្លះ​ដែល​បាន​រៀបចំ​ឲ្យ​លោក​ទទួល​បាន​ការបង្រៀន​ពី​ស្ថាន​សួគ៌ ? តើ​គំរូ​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការ​រៀបចំ​ខ្លួន​ដើម្បី​ស្គាល់​ព្រះវិញ្ញាណ​នៃ​វិវរណៈ​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត