បណ្ណាល័យ
ពរ​របស់​លោក​អយ្យកោ


« ពរ​របស់​លោក​អយ្យកោ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
បុរស​ម្នាក់​កំពុង​ប្រសិទ្ធិពរ​ស្ត្រី​ម្នាក់

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ពរ​របស់​លោក​អយ្យកោ

ការណែនាំ​ផ្ទាល់ខ្លួន និង​ការបំផុស​គំនិត​មកពី​ព្រះវរបិតា​សួគ៌

នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ព្យាការី លីហៃ បាន​រក​ឃើញ​ដុំ​មូល​មួយ​ដែល​ធ្វើ​ពី​ធាតុ​លង្ហិន​​ដែល​មាន​ទ្រនិច​ពីរ ( សូមមើល នីហ្វៃទី១ ១៦:១០ ) ។ គ្រួសារ​របស់​លោក​បាន​រក​ឃើញ​ថា​ដុំ​មូល ឬ​ត្រី​វិស័យ​នេះ​ដែល​ពួក​គេ​ហៅ​ថា « លីអាហូណា » បាន​ចង្អុល​បង្ហាញ​ពី​កន្លែង​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​រហោស្ថាន ។ ដុំ​មូល​នេះ​ធ្វើ​ការ​ស្រប​តាម​សេចក្តី​ជំនឿ​របស់​ពួក​គេទៅលើ​ព្រះ ( សូមមើល អាលម៉ា ៣៧:៣៨-៤០ ) ។ ពរ​របស់​លោក​អយ្យកោ​អាច​ដំណើរការ​សម្រាប់​យើង​ដូច​ជា​លីអាហូណា​បាន​ធ្វើ​សម្រាប់​គ្រួសារ​របស់​លីហៃ​ដែរ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​ថា « ព្រះអម្ចាស់​ដដែល​នោះ​ដែល​បាន​ប្រទាន​លីអាហូណា​ទៅ​ឲ្យ​លីហៃ ក៏​ប្រទាន​ឲ្យ​បងប្អូន និង​ខ្ញុំ​នៅ​សព្វថ្ងៃ​នេះ​នូវ​អំណោយ​ដ៏​កម្រ និង​មាន​តម្លៃ​មួយ​ដើម្បី​ផ្តល់​ការណែនាំ​ដល់​ជីវិត​របស់​យើង ប្រាប់ពី​គ្រោះថ្នាក់​ដើម្បី​សុវត្ថិភាព​របស់​យើង និង​គូស​ផែនទី​សូម្បីជា​ផ្លូវ​ដែល​មាន​សុវត្ថិភាព—ពុំ​មែន​ទៅ​រក​ដែនដី​សន្យា​នោះ​ទេ ប៉ុន្តែ​ទៅ​គេហដ្ឋាន​នៅ​ស្ថានសួគ៌​របស់​យើង​វិញ ។ អំណោយ​ដែល​ខ្ញុំ​និយាយ​ដល់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក » ។

ព្រះវរបិតា​សួគ៌​ផ្តល់​នូវ​ការណែនាំ​ដ៏​ទេវភាព​ដល់​យើង​តាម​វិធី​ជាច្រើន—តាមរយៈ​ការអធិស្ឋាន ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​នៅរស់ និង​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពរ​របស់​លោក​អយ្យកោ​របស់​អ្នក​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ទៀត​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ការណែនាំ​ខាង​វិញ្ញាណ ដំបូន្មាន និង​ការ​ធានា​នៅ​ពេល​ដែល​អ្នក​ប្រឈម​មុខ​ទៅនឹង​ភាព​មិន​ប្រាកដប្រជា និង​ឧបសគ្គ​ក្នុង​ជីវិត ។

តើ​អ្វី​ទៅ​ជា​ពរ​របស់​លោក​អយ្យកោ ?

ពរ​របស់​លោក​អយ្យកោ​គឺ​ជា​ការប្រសិទ្ធ​ពរ​បព្វជិតភាព​ផ្ទាល់ខ្លួន​ដែល​ទទួល​បាន​មក​ពី​លោក​អយ្យកោ​ដែល​បាន​តែងតាំង និង​អនុញ្ញាត​ដោយ​ការ​ដាក់​ដៃលើ ។ ជា​ទូទៅពរ​របស់​លោក​អយ្យកោ​មាន​នូវ​ការណែនាំ និង​ការបំផុស​គំនិត​ផ្ទាល់​ខ្លួន និង​ដំបូន្មាន​ពី​ព្រះវរបិតា​សួគ៌ ។ ពរ​របស់​លោក​អយ្យកោ​ក៏​រួមបញ្ចូល​ទាំង​ការប្រកាស​អំពី​ពូជពង្ស​របស់​បុគ្គល​ម្នាក់​នៅក្នុង​វង្សអ៊ីស្រាអែលឬជា​កូនចៅ​របស់​អ័ប្រាហាំ​ផងដែរ ។ ពរ​របស់​លោក​អយ្យកោ​ត្រូវ​បាន​កត់ត្រា​ដោយ​មាន​ច្បាប់​ចម្លង​មួយ​ដែល​បាន​ផ្តល់​ទៅ​សមាជិក និង​មួយ​ច្បាប់​ទៀត​ត្រូវ​បាន​រក្សា​ទុក​ក្នុង​កំណត់ត្រា​របស់​សាសនាចក្រ ។ សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​ពរ​របស់​លោក​អយ្យកោ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ពរ​របស់​លោក​អយ្យកោ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ការប្រសិទ្ធ​ពរ​បព្វជិតភាព, វិវរណៈ​ផ្ទាល់​ខ្លួន, សេចក្ដី​សញ្ញា​អ័ប្រាហាំ

ផ្នែក​ទី ១

តើ​អ្វី​ទៅ​ជា​ពរ​របស់​លោក​អយ្យកោ ?

រូបភាព
យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អាច​ទទួល​បាន​ការប្រសិទ្ធ​ពរ​បព្វជិតភាព​ដោយ​ការ​ដាក់​ដៃ​លើជា​ច្រើន​ដង​ក្នុង​ជីវិត​របស់​ពួកគេ ។ សមាជិក​អាច​ស្នើ​សុំ​ការប្រសិទ្ធ​ពរ​បព្វជិតភាព​មកពី​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​នៅ​ពេល​ណា​ដែល​ពួក​គេ​ត្រូវការ​ការ​ព្យាបាល ឬ​ប្រាថ្នា​ចង់​បាន​ការលួងលោម ប្រាជ្ញា និង​ការ​ណែនាំ​មកពី​ព្រះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពរ​របស់​លោក​អយ្យកោ​គឺ​ខុស​ប្លែក​ពី​ការប្រសិទ្ធ​ពរ​បព្វជិតភាព​ទាំង​នេះ ។

លោក​អយ្យកោ​កាន់​នូវ​តំណែង​បព្វជិតភាព​ពិសេស​មួយ ហើយ​ត្រូវ​បាន​ញែកចេញ​ដើម្បី​ប្រសិទ្ធពរ​ដ៏ពិសេស​ទៅ​ដល់​សមាជិក​ដ៏​សក្តិសម​នៃ​សាសនាចក្រ ។ មនុស្ស​ម្នាក់​គួរ​តែ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ និង​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ដើម្បី​យល់​អំពី​សារៈសំខាន់​នៃ​ពរ​របស់​លោក​អយ្យកោ ​របស់​គាត់​ទោះ​បី​ជា​មិន​មាន​តម្រូវការ​អាយុ​អប្បបរមា ឬ​អតិបរមា​ក៏​ដោយ ។ ជាធម្មតា​បុគ្គល​ម្នាក់​ទទួល​ពរ​របស់​លោក​អយ្យកោ​តែ​ម្តង​គត់នៅ​ក្នុង​ជីវិត​របស់​គាត់ ។ ពរ​របស់​លោក​អយ្យកោ​ត្រូវ​បាន​កត់ត្រា ចម្លង និង​រក្សា​ទុក​នៅក្នុង​កំណត់ត្រា​សាសនាចក្រ ។ ពរ​របស់​លោក​អយ្យកោ​គឺ​ពិសិដ្ឋ ហើយ​មិន​គួរ​អាន​ជា​សាធារណៈ ឬ​បកស្រាយ​ដោយ​អ្នកដទៃ​ឡើយ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​ប្រវត្តិ​នៃ​ការប្រសិទ្ធពរ​បព្វជិតភាព​នៅក្នុង​សាសនាចក្រ សូម​ពិនិត្យ​មើល​ឡើងវិញ​នូវ​ប្រធានបទ « ពរ​របស់​លោក​អយ្យកោ » ដែល​មាន​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ពរ​របស់​លោក​អយ្យកោ​ចេញ​ពី​អត្ថបទ​នេះ ? ហេតុអ្វី​អ្នក​គិត​ថា​ពរ​របស់​លោក​អយ្យកោ​តែងតែ​ត្រូវ​បាន​ថតចម្លង និង​រក្សា​ទុក​នៅ​ក្នុង​កំណត់​ត្រា​សាសនាចក្រ ? តើ​ការណ៍​នេះ​បង្រៀន​អ្នក​អំពី​ពរ​របស់​លោក​អយ្យកោ​ដ៏​អស្ចារ្យ​របស់​អ្នក​ផ្ទាល់ និង​សារៈសំខាន់​របស់​វា​យ៉ាង​ដូចម្ដេច ?

  • សូម​អាន មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៦ ។ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា​ពាក្យ « ​គ្រូ​អធិប្បាយ » នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ​សំដៅ​ទៅ​លើ​តំណែង​បព្វជិតភាព​ដែល​បាន​តែងតាំង​ដោយ​អយ្យកោ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រឿង​នេះ សូម​ពិចារណា​អាន​សុន្ទរកថា​របស់​ប្រធាន ប៊យដ៍ ខេ ផាកកឺ « The Stake Patriarch » ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ដំណើរ​ការ​នៃ​ការ​ទទួល​ពរ​របស់​លោក​អយ្យកោ​ប្រហែល​ជា​មិន​ត្រូវ​បាន​ស្គាល់​ចំពោះ​សមាជិក​ក្រុម​ទាំង​អស់​នោះ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សួរ​សំណួរ​អំពី​ពរ​របស់​លោក​អយ្យកោ និង​រាយ​សំនួរ​សម្រាប់​ក្រុម​ទាំង​មូល​ដើម្បីចង់​ដឹងថា​​តើពួកគេ​អាច​ឆ្លើយ​រួចឬអត់ ។ បន្ទាប់​មក​សូម​ពិនិត្យ​មើល ក្បួនខ្នាត​ទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ១៨.១៧ នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​សមាជិក​ក្រុម ។ តើ​សកម្មភាព​នេះ​បាន​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ពរ​របស់​លោក​អយ្យកោ ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

តើ​ការប្រកាស​អំពី​ពូជពង្ស​នៃ​ពរ​​លោក​អយ្យកោ​គឺជា​អ្វី ?

រូបភាព
ពរ​របស់​លោក​អយ្យកោ

គ្រប់​ពរជ័យ​ពរ​របស់​លោក​អយ្យកោ​ទាំងអស់​មាន​នូវ​សេចក្តីប្រកាស​អំពីពូជពង្ស ។ នៅពេល​បុត្រាបុត្រី​របស់​ព្រះ​បាន​ជ្រមុជ​ទឹក ហើយ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​ពួក​គេ​ទទួល​មរតក​នូវ​សេចក្ដី​សន្យា​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​អ័ប្រាហាំ និង​កូនចៅ​របស់​លោក​ប្រសិន​បើ​ពួក​គេ​នៅ​តែ​សុចរិត ( សូមមើល អ័ប្រាហាំ ២:៩-១១ ) ។ ខណៈ​ដែល​បុគ្គល​ម្នាក់​អាច​ដេញចុះ​មក​តាម​ខ្សែ​ស្រឡាយ​គ្រួសារ​ច្រើន​ជាង​មួយ ចេញពី​វង្ស​អ៊ីស្រាអែល កុលសម្ព័ន្ធ​ជាក់លាក់​មួយ​ជា​ធម្មតា​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ការបញ្ជាក់​ថា​បុគ្គល​នោះ​មាន​ទំនាក់ទំនង​គ្រួសារ​ជាមួយ​អ័ប្រាហាំ ។ មិន​ថា​សេចក្ដី​ប្រកាស​នេះ​មាន​ន័យ​ថា​បុគ្គល​ម្នាក់​នេះ​គឺ​ជា​កូន​ចៅ​ផ្ទាល់​ដោយ​ឈាម ឬ​តាម​រយៈ​ការ​ទទួល​យក​ខាង​វិញ្ញាណ​នោះ​មិន​សំខាន់​ទេ ( សូមមើល អ័ប្រាហាំ ២:១០ ) ។ សេចក្តី​ប្រកាស​នៃ​ពូជពង្ស​នេះ​បង្ហាញ​ពី​ខ្សែស្រឡាយ​គ្រួសារ​ដែល​បុគ្គល​ម្នាក់ៗ​អាច​ទទួល​មរតក​នូវ​ពរជ័យ​ដែល​បាន​សន្យា​របស់​អ័ប្រាហាំ ។ វា​ក៏​រំឭក​ដល់​បុគ្គល​ដ៏​ស្មោះ​ត្រង់​ម្នាក់​អំពី​ទំនួល​ខុស​ត្រូវ​ខាង​វិញ្ញាណ​ដែល​គាត់​មាន​ក្នុង​នាម​ជា​កូន​ចៅ​របស់​អ័ប្រាហាំ​ផងដែរ ( សូមមើល អ័ប្រាហាំ ២:១១ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ហេតុអ្វី​វា​សំខាន់​ដែល​អ្នក​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​អ័ប្រាហាំ ? អែលឌើរ ដេវីដ អេ បែដណា បាន​បង្រៀន​ថា « ហេតុ​ផល​ចម្បង​មួយ​ដែល​យើង​ទទួល​បាន​ពរ​របស់​លោក​អយ្យកោ​គឺ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ពេញលេញ​ថា តើ​យើង​ជា​នរណា​ក្នុង​នាម​ជា​កូនចៅ​របស់​អ័ប្រាហាំ និង​ដើម្បី​ស្គាល់​នូវ​ការ​ទទួល​ខុស​ត្រូវ​ដែល​ដាក់​មកលើ​យើង » ។ តើ​អ្នក​មាន​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ​ក្នុង​នាម​ជា​អ្នក​ទទួល​មរតក​នៃ​ពរជ័យ​ដែល​បាន​សន្យា​ចំពោះ​អ័ប្រាហាំ ? តើ​អ្នក​រៀន​អ្វី​ខ្លះ​មកពី​ពរ​​លោក​អយ្យកោ​របស់​អ្នក​អំពី​ទេពកោសល្យ​រៀងៗខ្លួន និង​អាកប្បកិរិយា​របស់​អ្នក​ដែល​អាច​ជួយ​អ្នក​ស្ថាបនា​នគរ​នៃ​ព្រះ​បាន ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ជាមួយ​សមាជិក​ក្រុម​របស់​អ្នក ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន « នៅ​សម័យ​របស់​យើង យើង​មាន​អភ័យ​ឯកសិទ្ធិ​ដើម្បី​ទទួល​ពរ​លោកអយ្យកោ ហើយ​រៀន​ពី​ទំនាក់ទំនង​របស់​យើង​នឹង​ពួក​អយ្យកោ​ពី​បុរាណ » ។ អ្នក​អាច​សួរ​សមាជិក​ក្រុម​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​គេ​ដើម្បី​ដឹង​ថា​ពួកគេ​ជាប់​ទាក់​ទង​ទៅនឹង​គ្រួសារ​របស់​អ័ប្រាហាំ និង​អយ្យកោ​បុរាណ​ផ្សេង​ទៀត ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះវរបិតា​សួគ៌​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក

រូបភាព
យុវនារី​កំពុង​ញញឹម

ពរ​​លោក​អយ្យកោ​គឺជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ វា​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា​ទ្រង់​ស្គាល់​យើង​ដោយ​ផ្ទាល់ ។ នៅពេល​អ្នក​សិក្សា​អំពី​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក​ប្រកប​ដោយ​ការអធិស្ឋាន នោះ​អ្នក​នឹង​ដឹង​ថា​ព្រះវរបិតា​សួគ៌​របស់​អ្នក​គឺ​យកព្រះទ័យ​ទុក​ដាក់​ចំពោះ​អ្នក ហើយ​មាន​ផែនការ​ដ៏​ទេវភាព​មួយ​សម្រាប់​សុភមង្គល​របស់​អ្នក ។ ការទទួល​ពរ​របស់​លោក​អយ្យកោ​គឺជា​អំណោយ​ដ៏ថ្លៃថ្លា​មួយ ។

ពរ​របស់​លោក​អយ្យកោ​អាច​មាន​ការព្រមាន ការទូន្មាន និង​សេចក្ដីសន្យា​ពិសេស​ចំពោះ​អ្នក ។ ពរជ័យ​ដ៏​បំផុស​គំនិត​នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​សម្រាប់​អ្នកដែល​ទទួលវា ហើយ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សក្តានុពល និង​លទ្ធភាព​របស់​អ្នក ។ វា​ក៏​អាច​ផ្តល់​នូវ​ភាពសុខសាន្ត និង​សេចក្តី​សង្ឃឹម​នៅ​ពេល​មាន​ការ​លំបាក និង​ភាព​មិន​ប្រាកដប្រជា​ផង​ដែរ ។ ហើយ​ខណៈ​ដែល​ពរ​របស់​លោក​អយ្យកោ​មិន​បាន​លម្អិត​ពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​ទាំងអស់​នៅក្នុង​ជីវិត​របស់​អ្នក​ក្តី ក៏​វា​ជា​មគ្គុទ្ទេសក៍​ដ៏​មាន​ប្រយោជន៍​មួយ​ដើម្បី​ជួយ​អ្នក​ស្វែង​រក​គោល​បំណង និង​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ពរជ័យ និង​សេចក្តី​សន្យា​ទាំងអស់​នៅក្នុង​ពរ​របស់​អយ្យកោ​គឺ​មាន​ល័ក្ខខ័ណ្ឌ​ដោយ​ផ្អែក​លើ​ភាព​ស្មោះត្រង់​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២០-២១ ) ។ ដោយសារ​ពរ​​លោក​អយ្យកោ​គឺ​សម្រាប់​ការ​រស់​នៅ​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង នោះ​ពរជ័យ​មួយ​ចំនួន​ដែល​យើង​បាន​សន្យា​ប្រហែល​ជា​មិន​បាន​បំពេញ​ទាល់តែ​ក្រោយពី​ជីវិត​រមែង​ស្លាប់​នេះ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « តើ​អ្នក​មើល​ឃើញ​សារៈ​សំខាន់​នៃ​ពរ​​លោក​អយ្យកោ​របស់​អ្នក​ដែរ​ឬ​ទេ ? … វា​មាន​តម្លៃ​ណាស់ ។ វា​គឺ​ជា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​សម្រាប់​អ្នក ។ វា​ប្រកាស​ពូជពង្ស​ពិសេស​របស់​អ្នក ។ វា​រំឭក​អ្នក​ពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អតីតកាល ។ ហើយ​វា​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​សក្តានុពល​នា​ពេល​អនាគត​របស់​អ្នក ។ តាម​ពិត​អ្នក​អាច​ដាក់​ការ​អះអាង​ទៅ​លើ​ព្រះអម្ចាស់​ដើម្បី​បំពេញ​នូវ​ពរជ័យ​ទាំង​នោះ​តាម​រយៈ​ភាព​ស្មោះ​ត្រង់​របស់​អ្នក​បាន » ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​នៅពេល​អ្នក​ពិចារណា​អំពី​ការបង្រៀន​ទាំងនេះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​រំឭក​សមាជិក​ក្រុម​ថា​ពេល​ខ្លះ​វា​អាច​ពិបាក​ដឹង​អំពី​របៀប​បកប្រែ​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក ។ វគ្គ ឬ​ឃ្លា​មួយ​ចំនួន​ដែល​អាច​មាន​អត្ថន័យ​ដែលមាន​សក្តានុពល​ជា​ច្រើន ។ ប្រធាន ដាល្លិន អេក អូក បាន​ឲ្យ​ដំបូន្មានថា ៖ « [ ពរ​របស់​លោក​អយ្យកោ ] គឺ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រោម​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​គួរ​តែ​ត្រូវ​បាន​អាន និង​បកស្រាយ​នៅក្រោម​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​ដដែល​នោះ » ។ តើ​អ្នក​អាច​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច​ពេល​អ្នក​អាន និង​បកប្រែ​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក ? តើ​ការ​យល់​ដឹង​របស់​អ្នក​អំពី​វគ្គបទគម្ពីរ​នៅ​ក្នុង​ពរ​លោក​អយ្យកោ​របស់​អ្នក អាច​ផ្លាស់​ប្ដូរ​ពេញ​មួយ​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ពរ​របស់​លោក​អយ្យកោ

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « Your Patriarchal Blessing: A Liahona of Light » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦៥ ។

  2. ប៊យដ៍ ឃេ ផាកកឺ « The Stake Patriarch » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៤២-៤៥ ។

  3. ដេវីឌ អេ បែដណា « Becoming a Missionary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៧ ។

  4. រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ទំព័រ ១០ ។

  5. រ័សុល អិម ណិលសុន « Thanks for the Covenant » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ) ទំព័រ ៥ នៅលើ​គេហទំព័រ speeches.byu.edu ។

  6. ដាល្លិន អេក អូក ដកស្រង់​ចេញពី​រីឆាត អិម រ៉មនី « Patriarchal Blessings—Insights from Prophets and Patriarchs » ( អត្ថបទ​មាន​តែជា​ឌីជីថល ) Liahona ខែ កុម្ភៈ ឆ្នាំ ២០២២ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

បោះពុម្ព