បណ្ណាល័យ
ការគោរព​ប្រតិបត្តិ


« ការគោរព​ប្រតិបត្តិ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
យុវនារី​ញញឹម

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការគោរព​ប្រតិបត្តិ

ការធ្វើ​តាម​ព្រះ​ដោយ​ដួងចិត្ដ​ដែល​មាន​ឆន្ទៈ

ឪពុក​ម្តាយ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការ​បង្រៀន​កូន​តូចៗ​ឲ្យ​ចៀសវាង​ការ​ប៉ះ​របស់​ក្តៅ ឬ​រត់​ចូល​ថ្នល់​កាត់​មុខ​រថយន្ត ។ ប្រសិន​បើ​កុមារ​គោរព​តាម ទោះ​បី​ជា​ពួក​គេ​យល់ ឬ​មិនយល់​ពី​មូលហេតុ​ដែល​ការ​គោរព​តាម​នោះ​ចាំបាច់​ក្ដី ក៏​ពួក​គេ​នឹង​រីករាយ​នឹង​សុវត្ថិភាព និង​ការ​ការពារ​កាន់​តែ​ច្រើន​ឡើង ។

នៅក្នុង​ជីវិត​មុន​ផែនដី​របស់​យើង ព្រះអម្ចាស់​បាន​ប្រកាស​ថា​ការ​ផ្តល់​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ ជាមួយនឹង​បទ​ពិសោធន៍​នៃ​ជីវិត​រមែងស្លាប់​នៅ​លើ​ផែនដី​គឺ​ចាំបាច់​ដើម្បី « សាកល្បង​ពួក​គេ​មើល … បើ​សិន​ជា​ពួក​គេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ នឹង​បញ្ជា​ដល់​ពួក​គេ » ( អ័ប្រាហាំ ៣:២៥ ) ។ ព្រះ​ទ័យ​របស់​ព្រះចង់​ឲ្យ​យើង​ម្នាក់ៗ​រៀន​ធ្វើ​តាម​ទ្រង់ ហើយ​គោរព​តាម​បញ្ញត្តិ​របស់​ទ្រង់ ។ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​ពរជ័យ​នៃ​ការរស់​នៅ​ជាមួយ​នឹង​ទ្រង់​នៅក្នុង « ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ( ម៉ូសាយ ២:៤១ ) ។ តាមរយៈ​ការប្រើ​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង និង​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ នោះ​យើង​អាច​ចាប់​ផ្ដើម​យល់​ពី​មូលហេតុ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​ច្បាប់​ដើម្បី​គោរព​ប្រតិបត្តិ ។ ព្រះវរបិតា​សួគ៌​សន្យា​ថា​សុភមង្គល និង​ពរជ័យ​កើត​មាន​ដល់​​អស់​អ្នក​ដែល​នឹង​ស្តាប់​តាម​បន្ទូល​របស់​ទ្រង់ ហើយ​បាន​គោរព​ប្រតិបត្តិ​តាម​បញ្ញត្តិ​របស់​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត ។

តើ​ការគោរព​ប្រតិបត្តិ​គឺជា​អ្វី ?

នៅ​ក្នុង​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការ​គោរព​ប្រតិបត្តិ​ត្រូវ​បាន​យល់​ថា​ជា​ការ​ធ្វើ​តាម​បំណង​របស់​ព្រះ ហើយ​ការរក្សា​បញ្ញត្តិ​របស់​ទ្រង់ ។ វា​រួម​បញ្ចូល​ទាំង​ការ​អនុវត្ត​សិទ្ធ​ជ្រើសរើស​របស់​យើង ឬ​សេរីភាព​នៃ​ការ​ជ្រើស​រើស​ដើម្បី​ធ្វើ​តាម​ព្រះ​ដោយ​ដួងចិត្ដ​ដែល​មាន​ឆន្ទៈ ។ យើង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ នៅពេល​យើង​ជ្រើសរើស​ទុក​ចិត្ត ហើយ​ធ្វើ​តាម​ព្រះរាជ​បំណង​របស់​ទ្រង់ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការគោរព​ប្រតិបត្តិ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ បទបញ្ញត្តិ,ការប្រែ​ចិត្ត, សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ, ការ​រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​ទី ១

ព្រះយេស៊ូវ​គ្រីស្ទ​បាន​គោរព​ប្រតិបត្តិ​ព្រះ​ជា​ព្រះវរបិតា​ក្នុង​គ្រប់​ការណ៍​ទាំងអស់

រូបភាព
ព្រះយេស៊ូវ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស « ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក » ( យ៉ូហាន ៦:៣៨ ) ។ ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បង្ហាញ​ពី​ការ​គោរព​ប្រតិបត្តិ​តាមច្បាប់ និង​បទបញ្ញត្តិ​ទាំង​អស់​របស់​ព្រះវរបិតា​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល « ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប » ( យ៉ូហាន ៨:២៩ ) ។

នៅក្នុង​សួនច្បារ​គែតសេម៉ានី ព្រះយេស៊ូវ​បាន​អធិស្ឋាន « ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។ ក្រោយ​រងទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ទ្រង់​បាន​ធ្វើ​តាម​ព្រះរាជ​បំណង​របស់​ព្រះវរបិតា​របស់​ទ្រង់ ហើយ​ត្រូវ​បាន​គេ​ឆ្កាង ធ្វើ​ឲ្យ​អង្គ​ទ្រង់​ក្លាយជា​ដង្វាយ​ដើម្បី​ប្រោសលោះ​យើង​ទាំង​អស់​គ្នា ( សូមមើល ម៉ូសាយ ១៥:៧ ) ។ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​គោរព​តាម​ព្រះវរបិតា​របស់​ទ្រង់​គ្រប់​ការណ៍​ទាំងអស់ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង​អាច​កើតមាន​ឡើង​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ ។

នៅ​ក្នុង​សម័យ​របស់​យើង ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ដើរ​តាម​ដាន​ព្រះ​បាទា​របស់​ទ្រង់ ហើយ « ​រស់នៅ​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៨:១១ សូមមើល​ផងដែរ ចោទិយកថា ៨:៣ ) ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បញ្ជាក់​ពី​មូលហេតុ​ដ៏​សំខាន់​បំផុត​សម្រាប់​យើង​ក្នុង​ការ​គោរព​តាម​ព្រះ​នៅ​ពេល​ទ្រង់​ចេញ​នូវ​សេចក្ដី​អញ្ជើញ​ដោយ​ផ្ទាល់ និង​សាមញ្ញ​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​គ្មាន​បាប និង បរិសុទ្ធ ។ ទ្រង់​អញ្ជើញ​ឲ្យ​យើង​ធ្វើ​តាម​ទ្រង់ ។ សូម​អាន នីហ្វៃទី២ ៣១:៧–១០ ។ តើ​អស់​អ្នក​ដែល​ចង់​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​តម្រូវ​ឲ្យ​មាន​អ្វីខ្លះ ?

  • ព្រះ​បាន​ប្រកាស​ថា​កិច្ចការ និង​សិរី​ល្អ​របស់​ទ្រង់​គឺ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:២០ ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា « កិច្ចការ​របស់​អ្នក » ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • អែលឌើរ រ៉ូប៊ើត ឌី ហែល បាន​បង្រៀន​ថា « ដោយសារ​ព្រះ​អង្គ​សង្គ្រោះ​យើង​ទ្រង់​គោរព​ប្រតិបត្តិ ទ្រង់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​បាប​របស់​យើង ដោយ​ធ្វើ​ឲ្យ​មាន​លទ្ធភាព​រស់​ឡើង​វិញ ហើយ​រៀបចំ​ផ្លូវ​សម្រាប់​យើង​ត្រឡប់​ទៅ​ព្រះវរ​បិតា​សួគ៌​វិញ » ។ សូម​ពិភាក្សា​អំពី​ពរជ័យ​ដែល​យើង​រីករាយ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​គោរព​តាម​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចំពោះ​ព្រះ​ជា​ព្រះវរបិតា ។ តើ​ព្រះ​នឹង​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ពរជ័យ​ជា​ច្រើន​ដែល​យើង​ទទួល ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះ​នឹង​ដឹកនាំ​ឲ្យ​មាន​សុភមង្គល និង​ពរជ័យ

រូបភាព
គ្រួសារ​វ័យក្មេង​កំពុង​សើច

យើង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា អស់​អ្នក​ដែល​បាន​​ស្តាប់​ឮ​ការបង្រៀន​ដ៏​សំខាន់​របស់​ស្តេច​បេនយ៉ាមីន បាន​ប្រែ​ចិត្ត​ជឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​លទ្ធផល​ពួក​គេ​បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការ​ចុះ​សេចក្តី​សញ្ញា​ដើម្បី​ធ្វើតាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ ( សូមមើល ម៉ូសាយ ៥:១-៧ ) ។ ការទទួល​ខុសត្រូវ​មួយ​ក្នុង​ចំណោម​ការទទួល​ខុសត្រូវ​ដែល​សមាជិក​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​មាន​នៅ​ក្នុង​ជំនាន់​របស់​យើង គឺ​ត្រូវ​រក្សា​ព្រះបញ្ញត្តិ​ទាំង​អស់​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៧៨ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា​កាតព្វកិច្ច​នេះ​មាន​សារៈ​សំខាន់​ប៉ុនណា​ចំពោះ​លោក នៅ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​បង្កើត​ច្បាប់​របស់​ខ្ញុំ ៖ នៅ​ពេល​ដែល​ព្រះអម្ចាស់​បញ្ជា ចូរធ្វើតាម ។ »

ព្រះវរបិតា​សួគ៌​ដ៏​ជាទី​ស្រឡាញ់​របស់​យើង​បាន​បង្ហាញ​ពី​គោលការណ៍​ដ៏​អស់​កល្ប​ជានិច្ច​ដែល​គ្រប់គ្រង​អំពី​របៀប​ដើម្បី​ទទួល​បាន​ពរជ័យ ៖ « កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការ​គោរព​ដល់​ក្រឹត្យ​វិន័យ​នោះ ដែល​ព្រះ​ពរ​នោះ​ផ្អែក​ទៅ​លើ » ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២០-២១ ) ។ មាន​ហេតុ​ផល​ផ្សេងៗ​ដែល​យើង​អាច​ជ្រើស​រើស​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ជួនកាល​យើង​អាច​ធ្វើ​ដូច្នោះ​ដោយ​សារខ្លាច​នូវ​ការ​ដាក់​ទណ្ឌកម្ម ។ ពេល​ខ្លះ​យើង​អាច​នឹង​ចង់​ស្វែងរក​រង្វាន់​ដែល​បាន​សន្យា ។ ប៉ុន្តែ​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​គោរព​ប្រតិបត្តិ​នោះ​គឺ យើង​ស្រឡាញ់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចង់​បម្រើ​ទ្រង់​ទាំងទ្វេ ។ ព្រះ « ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:៣៤ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​គិត​អំពី​របៀប​ទាំងអស់​ដែល​ព្រះវរបិតា​សួគ៌​បាន​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ។ សូម​អាន ម៉ូសាយ ២:២០–២៤ ។ ហេតុអ្វី​ការស្តាប់​បង្គាប់​របស់​យើង​​គឺ​ជា​តម្រូវ​ការ​មកពី​ព្រះ​សម្រាប់​យើងទាំងអស់ ? ឥឡូវ​នេះ​សូម​អាន ម៉ូសាយ ២:៤១ ។ តើ​អ្នក​អាច​ពិពណ៌នា​ទៅកាន់​មនុស្ស​ម្នាក់​ទៀត​ដោយ​របៀបណា អំពីសេចក្តី​សប្បុរស​ដែល​ព្រះ​មាន​ចំពោះ​អស់​អ្នក​ដែល​ព្យាយាម​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដោយ​ស្មោះ​នោះ ?

  • គ្រួសារ​របស់​លីហៃ​បាន​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​រហោស្ថាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ ព្រោះ​គេ​ស្វះស្វែង​ដើម្បី​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ នោះព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ ។ សូម​អាន នីហ្វៃទី១ ១៧:១–៤ ។ យោង​តាម ខទី ៣ តើ​ព្រះ​បាន​រៀបចំ​​ធ្វើ​អ្វី​ខ្លះ​សម្រាប់​អស់​អ្នក​ដែល​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ?

  • យើង​នឹង​មិន​តែងតែ​យល់​ជានិច្ច​ពី​មូលហេតុ​ដែល​ព្រះ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ជាក់លាក់​នោះ​ទេ ។ ប៉ុន្តែ​នៅពេល​យើង​អនុវត្ត​សិទ្ធ​ជ្រើសរើស​របស់​យើង ហើយ​ជ្រើសរើស​ទុកចិត្ត និង​គោរព​តាម​ព្រះ នោះ​យើង​អាច​មាន​ទំនុកចិត្ត​ថា​គ្រប់​ការណ៍​ទាំង​អស់​នឹង​បាន​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០០:១៥ ) ។ ព្រះអម្ចាស់​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា « បើ​សិន​ជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​អ្នក​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៤:៧ ) ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ប្រកាស​ថា « នៅពេល​យើង​ដាក់​ព្រះ​ជាទីមួយ នោះ​រឿង​ទាំងអស់​ផ្សេង​ទៀត​នឹង​កើតឡើង​តាម​របៀប​របស់​វា ឬ​បាត់បង់​ចេញ​ពី​ជីវិត​របស់​យើង » ។ តើ « ការ​ដាក់​ព្រះ​ជាទីមួយ » មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? សូម​ឲ្យ​សមាជិក​ក្រុម​និយាយ​អំពី​ពេល​វេលា​ដែល​ពួក​គេ​បាន​ឃើញ​ថា « រឿង​ទាំងអស់​ផ្សេង​ទៀត​នឹង​កើតឡើង​តាម​របៀប​របស់​វា ឬ​បាត់បង់​ចេញ​ពី​ជីវិត​របស់​យើង » នៅ​ពេល​យើង​ដាក់​ព្រះ​ជា​មុន ។

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. រ៉ូប៊ើត ឌី ហេលស៍ « If Ye Love Me, Keep My Commandments » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៣៥ ។

  2. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០១១ ) ទំព័រ ១៦០ ។

  3. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ៤០ ។

បោះពុម្ព