« ជួយពួកគេនៅក្នុងដំណើររបស់ពួកគេទាំងមូល » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
ការជួយអ្នកដទៃជាមួយនឹងសំណួររបស់ពួកគេ
ជួយពួកគេនៅក្នុងដំណើររបស់ពួកគេទាំងមូល
មនុស្សមួយចំនួនដែលមានបញ្ហានឹងសំណួរអំពីសេចក្តីជំនឿរបស់ពួកគេ ដោះស្រាយកង្វល់របស់ពួកគេយ៉ាងឆាប់រហ័សហើយបន្តទៅមុខ ។ សម្រាប់មនុស្សជាច្រើនការតស៊ូត្រូវការពេលវេលា ។ សេចក្ដីស្រឡាញ់ ការលើកទឹកចិត្ត និងឆន្ទៈរបស់បងប្អូនក្នុងការធ្វើដំណើរជាមួយគ្នា អាចជួយពួកគេឲ្យស្វែងរកសេចក្ដីសង្ឃឹមបាន ។
សូមបន្តរស់នៅតាមដំណឹងល្អ ខណៈដែលបងប្អូនជួយមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់នៅក្នុងដំណើររបស់ពួកគេ ។ ផ្លូវផ្សេងគ្នារបស់បងប្អូនអាចប្រសព្វគ្នា និងជួយបងប្អូនរក្សាទំនាក់ទំនង ជាជាងការនាំបងប្អូនឲ្យបែកពីគ្នា ។ អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បានបង្រៀនថា « ដំណើរជីវិតយើងម្នាក់ៗមានលក្ខណៈបុគ្គល ប៉ុន្តែយើងអាចមករកព្រះជាព្រះបិតារបស់យើង និងព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់ម្តងទៀត តាមរយៈការទុកចិត្តព្រះ ទុកចិត្តគ្នា និងទុកចិត្តលើខ្លួនឯង » ។១ ទាំងនេះជាគោលការណ៍មួយចំនួនសម្រាប់ការគាំទ្រ និងការលើកទឹកចិត្តដល់អ្នកដទៃ ៖
-
សូមធ្វើជាប្រភពសុវត្ថិភាពសម្រាប់ពិភាក្សា ។ នៅពេលដែលមិត្តភក្តិ ឬសមាជិកគ្រួសារនាំយកសំណួររបស់ពួកគេមករកបងប្អូន ពួកគេប្រហែលជាមិនកំពុងស្វែងរកនរណាម្នាក់ដើម្បីដោះស្រាយបញ្ហានោះទេ ប៉ុន្តែប្រហែលជាស្វែងរកមនុស្សជាទីស្រឡាញ់ដែលមានឆន្ទៈដើរក្បែរពួកគេនៅលើដំណើររបស់ពួកគេប៉ុណ្ណោះ ។ សូមមានចិត្តអាណិតអាសូរ ។ សូមប្រាប់ពួកគេថាបងប្អូននឹងបន្តខ្វល់ខ្វាយអំពីពួកគេ ដោយមិនគិតអំពីកង្វល់ និងជម្រើសរបស់ពួកគេឡើយ ។
-
សូមជួយពួកគេស្វែងរកចម្លើយ ។ វិធីមួយដើម្បីជួយអាចជាការចែកចាយគោលការណ៍ដែលបានពិភាក្សានៅក្នុងផ្នែក « ការស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន » នៅក្នុងធនធាននេះ ។ សូមជួយមិត្ត ឬសមាជិកគ្រួសាររបស់បងប្អូនឲ្យរកឃើញសម្ភារដែលបានបោះពុម្ពផ្សាយដោយសាសនាចក្រ អំពីសំណួរទូទៅ ហើយសូមមានបំណងនិយាយអំពីធនធានទាំងនេះជាមួយនឹងពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យបង្កើតទស្សនៈវិស័យដ៏ស្មោះត្រង់អំពីសំណួរដ៏លំបាកជាផ្នែកដ៏សំខាន់នៃការសិក្សារបស់ពួកគេ ។ នៅពេលបំផុសគំនិតដោយព្រះវិញ្ញាណ សូមរំឭកពួកគេអំពីបទគម្ពីរដែលមានប្រយោជន៍ ហើយលើកទឹកចិត្តពួកគេឲ្យបន្តអធិស្ឋាន ។
-
សូមធ្វើជាគំរូដូចជាព្រះគ្រីស្ទ ។ វិធីដ៏ល្អបំផុតមួយដើម្បីចែកចាយដំណឹងល្អគឺបង្ហាញពីសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ និងការរស់នៅក្នុងជីវិតមួយដែលមានសេចក្ដីល្អ ។ នៅពេលដែលបងប្អូននៅស្មោះត្រង់ ហើយរក្សាសេចក្ដីសញ្ញារបស់បងប្អូន នោះបងប្អូនបង្ហាញពីអំណរនៃការរស់នៅតាមដំណឹងល្អដល់អ្នកទាំងឡាយដែលបងប្អូនជួយ ។ ពួកគេប្រហែលជាជ្រើសរើសមិនស្តាប់ដំបូន្មាន ឬទីបន្ទាល់របស់បងប្អូនទេ ប៉ុន្តែពួកគេនឹងទទួលឥទ្ធិពលពីគំរូរបស់បងប្អូនអំពីសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់ ។
-
ចាប់ផ្តើមឡើងពីអ្វីដែលមានដូចគ្នា បងប្អូនអាចរក្សាទំនាក់ទំនងរបស់បងប្អូនឲ្យរឹងមាំបាន ដោយស្ថាបនាលើជំនឿ និងចំណាប់អារម្មណ៍ដែលបងប្អូនមានដូចគ្នា ។ ជៀសវាងការធ្វើឲ្យសំណួររបស់ពួកគេផ្តោតទៅលើប្រតិកម្មរបស់បងប្អូនឡើយ ។ ដោយគ្រាន់តែពួកគេមានបញ្ហាជាមួយរឿងមួយចំនួន មិនមានន័យថាពួកគេបានច្រានចោលអ្វីៗទាំងអស់នោះទេ ។ សូមបន្តចំណាយពេលជាមួយពួកគេដោយរីករាយនឹងសកម្មភាពដែលបងប្អូនបានធ្វើរួមគ្នាកាលពីមុន ។ នៅក្នុងដំណើរការនេះ បងប្អូនប្រហែលជារកឃើញរឿងថ្មីៗ ដើម្បីស្វែងយល់ និងចែកចាយជាមួយគ្នា ។
-
សូមស្វែងរកវិធីធ្វើល្អជាមួយគ្នា ។ សូមអញ្ជើញមិត្ត ឬសមាជិកគ្រួសាររបស់បងប្អូនឲ្យចូលរួមជាមួយនឹងបងប្អូននៅពេលដែលបងប្អូនធ្វើសកម្មភាព លើគោលការណ៍នៃដំណឹងល្អដែលនាំឲ្យបងប្អូនមានអំណរ ។ បងប្អូនអាចសុំឲ្យពួកគេបម្រើអ្នកដទៃជាមួយបងប្អូន ចូលរួមក្នុងសកម្មភាពលើកទឹកចិត្ត ឬពង្រឹងសហគមន៍របស់បងប្អូនជាមួយគ្នា ។ បងប្អូនទាំងពីរមានបំណងចង់ធ្វើឲ្យពិភពលោកនៅជុំវិញខ្លួនរបស់បងប្អូនប្រសើរឡើង មិនថាពួកគេមានសំណួរអំពីសេចក្ដីជំនឿរបស់ពួកគេឡើយ ។
-
សូមទទួលស្គាល់ថារឿងនេះអាចនឹងត្រូវការចំណាយពេល ។ នៅពេលនរណាម្នាក់ដែលជិតស្និទ្ធនឹងយើងមានការព្រួយបារម្ភ ឬមានសំណួរអំពីសេចក្ដីជំនឿរបស់ពួកគេ នោះយើងប្រហែលជាសង្ឃឹមថាអំណះអំណាងដែលគួរឲ្យជឿ ឬទីបន្ទាល់ដ៏អស់ពីចិត្តនឹងដោះស្រាយរឿងនោះយ៉ាងឆាប់រហ័ស ។ សូមចងចាំថា វាមិនតែងតែមានដំណោះស្រាយឆាប់រហ័សចំពោះកង្វល់ ឬសំណួរខាងវិញ្ញាណនោះទេ ។ សូមត្រៀមខ្លួនក្នុងដំណើរដ៏យូរនេះជាមួយនឹងពួកគេ ។ ផ្តល់ឲ្យពួកគេនូវពេលវេលា និងកន្លែងដើម្បីលូតលាស់ ។ សូមទទួលស្គាល់ថារបៀបដែលពួកគេបង្ហាញសេចក្តីជំនឿរបស់ពួកគេអាចមើលទៅខុសប្លែកពីបងប្អូនកាលពីអតីតកាលហើយនោះមិនជាអ្វីទេ ។
ព្រះគម្ពីរសំខាន់ៗ ៖ អេសាយ ៣៥:៣–៤; កាឡាទី ៦:២; ពេត្រុស ទី១ ៣:១៥; ម៉ូសាយ ១៨:៩; គោលលទ្ធិ និងសេចក្តីសញ្ញា ១១:២១