« ទុកចិត្តលើព្រះអម្ចាស់ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
ការជួយអ្នកដទៃជាមួយនឹងសំណួររបស់ពួកគេ
ទុកចិត្តលើព្រះអម្ចាស់
នៅពេលមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់មករកយើងដោយមានការព្រួយបារម្ភអំពីសេចក្ដីជំនឿរបស់ពួកគេ នោះប្រតិកម្មដំបូងរបស់យើងអាចជាការបារម្ភ ឬថែមទាំងតក់ស្លុតផងដែរ ។ ការព្រួយបារម្ភរបស់ពួកគេអាចនាំឲ្យបងប្អូនសួរសំណួរដ៏លំបាកថា « តើការណ៍នេះនឹងមានន័យយ៉ាងណាសម្រាប់គ្រួសាររបស់ខ្ញុំ ? » « តើខ្ញុំមានបានធ្វើអ្វីខុសទេ ? »
នៅពេលដែលនរណាម្នាក់ជិតស្និទ្ធនឹងបងប្អូនសួរអំពីជំនឿរបស់ពួកគេ នេះមិនមែនមានន័យថាបងប្អូនបរាជ័យក្នុងការផ្តល់ជំនួយដល់ពួកគេនោះទេ ។ មូលហេតុនៃកង្វល់របស់ពួកគេប្រហែលជាស្មុគស្មាញ ។ យើងគួរធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយពួកគេ ប៉ុន្តែយើងក៏គួរតែទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។ ទ្រង់ទាំងទ្វេស្រឡាញ់អស់អ្នកទាំងឡាយណាដែលមានសំណួរ ។ ទាំងនេះជារឿងមួយចំនួនដែលបងប្អូនអាចធ្វើ ដើម្បីរក្សាភាពសុខសាន្តនៅក្នុងចិត្ត និងគំនិតរបស់បងប្អូននៅពេលដែលបងប្អូនគាំទ្រអ្នកដទៃ ៖
-
សូមទុកចិត្តថាព្រះជ្រាបដឹង ។ ព្រះអម្ចាស់ប្រាថ្នាឲ្យមានការរីកចម្រើន និងសុភមង្គលសម្រាប់មនុស្សគ្រប់រូប ។ ទ្រង់លើកទឹកចិត្តចំពោះសំណួរដ៏ស្មោះរបស់យើង ។ ទ្រង់ជ្រាបពីការតស៊ូរបស់យើង ហើយព្រះកន្សែងចំពោះការឈឺចាប់របស់យើង ។ ទ្រង់នឹងបន្តពង្រីកសេចក្ដីស្រឡាញ់ និងជំនួយដល់មនុស្សដែលតស៊ូ ឬចាកចេញពីសាសនាចក្រ ។
-
សូមអញ្ជើញយាងព្រះអម្ចាស់ឲ្យចូលទៅក្នុងដំណើរការនេះ ។ សូម្បីតែធនធានដ៏ល្អបំផុត និងសារលិខិតដែលបានគិតដោយប្រុងប្រយ័ត្នបំផុតក៏អាចគ្មានប្រសិទ្ធិភាពដែរ ប្រសិនបើខុសពេល ឬខុសសម្លេង ។ សូមអធិស្ឋានសុំឲ្យព្រះអម្ចាស់នឹងជួយបងប្អូនធ្វើការបម្រើ ។ ព្រះវិញ្ញាណអាចជួយបងប្អូនឲ្យយល់អំពីតម្រូវការជាក់លាក់របស់មនុស្សម្នាក់ ហើយដឹងថាពេលណាត្រូវអង្គុយស្តាប់ជាជាងនិយាយ ឬ បង្រៀន ។ វាក៏អាចជួយបងប្អូនឲ្យដឹងអំពីរបៀប និងពេលវេលាដើម្បីចែកចាយទីបន្ទាល់របស់បងប្អូន ឬអញ្ជើញពួកគេឲ្យចាត់វិធានការដើម្បីខិតទៅកាន់តែជិតព្រះ ។
-
សូមផ្ដោតទៅលើទស្សនៈយូរអង្វែង និងអស់កល្ប ។ សេចក្ដីជំនឿ និងអារម្មណ៍របស់មនុស្សម្នាក់អំពីព្រះតែងតែផ្លាស់ប្ដូរទៅតាមពេលវេលា ។ ហើយយើងទាំងអស់គ្នានឹងនៅតែត្រូវការរៀនសូត្រ និងរីកចម្រើន បន្ទាប់ពីយើងស្លាប់ទៅកាន់ជីវិតបន្ទាប់ ។ បងប្អូនអាចរកឃើញសេចក្តីសង្ឃឹមនៅពេលដែលបងប្អូនមើលការតស៊ូរបស់មនុស្សជាទីស្រឡាញ់របស់បងប្អូនជាមួយនឹងទស្សនៈវិស័យដ៏ទូលំទូលាយនេះ ។ ចូរបន្តដាំគ្រាប់ពូជដោយអត់ធ្មត់ ដោយដឹងថាពេលវេលានៃការច្រូតកាត់គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះ ។
-
សូមស្វែងរកសេចក្ដីសង្ឃឹមក្នុងចំណេះដឹងរបស់បងប្អូនអំពីនិស្ស័យរបស់ព្រះ ។ ទស្សនវិស័យរបស់យើងនៅក្នុងជីវិតនេះគឺមានកម្រិត ។ យើងដឹងថាព្រះមានព្រះបញ្ញាញាណ អត់ធ្មត់ និងសេចក្តីស្រឡាញ់ ។ ទ្រង់បានផ្តល់ឲ្យយើងម្នាក់ៗនូវសិទ្ធិជ្រើសរើសរបស់យើង ។ ទ្រង់បានដឹងថាយើងទាំងអស់គ្នានឹងមានឧបសគ្គនិងការសាកល្បង ។ ហើយទ្រង់បានប្រទានព្រះសង្រ្គោះដែលមានអំណាចដើម្បីទាញយើងត្រឡប់ទៅរកទ្រង់វិញ ។
ព្រះគម្ពីរសំខាន់ៗ ៖ សុភាសិត ៣:៥–៦; អេសាយ ៥៥:៨–៩; ធីម៉ូថេ ទី២ ១:៧-៨; អាលម៉ា ២៦:១១-១២