« ចិញ្ចឹមបីចាប់សេចក្តីជំនឿរបស់ខ្លួន » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
ការជួយអ្នកដទៃជាមួយនឹងសំណួររបស់ពួកគេ
ចិញ្ចឹមបីចាប់សេចក្តីជំនឿរបស់ខ្លួន
ការជួយសម្រាលបន្ទុករបស់អ្នកផ្សេងទៀតត្រូវការការខិតខំប្រឹងប្រែង ហើយអាចឲ្យយើងតានតឹងក្នុងរបៀបមួយដែលមិនបានរំពឹងទុកផងដែរ ។ សូមប្រាកដថាត្រូវយកចិត្តទុកដាក់ខាងវិញ្ញាណរបស់បងប្អូនផ្ទាល់ ហើយនៅតែរឹងមាំនៅក្នុងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងគ្រាអាសន្ន អ្នកដំណើរនៅលើយន្តហោះត្រូវបានណែនាំឲ្យពាក់ម៉ាសអុកស៊ីសែនផ្ទាល់ខ្លួនដើម្បីឲ្យមានសុវត្ថិភាពជាមុនសិន ទើបជួយអ្នកដទៃទៀត ។ ស្រដៀងគ្នានេះដែរ យើងអាចលើកស្ទួយអ្នកដទៃបានលុះត្រាតែយើងថែទាំកិច្ចការដ៏សំខាន់នៃការចិញ្ចឹមបីបាច់សេចក្តីជំនឿ និងទីបន្ទាល់របស់យើងផ្ទាល់ ។
គោលការណ៍ខាងក្រោមនេះ អាចជួយបងប្អូនឲ្យពង្រឹងសេចក្តីជំនឿរបស់បងប្អូនខណៈដែលកំពុងធ្វើការងារបម្រើដល់អ្នកដទៃ ៖
-
សូមចងចាំនូវអ្វីដែលបងប្អូនជឿ និងបានមានបទពិសោធន៍ ។ សូមជញ្ជឹងគិតអំពីគ្រាដែលបងប្អូនបានទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមចងចាំពីពេលវេលាដែលបងប្អូនបានជួបប្រទះនូវសេចក្តីសុខសាន្ត អំណរ សេចក្តីស្រឡាញ់ និងភាពច្បាស់លាស់ ។ សូមគិតអំពីពេលដែលបងប្អូនមានអារម្មណ៍ថា ព្រះបានមានបន្ទូលទៅកាន់បងប្អូនតាមរបៀបឯកជន ដើម្បីបញ្ជាក់ពីសេចក្ដីជំនឿរបស់បងប្អូន ។ បទពិសោធន៍ខាងវិញ្ញាណពីអតីតកាលរបស់បងប្អូនអាចជាប្រភពនៃកម្លាំង និងការការពារពីមន្ទិលសង្ស័យ និងការភ័យខ្លាច ។
-
សូមបន្តការបណ្តុះទីបន្ទាល់របស់បងប្អូន ។ វាសំខាន់ណាស់ក្នុងការបន្តធ្វើអ្វីដែលបានជួយបងប្អូន ស្ថាបនាទីបន្ទាល់របស់បងប្អូនអំពីដំណឹងល្អ ។ ទាំងនេះអាចរួមបញ្ចូលទាំងការអានព្រះគម្ពីរ ការអធិស្ឋាន ការទទួលទានសាក្រាម៉ង់ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើដល់អ្នកដទៃ ។ ការអនុវត្តដ៏សាមញ្ញទាំងនេះអាចជួយបងប្អូនឲ្យមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណ ហើយនៅរក្សាភាពស្មោះត្រង់ ។
-
សូមឈោងទៅជួយដល់អ្នកដទៃ ។ ប្រសិនបើបន្ទុកនៃការបម្រើដល់មិត្តភក្តិ ឬសមាជិកគ្រួសារមានអារម្មណ៍ថាធ្ងន់ សូមចាំថាបងប្អូនមិននៅតែម្នាក់ឯងទេ ។ បងប្អូនអាចទាក់ទងទៅសមាជិកគ្រួសារ មិត្តភក្តិ ថ្នាក់ដឹកនាំសាសនាចក្រ ឬអ្នកជំនាញបាន ។ ការអាណិតអាសូរ ការអធិស្ឋាន និងជំនាញរបស់ពួកគេអាចជួយបងប្អូនឲ្យចងចាំថា តើព្រះស្រឡាញ់បងប្អូនខ្លាំងប៉ុណ្ណា ។ ពួកគេក៏អាចគាំទ្របងប្អូននៅពេលដែលបងប្អូនស្វែងរកចម្លើយ ចំពោះសំណួរផ្ទាល់ខ្លួនរបស់បងប្អូនផងដែរ ។
-
សូមបង្កើតព្រំដែនប្រកបដោយផាសុកភាព ។ ខណៈដែលយើងគួរតែខិតខំស្ដាប់ និងគាំទ្រអ្នកដទៃចំពោះសំណួរ ឬកង្វល់របស់ពួកគេ យើងក៏គួរតែទទួលស្គាល់ពីតម្រូវការផ្ទាល់ខ្លួន និងដែនកំណត់របស់យើងផងដែរ ។ សតិ និងអារម្មណ៍របស់បងប្អូនក៏សំខាន់ដែរ ។ បងប្អូនប្រហែលជាជួបប្រទះការភ័យខ្លាច ការខកចិត្ត និងទុក្ខព្រួយក្នុងអំឡុងពេលដំណើរការនេះ ។ ប្រសិនបើការសន្ទនាមានអារម្មណ៍លើសលប់ពេក សូមបង្ហាញពីអារម្មណ៍របស់បងប្អូន ហើយរៀបចំពេលមួយទៀតដើម្បីនិយាយ ។ មនុស្សជាទីស្រឡាញ់របស់បងប្អូនប្រហែលជាចង់ធ្វើឲ្យចម្ងល់របស់ពួកគេក្លាយជាប្រធានបទនៃរាល់ការសន្ទនា ឬនិយាយអំពីប្រធានបទមួយតាមរបៀបដែលបង្អាប់ដល់បងប្អូន ឬសេចក្តីជំនឿរបស់បងប្អូន ។ ដូចដែលបងប្អូនត្រូវគោរពដំណើរជីវិតរបស់អ្នកដទៃ ពួកគេក៏ត្រូវគោរពដល់ដំណើរជីវិតរបស់បងប្អូនផងដែរ ។ បងប្អូនមិនចាំបាច់មានអារម្មណ៍ថាតូចចិត្ត ឬមិនឆ្លាតនោះទេ ប្រសិនបើបងប្អូនមានការសន្និដ្ឋានផ្សេងពីនរណាម្នាក់ ។
-
សូមទទួលបានព័ត៌មានកាន់តែប្រសើរ ។ បងប្អូនមិនចាំបាច់ក្លាយជាអ្នកជំនាញលើបញ្ហាមួយ ដើម្បីធ្វើជាអ្នកគាំទ្រល្អនោះទេ ។ ប៉ុន្តែវាអាចមានភាពវិជ្ជមានខ្លាំងក្នុងការរៀនអំពីប្រធានបទដែលបងប្អូនមិនមានបរិបទ ។ សូមបន្តការសិក្សាប្រកបដោយការគិតគូរអំពីគោលលទ្ធិ និងប្រវត្តិសាស្រ្តរបស់សាសនាចក្រ ។ ចាប់ផ្តើមស្គាល់ឲ្យកាន់តែច្បាស់អំពីសំណួរទូទៅនានា ។ សូមរៀនអំពីអ្វីដែលថ្នាក់ដឹកនាំសាសនាចក្រ និងអ្នកជំនាញដ៏ស្មោះត្រង់បាននិយាយអំពីប្រធានបទទាំងនេះ ។ នៅក្នុងដំណើរការនេះ បងប្អូនអាចរៀន មិនរៀន និងរៀនឡើងវិញនូវរឿងជាច្រើន ។
-
សូមស្គាល់នូវគោលការណ៍សម្រាប់ស្វែងរកចម្លើយ ។ សូមសិក្សា ហើយធ្វើសកម្មភាពលើគោលការណ៍ដែលបានពិភាក្សានៅក្នុងផ្នែក « ការស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន » ក្នុងធនធាននេះ ។
ព្រះគម្ពីរសំខាន់ៗ ៖ លូកា ២២:៣១-៣២; នីហ្វៃ ទី ១ ១៥:៨-១១; យ៉ាកុប ៤:៦; អាលម៉ា ៣២:៤១–៤៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៤